កម្មករ​រោង​ចក្រ​YJC តវ៉ា​ទាមទារលក្ខខណ្ឌការងារ​និងប្រតិកម្មការ​ប្រមាថរឿង​ថៃឈ្លាន​​​ពាន​​​ទឹក​​ដី​​ខ្មែរ​

កម្មករ-កម្មការិនីប្រមាណ ២០០០នាក់ ធ្វើការ​នៅ​រោង​ចក្រផលិត​ស្បែកជើង​​ យូ ​ជា ​​ឆេង (YJC) នៅ​​ស្រុក​គង​ពិសី ខេត្ត​កំពង់ស្ពឺ បាន​​ផ្ទុះ​ការ​តវ៉ា​បិទ​​កំណាត់​ផ្លូវ​ជាតិ​​លេខ​៣ នាព្រឹក​​ថ្ងៃទី​០៧ ខែ​មករា​នេះ ដោយ​ទាម​ទារ​​ឱ្យ​​ថៅ​កែ​រោងចក្រ បញ្ឈប់​​អ្នកគ្រប់គ្រង​​ជន​ជាតិចិន​ម្នាក់ពីការ​​ងារ​​ ដែល​​​ពួក​គាត់​​ថា​​​​​​បាន​​​ប្រើ​ពាក្យ​ម៉ាក់ងាយ​ដល់ជនជាតិ​ខ្មែរ ​និង​ថ្នាក់​ដឹកនាំខ្មែរ​​​​ថា​ទន់ខ្សោយ ​ទើប​សៀម​ឈ្លានពានទឹកដី​ ព្រម​​ទាំង​​ទាម​ទារ​នូវ​​លក្ខ​​ខណ្ឌ​កា​រ​​ងារ​​មួយ​ចំនួន​ផងដែរ​។

កម្មការិនី ម៉ៅ សុផល អះអាង​ថាធ្វើកា​រនៅរោង​ចក្រ យូ ជា​ ឆេង អ៊ិនធើណាសិនណល ឯ.ក បាន​ឱ្យ​ដឹងថា ការ​ដែល​ពួកគាត់នាំគ្នា​តវ៉ា​ដោយ​បិទ​កំណាត់​ផ្លូវ​ជាតិ​លេខ​៣នេះ ដោយសារ​តែខាង​រោង​ចក្រ​បានកាត់លុយ​​​បំណាច់​ឆ្នាំ​​កម្មករ និង​បាន​កាត់​លុយ​ពេល​​កម្មករ​​ជិះឡាន​ស្ទះផ្លូវ​មក​យឺត។ ហើយចំណុចសំខាន់​ដែលកម្មករ​​ទទួល​យក​មិន​បាននោះ គឺ​​​អ្នក​​គ្រប់​គ្រង​​​ជា​​​ជន​ជាតិ​ចិន​​ម្នាក់ បាន​​ប្រើ​​ពាក្យ​ពេជចន៍​​ម៉ាក់ងា​យ​​ដល់​​កម្មករ​ និង​ថ្នាក់ដឹក​នាំ​ប្រទេស​កម្ពុជា ស្រប​ពេល​ដែល​សៀម​ឈ្លាន​ពាន​ទឹកដី​កម្ពុជា។​

អ្នកស្រីបន្តថា៖ «ពាក្យ​ធ្ងន់ធ្ងរ​នោះ ទី១​គាត់ថា​អញ្ចេក ខ្មែរ​អន់ ខ្មែរ​ខ្ជិល ចឹង​ហើយ​បាន​ពួក​សៀម​​​ចង់​បាន​​ទឹក​ដី​​នោះ មកពី​ខ្មែរ​យើង​ខ្ជិល​ហើយ​អន់​ទៀត អាហ្នឹង​ពាក្យគាត់​​​មើល​ងាយ ខ្ញុំ​ទទួល​យក​អត់​បាន​ទេ ពួកខ្ញុំជា​កម្មករ​ទាំង​អស់​គឺ​ទទួលយក​ពាក្យ​ហ្នឹង​អត់​បាន​ទេ​ ពួកខ្ញុំឈឺ​ចាប់ណាស់ ចឹង​បងប្អូន​ទាំង​អស់គ្នា​គួរ​គិត​មើល​​ពិចារណា​ត្រង់កន្លែង​ហ្នឹង វា​មិនត្រឹម​មើល​ងាយ​ដល់​​តែ​បុគ្គល​ម្នាក់ទេ វាមើលងាយ​​ដល់​ប្រទេស​ជាតិ​ទាំង​មូល​​[…] សូម​​ជួយ​​មើល​ជួយ​ដោះ​ស្រាយ​​ឱ្យ​​ពួក​ខ្ញុំផង​ ពួកខ្ញុំអត់ចង់បាន​អីក្រៅពីថា​ខ្មែរ​ចង់មានសុវត្ថិភាពទេ​​ អត់មាន​ចង់​ឱ្យ​​មានជនជាតិ​ណា​មក​និយាយ​មើល​ងាយ​ចឹង​ទេ»។

កម្មករធ្វើការ​នៅរោង​ចក្រ YJC ​ម្នាក់​ទៀត លោក សុខ រិន បានលើកឡើងស្រដៀង​គ្នា​ដែរ​ថា បើ​ទោះជា​ថ្ងៃនេះ​ជា​ថ្ងៃបុណ្យជាតិ​ ដែល​កម្មករ​ត្រូវ​ឈប់សម្រាក​តាមច្បាប់ការងារ ប៉ុន្តែ​ខាង​រោង​ចក្រ​បាន​ឱ្យ​កម្មករ​មក​ធ្វើការ​ជា​ធម្មតា។ យ៉ាងណា លោកថា កម្មករ​មិន​បាន​ខឹង​សម្បា​រ​នឹ​ង​ការ​ធ្វើការ​ថ្ងៃបុណ្យជាតិ​នោះទេ គឺ​ពួកគាត់​នៅតែ​មកធ្វើការ​ធម្មតា ​ប៉ុន្តែ​អ្វីដែលកម្មករ​​​ឈឺចាប់ និង​ផ្ទុះកំហឹងឈាន​ដល់ការ​តវ៉ា​នេះ ដោយសា​រតែអ្នក​គ្រប់គ្រង​ដែល​ជា​ជន​ជាតិ​ចិន​ម្នាក់ បាន​ប្រើ​ប្រាស់ពាក្យ​សម្តីមើល​ងាយ​ដល់​កម្មករ​ខ្មែរ និងប្រទេស​កម្ពុជា​។

លោកថា៖ «ចឹង​ខឹង​រឿង​ដែល​អ្នកគ្រប់គ្រង​ចិន​គាត់​​មើល​ងាយ​ប្រទេស​កម្ពុជា ក្រ​ អន់ខ្សោយ​ បាន​ប្រទេស​គេ​ឈ្លាន​ពាន​ ចឹង​បាន​បង​ប្អូន​យើង​ផ្ទុះការ​តវ៉ា។ ពេល​វេលា​នេះ ខ្ញុំជា​បេះ​ដូង​ខ្មែរ កូន​ខ្មែរ​មួយ​រូប​ដែរ ដែល​កំពុង​តែ​ឈឺ​ចាប់​ ដែលគេ​កំពុង​ជាន់​ហើយ ហេតុ​អីបាន​​​បុគ្គល​ម្នាក់នេះ​មក​​ជាន់​ពួក​ខ្ញុំ​ថែមពីលើទៀត​។ ហើយ​មួយ​ដែលខ្ញុំ​ទាមទារ​បន្ថែម​ទៀត​បងប្អូន​ គ្រាន់តែ​ចង់​បាន​ថា រោង​ចក្រ​​​​ផ្តល់​លុយ​​បំណាច់ឆ្នាំ​​ឱ្យ​បងប្អូន​​កម្មករ​កម្មការិនី​​​យើង​ទាំង​អស់គ្នា ហើយ​និង​លុយ​​ម៉ាស៊ីន លុយ​ផ្សេង​ៗ​មិនថា​គាត់​ធ្វើដៃ​ ឬម៉ាស៊ីន​ទេ ត្រូវ​តែ​មានលុយ​ជំនាញឱ្យ​ពួកគាត់»

បើតាមកម្មកររោង​ចក្រ YJC មួយរូបទៀត ឈ្មោះ សឿន សុវឿត ក្នុង​ការ​ចរចារកដំណោះស្រាយ​​នៅព្រឹកមិញ​នេះ គឺ​អ្នកគ្រប់គ្រ​ងជនជាតិ​ចិន​ម្នាក់​ដែលប្រមាថ​ជនជាតិ​ខ្មែរ រឿង​សៀម​ឈ្លានពាន​ទឹកដី បាន​យល់ព្រមសុំទោស​ជា​សាធារណៈ ខណៈការ​ឈប់សម្រាកថ្ងៃបុណ្យ​ជាតិ ៧មករានេះ ខាង​ក្រុមហ៊ុនបាន​យល់ព្រមឱ្យ​កម្មករ​​ឈប់​សម្រាក​នៅថ្ងៃទី​១៧ខែមករា​ជំនួស​វិញ។

អំឡុងពេល​កម្មករ​តវ៉ាបិទកំណាត់ផ្លូវ​ជាតិ​លេខ​៣ នៅមុខ​រោង​ចក្រ​នោះ គេ​សង្កេតឃើញ​ប្រធាន​មន្ទីរ​ការ​ងារ​​​ខេត្ត​កំពង់ស្ពឺ និងអាជ្ញាធរពាក់ព័ន្ធ​ បាន​ចុះទៅ​សម្រប​សម្រួល និង​រកដំណោះស្រាយ​​ ​ដោយបាន​​​​ស្នើឱ្យកម្មករ​-កម្មការិនីទាំងនោះរំសាយ​ការ​តវ៉ា​បិទផ្លូវ និង​​​ទៅប្រមូល​ផ្តុំ​ក្នុង​រោង​ចក្រវិញ។

​វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពី​ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកំពង់ស្ពឺ លោក ចឹក បូរិន និង​តំណាង​ភាគីរោង​ចក្រ យូ ជា ឆេង អ៊ិនធើណាសិនណល់ ​បាន​ទេ​​​នៅរសៀល​​ថ្ងៃពុធនេះ។យ៉ាងណា បើតាមកម្មករ ពួកគេព្រមចូលធ្វើវិញនៅថ្ងៃស្អែក ក្រោយពីតម្រូវឱ្យមេការចិន ដែលថា បានប្រមាថខ្មែរជុំវិញការឈ្លាន​ពានរបស់ថៃនេះ ធ្វើការសុំទោស កម្មករជាសាធារណៈ។

ចំណែក អ្នកនាំពាក្យក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បាន​ឱ្យ​ដឹង​ក្នុងបណ្តាញសង្គម​ហ្វេសប៊ុក​របស់លោកថា ករណីតវ៉ារបស់កម្មករ​កម្មការិនី​រោង​ចក្រ យូ ជា ឆេង នេះបាន​ដោះស្រាយ​ចប់​សព្វគ្រប់​ហើយ នៅរសៀល​ថ្ងៃទី​០៧ ខែមករា​នេះ។

លោក​បន្តថា ក្រោយ​ការ​ពិភាក្សា និង​សម្រប​សម្រួលរបស់មន្ត្រីក្រសួងការងារ និង​​​​អ្នកពាក់ព័ន្ធ គឺ​​ភាគី​​​ទាំ​ង​ពីរ បាន​ឯកភាព​គ្នា​ស្រុះស្រួ​ល​ចំនួន ១០​ចំណុច ក្នុង​នោះ​រួម​មាន ការ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ពាក្យ​មិន​សមរម្យ និង​ជេរ​ប្រមាថ​លើក​ម្មករ ការ​អនុញ្ញាត​ឱ្យ​កម្មករ​ដែល​មាន​ជំងឺ​ដែល​មាន​វេជ្ជ​បញ្ជា​អាច​ឈប់​សម្រាក អនុវត្ត​ការ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំដែ​ល​ធ្វើឡើ​ង​ទៅ​តាម​វេន​ដើម្បី​ធានា​ខ្សែ​ច្រវាក់​ផលិត​កម្ម និង​ការ​មិន​គុំគួន​នឹ​ង​គ្នា​ជាដើម។

​អ្នកនាំពាក្យរូបនេះបានអះអាងក្នុ​ងសំណេរ​ដើម​​ថា៖ «ក្រោម​ការស​ម្រប​សម្រួល​ និង​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ភ្លាមៗ កង្វល់​របស់​បង​ប្អូន​កម្មករ​ត្រូវ​បាន​ដោះ​ស្រាយ​ចប់​សព្វ​គ្រប់ ហើយកម្មករ​ក៏​នឹង​វិល​ចូល​បម្រើ​ការ​ងារ​វិញ​ជា​ធម្មតា នៅ​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០២៦ ជា​ធម្មតា​ឡើងវិញ»

បើតាម​ក្រុមកម្មករ រោង​ចក្រយូជា​ឆេងជា​រោង​ចក្រផលិត​ស្បែកជើងគ្រប់​ប្រភេទ និង​បាន​បើក​ដំណើរការ​រយៈ​ពេល​​ប្រមាណ ២ឆ្នាំ​មក​ហើយ បន្ទាប់ពីមានការ​​ដូរ​ថៅកែ​រោង​ចក្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ