ថៃបដិសេធសំណើរកម្ពុជាស្នើប្រជុំ(JBC)​ដោយ​ថាទុ​ក​ពេល​​សម្អាត​​ដី​​ខ្មែរ​​ដែល​​ខ្លួន​​ដណ្តើម​​បាន

ថៃ​ប្រកាស​បដិសេធសំ​ណើរ​កម្ពុជា ដែល​បាន​សុំប្រ​ជុំ​មន្ត្រី​ជំនាញ​កិច្ច​ការ​ព្រំដែន កម្ពុជា-ថៃ (JBC) នៅ​ខេត្ត​​​​សៀមរាប ទឹក​ដីក​ម្ពុជា ដោយ​ថៃ​សំអាង​ថា ទុក​ពេល​រៀប​ចំ​ការ​បោះ​ឆ្នោត និង​ផ្តល់​សិទ្ធិ​ឱ្យក​ង​ទ័ព​ខ្លួន​ ពន្លឿន​ធ្វើ​​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មីលើ​ដី​ខ្មែ​រ ដែ​លថៃ​ឈ្លា​ន​ពាន​បាន ក្នុង​កំឡុង​ពេល​សង្រ្គាម​ ២១​ថ្ងៃ តាម​ផែន​ទី​ចោរ​ខ្នាត ១/៥០​ពាន់។

ការណ៍នេះ ជំរុញឱ្យមានការលើកឡើងពីហានិភ័យនៃបូរណាទឹកដីកម្ពុជា នៅតាមបន្ទាត់​ព្រំដែន ដែល​ថា ដី​ខ្មែរ​រាប់​សឹប​កន្លែង​នោះនឹ​ង​បាន​ទៅ​ថៃ​រហូត បើ​មេដឹក​នាំ​កម្ពុជា នៅ​តែ​មិន​ប្រើ​ច្បាប់​អន្តរ​ជាតិ រួម​ទាំង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ដើម្បី​ឆ្លើយ​តប​​ទៅ​នឹ​ងម​ហិច្ឆតា​ឈ្លាន​ពាន នាសម័យ​ទំនើប​នេះ។

កាលពីថ្ងៃទី៧ ខែ​មករា សារព័ត៌មាន Amarin News និង PPTVHD ថៃ បាន​ចុះផ្សាយ​ថា គណៈ​កម្មការព្រំដែន​ថៃ និង​កង​ទ័ព​ថៃ ចេញ​លិខិត​បដិសេធ​សំណើរ​កម្ពុជា​សុំ​ប្រជុំ JBC នៅដើមខែមករា ឆ្នាំ២០២៦។

ប្រភពថា ការបដិសេធនេះ ដោយសំអាងថា ថៃកំពុងរវល់រៀបចំការបោះឆ្នោត​ផ្ទៃក្នុងជាតិ និង​ទុក​ពេលឱ្យ​យោធា​ថៃព​ន្លឿន​រៀប​ចំ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​នៅព្រំ​ដែន តាម​ផែន​ទី​ខ្នាត​១/៥០​ពាន់​របស់​ថៃ។

ប្រភពនិយាយថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC​ថៃ និង​យោធា​ថៃ បដិសេធ​មិន​ទៅប្រជុំ JBC នៅ​ខេត្ត​សៀម​រាប ទឹក​ដី​កម្ពុជា​តាម​សំណើរ​បស់​ភាគី​កម្ពុជា​ទេ រង់ចាំនីតិវិធីផ្ទៃក្នុងជាតិ។

បើតាមអ្នកនាំពាក្យកងទ័ពថៃ លោក សុវ៉ារី ថ្លែងប្រាប់អ្នកកាសែ​តថៃ​ថា យោធា​ថៃ​សុំ​​បដិសេធ ឬលើក​ពេល​ទៅ​ប្រជុំ JBC នៅ​កម្ពុជា ព្រោះ​យោធា​ថៃ កំពុង​ជាប់​ដៃរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធថ្មីនៅព្រំដែន។

លោក សុវ៉ារី អះអាងថា ដីដែលថៃវាយដណ្តើមកាន់កាប់ពីកម្ពុជា រួមទាំង​​ប្រាសាទបុរាណ​នោះ សុទ្ធ​តែ​ជា​ទឹក​ដី​របស់​ថៃ ដែល​សំអាង​ទៅ​លើ​ផែន​ទី​ខ្នាត​១/៥០​ពាន់ ដែល​មេដឹកនាំ​កម្ពុជា ហៅថាផែនទីចោរ។

ការបដិសេធរបស់ភាគីថៃនេះ ស៊ីគ្នាទៅនឹងការលើកឡើងរបស់រដ្ឋលេខាធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន​កម្ពុជា​ កាល​ពី​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ​២០២៦ និយាយ​ថា ភាគី​ថៃ​ស្នើសុំ​លើ​ក​ពេល​ប្រជុំ JBC នៅ​ខេត្ត​សៀមរាប។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំពិសេស​របស់​គណៈ​កម្ម​ការ​ចម្រុះ​ខណ្ឌសី​មា​ព្រំដែន​គោក (JBC) នៃ​ភាគី​ទាំង​ពីរ ដែល​គ្រោង​នឹ​ងរៀ​ប​ចំ​ឡើង​នៅ​សប្តាហ៍​ទី១ ខែ​មករា ឆ្នាំ ​២០២៦ នៅ​ខេត្ត​សៀម​រាប តាម​​សំណើរបស់​កម្ពុជា កាល​ពីថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ត្រូវ​បាន​ភាគី​ថៃ​ស្នើសុំ​​លើក​ពេល​ដោយ​លើក​ហេតុ​ផល​រង់​ចាំនី​តិវិ​ធី​ផ្ទៃ​ក្នុង។

ប្រភពបន្តថា ភាគីកម្ពុជាបានស្នើជាថ្មីទៅភាគីថៃ តាមរយៈកំណត់ទូត​​ចុះថ្ងៃទី៥ ខែមករា ឆ្នាំ​២០២៦ ដើម្បី​រៀបចំ​កិច្ច​​ប្រជុំ​ពិសេស​របស់​​គណៈកម្មការ​ចម្រុះ​ខណ្ឌ​សីមា​ព្រំដែន​​គោក (JBC) កម្ពុជា-ថៃ នៅសប្តាហ៍ទី២ ឬ​សប្តាហ៍​ទី៣ ខែ​មករា ឆ្នាំ​​២០២៦ នៅខេត្តសៀមរាប។

ក្នុងគោលបំណងពិភាក្សា ដោះស្រាយបញ្ហាមួយចំនួនរួមទាំង ពិភាក្សាលើការងារវាស់វែង​និង​​ខណ្ឌសីមា ព្រម​ទាំង​ដោះ​​ស្រាយ​​បញ្ហា ដែល​យោធា​ថៃ បាន​និង​កំពុង​ធ្វើ​សកម្ម​ភាព​រំលោភ​បំពាន​បូរណ​ភាព​ទឹក​ដី​និង​​អធិ​បតេ​យ្យ​កម្ពុជា​ដោយ​រាយ​លួស​បន្លា ដាក់​ទូរ​កុង​តឺន័រ ដោត​ទង់​ជាតិ​ថៃ សាង​សង់​លេណ​ដ្ឋាន​ ឈូស​ឆាយ​បំផ្លិច​បំផ្លាញ​លំនៅ​ឋាន និង​​ទ្រព្យ​ស​ម្បត្តិ​ប្រជាព​លរដ្ឋ​កម្ពុជា និង​ហាមឃា​ត់​មិន​ឱ្យ​ប្រជា​ពលរដ្ឋ​កម្ពុជា​វិល​ត្រឡប់​ចូល​រស់​នៅ​​ក្នុង​លំនៅឋាន​របស់​ពួកគា​ត់​វិញ។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំងលោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី៨ ខែ​មករានេះ​ថា ជា​ការពិត ថៃ​បដិសេធ​ប្រជុំ JBC ដោយ​ពួក​គេ​កំពុង​ពន្លឿន​ធ្វើហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ថ្មីរំលោភដីខ្មែរតាមព្រំដែន។

លោកអះអាងថា ថៃមិនចង់ប្រជុំ JBC ឬគណៈកម្មការចម្រុះខណ្ឌសីមា​ព្រំដែន​គោក ដោយ​សារ​ថៃ​ខ្លាច​កម្ពុជា​សើរើ ទាមទា​រ​ដី​ខ្មែរ​វិញ ដែល​ថៃបា​ន​ឈ្លានពា​ន​កំឡុងពេ​ល​សង្រ្គាម ២១​ថ្ងៃ ខណៈ​យោធា​ថៃ​បាន​នឹង​កំពុង​គ្រប់​គ្រង​ទីតាំង​​ទាំង​នោះ ដោយ​រាយ​លួស​បន្លា ដាក់​ទូរ​កុង​តឺន័រ និង​ធ្វើ​លេណ​ដ្ឋាន​ថ្មី។

លោកថា៖ «ដែលថៃគេអត់ព្រមប្រជុំគណៈកម្មការចម្រុះ JBC ជាមួយ​កម្ពុជា​ហ្នឹង ខ្ញុំយ​ល់​ថា នេះ​ជា​លេស​រប​ស់ថៃ​ដើម្បី​វាយ​កម្ទេច​ផ្ទះប្រ​ជាពលរដ្ឋ​នៅ​តំបន់ ដែល​គេ​កាន់​កាប់ និង​ឈូស​ឆាយ​តំបន់​ហ្នឹង ហើយ​គេ​នឹង​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ដូច​ជា​ផ្លូវ​ថ្នល់ ហើយ​គេនឹ​ង​ប្រគល់​ដី​ស្រែច​ម្ការ​ទៅ​ឱ្យ​ប្រជាពលរដ្ឋ​គេ ដូច​នៅ​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ អី​ជា​ដើម ហើយ​នឹង​ពន្លឿន​ធ្វើត្រ​ង់​សេ​ ហើយនឹ​ង​ពន្លឿន​រាយ​បន្លា​លួស​ ដាក់​កុង​តឺន័រ​នៅ​ភូមិ​ជោគ​ជ័យ ភូមិ​ព្រៃ​ចាន់ នៅ​បឹ​ងត្រ​កួន​ជាដើម ដូច្នេះ​នៅ​ពេ​លគេក​សាង​ហេដ្ឋា​រចនា​សម្ព័​ន្ធ​នៅ​តំប​ន់ហ្នឹង ហើយ​បាន​គេ​ចរចា​ជាមួយ​​កម្ពុជា»។

សម្រាប់ លោក​ សំអាន បារម្ភថា ថៃនឹងបន្តប្រើលេសគ្រប់យ៉ាងមិ​នចង់​ប្រជុំ​​ជាមួយកម្ពុជា ដើម្បី​​ទុក​ឳកាស​ឱ្យយោធា​​ថៃ​ពន្លឿន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ លេណ​ដ្ឋាន​ និង​ផ្លូវ​ប៊េតុង​លើ​ដី​ខ្មែរ មុន​ប្រជុំ​JBC។

ម្យ៉ាងវិញទៀត លោកបា​រម្ភ​ថា ថៃ​នឹង​មិន​ប្រគល់​ដី​ខ្មែរ ដែល​ថៃ​បាន​ឈ្លាន​ពាន​ក្នុង​កំឡុង​ពេល​សង្រ្គាម​ ២១​ថ្ងៃ ឱ្យ​មក​កម្ពុជា​វិញ​ទេ បើ​មេដឹក​នាំ​កម្ពុជា មិន​ប្តឹង​ទៅ​តុលាការ ICJ និង​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀងទីក្រុង​បារីស។

លោកថា៖ «ខ្ញុំយល់ថា នៅពេ​ល​ដែល​ប្រជុំ​គណៈ​កម្ម​ការ​ចម្រុះ JBC នេះ​គឺ​ប្រាកដ​ជា​មិន​អាច​ឲ្យ​ថៃ​ត្រឡប់​ទៅ​ទីតាំង​ចាស់ ឬ​ទៅ​តា​មផែ​ន​ទី​ខ្នាត​១/២០០​ពាន់​នោះ​ទេ ថៃ​ប្រាកដ​ជា​ទាម​ទារ​យក​តា​ម​អ្វី​ដែល​ថៃ​កំពុ​ង​គ្រប់​គ្រង តាម​បន្លា​​លួស តាម​កុង​តឺន័រ​ដែល​គេ​ត្រូ​វកំ​ណត់​ព្រំដែន​ថ្មី​ជាមួយ​កម្ពុជា ហើយ​ទៅ​តា​ម​ទឹក​ដី​ថៃ​គ្រប់​គ្រង​ដី​ខ្មែរ​យើង​ហ្នឹង អី​មួយ​ទៀត ថា​នឹង​ទាម​ទារ​ទៅ​តាម​ផែន​ទីខ្នា​ត​១/៥០​ពាន់​របស់​ថៃ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងនាថ្ងៃទី​៨ ខែ​មករា​នេះ​ថា កម្ពុជា​បញ្ជាក់​ជំហរ​ជាថ្មី​ទៀ​ត គឺ​កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​ណា​មួយ ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ។

លោកបន្តថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈ​កម្ម​ការ​ព្រំដែន​ឥណ្ឌូ​ចិន-សៀម ដោយ​គោរព​គោល​ការណ៍​ច្បា​ប់​អន្តរ​ជាតិ គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែ​ប្រែ គោរព​អនុ​សញ្ញា សន្ធិ​សញ្ញា​បារាំង-សៀម ១៩០៤-១៩០៧។

យ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ នៅមិនទាន់បញ្ជាក់ពីបំណងប្តឹងថៃ​ទៅ​​កាន់​​តុលាការ​​យុត្តិ​​ធម៌​អន្តរ​​ជាតិ នៅ​​​ថ្ងៃ​​ណា​ ពិត​​ប្រាកដ ដើ​​ម្បីទា​​ម​​ទារ​​ទឹក​ដីខ្មែ​រ​​ដែល​​ថៃ​ដ​ណ្តើម​​កាន់​​កាប់ ក្រោយ​​សង្គ្រាម​​២១​ថ្ងៃ​​នោះ​​នៅ​ឡើយ​ទេ។

លោកថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺង​ម៉ាត់​ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈ​ក​ម្មកា​រ​ព្រំដែ​ន​ឥណ្ឌូចិ​ន​-សៀម ដោយ​គោរព​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ​គោល​ការណ៍​ខ្សែ​ព្រំដែន​ មិន​កែ​ប្រែ​គោ​រព​អនុ​សញ្ញា​សន្ធិ​សញ្ញា​បារាំង-សៀម ផែន​ទី និង​កំណ​ត់​ហេតុ​បោះ​បង្គោល​ព្រំដែន​របស់​គណៈ​កម្មកា​រ​បោះ​បង្គោ​ល​ព្រំដែន​ឥណ្ឌូ​ចិន-សៀម ព្រម​ទាំង​កិច្ច​ព្រម​ព្រៀង​ និង​ឯក​សារ​​ពាក់​ព័ន្ធ​នានា​ ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​​នាពេល​កន្លង​មក កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែខ្សែ​ព្រំ​ដែន​ណា​មួយ ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ»។

ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា ការបដិសេធ​ប្រជុំ​JBC របស់​ភាគី​ថៃ សបញ្ជាក់​ឃើញ​ថា ថៃ​មិន​ប្រគល់​ដី​ខ្មែរ​ដែល​ថៃ​ឈ្លាន​ពាន​ តាម​ផែនទី​ចោរ​ខ្នាត១/៥០ពាន់ របស់គេទេ។

លោកបន្តថា លេស១០០ជំពូករបស់ថៃ មិនចង់ប្រជុំ JBC បង្ហាញ​ឱ្យឃើញ​កាន់តែច្បាស់​ថា ថៃ​ចង់​ទុក​ពេល​ឱ្យ​យោធា​ខ្លួន ពលរដ្ឋ រួម​ទាំង​ព្រះ​សង្ឃ​ថៃ ពន្លឿន​កសាង​សំណង់​រឹង​មាំ ដើម្បី​គ្រប់​គ្រង​ដាច់​មុខ។

លោកថា៖ «មិនចង់ប្រជុំដោយសារថៃ គេគិតថាគេបានរំលោភ​ឈ្លាន​ពាន​នៅ​តំបន់​ទាំង​អស់ ដែល​មាន​កំណត់​ក្នុង​ផែន​ទី​របស់​គេ ហើយ​គេ​ព្យាយាម​គ្រប់​គ្រង​អាទឹក​ដី​ ដែល​គេឈ្លា​ន​ពាន​បាន​ហ្នឹង​សិន​គេ​អ៊ីចឹងហើយ​បាន​គេ​អត់​ចង់​ប្រជុំ​ជាមួយ​យើង ហើយ​យើង​ស្នើ​ឱ្យ​គេ​ប្រជុំ​នេះ ភាគី​កម្ពុជា​ស្នើ​គេ​ប្រជុំ​នេះ គឺ​ចង់​ឲ្យ​គេ​ខាង​សៀម និង​កំណត់​ខ្សែ​បន្ទាត់​​ព្រំដែន​ដែល​មាន​នៅ​លើ​អាសន្ធិសញ្ញាបា​រាំង-សៀម ចំណែក​ឯសៀម​គេ​មិន​ដែល​ទទួល​ស្គាល់​សន្ធិ​សញ្ញា​បារាំង-សៀម​ទេ ពីព្រោះ​គេអះ​អា​ង​តាំង​ពី​ដើម​មក​ថា​សន្ធិសញ្ញា​បារាំង​ទៀត នៅ​វា​បង្កើត​ភាព​អយុត្តិធ​ម៌​ដល់​ថៃ»។

សម្រាប់ លោក ម៉ែន ណាត នៅតែជំរុញឱ្យមេដឹកនាំកម្ពុជា ពន្លឿន​បញ្ជូនសំណុំ​រឿង​ព្រំដែន​ទាំង​អស់​ប្តឹងថៃទៅ​តុលាការ ICJ និង​សហ​ប្រធា​នកិច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស ព្រោះ​ថៃ​ជាម្ចា​ស់​ហត្ថលេខី​ផង​ដែរ។

លោក​យល់​ថា ជម្រើសល្អបំផុតសម្រាប់កម្ពុជា ដើម្បីទាមទារទឹកដី រួមទាំងដីផ្ទះពលរដ្ឋខ្មែរ​តាម​ព្រំដែ​ន និង​ប្រាសាទ​បុរាណ​ខ្មែរ​​ដែ​ល​ថៃ​បាន​ឈ្លាន​ពាន គឺ​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ប្តឹ​ង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ​ទេ។

លោកថា៖ «JBC ទៅទាមទារស្អីបានប្អូន ប្រហែល​កិច្ចប្រជុំ​កំពូល​អាស៊ាន អាមេរិក​ឲ្យនាំ​ឲ្យ​មាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​​ថ្ងៃទី​​២៦ ​តុលា ថៃ​ក៏​មិន​គោរព​ផង​ហ្នឹង ហើយ​ទៅ​ប្រជុំ​ JBC ប្រជុំ​ជា​ទ្វេភា​គី ហើយ​គ្រាន់​តែ​មាន​ការ​ឃ្លាំមើ​ល​ពី AOT ក្រុមអ្នក​អង្កេត​ការណ៍​អាស៊ាន​ហ្នឹង មាន​សមត្ថភាព​អី! ទៅលូ​ក​លាន់​កិច្ច​ការ​ប្រជុំ​របស់​កម្ពុជា-ថៃ ម្លោះ​ហើយ​​បាន​ជាក​ន្លង​ទៅ​យើង​ជជែ​កគ្នា​ច្រើន​ថា គ្មាន​ជម្រើស​ណាល្អ​ជា​ជាង​ប្ដឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ​ទេ»។

បើតាមសេចក្តីរាយការណ៍នានា ឱ្យដឹងថា ​តំបន់​បឹង​ត្រកួន​ ​យោថៃបាន​ព័ទ្ធ​យក​ផ្ទះ​​ពលរដ្ឋ​​ខ្មែរ​​ចំនួន​​៤​​ភូមិ រួម​​មាន​ ​ភូមិ​បន្ទាយ​​មាន​​ឫទ្ធិ​ ភូមិ​ផ្លូវ​​បំបែក ភូមិ​ត្រពាំង​សំរោង និង​ភូមិ​សាមគ្គី  ក្នុង​ឃុំ​គោក​រមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​​មាន​​ជ័យ។

រីឯ ​ភូមិ​​ព្រៃចាន់ និង​​ភូ​មិ​​ជោគ​ជ័យ​​ ដែល​​មាន​​ផ្ទះ​​ពលរដ្ឋ​​ខ្មែរជិត ១ពាន់​ខ្នង​ ស្ថិត​​​ក្នុង​​ឃុំ​​អូរ​បី​ជាន់ ស្រុក​​អូរជ្រៅ​ ខេត្ត​​បន្ទា​យ​មាន​ជ័យ ក៏ត្រូវបាន​យោធា​ថៃ​​​ព័ទ្ធ​​យក​ទាំង​មូល​ដែរ ដោយ​បាន​ពង្រាយ​ទូកុងតឺន័រ ​រាំង​​ខ្ទប់​ផ្លូវ​ និង​រាយ​បន្លា​លួស ​​​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរចេញ-​ចូល​ឡើយ។

បើតាម មាត្រា​៥២​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​​ឯករាជ្យ អធិប​​​តេយ្យ​ បូរ​ណ​​​ភាព​​ទឹក​​​ដី អនុ​​​វ​​​​​ត្ត​​​​នយោបាយ​​​បង្រួប​​បង្រួម​​ជាតិ ដើម្បី​​ការ​​ឯកភាព​​ជាតិ។

ដោយ​ឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ