មហាសេដ្ឋី​បោក​ប្រាស់​អន​ឡាញ​លោក​Chen Zhi ត្រូវ​បាន​ចាប់​ខ្លួន​នៅ​​​កម្ពុជា​និង​ត្រូវ​បាន​បញ្ជូន​តាម​យន្ត​ហោះ​​ទៅ​ចិន

លោក Chen Zhi ដែល​ជា​ស្ថាបនិក​ក្រុមហ៊ុន Prince Group និង​ជា​បុគ្គល​ដែល​រង​ទណ្ឌ​កម្ម​ពី​សហរដ្ឋ​អាមេរិក ចំពោះ​ការ​ដឹក​នាំ​ប្រតិ​បត្តិ​ការ​បោក​ប្រាស់ និង​ការ​គ្រប់​គ្រង​លើរូ​បិយ​ប័ណ្ណ​គ្រីប​តូ​(cryptocurrency) ចំនួន ១៥​ពាន់​លាន​ដុល្លារ​​ដែល​ត្រូវ​បាន​រឹប​អូស​នោះ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅកា​ន់ប្រ​ទេស​ចិន កាល​ពី​ព្រឹក​ថ្ងៃ​ទី​៦ខែ​មករា ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក បានចោទប្រកាន់លោកពីបទបោក​ប្រាស់​តាម​ប្រព័​ន្ធ​បច្ចេក​វិទ្យា ការ​លាង​លុយ​កខ្វក់ និង​ការ​ត្រួត​ពិនិត្យ​លើ​ការ​បង្ខំ​កម្លាំង​ពលកម្ម នៅក្នុង​ទីតាំង​បោក​ប្រាស់ (scam compounds) ក្នុងប្រទេស​កម្ពុជា។ ការរឹបអូសទ្រព្យសម្បត្តិដែលមានតម្លៃជាង ១៥ ពាន់លានដុល្លារ ជាប្រភេទគ្រីបតូ និងអចលនទ្រព្យ ត្រូវបានធ្វើឡើងនៅទូទាំងពិភពលោក ហើយក្រុមនេះត្រូវបានពិពណ៌នាថា ជាអង្គការឧក្រិដ្ឋកម្មដ៏ធំបំផុតមួយនៅអាស៊ី។ លោក Chen ក៏ត្រូវបានគេចោទប្រកាន់ផងដែរថា មានទំនាក់ទំនងជាមួយភ្នាក់ងារសម្ងាត់ចិន និងក្រុមបងធំ។

យោងតាមគេហទំព័រព័ត៌មានក្នុងស្រុកមួយ បានឱ្យដឹងថា លោក Chen Zhi ដែលជាមហាសេដ្ឋីរងការចោទ​ប្រកាន់​ថា​ជា​ម្ចាស់មជ្ឈមណ្ឌលបោកប្រាស់ និងដែលរងទណ្ឌកម្មពីសហរដ្ឋអាមេរិក រួមទាំងការរឹបអូសយកកាក់ Bitcoin ដ៏ច្រើនសន្ធឹកសន្ធាប់ដែលមានតម្លៃ ១៥ ពាន់លានដុល្លារ កាលពីខែតុលា ឆ្នាំ២០២៥ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេស​កម្ពុជា និង​ត្រូវ​បាន​បញ្ជូន​ខ្លួនទៅកាន់ប្រទេសចិន។

មហាសេដ្ឋីវ័យ ៣៧ ឆ្នាំរូបនេះ ត្រូវបានចោទប្រកាន់ពីបទដឹកនាំទីតាំងបោកប្រាស់ខ្នាតធំដ៏ល្បីល្បាញនៅក្នុងប្រទេស​កម្ពុជា ហើយត្រូវបានគេចោទថាបានសន្សំទ្រព្យសម្បត្តិយ៉ាងច្រើនមហាសាល ក្នុងរយៈពេលមួយ​​ទសវត្សរ៍ចុងក្រោយនេះ។

សារព័ត៌មានភាសាអង់គ្លេសរបស់កម្ពុជា KiriPost បាននិយាយថា សារព័ត៌មាន Cambodia-China Times បានចុះផ្សាយព័ត៌មានអំពីការចាប់ខ្លួនChen Zhi ។

KiriPost បានដកស្រង់សម្តីថា៖ «អ្នករាយការណ៍ព័ត៌មានម្នាក់មកពី Cambodia-China Times បានទទួលព័ត៌​មាន​ថា លោក Chen Zhi ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Group ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកម្ពុជា និងត្រូវ​បាន​​បញ្ជូនត្រឡប់ទៅប្រទេសចិនវិញ ដើម្បីទទួលការស៊ើបអង្កេតពីសំណាក់​អាជ្ញាធរពាក់ព័ន្ធ»។

បើតាមAsia Financial ការបញ្ជូនខ្លួនមហាសេដ្ឋីដ៏ល្បីល្បាញរូបនេះ ទៅកាន់ប្រទេសចិន​ យ៉ាងឆាប់រហ័ស និង​​ជាសម្ងាត់ ប្រហែលជាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយសារលោក Chen មានទំនាក់ទំនងយ៉ាងទូលំទូលាយជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា ហើយការពិតនោះគឺថា ទីក្រុង​ប៉េកាំង ក៏ប្រហែលជាចង់ធានាឱ្យបានថា រូបលោកនឹងមិនមានទំនាក់ទំនងជាមួយមន្ត្រីអាមេរិក ឬមន្ត្រី​បស្ចិមប្រទេសឡើយ។

លោក Chen Zhi ត្រូវបានគេសង្ស័យថា មានទំនាក់ទំនងជាមួយមន្ត្រីភ្នាក់ងារ​សម្ងាត់ចិន ទាំងនៅក្នុងប្រទេស​កម្ពុជា និងនៅតាមទីតាំងជាច្រើនជុំវិញពិភពលោក រួមទាំងនៅទីក្រុងឡុងដ៍ ដែលមានសេចក្តីរាយការណ៍ថា លោក​បានទិញយូនីត (ខុនដូ) ជាច្រើន រួមទាំងយូនីតមួយចំនួនដែលមានទីតាំងនៅជិតស្ថានទូតសហរដ្ឋអាមេរិកខ្លាំងតែម្តង។

ក្រសួងរតនាគារសហរដ្ឋអាមេរិក និងរដ្ឋាភិបាលអង់គ្លេស បានចាត់វិធានការបិទក្រុមហ៊ុន Prince Group កាលពីពាក់កណ្តាលខែតុលា។

ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក (DoJ) បាននិយាយថា ខ្លួនបានដាក់ពាក្យបណ្តឹងរឹបអូសទ្រព្យសម្បត្តិដ៏ធំបំផុតមិនធ្លាប់មាន ដើម្បីរឹបអូសយកកាក់ Bitcoin ដែលមានតម្លៃប្រហែល ១៥ ពាន់លានដុល្លារ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោម​ការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក។ អចលនទ្រព្យដែលមានតម្លៃ ១៧២ លានដុល្លារ ក៏ត្រូវបានរឹបអូសផង​ដែរ​នៅ​ក្នុង​ប្រទេស​អង់គ្លេស។

ក្រសួងបានបន្តថា វិវាទកម្មដែលត្រូវបានបើកចំហនៅក្នុងតុលាការសហព័ន្ធក្នុងទីក្រុងញូវយ៉ក បានចោទប្រកាន់លោក Chen Zhi ដែលជាអ្នកជំនួញខ្មែរ-ចិន ដែលបានបង្កើត និងធ្វើជាប្រធានក្រុមហ៊ុន Prince Group ថាបានជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យា ការលាងលុយកខ្វក់ និងការដឹកនាំ “ប្រតិបត្តិការទីតាំងបោកប្រាស់ដោយបង្ខំកម្លាំងពលកម្មនៅទូទាំងប្រទេសកម្ពុជា” របស់ក្រុមនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ