ពលរដ្ឋ​នៅ​បឹង​ត្រកួន​បារម្ភ​​ពីវិបត្តិ​គ្រួសារ​ដោយ​សារ​មិន​ទាន់​អាច​វិល​ទៅ​ភូមិ​កំណើត​បាន​ទោះ​មាន​បទ​ឈប់​បាញ់

បើ​ទោះ​​​បី​​ជា​អាជ្ញាធរ​​បាន​​ជូន​​ដំណឹង​ឱ្យ​ពលរដ្ឋ​ភៀស​សឹក​ក្នុង​​ឃុំ​គោក​រមៀត ស្រុក​​ថ្មពួក អាច​​វិល​​ត្រឡប់​ទៅ​កាន់​លំនៅ​ឋាន​​វិញ​ក្តី ក្រោយ​​ពី​​មាន​បទ​ឈប់បាញ់​លើកទី២​ ក៏ប៉ុន្តែ​ពលរដ្ឋ​មួយ​ចំនួន​បាន​អះ​អាង​មក​ថា ពួក​គេ​​​នៅ​តែ​ភ័យ​​ខ្លាច និង​បារម្ភ​ពី​វិបត្តិ​គ្រួសារ និង​អនាគត​កូនចៅ បើ​យោធា​ថៃ​នៅ​​តែមាន​វត្តមាន​លើ​ដី​ខ្មែរ​ដូច​បច្ចុប្បន្ន។

ប្រការ​នេះ​​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ពាន់​គ្រួសារ​បន្ត​រស់​នៅ​ក្នុង​ជំរំ​ភៀស​សឹក​ ខ្លះ​ស្នាក់​​នៅ​​​ផ្ទះ​សាច់​ញាតិ​បងប្អូន និង​​​ខ្លះ​ទៀត​​​រស់​​នៅ​​យ៉ាង​​លំបាក​​លំបិន​តាម​​គុម្ព​​ព្រៃ ក្រោម​​ដំបូល​តង់។

​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ថៃ​ឈ្លានពាន​កំពុង​ភៀស​សឹក លោក ប៊ុន ច្រឹង ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​​០៨ ខែ​មករា​​ថា អ្នកភូមិ​​ខ្លះ​​ស្ទាក់​ស្ទើរ​វិល​ទៅ​លំនៅឋាន​​វិញ ព្រោះ​​ខ្លាច​​ផ្ទុះ​សង្គ្រាម​​ជា​ថ្មី​ទៀត​ បើ​ទោះ​បី​ជា​ជីវភាព​ខ្វះខាត​យ៉ាប់យ៉ឺន​ក្តី។

លោក​បន្ថែម​ថា ពលរដ្ឋ​ចំនួន ០៤​ភូមិ​ ក្នុង​តំបន់​បឹង​ត្រកួន​​​មិន​អាច​វិល​ទៅ​ផ្ទះ​វិញ​ឡើយ ដោយ​សារ​យោធា​សៀម​ព័ទ្ធ​​របង​​លួស ឈូស​​ឆាយ​ផ្ទះ​ និង​ដាក់​ទូ​កុងតឺន័រ​បិទ​ផ្លូវ​អម​ដោយ​កម្លាំង​ប្រដាប់​អាវុធ។

លោកថា៖ «មិន​ស្រួល​ទេ​ការ​អត់​ឃ្លាន ការ​លំបាក​គ្រប់​បែប​យ៉ាង ការ​គេង​ ការ​ហូប​ចុក មិន​ស្រួល​ដូច​យើង​នៅ​ផ្ទះ​យើង​​​ទេ។ រស់​នៅ​រាល់​ថ្ងៃ​ក៏​យើង​សប្បាយ​ចិត្ត​ វា​មិន​ដូច​មុន​ណា យើង​ភៀស​ខ្លួន​នានា ហើយ​ក៏​មិន​ហ៊ាន​ជួបជុំ​គ្នា​ណា​ម្នា​ក់​នៅ​នេះ ម្នាក់​នៅ​នោះ»។

ពលរដ្ឋ​ម្នាក់​ទៀត ឈ្មោះ ​សុវណ្ណ បុរី (Sovann Borey) បាន​បង្ហោះ​សារ​តាម​​បណ្ដាញ​សង្គម​​ហ្វេស​ប៊ុក​ ភ្ជាប់​​នឹង​ផ្ទះ​​ថ្ម​​មួយ​​ខ្នង​​របស់​​គាត់ ដែល​​ជា​​ទីតាំង​​ឱសថ​​ស្ថាន​​នៅ​តំបន់​​ព្រំដែន​​បឹង​ត្រកួន​ បានរងការ​ខូចខាត​ដោយសារ​គ្រាប់​ផ្លោង​របស់​យោធា​ថៃ។

គាត់​រៀបរាប់​តាម​បណ្តាញ​សង្គមFacebook​ថា បឹងត្រកួន​ធ្លាប់​​ជា​តំបន់​​មួយ​​ដ៏​រីករាយ​​ នឹក​​ផ្ទះ នឹក​​ហ្វាម៉ាស៊ី (Phamacy) នឹក​​អ្នក​ភូមិ និង​​អតិថិជន​​ទិញ​​ថ្នាំ​​ពេទ្យ​​របស់​​គាត់។

ឆ្លើយតប​រឿង​នេះ​ អភិបាល​ស្រុក​ថ្មពួក លោក អែម សុខា ប្រាប់វីអូឌី​នៅ​ថ្ងៃ​ទី​​០៨ ខែ​មករា​​ថា ពលរដ្ឋ​​ភាគ​ច្រើន​​បាន​វិល​​ត្រឡប់​​ទៅ​កាន់​ភូមិកំណើត និង​ផ្ទះ​សម្បែង​អស់​ហើយ ​នៅ​ឡើយ​តែ​ពលរដ្ឋ​​ក្នុង​តំបន់​ព្រំដែន​បឹង​ត្រកួន​ចំនួន៤ភូមិ​​ដែល​ថៃ​បាន​បិទ​ខ្ទប់។

លោក​ថា អាជ្ញាធរ​បាន​បង្កើត​មណ្ឌលថ្មី​មួយ​ទៀត​នៅ​វត្ត​កណ្តោល ឆ្ងាយ​ពី​ព្រំដែន​ថៃ​ជាង ​២០​​គីឡូ​​ម៉ែត្រ ​ដើម្បី​រៀប​ចំ​​ទីតាំង​​ឱ្យ​​​ពលរដ្ឋ​​ជាង ៩០០គ្រួសារ​ ដែល​ភៀស​សឹក​ពី​តំបន់​បឹង​ត្រកួន​ស្នាក់​នៅ​បណ្តោះ​អាសន្ន។

លោកថា៖ «ត្រឹម​ល្ងាច​មិញ​ជិត​១០០០​គ្រួសារ​ ជាង​​៩០​០គ្រួ​សារ​ នៅ​​វត្ត​​ហ្នឹង​​ហ្មង។ យើង​​រៀប​​​ចំ​​តង់ បង្កើត​មណ្ឌល​​មាន​​ក្រុម​​ការ​ងារ មាន​សន្តិសុខ​រៀបចំ​ឱ្យ​គាត់​នៅ​ហ្នឹង» 

ចាប់​តាំង​ពី​ផ្ទុះ​អាវុធ​លើក​ទី២ រយៈ​ពេល ២១​ថ្ងៃ គិត​ចាប់​​​ពី​​ថ្ងៃ​ទី​៧ ខែ​​ធ្នូ ឆ្នាំ​២០២៥ បណ្តាល​​ឱ្យ​​ពលរដ្ឋ​ចំនួន ២២ ភូមិ ក្នុង​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក​ ​រស់​ភៀស​សឹក ចាក​ចោល​ផ្ទះ​សម្បែង ស្រែ​ចម្ការ​ សត្វ​ចិញ្ចឹម និង​ទ្រព្យ​សម្បត្តិ។ ក្នុងនោះ​អ្នកភូមិ​រស់​នៅ​ក្នុង​​តំបន់​បឹង​ត្រកួន​ចំនួន ០៤ភូមិ ​គឺ​​ភូមិ​ថ្នល់​​បំបែក ភូមិ​​បន្ទាយ​មានឫ​ទ្ធិ ភូមិ​​ត្រពាំង​​សំរោង និង​​ភូមិ​សាមគ្គី កំពុង​បន្ត​រស់​នៅ​ក្នុង​ជំរំ​ភៀសសឹក​នៅ​ឡើយ​ដោយ​សារ​ផ្ទះ និង​ភូមិ​កំណើត​ពួកគាត់ ត្រូវ​យោធា​ថៃ​ព័ទ្ធ​យក។

ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ទី​០៧ ខែ​មករា​​ដោយ​​ស្រង់​​សម្ដី​​ប្រធាន​​ព្រឹទ្ធ​​សភា លោក ហ៊ុន សែន អះអា​ង​​ថា កម្ពុជា​​នឹង​​មិន​​ធ្វើ​​សម្បទាន​​អធិ​បតេ​យ្យ និង​​សេចក្ដី​ថ្លៃ​ថ្នូរ​​របស់​​ខ្លួន​​ឡើយ ហើយ​ការ​ជ្រើសរើស​អនុវត្ត​បទ​ឈប់​បាញ់​ មិនមែន​ន័យ​ថា កម្ពុជា​ឈប់​បាញ់​ដូរ​យក​សន្តិភាព​ទេ​។

លោកថា៖ «កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ ខិតខំ​ដើម្បី​សម្រេច​គោលដៅ​​របស់​ខ្លួន គឺ​​ការ​បញ្ចប់​ទុក្ខ​វេទនា​​របស់​​ប្រជាជន ទប់​ស្កាត់​​ការ​បំផ្លាញ និង​​បន្ត​ដើរ​​លើ​​មាគ៌ា​​សន្តិភាព​ និង​​ដំណោះ​ស្រាយ​ប្រកប​ដោយ​យុត្តិធម៌»

អ្នកគ្រប់គ្រង​ប្រចាំ​ការិយាល័យ​អង្គការ​លីកាដូ​ (LICADHO) នៅ​ខេត្ត​បន្ទាយមានជ័យ លោក អ៊ិន គង់ជិត សង្កេត​ឃើញ​​ថា ពលរដ្ឋ​រាប់​រយ​គ្រួសារ រស់​នៅ​ក្នុង​តំបន់​បឹង​​ត្រកួន ​កំពុង​រស់​នៅ​ក្នុង​ជីវភាព​​លំបាក​លំបិន និង​មាន​បញ្ហា​ផ្លូវ​ចិត្ត។ លោក​ថា​ អាជ្ញាធរ​គួរតែ​ប្រញាប់​ដោះស្រាយ​បញ្ហា​​ប្រឈម​​ជូន​ពួកគាត់​​ឱ្យ​ច្បាស់លាស់ ធ្វើ​យ៉ាង​ណា​ឱ្យ​ពួក​គាត់​​​មាន​ជម្រក​រស់​នៅ​សមរម្យនៅទីតាំងថ្មី៖

លោកថា៖ «បើ​នៅ​ចរចា​​ទ្វេភាគី​​អត់​​ប្ដឹង​​នោះ​​​ទេ យើង​​យល់​​ថា មិន​​អាច​​ទាម​ទារ​​ទឹកដី​នេះ​បាន​មក​វិញ​នោះ​ទេ»

របាយការណ៍​អង្គភាព​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៦ ខែ​មករា ឱ្យ​​ដឹង​​ថា មាន​​ពលរដ្ឋ​​ភៀស​​សឹក​ជាង ៤០​ម៉ឺន​នាក់​​ហើយ ​ដែល​បាន​វិល​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ ក្នុង​ចំណោម​ពលរដ្ឋ​ភៀស​សឹក​សរុប​ជាង ៦៤ម៉ឺន​នាក់។ ​បច្ចុប្បន្ន​ ពលរដ្ឋ​ភៀស​សឹក​បន្ត​ស្នាក់​នៅ​ក្នុង​ជំរំ​ជាង​២០ម៉ឺននាក់ ក្នុង​នោះ​មួយ​ចំនួន​ពួកគាត់​ផ្ញើជីវិត​នឹង​អាជ្ញាធរ​ស្វែង​រក​ដោះស្រាយ​បញ្ហា​​លំនៅ​ឋាន​​របស់​​ពួក​គាត់ ​ដែល​យោធា​សៀម​ព័ទ្ធ​យក ​និង​​ឈូស​ឆាយ​​កម្ទេច​​ចោល​។

អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន យល់​​ថា រដ្ឋាភិបាល​​គួរ​​តែ​​​ប្រញាប់​​ប្តឹង​​ថៃ​​ទៅ​​​កាន់​តុលាការ​​​យុត្តិធម៌​អន្តរជាតិICJ និង​សហ​ប្រធាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ដើម្បី​ទាមទារ​ឱ្យ​ថៃ​ប្រគល់​​ដី​ឱ្យ​ខ្មែរ​វិញ និង​សង​ការ​ខូចខាត​ទាំង​ឡាយ​ជូន​ពលរដ្ឋ​រងគ្រោះ។

លោកថា៖ «ពលរដ្ឋ​ដែល​មិន​ទាន់​ទៅ​គាត់​មាន​អារម្មណ៍​មួយ​ មិនទាន់​មាន​ភាព​កក់​ក្តៅ គាត់​នៅ​កៀក​តំបន់​ជម្លោះ​មាន​​បន្ទាយ​យោធា​ថៃ​ផង ដូច​នៅ​ភូមិ​ក្តឹបថ្ម»។

កាល​ពី​ថ្ងៃ​ទី​០៥ ខែ​មករា គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា (គ.ស.ម.ក.) បាន​ប្តឹង​ទៅ​កាន់​យន្តការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហ​ប្រជា​ជាតិ ទាមទារ​ឱ្យ​ចាត់​វិធានការ​យ៉ាង​ឆាប់​​រហ័ស​ ចំពោះ​ការ​រំលោភ​សិទ្ធិ​​មាន​លំនៅឋាន បំផ្លិច​បំផ្លាញ​​​ផ្ទះ​សម្បែង ទ្រព្យសម្បត្តិ និង​ហេដ្ឋារចនាសម្ពន្ធ​ស៊ីវិល​និង​​វប្បធម៌​ ​បង្ក​ឡើង​ដោយ​យោធា​ថៃ។ 

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​ទង្វើ​របស់​យោធា​ថៃ រំលោភ​​​សេចក្ដី​ថ្លែង​ការណ៍ កិច្ច​​​ព្រមព្រៀង និង កាតព្វ​កិច្ច​អន្តរជាតិ​នានា​របស់​រដ្ឋ​ភាគី​ ស្តី​ពី​ការ​ការពារ​សិទ្ធិ​មាន​លំនៅឋាន​សមរម្យ ព្រម​ទាំង​សិទ្ធិ​កាន់កាប់​ទ្រព្យ​សម្បត្តិ​​ឯកជន។ លើស​ពី​នេះ​ទៀត​ ការ​ចូល​កាន់​កាប់​ដោយ​ខុសច្បាប់ ការ​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង ការ​លួច​ទ្រព្យ​សម្បត្តិ​​ជនស៊ីវិល ជា​ការ​រំលោភលើ​កតិកាសញ្ញា​អន្តរជាតិ​ស្តី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ មាត្រា១១(១) កតិកា​សញ្ញា​អន្តរជាតិ​​ស្តីពី​​សិទ្ធិ​​ពលរដ្ឋ និង​​សិទ្ធិ​​នយោបាយ មាត្រា១៧, អនុសញ្ញា​ទី​ក្រុង​ឡាអេ ឆ្នាំ១៩០៧ មាត្រា៤៦និង៤៧, អនុសញ្ញា​ទី​ក្រុង​ហ្សឺណែវ មាត្រា៣៣ និង​សេចក្ដី​ប្រកាស​ជា​សកល​ស្តី​ពី​សិទ្ធិ​មនុស្ស មាត្រា១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ