ធនាគារព្រីនស៍បន្ត​ដំណើការ​ក្រោមស​វនកម្ម ក្រោយ​លោក ចេន ហ្ស៊ី ត្រូវ​បាន​ចាប់​ខ្លួន

ធនាគារ​ជាតិនៃ​កម្ពុ​ជា​ បាន​ប្រកាស​ជា​សាធារណៈ​នូវ​ការ​ផ្អាក​ប្រតិបត្តិ​ការ​ថ្មី​របស់​ធនាគារ​ព្រីនស៍ ដោយ​ប្រគល់​តួនាទី​គ្រប់​គ្រង​ និង​ចាត់​ចែង​ប្រតិ​បត្តិ​ការ​ទៅ​ឲ្យក្រុ​ម​ហ៊ុន​សវនកម្ម​ ដើម្បី​ជម្រះ​បញ្ជី និង​ចាត់​ចែង​ទ្រព្យ​សម្បត្តិ​របស់​ធនាគារ​នេះ។

ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្រោយ​ម្ចាស់​ភាគ​ហ៊ុន​ធំរ​បស់​ធនាគារ​ព្រីនស៍ គឺ​លោក ចេន ហ្ស៊ី ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន និង​បញ្ជូន​ទៅ​ប្រទេស​ចិន។

ក្រោយដំណឹងនៃការចាប់ខ្លួនរបស់មេបណ្ដាញឧក្រិដ្ឋកម្មឆបោក​តាមអន​​ឡាញ គឺលោក ចេន ហ្ស៊ី បាន​ខ្ចរខ្ចារពាស​ពេញ​ពិភព​លោក ពេល​នេះ​ធនាគារ​ព្រីនស៍​របស់​លោក​ ត្រូវ​បាន​ធនាគារ​ជាតិ​នៃក​ម្ពុជា​ដាក់​ឱ្យនៅ​ក្រោម​​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​សវនកម្ម។

​យោងតាមលិខិតរបស់ធនាគារជាតិនៃកម្ពុជា (NBC) ចុះផ្សាយថ្ងៃទី៨ ខែ​មករា ឆ្នាំ​២០២៦ ប្រកាស​ឱ្យដឹង​ថា ធនាគារ​​ព្រីនស៍ ត្រូវ​ផ្អាក​ការ​ផ្តល់​សេវា​ធនាគារ​ថ្មីៗ​ទាំង​អស់ រួម​ទាំង​ការទ​ទួល​ប្រាក់​បញ្ញើ និង​ការ​ផ្តល់​ឥណទាន។

ដោយឡែក សម្រាប់អតិថិជនដែលមានប្រាក់បញ្ញើអាចទៅដកប្រាក់បាន​ជាធ​ម្មតា ដោយ​ផ្អែក​តាម​លំដាប់​អាទិភាព​នៃ​ច្បាប់​ស្តី​ពី​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញ​វត្ថុ។ ចំណែក​អ្នក​ខ្ចី​ប្រាក់​ ត្រូវ​បន្តបំ​ពេញ​កាតព្វ​កិច្ច​សង​ត្រឡប់​មក​វិញ​ជា​ប្រក្រតី ដោយធ​នាគារ​ជាតិ បាន​តែង​តាំង​ក្រុម​ហ៊ុន ម៉ូរី​ស៊ុន​កាក់ អ៊ឹម.ខេ.អេ អូឌីត-អាខោនធីង (Morisonkak MKA audit-accounting Co., Ltd) ជា​អ្នក​ជម្រះ​បញ្ជី ដើម្បី​គ្រប់​គ្រង និង​ចាត់​ចែង​លើរា​ល់​ប្រតិបត្តិ​ការ និង​ទ្រព្យ​សម្បត្តិ​របស់​ធនាគារ​ចាប់​ពី​ពេល​នេះ​ត​ទៅ ស្រប​តាម​ច្បាប់​ព្រះរាជា​ណាច​ក្រ​កម្ពុជា។

ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីម្ចាស់ភាគហ៊ុនធំរបស់ធនាគារ​ព្រីសន៍ គឺ​លោក ចេន ហ្ស៊ី ត្រូវ​បាន​សមត្ថ​កិច្ចក​ម្ពុជា សហការ​ជាមួយ​សមត្ថ​កិច្ច​ចិន ចាប់​ខ្លួន និង​បញ្ជូន​ទៅ​កាន់​ប្រទេស​ចិន​វិញ កាល​ពី​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៦។

នៅថ្ងៃទី៨ ខែមករា ដដែលនេះ ទិដ្ឋភាពនៅតាមសាខាមួយចំនួន​របស់​ធនាគារ​ព្រីនស៍​ក្នុង​រាជធានី​ភ្នំពេញ មាន​សភាព​ស្ងប់​ស្ងាត់ ខណៈ​សន្តិសុខ​ដែល​យាម​នៅ​មុខ​ធនាគារ​មាន​ទឹក​មុខ​ស្រពាប់​ស្រពោន។

វីអូឌី បានព្យាយាមទាក់ទងបុគ្គលិកធនាគារព្រីនស៍ ដើម្បី​សុំការ​អត្ថាធិប្បាយ​ថា​តើ​ពួក​គេ​នឹង​ត្រូវ​បាត់​បង់​ការ​ងារ​ឬ​យ៉ាង​ណា ប៉ុន្តែ​ពួក​គេ​បដិសេធ ​ក្រោម​ហេតុ​ផល​រក្សា​ការ​សម្ងាត់​ផ្ទៃ​ក្នុង​របស់​ក្រុម​ហ៊ុន។

ប៉ុន្តែកាលពីខែវិច្ឆិកា ឆ្នាំ២០២៥ ពាក្យចចាមអារ៉ាម បាន​ផ្សព្វ​ផ្សាយ​ថា បុគ្គលិក​ធនាគារ​ព្រីនស៍ ត្រូវ​បាន​រំសាយ ដោយ​ទុក​តែ​បុគ្គលិក​មួយ​ចំនួន​តូច ដើម្បី​បម្រើ​សេវា​កម្ម​ចុង​ក្រោយ​តែ​ប៉ុណ្ណោះ។

មុនការប្រកាសជាសាធារណៈរបស់ធនាគារជាតិនៃកម្ពុជា ធនាគារ​ព្រីនស៍ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ ឆ្នាំ​២០២៥ បាន​ទាក់​ទង​ហៅ​អតិថិជន​តាម​រយៈ​ទូរស័ព្ទ​ឱ្យ​ទៅ​បិទ​គណនី​ធនាគារ និង​បាន​បង្វែរ​សាច់​ប្រាក់​ដែល​សេស​សល់ ក្នុង​គណនី​ឱ្យទៅ​អ​តិថិជន​ផង​ដែរ។ បុគ្គលិក​ព្រីនស៍ បានបញ្ជាក់ថា ប្រតិបត្តិ​ការ​នេះ ធ្វើ​ឡើង​ដើម្បី​ចៀស​វាង​ហានិភ័យ​ណា​មួយ​ដែល​កើត​ឡើងជាយ​ថា​ហេតុ។

អ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត អបអរចំពោះការសម្រេចចិត្ត​របស់​កម្ពុជា ដែល​ចូល​រួម​ប្រតិបត្តិ​ការ​ចាប់ លោក ចេន ហ្ស៊ី។ យ៉ាងណា លោក​បន្ត​ជំរុញឱ្យរ​ដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បន្ត​ចាប់​ខ្លួន​មេក្លោង និង​បោស​សម្អាត​បណ្ដាញ​ឧក្រិដ្ឋ​កម្ម​ផ្សេង​ទៀត ដែល​កំពុង​បន្ត​រីក​រាល​ដាល​ពាស​ពេញ​ប្រទេស ដើម្បី​ស្ដារ​មុខ​មាត់​កម្ពុជា​ឡើង​វិញ។

លោក ម៉ែន ណាត ថ្លែង​ថា៖ «ការចាប់ខ្លួននេះ កម្ពុជាធ្វើត្រូវហើយ! ហើយ​មិន​ត្រូវ​បញ្ឈប់​ត្រឹម ចេន ហ្ស៊ី ទេ។ កម្ពុ​ជា​ត្រូវ​តែ​បន្ត​ចាប់​ខ្លួន និង​ស៊ើប​អង្កេត​ករណី​លោក ហ៊ុន តូ លោក លី យ៉ុង​ផាត់ លោក កុក អាន លោក ទ្រី ភាព ជា​ដើម អ្នក​ទាំង​អស់​ហ្នឹង ដែល​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​នៅ​ក្នុង​បញ្ជី​ខ្មៅ។ គួរ​តែ​មាន​ការ​ស៊ើប​អង្កេត គួរ​តែ​ត្រូវ​បាន​ចាប់​ខ្លួន​ផ្ដន្ទា​ទោស ដូច​ករណី​ចាប់​ខ្លួន​លោក ចេន ហ្ស៊ី អញ្ចឹង​ដែរ»។

ភាពរង្គោះរង្គើនៃយីហោធនាគារព្រីនស៍ បានចាប់ផ្ដើមឡើងតាំងពីខែតុលា ឆ្នាំ២០២៥ គ្រា​ដែល​សហរដ្ឋ​អាមេរិក និង​ចក្រភព​អង់​គ្លេស បាន​ចេញ​ចំណាត់​ការ​ព្រម​គ្នា​ក្នុង​ថ្ងៃ​តែ​មួយ​ រឹប​អូស​ទ្រព្យ​សម្បត្តិ លោក ចេន ហ្ស៊ី និងបា​ន​ចោទ​ប្រកាន់​ថា​អ្នក​ជំនួញ​ជន​ជាតិ​ចិន វ័យ​៣៨​ឆ្នាំ​រូប​នេះ ជា​មេគំនិត​នៅ​ពីក្រោ​យ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ការ​ជួញ​ដូរ​មនុស្ស និង​ការ​លាង​លុយ​កខ្វក់ តា​ម​រយៈ​បណ្ដាញ​ពាណិជ្ជកម្ម និង​ក្រុមហ៊ុ​ន​បុត្រស​ម្ព័ន្ធ ព្រីនស៍ ហោលឌី​ង គ្រុប (Prince Holding Group) ដែល​មាន​វត្តមាន​ជាង​៣០​ប្រទេស​ក្នុង​ពិភព​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ