ខួបមួយឆ្នាំ​នៃមរណ​ភាព​លោក លិម គិម​យ៉ា យុត្តិ​ធម៌​ពិត​​ប្រាកដ​​នៅ​​មិន​​ទាន់​​ទទួល​បាន

ខួបមួយឆ្នាំគត់​នៃ​មរណភាព​អ្នក​នយោ​បាយ និង​ជាស​កម្ម​ជន​តស៊ូ​មតិ លោក លិម គិមយ៉ា បាន​ឈា​ន​ចូល​មក​ដល់​​នៅ​ថ្ងៃ​ទី៧ ខែ​មករា ឆ្នាំ​២០២៦​នេះ ក្រោយ​លោក​បាន​​បាត់​បង់​ជីវិត​ដោ​យ​សារ​កា​រ​លប​បាញ់​ប្រហារ​នៅ​កណ្ដាល​ទីក្រុង​បាង​កក ប្រទេស​ថៃ កាល​ពី​ឆ្នាំ​មុន។

បើតាមកូនប្រុសលោក លិម គិមយ៉ា គឺ​លោក លិម ថូម៉ាស់ សំណាង បាន​បង្ហោះ​លើ​គ​ណនី​ហ្វេ​ស​ប៊ុក​លោ​​កថា កម្ម​វិធី​បុណ្យ​ខួប​មួយ​ឆ្នាំ​ឪពុក​របស់​លោក នឹង​ប្រព្រឹត្ត​ទៅ​នៅថ្ងៃ​ទី​១១ ខែ​មករា នៅ​ប្រ​ទេ​ស​​បា​រាំង​។

លោក លិម គិមយ៉ា គឺជាអតីតតំណាង​រាស្ត្រគ​ណបក្ស​សង្គ្រោះ​ជាតិ និង​ត្រូវ​បាន​គេ​​ស្គាល់​ថា​ជា​អ្ន​​ក​តស៊ូ​មតិ​ឥ​ត​រួញ​រា​ម្នាក់ ទាំង​នៅ​ក្នុង​សភា និង​ក្នុងអំ​ឡុង​ពេល​ដែល​លោក​និរទេស​ខ្លួន។

ប៉ុន្តែជីវិតរបស់លោកត្រូវបានខ្មាន់កាំភ្លើងឆក់​យក​ទៅ​នៅ​កណ្ដាល​ទីក្រុង​បាងកក ប្រទេស​ថៃ ក្នុង​​ពេល​​លោ​​ក​ត្រឡប់​​មក​ពី​ធ្វើ​ដំណើរ​កម្សាន្តជាមួយ​ភរិយា នៅថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០២៥។ មុន​មាន​ឃាតកម្ម លោក លិម គិម​យ៉ា បាន​បង្ហោះ​សារ​រិះគន់​ជាច្រើន​ ទា​ក់​ទិន​នឹង​ការ​រៀប​ចំ​ព្រឹត្តិ​ការណ៍​សាទរ​កម្ពុជា ដែល​ដឹក​នាំ​ធ្វើ​ឡើង​ដោយ​កូន​ប្រុស​ពៅ​របស់​លោក​ ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី ថា​ជា​ព្រឹត្តិ​ការណ៍​មួយ​ពេល​ខ្លី គ្មាន​ស្ថិរភាព និ​ងមិ​ន​បាន​ផ្តល់​ប្រយោជន៍​​អ្វី​ដល់​ប្រជា​ពលរដ្ឋ។

ក្រោយឃាតកម្មមួយថ្ងៃ ឃាតករដែលត្រូវបាន​ស្គាល់ថា​ជាអ​តីត​ទាហាន​ជើង​ទឹក​ ជន​ជាតិ​ថៃ ឈ្មោះ អេកា​ឡាក់ ផែ​ណយ (Ekkalak Phaenoi) ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​ ក្រោយ​រូប​គេ​បាន​រ​​ត់​​គេច​​ចូល​​​មក​ទឹ​​កដី​​កម្ពុជា ត្រង់​ស្រុក​មោង​​ឫស្សី ខេត្ត​បាត់​ដំបង។ បន្ទាប់​ពី​ផ្អឹប​សំណុំ​រឿង​អស់​រយៈ​ពេល​៩ខែ តុលា​ការ​​ប្រ​ទេស​ថៃ​បានបើ​ក​ការ​ជំនុំ​ជម្រះ​ និង​បាន​កាត់​ទោស​ជន​ល្មើស​រូប​នេះ ឱ្យជា​ប់ព​ន្ធនាគារ​អស់​មួយជី​វិត ដោយ​បន្ធូរ​បន្ថយ​ពី​ទោស​ប្រហារ​ជីវិត ដោយ​សារ​រូប​គេ​បាន​សារភាព។ លើស​ពី​នេះ តុលាកា​​រ​បាន​ប​ង្គាប់​ឱ្យ​​សង​សំណង​៥ម៉ឺន ៤ពាន់​ដុល្លារ​ទៅកា​ន់គ្រួ​សារ​លោក លិម គិមយ៉ា ផង​ដែរ។ ​

ក្រោយការប្រកាសសាលក្រមនៅថ្ងៃទី៣ ខែតុលា បណ្ដាញ​សារព័ត៌មាន​អន្តរ​ជាតិ​បាន​ចុះ​ផ្សាយ​ថា ភ​រិ​យា​​លោក លិម គិមយ៉ា គឺ​អ្នក​ស្រី លិម អានី ម៉ារី ប្រហែល​​​ជា​​ពេញ​​ចិត្ត​​នឹង​ការ​សម្រេច​​របស់​តុ​លាកា​​រថៃ ប៉ុន្តែអ្ន​ក​ស្រី​បន្ត​ចោទ​សួរ​ថា តើ​នរណា​ជា​អ្នក​បញ្ជា​ឲ្យ​បាញ់​សម្លាប់​ស្វាមី​អ្នក​ស្រី និងច​ង់​​ឲ្យ​​រដ្ឋ​អំ​ណា​​ចថៃ​​​​បំភ្លឺ​ជុំវិញ​ឃាតកម្ម​នោះ​បន្ថែម​ទៀត។

ការទាមទារនេះ ក៏ព្រោះតែ​ជនជា​តិ​ខ្មែរ​ពីរ​រូ​ប ដែល​ត្រូវ​បាន​អាជ្ញាធរ​ប្រទេស​ថៃ កំណត់​មុខ​សញ្ញា ថា​មា​ន​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ឃាតកម្ម​នេះ មិន​ត្រូវ​បាន​តុលាការ​លើក​យក​មក​និយាយ​​ឡើយ។

ជនជា​តិខ្មែរទាំ​ងពីររូប គឺលោក ពេជ្រ គឹម​ស៊្រិន ជា​មនុស្សជំ​និត​​អភិបាល​រាជធានីភ្នំ​ពេញ​ លោក ឃួង ស្រេង និង​ម្នាក់​​ទៀ​​ត​ឈ្មោះ លី រតន​រស្មី ដែល​មាន​ឈ្មោះ​ភាសាថៃ​ថា ស៊ុម​វ៉ាំង បាំរុង​គីត ដែល​ជាអ​តីត​សកម្ម​ជន​គ​ណ​បក្ស​​សង្គ្រោះ​​ជាតិ និង​ចុះ​ចូល​ជាមួយ​គណបក្ស​កាន់​អំណាច ហើយ​ក្លាយ​ជាទីប្រឹក្សា​រ​បស់​​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា។ ​

បើទោះបី លោក លិម គិមយ៉ា បានបាត់បង់ជីវិត​ទៅហើយក្ដី តែ​អង្គ​ការ​ប្រជា​ធិប​តេយ្យ​ខ្មែរ (KDO) បាន​​លើ​​ក​ឡើង​ថា ស្មារតី​របស់​លោក​នៅ​តែ​បន្ត​រស់​រាន​ជានិច្ច។ តាម​រយៈ​លិខិត​រំឭក​ការ​កាន់​ទុក្ខ អង្គ​កា​រ​នេះ​ បាន​បញ្ជាក់​ពី​ជំហរ​ឈរ​នៅ​ជាមួយ​ក្រុម​គ្រួសារ មិត្ត​ភ័ក្ត និង​ប្រជា​ពលរដ្ឋ​ខ្មែរ​គ្រប់​រូប បន្ត​ថ្កោ​​លទោ​​ស​ជន​​​ណា​ដែលនៅ​ពីក្រោយ​ឃាតកម្ម​នេះ ដោយ​ពួក​គេ​ចង់​ឃើញ​ប្រទេស​កម្ពុជា គ្រប់​គ្រង​ដោ​យ​ការ​គោរព​សិទ្ធិ​មនុស្ស មាន​យុត្តិធម៌​សង្គម​ និង​មេត្តា​ធម៌ ជាជាង​ការ​គ្រ​​ប់គ្រង​ដោ​យ​ប្រើ​អំ​ពើ​ហិង្សា​ក្នុ​​ងឲ្យ​មា​​នភាព​ភ័យ​ខ្លាច។

នាយកកម្មវិធីតស៊ូមតិអង្គការប្រជាធិបតេយ្យខ្មែរ (KDO) លោក សេង វណ្ណលី ចាត់​ទុក​មរ​ណ​ភា​ព​ ​លោក លិម គិម​យ៉ា ជា​ភស្តុតាង​បញ្ជាក់​ពី​ការ​គាប​សង្កត់​ឆ្លង​ដែន ដែល​របប​ផ្ដាច់​ការ​ប្រើ​​ប្រាស់​តាម​កម្ចា​ត់​សំឡេង​​​ប្រឆាំង។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បង្ហាញ​ភាព​ស្អាត​ស្អំ​របស់​ខ្លួន ដោយ​បញ្ជូន​ជន​​សង្ស័យ​ទាំង​ពីរ​នាក់ ទៅ​ឱ្យ​អាជ្ញាធរ​ថៃ និង​​បារាំង​កាត់​ទោស​តាម​ច្បាប់។

​លោក​ សេង វណ្ណលី ថ្លែង​ថា៖ «យើង​មិន​អាច​បណ្តោយ​ឱ្យ​ឃាតកម្ម​នយោបាយ​ក្លាយ​ជា​រឿង​ធម្មតា ហើយ​ឃា​​​តករ​នៅ​តែ​បន្ត​មាន​សេរីភាព ក្រៅ​សំណាញ់​ច្បាប់​នោះ​ទេ។ ការ​បញ្ចប់​ភាព​គ្មាន​ទោ​ស​ពៃរ៍​ចំពោះ​​អ្នក​ដៃ​​ដល់ និង​អ្នក​បញ្ជា​នៅ​ពីក្រោយ​ខ្នង គឺ​ជា​គន្លឹះ​តែមួយ​គត់​ដើម្បី​ការ​ពារ​ជីវិត​សក​ម្ម​ជន​ដទៃ​​ទៀត»។

បើតាមអង្គការប្រជាធិបតេយ្យខ្មែរ ការត​ស៊ូ និង​ការ​បញ្ចេញ​មតិ​របស់​ លោក លិម គិម​យ៉ា កាល​ដែល​​លោក​​​នៅ​មាន​ជីវិត បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​បី​ចំណុច​ធំៗ​នោះ គឺ​ការ​មាន​មតិ​ផ្ទុយ មិន​មែន​ជា​​អំពើ​ក្ប​​ត់ជាតិ ការ​បញ្ចេញ​មតិ​ខុស​គ្នា គឺ​ជាកា​តព្វ​កិច្ច​ស្នេហា​ជាតិ និង​អាណត្តិ​ពិត​ប្រាក​ដ​របស់​​រដ្ឋាភិបា​ល ត្រូវ​តែ​កើត​ចេញ​ពី​ឆន្ទៈ​សេរី​របស់​ប្រជា​ពលរដ្ឋ​​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ