ចិនរិះគន់អាមេរិក​ចំពោះ​ការ​ជ្រៀត​ជ្រែក​យ៉ាង​គឃ្លើន បន្ទាប់​ពី​លោក ត្រាំ ទាម​ទារ​យក​ប្រេង​របស់​វេណេ​​ស៊ុយ​អេឡា

ប្រទេស​ចិន បាន​ថ្កោលទោសសហរដ្ឋអាមេរិ​កចំពោះ “ការ​ជ្រៀត​ជ្រែក​យ៉ាង​គឃ្លើន” ក្នុង​ប្រទេស​វេណេ​ស៊ុយ​អេឡា ដោយ​ចោទ​ប្រកាន់​ថា​បាន​រំលោភ​ច្បាប់​អន្តរ​ជាតិ និង​រំលោភ​លើ​អធិប​តេយ្យ​ភាព​រប​ស់​ប្រទេសនេះ បន្ទាប់​ពី​សេចក្តី​ថ្លែង​ការណ៍​របស់​លោក ដូណាល់ ត្រាំ ថា​អាមេរិក​នឹ​ង​យក​ប្រេង​របស់​ប្រទេស​វេណេ​ស៊ុយ​អេឡា។

តាម South China Morning Post ​កាល​ពី​ថ្ងៃ៧​ម​ករា អ្នក​នាំពា​ក្យ​ក្រសួង​ការ​បរទេស​ចិន លោក​ស្រី Mao Ning បាន​​ពណ៌នា​អំពី​សកម្ម​ភាព​របស់​សហរដ្ឋ​អាមេរិក​ នៅក្នុ​ង​ប្រទេស​អាមេរិក​ខាង​ត្បូង​មួយ​នេះ​ថា​ ជា​ការ​បំពាន​លើ​បទ​ដ្ឋាន​អន្តរ​ជាតិ។

លោកស្រី Mao មានប្រសាសន៍ថា៖ «វេណេស៊ុយ​អេឡា គឺជា​ប្រទេស​មាន​អធិប​តេយ្យ​ភាព ហើយ​មានអធិប​តេយ្យ​ភាព​អចិន្ត្រៃយ៍​ពេញ​លេញ​លើ​ធន​ធាន​ធម្មជាតិ និង​សកម្មភាព​សេដ្ឋ​កិច្ច​ទាំង​អស់​របស់​ខ្លួន»

កាលពីថ្ងៃ៦ខែ​មករា ប្រធានាធិបតីអាមេរិក បានប្រកាសថា វេណេ​ស៊ុ​យ​អេឡា​នឹង​ប្រគល់​ប្រេង​រហូ​តដល់ ៥០​លាន​បារ៉ែល​​ទៅ​ឱ្យ​អាមេរិក ដោយ​លើក​ឡើង​ថា ប្រាក់​ចំណូល​ដែល​ទទួល​បាន​នឹង​ត្រូវ​ប្រើ​ប្រាស់ ដើម្បី​ផ្តល់​ប្រយោជន៍​ដល់​ប្រទេស​ទាំង​ពីរ។

សកម្មភាពនេះ បានបង្ហាញពីការកើនឡើងនូវកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រីក​ឥទ្ធិពល​សេដ្ឋ​កិច្ចរ​បស់​អាមេរិក​នៅ​ទូទាំង​តំបន់​អាមេរិក​ឡាទីន បន្ទាប់​ពីកា​រ​វាយ​ឆ្មក់​យោធា​កាល​ពី​ថ្ងៃ​៣ខែ​មករា ដើម្បី​ទម្លាក់​មេដឹក​នាំ​វេណេ​ស៊ុយ​អេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និង​ការ​អះ​អាង​ជា​បន្ត​បន្ទាប់​របស់ លោក ត្រាំ ថា សហរដ្ឋ​អាមេរិក​នឹង “គ្រប់​គ្រង” វេណេ​ស៊ុ​យអេ​ឡា​ជាបណ្តោះ​អាសន្ន។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃ៧ខែ​មករា លោក ត្រាំ បាន​សរសេរថា៖ «ខ្ញុំមាន​សេចក្តី​សោម​នស្ស​រីក​រាយ សូម​ជម្រាប​ជូន​ថា អាជ្ញាធរ​បណ្តោះអា​សន្ន​នៅ​ក្នុង​ប្រទេស​វេណេ​ស៊ុយ​អេឡា នឹង​ប្រគល់​​ប្រេង​ដែល​មាន​គុណភាព​ខ្ពស់ និ​ងជា​ប់​ទណ្ឌ​កម្ម ចន្លោះ​ពី ៣០ ទៅ ៥០​លាន​បារ៉ែល មក​ឱ្យ​សហរដ្ឋ​អាមេរិក»

លោក ត្រាំ បានមានប្រសាសន៍ថា ប្រេងនោះនឹងត្រូវលក់ក្នុងតម្លៃទីផ្សារ ដោយ​ប្រាក់ដែ​ល​ទទួល​បាន​នឹង​ត្រូវ “គ្រប់​គ្រង” ដោយ​រូប​លោក​ផ្ទាល់ ក្នុង​នាម​ជា​ប្រធានាធិបតី​អាមេរិក។ លោក​បាន​បន្ថែម​ថា ទាំង​ប្រជាជន​វេណេ​ស៊ុយ​អេឡា និង​ប្រជាជន​អាមេរិក​នឹង​ទទួល​បាន​ផល​ប្រយោជន៍។

កាលពីថ្ងៃ៧ខែមករា លោកស្រី ម៉ៅ នៃ​ក្រសួង​ការ​បរទេស​ចិន បាន​រិះគ​ន់​សហរដ្ឋ​អាមេរិក​យ៉ាង​ខ្លាំង​ចំពោះ​ “ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ ការ​រំលោភ​លើ​អធិប​តេយ្យ​ភាព​របស់​វេណេ​ស៊ុយ​អេឡា និង​ការ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​របស់​ប្រ​ជាជនវេណេ​ស៊ុយ​អេឡា”។

លោកស្រីបាន​បន្ត​ថា កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​ចិន​ជាមួយ​វេណេ​ស៊ុយ​អេឡា គឺ​ផ្អែក​​លើ​ការគោ​រព​គ្នា​ទៅវិញ​ទៅ​មក​រវាង “រដ្ឋ​ដែល​មាន​អធិប​តេយ្យ​ភាព” ទាំង​ពីរ ហើយ “សិទ្ធិ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់ចិន​នៅក្នុ​ង​ប្រទេស​វេណេ​ស៊ុយ​អេឡា ត្រូវ​​តែត្រូ​វ​បាន​ការ​​ពារ”។

លោក ត្រាំ បានកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងបន្តលក់ប្រេងទៅឱ្យប្រទេសចិន និងអ្នកនាំចូលធំៗផ្សេង​ទៀត នៅ​ពេល​ដែល​ផលិត​កម្ម​ត្រឡប់​ទៅ​រក​ភាព​ប្រក្រតី​វិញ។

ទោះជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មា​ន ABC News សហរដ្ឋ​អាមេរិក​បាន​ទទូច​ឱ្យ​វេណេ​ស៊ុយអេឡា​ កាត់​បន្ថយ​កា​រ​ចូល​រួម​ផ្នែក​សេដ្ឋ​កិច្ច​ជាមួយ​ប្រទេស​ចិន រុស្ស៊ី អ៊ីរ៉ង់ និង​គុយបា។

ក្នុងការឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍របស់ ABC News លោកស្រី ម៉ៅ បាន​ចោទ​ប្រកា​ន់ស​ហ​រដ្ឋ​​អាមេរិក​អំពី “ការ​ជ្រៀត​ជ្រែក​យ៉ាង​គឃ្លើន” នៅ​ក្នុង​ប្រទេស​​វេណេ​ស៊ុយ​អេឡា ហើយ​បាន​ហៅ​ការទាម​ទារ​របស់​អាមេរិក ដែល​ឱ្យ​ប្រទេស​នេះ​ផ្តល់​អាទិភាព​ដល់​អាមេរិក ក្នុង​ការ​គ្រប់​គ្រង​ធន​ធាន​ប្រេង​របស់​ខ្លួន​ថា​ជា “សកម្មភាព​គឃ្លើន​បែប​បង​ធំ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ