កម្ពុជា​ប្រាប់​អន្តរជាតិ​ពី​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​បន្ត​រំលោភ​បំពាន​ពីក​ង​កម្លាំង​ប្រដាប់​អាវុធ​ថៃ

បើទោះ​មាន​កិច្ច​ព្រម​​ព្រៀង​ប​ទ​ឈប់​បាញ់​ថ្មី​ជាង​១០​ថ្ងៃមក​នេះ​ក្តី តែ​ក្រសួង​ការ​បរទេ​ស​កម្ពុជា​បាន​ប្រាប់​សហគមន៍​អន្តរ​ជាតិ​ថា កម្ពុជា​មាន​ការព្រួ​យ​បារ​ម្ភ​យ៉ាង​ខ្លាំង​ចំ​ពោះការ​ប​ន្ត​រំលោភ​បំពាន​ពី​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ មក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា យ៉ាង​តិច​​ចំនួន​៤ខេត្ត។

នេះបើតាម​ការ​លើក​ឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ លោក ប្រាក់ សុខុន ដែល​គេ​ដក​ស្រង់​សម្តី​ម​ក​ចុះ​ផ្សាយ​​លើ​គេ​ហទ័ព​របស់​ក្រសួង​ការ​បរ​ទេស​​កម្ពុជា នៅ​ថ្ងៃ​ទី៧​ ខែ​មករា នេះ។

លោក ប្រាក់ សុខុន បាននិយាយថា នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោក​បាន​ធ្វើ​បទ​បង្ហាញ​ស្តី​ពីការ​វិវត្តន៍​ថ្មីៗ​នៃ​ស្ថានភាព​ព្រំដែន​កម្ពុជា-ថៃ ជូន​ប្រធាន​បេសក​កម្ម​ការទូត និង​តំណាង​អង្គ​ការ​អន្តរ​ជាតិនានា​ក្នុង​រាជធានីភ្នំពេ​ញ​ចំនួន​៣៣ ស្ថាន​តំណាង និង​មាន​ចំនួន​សរុប​៥៥​រូប។

ក្នុងឱកាសនោះ លោកបានជម្រាបជូនពីលទ្ធផលសំខាន់ៗ នៃកិច្ចប្រជុំ​ពិសេស​រដ្ឋម​ន្ត្រីកា​រប​រទេស​អាស៊ាននៅទី​ក្រុង​​គូឡា​​ឡាំពួរ ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២៥ កិច្ច​ប្រជុំ​ពិសេសលើ​ក​ទី៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ និង​កិច្ច​ប្រជុំ​រដ្ឋ​មន្រ្តី​ការ​បរទេស​ត្រីភា​គី​កម្ពុជា-ថៃ-ចិន នៅ​ខេត្តយូណាន ប្រទេស​ចិន ថ្ងៃ​ទី២​៩ ខែ​ធ្នូ ឆ្នាំ​២០២៥ ដើម្បី​ជំរុញកា​រ​អនុវត្ត​បទ​ឈប់​បាញ់​ឱ្យ​បានពេ​ញ​លេញនិង​មាន​ប្រសិទ្ធ​ភាព។

បន្ថែមពីនេះ លោក ប្រាក់ សុខុន បាននិយាយដល់ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកា​រ​បន្ត​សកម្ម​ភាពរំលោភ​បំពាន​​របស់​កង​កម្លាំង​ប្រដាប់​អាវុធ​ថៃ​មក​លើទឹ​ក​ដី និង​អធិប​តេយ្យ​របស់​កម្ពុជា ក្នុង​ខេត្ត​ចំនួន​បួន គឺខេត្ត​បន្ទាយ​មាន​ជ័យ ពោធិ៍​សាត់ ព្រះវិហារ និង​ឧត្តរមានជ័យ។

បើតាមប្រភពខាងលើ កម្ពុជាមានការប្តេជ្ញាចិត្តយ៉ាងពេញលេញ​ក្នុងការគោរពបទ​ឈប់​បាញ់ និង​ដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី ដោ​យគោ​រពតា​ម​ច្បាប់​អន្តរ​ជាតិ ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ធម្ម​នុញ្ញ​អាស៊ាន និង​ប្រកាន់​យ៉ាង​ខ្ជាប់​នូវ​រាល់​កិច្ច​ព្រម​ព្រៀ​ង​ដែល​មាន​ស្រា​​ប់រវាង​ប្រទេស​ទាំង​ពីរ។

ជុំវិញទង្វើសត្រូវឈ្លានពានរបស់ថៃនេះ តំណាងរាស្ត្រគគណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ហៅ​ការ​លើកឡើង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ជា​រឿង​ល្អ ព្រោះ​បាន​ប្រាប់​ឱ្យស​ហគមន៍​អន្តរ​ជាតិ​បាន​ដឹង​ពី​មហិច្ឆតាថៃ​ឈ្លាន​ពានទឹ​ក​ដី​ខ្មែរទាំ​ង​កំរោល​បំពាន​ច្បាប់​អន្តរ​ជាតិ។ ប៉ុន្តែ​ថា ដី​ខ្មែរ​ដែល​ថៃ​ឈ្លាន​ពាន​ជិត​៣០​កន្លែងនោះ នឹង​មិន​បា​នម​ក​វិញ​ទេ បើ​កម្ពុជា​មិន​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ​ទេ​នោះ។

លោកថា៖ «គឺត្រូវប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ប្តឹងថៃទៅកាន់សហ​ប្រធាន​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១​៩៩១​ពី​បញ្ហា​ជម្លោះព្រំ​ដែនហ្នឹ​ង ហើយ​នឹង​រឿង​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ បទ​ឧក្រិដ្ឋ​សង្រ្គាម​អ៊ីហ្នឹង គឺ​ត្រូវ​ប្តឹង​ថៃទៅ​កា​ន់តុ​លាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ​ ICC ត្រូវ​ទាម​ទារ​សំណង​នៃ​ការ​ខូចខា​តហ្នឹ​ង​ទើប​ថៃ​ខ្លាច​យើង ហើយ​បើយើ​ង​មិន​ប្តឹង​ថៃ​ផង គ្រាន់​តែ​រាយ​ការណ៍​អត់​មាន​ចំណាត់​ការ​អី​ផង ខ្ញុំ​យល់​ថា ជា​រឿង​មិ​នអា​ចទ​ប់ស្កា​ត់កា​រ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​យើង​បាន ហើយ​ក៏​មិន​អាច​យក​ទឹក​ដី​ខ្មែរ​យើង​ដែល​ថៃ​កំពុង​គ្រប់​គ្រង​ចំនួន ២៨​តំបន់​ផង​ដែរ»

សម្រាប់ លោក អ៊ុំ សំអាន គ្មាន​ជំនឿ​ថា រដ្ឋាភិបាល​ដែល​ដឹក​នាំដោ​យ លោក ហ៊ុន ម៉ាណែត នឹង​ប្រើ​យន្ត​ការ​នេះ ដើម្បី​ទាម​ទារ​ដី​ខ្មែរ​យក​ត្រឡប់​មក​វិញ​ទេ ដោយ​លោក​ថា រដ្ឋាភិបាល​ខ្មែរ​អាច​នឹង​សម្រុះ​​ស​ម្រួលជាមួយ​ថៃ តាម​រយៈ​ចរចា​យន្ត​ការ​ទ្វេភា​គី ដើម្បី​រក្សា​អំណាច ដោយ​ថា មេដឹក​នាំ​ជាប់​ជំពាក់​យ៉ាង​ជ្រៅ​ជាមួយ​មេឧ​ក្រិដ្ឋ​កម្ម​ឆ្លង​ដែន ដែល​សហគមន៍​អន្តរជាតិ​បាន​រក​ឃើញ។

យ៉ាងណា លោកសង្ឃឹមថា ជោគជ័យក្នុងការដណ្តើម​​ទឹកដីខ្មែរ ពីសត្រូវឈ្លាន​ពាន យក​ត្រឡប់​មក​វិញ​បាន គឺ​ស្ថិត​ក្នុង​ដៃ​ពលរដ្ឋ​ខ្មែរ ដែល​ពលរដ្ឋ​ខ្មែរ អាច​​ប្រើសិ​ទ្ធិ​ជាម្ចា​ស់​ប្រទេស បញ្ចេញ​មតិ ឬ​តវ៉ា ដើម្បីជំ​រុញ​រ​ដ្ឋាភិបាល​រុញសំ​ណុំរឿ​ង​ព្រំដែន​ទៅកា​ន់​តុលាការ​អន្តរជាតិ។

លោកថា៖ «ប្រជាពលរដ្ឋត្រូវសកម្មនៅលើបណ្តាញសង្គមរិះគន់រដ្ឋាភិបាល ជំរុញ​រដ្ឋាភិបា​លឱ្យ​ប្តឹ​ង​ទៅ ICJ ទៅ​សហ​ប្រធាន​នៃកិ​ច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ហើយ​ក៏អា​ច​ធ្វើ​បាតុក​ម្ម​ទ្រង់​ទ្រាយ​ធំដើ​ម្បីជា​ការ​រុញ បើ​សិន​ជាគា​​ត់​មិនស្តាប់ទៀ​ត​បោះ​ឆ្នោត​ឆ្នាំ២​០២៧ ២០២៨ គឺ​បោះឆ្នោ​ត​ទម្លា​ក់គាត់​ទៅ កុំ​បោះ​ឱ្យគាត់​ទៅដឹ​ង​ថា​អត់​មាន​គណប​ក្ស​ប្រឆាំង​ប្រកួត​ប្រជែង​ ក៏​ប៉ុន្តែកុំ​បោះ​ឱ្យ​ទៅ​ ទោះ​បី​គេគំ​រា​មកំហែង​អីអា​ហ្នឹងគាត់​អត់​បាន​សំឡេង​ច្រើន​ក៏​គាត់​អាម៉ាស​ដែរ ដូច្នេះ​គាត់​ភ្ញាក់​ខ្លួន ដូច្នេះ​សំខាន់​ចឹ​ង​ឯង បើសិ​ន​អត់​មាន​ការទាម​ទារ​ខ្លាំង​ក្លា​ទេ គឺ​ដាច់​ខាត​គាត់​មិន​ប្តឹង​នោះ​ទេ»

ជុំវិញទង្វើថៃឈ្លានពានរបស់យោធាថៃ ក្នុងសង្គ្រាមឈ្លាន​ពាន​រយៈ​ពេល​២១​ថ្ងៃ ដែល​កន្លង​មក​ថ្មីៗ​នេះ រដ្ឋាភិ​បាល​ទទួល​ស្គាល់​ថា ថៃ​បាន​ឈ្លាន​ពាន​ដី​ខ្មែរ​តាម​ព្រំដែន យ៉ាង​តិច​១៤​តំបន់ និង​ទីតាំង ក្នុង​ខេត្ត​ជាប់​ព្រំដែន​ចំនួន​៤ ។

តំបន់ដែលថៃដណ្តើម​គ្រប់​គ្រង មាន ភូមិ​ព្រៃ​ចាន់ ភូមិ​ជោគ​ជ័យ តំបន់​បឹង​ត្រកួន ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​។ តំបន់​​អូរ​ភ្លុក​ដំរី ច្រកអ​ន្តរ​ជាតិ​ថ្មដា ស្ថិត​ក្នុង​ខេត្ត​ពោធិ៍​សាត់។ តំបន់​អាន​សេះ តាថាវ តំបន់​ភ្នំ​ទ្រព្យ ស្ថិតក្នុង​ខេត្ត​ព្រះ​វិហារ។ លើស​ពី​នេះ តំបន់​អូរ​ស្មាច់ ប្រាសាទ​ខ្នា ប្រាសាទ​តាក្របី ប្រាសាទ​តាមាន់​ធំ តំបន់​ជប់អង្គុញ និង​តំបន់​ចូក​គ្រួស ក្នុង​ខេត្ត​ឧត្តរ​មាន​ជ័យ ។

ប៉ុន្តែ អ្នកតាមដានដែលមិនចំណុះឱ្យរដ្ឋាភិបាល អះអាង​ថា ថៃបា​នឈ្លា​​នពាន​ដី​ខ្មែរ យ៉ាង​តិច​២៨​តំបន់ ​និង​ទីតាំង ក្នុង​សង្គ្រាម​ឈ្លាន​ពាន​២១​ថ្ងៃ​មក​នេះ។ ហើយ​ថា ពេល​នេះ​ថៃ​កំពុង​កម្ទេច​វត្ត​អារាម ផ្ទះ​ពលរដ្ឋខ្មែរ រាប់​រយ​ខ្នង រួម​ទាំងស​ម្រុក​ធ្វើ​ផ្លូវ​បេតុង ធ្វើ​សំណង់​រឹង​លើ​ដែន​ដី​ខ្មែរ ដែល​ថៃ​ដណ្តើម​កាន់​កាប់ និងពង្រីក​ខ្សែប​ន្ទាត់​ពំ្រដែន​​ថ្មី តាម​ដែល​ថៃ​ចង់​បាន ដោយ​ពង្រាយ​ទូរកុ​​ង​ទីន័រ រាយ​បន្លា​លួស ហា​មឃាត់ពលរដ្ឋ​ខ្មែរ​មិន​ឱ្យ​ចូល​ទៅ​រស់​នៅក្នុ​ងមូលដ្ឋាន​រាប់​សឹប​កន្លែង​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ