ក្រុមអ្នកតស៊ូមតិកម្ពុជា ហៅ(CAT)បានចេញវិភាគថ្មីមួយ បង្ហាញថា នៅពេលដែលរដ្ឋាភិបាលបានខំប្រឹងប្រមូលផ្តុំអំណាចដាក់ក្នុងកណ្ដាប់ដៃគណបក្សកាន់អំណាចតែមួយ ប្រទាក់ក្រឡាដោយគ្រួសារនិយម ចាត់ទុកការរិះគន់គឺជាការបង្ខូចកេរ្តិ៍ឈ្មោះមេដឹកនាំ និងជំរុញឱ្យមានការប្រកួតអំណាចខ្វះសុចរិតភាព កម្ពុជាបានបាត់បង់នូវឧបករណ៍សំខាន់បំផុត ដែលមានតួនាទីមើលនិងទប់ស្កាត់កំហុសដឹកនាំជាតិ និងបាត់ឧបករណ៍ទប់ស្កាត់គ្រោះមហន្តរាយដល់ជាតិ។
នេះបើតាមសេចក្តីវិភាគកម្រាស៧ទំព័រ របស់ក្រុមអ្នកតស៊ូមតិកម្ពុជា (CAT) ចេញពីទីក្រុងម៉ែលប៊ន ចុះថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦នេះ នៃ«សេចក្តីវិភាគ ហ៊ុន សែន គណបក្សប្រជាជនកម្ពុជា និងបញ្ហាឆ្នាំ ២០២៥៖ អំណាចដែលខ្វះយន្តការកែតម្រូវកំហុស»។
(CAT) បាននិយាយថា ល្បឿននៃការលូតលាស់ផ្នែកសេដ្ឋកិច្ច សង្គមដែលខ្វះគណនេយ្យភាព ខ្វះការទទួលខុសត្រូវ បានដាក់ស្ថាប័នរដ្ឋឱ្យមានភាពរអាក់រអួល និងគាំង រង់ចាំបញ្ជាម្តងមួយៗ និងបានក្លាយជាចំណោទបញ្ហានៃគ្រប់គ្រងរដ្ឋរបស់ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ក្នុងឆ្នាំ២០២៥ ។
កម្ពុជាបានប្រឈមមុខនឹងវិបត្តិសង្គមជាច្រើន រួមមាន ការបែកបាក់ជាតិ ការខ្វះស្ថេរភាពជីវភាព អំពើពុករលួយ និងគ្រួសារនិយម ដែលកំពុងក្លាយជាជំងឺ មិនអាចព្យាបាលបាន ។
ភាពរឹងមាំនៃជាតិ ទាមទារនូវសមត្ថភាព និងភាពបើកចំហឲ្យមានការចូលរួមពីគ្រប់ផ្នែកនៃសង្គម ។ ជាក់ស្តែង ថ្មីៗនេះ សង្គ្រាមតាមព្រំដែនជាមួយប្រទេសថៃ ការកើនឡើងនៃកង្វល់អន្តរជាតិជុំវិញឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិត (Cyber-scam) និងការជួញដូរមនុស្ស ព្រមទាំងការបន្តរឹតត្បិតសេរីភាពស៊ីវិល និងនយោបាយ ដែលធ្វើឱ្យលំហសម្រាប់ពលរដ្ឋក្នុងការនិយាយ ការរៀបចំ ការជួបជុំ និងការកែតម្រូវភាពបរាជ័យឬចំណុចខ្សោយរបស់រដ្ឋ ត្រូវបានបាត់បង់ទាំងស្រុង។
ជំនួសឱ្យការកសាងទំនុកចិត្តតាមរយៈតម្លាភាព រដ្ឋបែរជាឆ្លើយតបនឹងអ្នកមានមតិផ្ទុយ ដោយការគ្រប់គ្រងព័ត៌មាន ការឆ្លើយតបដោយហិង្សា និងការប្រើប្រាស់តុលាការជាឧបករណ៍បំភិតបំភ័យសង្គមជាតិ ។
សកម្មភាព និងយន្តការរបស់រដ្ឋ ជះជាលទ្ធផលដែលកម្ពុជាទទួលបាន គឺមិនមែនជាស្ថិរភាពទេ ប៉ុន្តែវាគឺជាភាពផុយស្រួយដែលក្រុមគ្រួសារត្រកូលហ៊ុន ត្រូវបិទបាំងដោយការគ្រប់គ្រងអំណាចរបស់រដ្ឋទាំងស្រុង។
ប្រភពដដែល បានធ្វើការវិភាគជុំវិញ វិបត្តិព្រំដែន ដែលបានក្លាយជាវិបត្តិនៃការគ្រប់គ្រងរដ្ឋ។ ក្នុងន័យនេះ ក្រុមអ្នកតស៊ូមតិកម្ពុជា បានសំអាងថា សង្គ្រាមឈ្លានពានទឹកដីតាមព្រំដែនពីសំណាក់ប្រទេសថៃក្នុងឆ្នាំ២០២៥ មិនត្រឹមតែជាបញ្ហាសន្តិសុខប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាការធ្វើតេស្តសាកល្បងទៅលើស្ថាប័នជាតិ។ លោក ហ៊ុន សែន បានរំលងអំណាចនីតិប្រតិបត្តិ ចេញមុខផ្ទាល់ជាអ្នកដឹកនាំអង្គការប្រតិបត្តិ តាមរយៈការបញ្ជាតាមបណ្តាញរបស់គាត់ផ្ទាល់។
នៅក្នុងប្រព័ន្ធរដ្ឋដែលមានតុល្យភាពអំណាចពិតប្រាកដ ដូចចែងក្នុងរដ្ឋធម្មនុញ្ញ សង្គ្រាមបែបនេះ នឹងត្រូវរងការត្រួតពិនិត្យភ្លាមៗពីរដ្ឋសភា និងព្រះប្រមុខរដ្ឋ។ សភានឹងទាមទារការពន្យល់ឱ្យបានច្បាស់លាស់ អំពីមូលហេតុ និងការសម្រេចចិត្តដែលនាំឱ្យមានសង្គ្រាម។ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនឹងរាយការណ៍ដោយសេរីពីសហគមន៍ដែលរងផលប៉ះពាល់ ហើយយន្តការមិនលំអៀងនឹងធ្វើការផ្ទៀងផ្ទាត់ការរំលោភលើការឈប់បាញ់ ដើម្បីកុំឱ្យពាក្យចចាមអារ៉ាមក្លាយជាគោលនយោបាយរដ្ឋ។
ផ្ទុយទៅវិញ ម៉ូដែលនយោបាយរបស់កម្ពុជា ត្រូវបានបង្កើតឡើងជុំវិញការគ្រប់គ្រងតាមបែបមជ្ឈការ ដែលភាពស្មោះត្រង់នឹងមេដឹកនាំ មានតម្លៃជាងភាពរស់រវើកនៃប្រព័ន្ធត្រួតពិនិត្យ។ របៀបដឹកនាំបែបនេះ តែងតែជួបការលំបាកក្នុងកំឡុងពេលមានវិបត្តិជាតិ ព្រោះវាបានរាំងខ្ទប់រាល់មតិកែលម្អដែលស្មោះត្រង់ និងដាក់ទណ្ឌកម្មលើសំឡេងឯករាជ្យ ដែលអាចផ្តល់សញ្ញាព្រមានជាមុន និងជួយកែតម្រូវទិសដៅរបស់រដ្ឋាភិបាល។ អ្វីដែលកាន់តែអាក្រក់នោះ វិបត្តិព្រំដែនត្រូវបានប្រើជាលេសសម្រាប់ការបង្ក្រាបអ្នកបញ្ចេញមតិ។
ប្រភពនោះបានសំអាងថា អង្គការ Human Rights Watch បានរាយការណ៍ថា អាជ្ញាធរកម្ពុជាបានចាប់ខ្លួន និងចោទប្រកាន់មនុស្សយ៉ាងហោចណាស់ ១៦នាក់ ចំពោះការបញ្ចេញមតិលើបណ្ដាញសង្គម អំពីជម្លោះព្រំដែន រួមមាន សកម្មជន អ្នកកាសែត និងសមាជិកបក្សប្រឆាំង ដោយប្រើការចោទប្រកាន់ពីបទ “ញុះញង់” និងក្នុងករណីខ្លះពីបទ “ក្បត់ជាតិ”។ នៅពេលដែលរដ្ឋធ្វើឱ្យការពិភាក្សាសាធារណៈក្លាយជាបទល្មើសព្រហ្មទណ្ឌ ក្នុងកំឡុងពេលមានអាសន្នជាតិ នោះមានន័យថា រដ្ឋមិនមែនកំពុងការពារឯកភាពជាតិទេ ប៉ុន្តែគឺកំពុងការពារក្រុមអ្នកដឹកនាំ ហើយបញ្ចេញព័ត៌មានដែលខ្លួនចង់ឱ្យពលរដ្ឋដឹងប៉ុណ្ណោះ។
លើសពីនេះ ប្រភពនោះ បានវិភាគទៅលើបញ្ហាឆបាក និងការជួញដូរមនុស្ស បង្ហាញពីគម្លាតនៃភាពជឿជាក់ថា ក្នុងខែមិថុនា ឆ្នាំ២០២៥ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) បានចោទប្រកាន់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថា បានធ្វើមិនដឹងមិនឮចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដែលពាក់ព័ន្ធនឹងឧស្សាហកម្មឆបោកតាមអនឡាញដែលកំពុងរីកដុះដាល ដោយបានកំណត់អត្តសញ្ញាណមជ្ឈមណ្ឌលឆបោកចំនួន ៥៣កន្លែង និងបានចោទប្រកាន់ពីការបរាជ័យរបស់មន្ត្រីរដ្ឋាភិបាល ក្នុងការស៊ើបអង្កេត ការការពារជនរងគ្រោះ និងការគ្រប់គ្រងកម្លាំងសន្តិសុខ។
រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបដិសេធការចោទប្រកាន់នេះ និងបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងពង្រឹងច្បាប់ ប៉ុន្តែការខូចខាតផ្នែកនយោបាយបានកើតឡើងរួចទៅហើយ ពោលគឺនៅពេលដែលរបាយការណ៍អន្តរជាតិ បង្ហាញជានិច្ចនូវសកម្មភាពឧក្រិដ្ឋកម្មខ្នាតធំដែលដំណើរការដោយចំហ ពលរដ្ឋ និងដៃគូអន្តរជាតិនឹងចាប់ផ្តើមចោទសួរថា តើរដ្ឋ “មិនចង់” ឬ “មិនអាច” ប្រឈមមុខជាមួយបណ្តាញអ្នកមានអំណាចទាំងនោះ? ។
រដ្ឋាភិបាលបានខិតខំប្រឹងចាប់ខ្លួនអ្នករិះគន់ដោយសន្តិវិធីយ៉ាងរហ័ស ប៉ុន្តែបែរជាមិនបានលុបបំបាត់ប្រតិបត្តិការឧក្រិដ្ឋកម្មខ្នាតឧស្សាហកម្មបាន។ ភាពបរាជ័យនេះ បានផ្ញើសារច្បាស់ៗថា រដ្ឋាភិបាលមិនអាចចាត់ការ ឬបែរជាគាំទ្រនិងការពារឧស្សាហកម្មឧក្រិដ្ឋកម្មទាំងនោះ ដើម្បីការពារអំណាចក្រុមគ្រួសារ និងមិនដើម្បីការពារប្រជាជន និងប្រជាជាតិកម្ពុជាទេ។ សាច់ញាតិរបស់លោក ហ៊ុន ម៉ាណែត គឺលោក ហ៊ុន តូ គឺជាបុគ្គលដែលត្រូវបានសារព័តមានអន្តរជាតិចោទប្រកាន់ថា ជាមេខ្លោងជួញដូរគ្រឿងញៀន ក៏ប៉ុន្តែមិនដែលឃើញរដ្ឋាភិបាលកម្ពុជា ហ៊ានបើកការស៊ើបអង្កេតម្តងណាឡើយ ឬមួយខ្លាច? ឬមួយការពារ?។
ចំណុចមួយទៀតដែលខ្វះខាតក្នុងឆ្នាំ២០២៥ គឺការប្រកួតប្រជែងនយោបាយពិតប្រាកដ និងលំហស៊ីវិលប្រកបដោយសុវត្ថិភាព ក្រុមអ្នកតស៊ូមតិកម្ពុជា បានគូសបញ្ជាក់ថា នេះគឺជាចំណុចខ្សោយស្នូលរបស់គណបក្សប្រជាជនកម្ពុជា។
ចំនុចខ្សោយនៅត្រង់ថា លោក ហ៊ុន សែន បានកសាងប្រព័ន្ធមួយដែលអាច “គ្រប់គ្រងតាមអំពើចិត្ត” ប៉ុន្តែមិនមែនជាប្រព័ន្ធដែលអាច “ស្ដាប់បង្គាប់ច្បាប់” នោះទេ ហើយរដ្ឋដែលមិនចេះស្ដាប់ នឹងឈានទៅរកការបរាជ័យនៅថ្ងៃណាមួយខាងមុខជាសត្យានុម័ត។
រីឯការបង្ក្រាបផ្នែកនយោបាយនៅកម្ពុជា មិនមែនគ្រាន់តែជារឿងនៃការចាប់ខ្លួនមនុស្សម្នាក់ ឬសំណុំរឿងតុលាការមួយនោះទេ ប៉ុន្តែវាគឺជាទម្រង់នៃសកម្មភាពបង្ក្រាបជាប្រព័ន្ធ មិនឲ្យមានការប្រកួតប្រជែង។ ការប្រើប្រាស់តុលាការជាឧបករណ៍នយោបាយ និងការធ្វើឱ្យគណបក្សប្រឆាំងស្ថិតក្នុងភាពងាយរងគ្រោះជានិច្ច តាមរយៈការធ្វើទុក្ខបុកម្នេញ ការចោទប្រកាន់ និងការរារាំងតាមបែបវិធានការរដ្ឋបាល មិនឲ្យមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គឺជាមូលហេតុនៃរដ្ឋាភិបាលបរាជ័យ។
គណបក្សសង្គ្រោះជាតិ(CNRP) ដែលជាកម្លាំងប្រកួតប្រជែងនយោបាយដ៏សំខាន់បំផុតរបស់កម្ពុជា ត្រូវបានរំលាយដោយគណបក្សប្រជាជន នៅខែវិច្ឆិកា ឆ្នាំ២០១៧ មុនការបោះឆ្នោតឆ្នាំ២០១៨ ។ គណបក្សប្រជាជន បានកែច្បាប់ស្តីពីគណបក្សនយោបាយចំនួន៣ដង ចាប់ពីខែមីនា ដល់ខែកក្កដា ឆ្នាំ២០១៧ ទើបអាចរំលាយបាន និងបានបង្កើតច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីរឹតត្បិតសេរីភាពសង្គមស៊ីវិល ។
ផលប៉ះពាល់ជាតិ បានបន្តរហូតដល់ឆ្នាំ២០២៥ ហើយនៅតែបន្តកើតមាន ពោលគឺស្ថានភាពនយោបាយបន្តស្ថិតក្រោមស្រមោលនៃការរំលាយនោះ ដោយមេដឹកនាំបក្សប្រជែងត្រូវរស់នៅនិរទេសខ្លួន ខ្លះស្ថិតក្រោមការរឹតត្បិតយ៉ាងតឹងរ៉ឹង ឬកំពុងប្រឈមមុខនឹងការចោទប្រកាន់ម្តងហើយម្តងទៀត និងត្រូវបានរារាំងតាមរយៈមោឃភាពលិខិតឆ្លងដែនដោយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានផ្សាយថា ការកាត់ទោសទ្រង់ទ្រាយធំបានផ្ដន្ទាទោសសមាជិកបក្សប្រឆាំង (ជាច្រើនករណីធ្វើឡើងដោយកំបាំងមុខ) ពីបទក្បត់ជាតិ និងញុះញង់ ដែលធ្វើឱ្យការបោះឆ្នោតនៅកម្ពុជា ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថាបង្គ្រប់ទម្រង់ គ្មានខ្លឹមសារ និងគ្មានការប្រកួតប្រជែង។
សូម្បីតែគណបក្សប្រកួតប្រជែងថ្មីៗ ក៏រដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានចាត់ទុកជាការគំរាមកំហែង ជាជាងចាត់ទុកជាដៃគូប្រកួតប្រជែង។ គណបក្សកម្លាំងជាតិ ដែលបង្កើតឡើង បានប្រឈមមុខនឹងសម្ពាធ តាមរយៈការចាប់ខ្លួនដល់ផ្ទះ និងកាត់ទោសដោយសារមតិរបស់ខ្លួនជាបន្តបន្ទាប់។
ក្នុងខែឧសភា ឆ្នាំ២០២៥ ទីភ្នាក់ងារ AP បានរាយការណ៍ថា តុលាការកម្ពុជាបានផ្ដន្ទាទោសលោក រ៉ុង ឈុន ពីបទញុះញង់ឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ដែលអ្នករិះគន់ចាត់ទុកថាជាផ្នែកនៃយុទ្ធនាការកាន់តែទូលំទូលាយ ដើម្បីបង្ក្រាបអ្នកមានមតិផ្ទុយ។
ក្នុងខែកុម្ភៈ ឆ្នាំ២០២៥ វីអូឌី (VOD) បានរាយការណ៍ថា លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ដែលសរសេរចេញពីពន្ធនាគារ បានលើកឡើងថា លោកនឹងមិនប្តឹងឧទ្ធរណ៍ចំពោះការផ្ដន្ទាទោស ពីបទញុះញង់នោះទេ ដោយយោងលើកង្វះឯករាជ្យភាពនៃប្រព័ន្ធតុលាការ។
ចំណុចសំខាន់មិនមែនត្រង់ថា តើរដ្ឋាភិបាលអាចរកមាត្រាច្បាប់មកយោងបាន ឬអត់នោះទេ (នៅក្នុងប្រព័ន្ធគ្រប់គ្រងដាច់ខាត គេតែងតែរកឃើញមាត្រាយោងជានិច្ច)។
ចំណុចសំខាន់ គឺថានៅពេលដែលការចោទប្រកាន់ប្រភេទដដែលៗ ត្រូវបានប្រើប្រាស់ម្តងហើយម្តងទៀតលើគូប្រជែងនយោបាយ វាមិនមែនជារឿងច្បាប់ទៀតទេ ប៉ុន្តែវាគឺជាយុទ្ធវិធីការពារអំណាចរបស់ខ្លួន យកឈ្នះដោយមិនហ៊ានប្រកួត គឺតាមរយៈការធ្វើឱ្យគូប្រជែងចុះខ្សោយ។
អ្នកទោសនយោបាយ មិនមែនជា “ករណីបុគ្គល” ឡើយ វាគឺជាសញ្ញាអវិជ្ជមាននៃប្រព័ន្ធនីតិរដ្ឋ ក្នុងន័យនេះ ក្រុមអ្នកតស៊ូមតិ លើកហេតុផលថា នៅក្នុងលទ្ធិប្រជាធិបតេយ្យដែលដំណើរការបានល្អ ពន្ធនាគារគឺសម្រាប់អ្នកប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌពិតប្រាកដ ហើយកែប្រែខ្លួន រួចមករួមរស់ក្នុងសង្គមជាតិវិញ ដែលមិនមែនសម្រាប់សកម្មភាពនយោបាយដោយសន្តិវិធីនោះទេ។ កម្ពុជា ក្នុងឆ្នាំ២០២៥ នៅតែបន្តដើរក្នុងទិសដៅដដែល គឺបង្កើនចំនួនអ្នកនយោបាយក្នុងពន្ធនាគារ ។ របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិអំពីកម្ពុជា បានពិពណ៌នាអំពីលំហស៊ីវិលដែលកំពុងធ្លាក់ចុះ ដោយកត់សម្គាល់ពីការចាប់ខ្លួនមនុស្សជាច្រើន រួមទាំងកុមារផងដែរ ចំពោះការបញ្ចេញមតិដោយសន្តិវិធី និងការចោទប្រកាន់ជាបន្តបន្ទាប់ពីបទញុះញង់ និងការរួមគំនិតក្បត់។ អង្គការ Human Rights Watch ក៏បានព្រមានដូចគ្នាអំពីការប្រើប្រាស់បទប្បញ្ញត្តិព្រហ្មទណ្ឌយ៉ាងទូលំទូលាយប្រឆាំងនឹងអ្នករិះគន់។
អង្គការសង្គមស៊ីវិល ក៏បានបន្តតាមដានអ្នកទោសមនសិការ ដែលឆ្លុះបញ្ចាំងពីកង្វល់ជាប់ជានិច្ច អំពីការកាត់ទោសដែលពាក់ព័ន្ធនឹងរឿងនយោបាយ។ អង្គការសិទ្ធិមនុស្សកម្ពុជា លីកាដូ (LICADHO) បានរាយការណ៍ក្នុងខែមិថុនា ឆ្នាំ២០២៥ថា សកម្មជននយោបាយ ៣រូប ដែលជាប់ពាក់ព័ន្ធនឹងបក្សប្រឆាំងដែលត្រូវបានរំលាយ បានជាប់ពន្ធនាគារអស់រយៈពេលជាង ៥ ឆ្នាំមកហើយ ដែលនេះបញ្ជាក់ថា ការកាត់ទោសនយោបាយដែលហៅថា បណ្តោះអាសន្ន អាចក្លាយជាការជាប់ពន្ធនាគារអស់មួយជីវិត នៅក្នុងការអនុវត្តជាក់ស្តែង ទោះបីជាគ្មានសាលក្រមជាផ្លូវការក៏ដោយ ។
ទាំងនេះមិនមែនជារឿងដាច់ដោយឡែកពីគ្នានោះទេ ប៉ុន្តែវាគឺជាការព្រមានថា ប្រព័ន្ធនេះមិនត្រូវបានរចនាឡើង ដើម្បីដោះស្រាយការខ្វែងគំនិតនយោបាយដោយសន្តិវិធីនោះទេ ប៉ុន្តែគឺដើម្បីដាក់ទណ្ឌកម្មលើមតិផ្ទុយ។
ការធ្វើវិភាគលើច្បាប់ដកសញ្ជាតិ ប្រភពខាងលើថា ធ្វើឡើងនៅពេលដែលរដ្ឋប្រើប្រាស់ច្បាប់សញ្ជាតិជាអាវុធសំដៅទៅលើអ្នករិះគន់រដ្ឋាភិបាល។
បើតាមប្រភពដដែល ការវិវត្តដែលគួរឱ្យព្រួយបារម្ភបំផុតមួយក្នុងឆ្នាំ២០២៥ គឺវិធានការរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ឆ្ពោះទៅរកការដកសញ្ជាតិ ដែលជាអំណាចដាច់ខាតដែលអាចត្រូវបានរំលោភបំពានយ៉ាងងាយស្រួលនៅក្នុងប្រព័ន្ធនយោបាយ។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា សភាកម្ពុជាបានអនុម័តច្បាប់ដែលអនុញ្ញាតឱ្យមានការដកសញ្ជាតិ សម្រាប់អ្នកដែលត្រូវបានផ្ដន្ទាទោសពីបទក្បត់ជាតិ រួមទាំងអ្នកដែលត្រូវបានចោទប្រកាន់ពីបទគប់គិតជាមួយបរទេស។ លោក ហ៊ុន សែន បានការពារច្បាប់នេះថាជាការចាំបាច់ ដើម្បីប្រឆាំងនឹងពលរដ្ឋដែលចូលដៃជាមួយបរទេស។
នេះជាគ្រោះថ្នាក់មិនត្រឹមតែសម្រាប់មេដឹកនាំបក្សប្រឆាំងប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់សង្គមទាំងមូល។ នៅពេលដែលសញ្ជាតិក្លាយជាអ្វីមួយដែលត្រូវដោះដូរជាមួយការស្មោះត្រង់ផ្នែកនយោបាយ នោះភាពភ័យខ្លាចនឹងរីករាលដាលលើសពីឆាកនយោបាយ។ អ្នកកាសែត សកម្មជន សំឡេងអ្នករស់នៅក្រៅប្រទេស និងពលរដ្ឋសាមញ្ញ នឹងរៀនពីរបៀប “ត្រួតពិនិត្យខ្លួនឯង” (Self-censorship) ព្រោះផលវិបាកដែលកើតឡើងគឺជាជោគវាសនានៃជីវិតរបស់ពួកគេ។
ក្រុមអ្នកតស៊ូមតិកម្ពុជា យល់ឃើញថា លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនអាចកសាងឯកភាពជាតិ តាមរយៈការគំរាមកំហែងដល់សិទ្ធិស្របច្បាប់របស់ប្រជាជនបានទេ។ ការកសាងឯកភាពជាតិបាន លុះត្រាតែធ្វើឱ្យសញ្ជាតិក្លាយជាសិទ្ធិដ៏មានសុវត្ថិភាព ដែលមិនអាចត្រូវបានគេយកមកលេងសើច ដើម្បីគោលបំណងនយោបាយ។
រីឯការបង្ក្រាបឆ្លងដែន និងឥទ្ធិពលនៃភាពភ័យខ្លាច ក្រុមអ្នកតស៊ូមតិ និយាយថា ការបង្ក្រាបនយោបាយរបស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត មិនឈប់ត្រឹមព្រំដែននោះទេ។ ក្នុងខែមករា ឆ្នាំ២០២៥ ការស្លាប់របស់អតីតតំណាងរាស្ត្របក្សប្រឆាំង លោក លឹម គឹមយ៉ា នៅទីក្រុងបាងកក បានបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមក្រុមអង្គការសិទ្ធិមនុស្ស និងអ្នកគាំទ្របក្សប្រឆាំងអំពីសុវត្ថិភាពរបស់អ្នករិះគន់នៅក្រៅប្រទេស។ ទោះបីជារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានបដិសេធការជាប់ពាក់ព័ន្ធក៏ដោយ ប៉ុន្តែផលប៉ះពាល់ជាទូទៅ គឺភាពភ័យខ្លាច។ នៅពេលដែលអ្នកនយោបាយ និងអ្នករិះគន់ដែលរស់នៅនិរទេសខ្លួនមើលទៅហាក់ដូចជាគ្មានសុវត្ថិភាព សូម្បីតែនៅក្រៅប្រទេស នោះលំហសម្រាប់សកម្មភាពនយោបាយនឹងកាន់តែរួមតូច ហើយភាពស្ងៀមស្ងាត់នឹងក្លាយជាយុទ្ធសាស្ត្រដើម្បីរស់។
ម៉ូដែល “នីតិសង្គ្រាម”វិញ ការគ្រប់គ្រងតាមរយៈការចោទប្រកាន់ ជាជាងការស្វែងរកដំណោះស្រាយ
គណបក្សប្រជាជនកម្ពុជា តែងតែលើកឡើងថា ការរឹតត្បិតគឺជាការរក្សាសណ្តាប់ធ្នាប់។ ប៉ុន្តែតាមការអនុវត្តជាក់ស្តែង កំណត់ត្រាក្នុងឆ្នាំ២០២៥ បង្ហាញពីម៉ូដែលនៃការគ្រប់គ្រង តាមរយៈការចោទប្រកាន់តាមផ្លូវតុលាការ ដែលប្រែក្លាយច្បាប់ឱ្យទៅជាអាវុធនយោបាយរបស់គណបក្សប្រជាជន។
អង្គការ Human Rights Watch បានរាយការណ៍ថា ក្នុងកំឡុងពេលនៃការបង្ក្រាបជុំវិញជម្លោះព្រំដែន អាជ្ញាធរបានពឹងផ្អែកយ៉ាងខ្លាំងលើបទប្បញ្ញត្តិស្តីពីការញុះញង់ និងក្នុងករណីខ្លះ គឺបទក្បត់ជាតិ ប្រឆាំងនឹងអ្នកប្រើប្រាស់បណ្ដាញសង្គម និងអ្នកកាសែត។ ទម្រង់នេះស្របទៅនឹងការរិះគន់ផ្នែកសិទ្ធិមនុស្សយ៉ាងទូលំទូលាយថា បទប្បញ្ញត្តិព្រហ្មទណ្ឌដែលមិនច្បាស់លាស់ ឬការបកស្រាយយ៉ាងទូលំទូលាយ អនុញ្ញាតឱ្យរដ្ឋអាចចោទប្រកាន់លើការបញ្ចេញមតិ និងការជួបជុំ ដោយមិនបាច់ដោះស្រាយលើបញ្ហាគោលនយោបាយដែលពលរដ្ឋកំពុងរិះគន់នោះទេ។
នៅពេលដែលការរិះគន់ក្លាយជារឿងគ្រោះថ្នាក់ រដ្ឋនឹងបាត់បង់ “ប្រព័ន្ធព្រមានជាមុន” ដែលជួយទប់ស្កាត់អំពើពុករលួយ ជួយលាតត្រដាងបណ្តាញរំលោភបំពាន និងជួយបង្ហាញពីកំហុសគោលនយោបាយ។
កត្តានេះធ្វើឱ្យការគ្រប់គ្រងរដ្ឋកាន់តែទន់ខ្សោយទៅៗតាមពេលវេលា។
ជុំវិញការវិភាគខាងលើ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ និយាយថា លោកសុំមិនបកស្រាយអ្វីច្រើនទេ ប៉ុន្តែលោកក៏បានបញ្ជាក់បន្ថែមថា កម្ពុជាជាប្រទេសដែលប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ ដែលគោរពយ៉ាងពេញលេញនូវសិទ្ធិបញ្ចេញមតិ ស្របទៅតាមច្បាប់ដែលកម្ពុជាមាន។
លោកថា៖ «មនុស្សមួយចំនួនយកលេសនៃសេរីភាពបញ្ចេញមតិ ប្រជាធិបតេយ្យ សិទ្ធិមនុស្ស ដើម្បីមកធ្វើទង្វើដែលបំពានសិទ្ធិលើអ្នកដទៃ ឧទាហរណ៍សិទ្ធិបញ្ចេញមតិ ច្បាប់បានអនុញ្ញាតបើកផ្លូវឲ្យពលរដ្ឋមានសិទ្ធិបញ្ចេញមតិស្ថិតនៅក្នុងក្របខ័ណ្ឌច្បាប់ ដែលមិនបំពានទៅលើសិទ្ធិអ្នកដទៃ ដល់ពួកគេយកលេសនៃសិទ្ធិបញ្ចេញមតិ ហើយទៅបំពានលើសិទ្ធិដទៃនិយាយមួលបង្កាច់បរិហារកេរ្ត៍អ្នកដទៃ បំពានចោទប្រកាន់លាបពណ៌អ្នកដទៃ ដែលខុសអំពីសិទ្ធិការបញ្ចេញមតិ ប្រទេសណាក៏ដោយ ប្រទេសប្រជាធិបតេយ្យដែលពួកគេថាបិតាប្រជាធិបតេយ្យនោះ ក៏គេអនុវត្តបែបហ្នឹងដែរ កម្ពុជាជាប្រទេសមួយដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យដូចគ្នា យើងផ្តល់តម្លៃដល់ការបញ្ចេញមតិដែលមានលក្ខណៈមួយស្របតាមច្បាប់»។
តែសម្រាប់ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា និយាយថា កម្ពុជាជាប្រទេសដែលប្រកាន់របបលទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែថា ការអនុវត្តសិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជា គឺត្រូវបានរិតត្បិត ដែលផ្ទុយពីអ្វីដែលមានចែងក្នុងច្បាប់។ ដូច្នេះក្នុងប្រទេសប្រជាធិបតេយ្យ នៅពេលពលរដ្ឋហ៊ានបញ្ចេញមតិរិះគន់ពីការដឹកនាំរបស់មេដឹកនាំដោយសេរី មិនមានការរិតត្បិត មិនចាត់ទុកថាជាបទញុះញង់ នោះវាជាផ្នែកមួយនាំប្រទេស មានការអភិវឌ្ឍ និងរីកចម្រើន។
លោកបន្តថា ដើម្បីឱ្យសហគមន៍អន្តរជាតិងាកមកសហការណ៍ជាមួយកម្ពុជាវិញ រដ្ឋាភិបាលកម្ពុជា ត្រូវបញ្ជាក់ពីឆន្ទៈពិតប្រាកដ ស្របតាមអ្វីដែលសហគមន៍អន្តរជាតិចង់បាន ដោយបើកលំហសិទ្ធិសេរីភាព ការគោរពសិទ្ធិមនុស្ស ស្ដារឡើងវិញនូវប្រព័ន្ធប្រជាធិបតេយ្យ អ្វីដែលសំខាន់បំផុត គឺការបង្ហាញពីឯកភាពជាតិ សាមគ្គីរួបរួមជាខ្មែរតែមួយ លុបបំបាត់អំពើពុករលួយ អយុត្តិធម៌ ពិតប្រាកដ ទើបកម្ពុជាក្លាយជាប្រទេសជាតិមួយដែលខ្លាំង។
លោកថា៖ «បញ្ហាដែលកើតឡើងពាក់ព័ន្ធទៅនឹងការរឹតត្បិត ក្នុងការចូលរួមរបស់ពលរដ្ឋកន្លងមក យើងដឹងហើយថាអ្វីដែលជាការបារម្ភ អ្វីដែលជាការលើកឡើងរបស់សហគមន៍អន្តរជាតិហ្នឹង គឺចង់ឲ្យកម្ពុជាហ្នឹងមានដំណើរការប្រជាធិបតេយ្យហ្នឹង ឲ្យពេញលេញមានការបើកចំហ ពាក់ព័ន្ធនឹងការចូលរួមរបស់ពលរដ្ឋយ៉ាងសកម្ម ពាក់ព័ន្ធនឹងបញ្ហាជីវភាពនយោបាយ ហើយបញ្ហាដែលសំខាន់ដែលកម្ពុជា យកមកដោះស្រាយជាបន្ទាន់ គឺពាក់ព័ន្ធនឹងករណីរឿងបើកលំហលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពនៃការចូលរួម។ បញ្ហាទាំងអស់ជាបញ្ហាដែលសហគមន៍អន្ដរជាតិតែងតែបារម្ភ ទទូចស្នើសុំឲ្យកម្ពុជានឹងបើកសិទ្ធិសេរីភាពលំហូរនៃការចូលរួមរបស់ពលរដ្ឋ ចំណុចសំខាន់ពាក់ព័ន្ធនឹងបញ្ហាការបង្កើតនូវវប្បធម៌សន្ទនាជជែកវែកញែក ពីរឿងការដោះស្រាយបញ្ហាជាតិធំៗចំពោះខ្មែរនិងខ្មែរ ព្រោះយើងដឹងថាស្ថានភាពកម្ពុជាបច្ចុប្បន្ន កំពុងតែមានការឈ្លានពាន អ៊ីចឹងភាពឯកភាពស្រុះស្រួលគ្នា សាមគ្គីគ្នា និងស្មារតីខ្មែរតែមួយ សំខាន់សម្រាប់ជួយដល់ការដោះស្រាយបញ្ហា ក៏ដូចជាទប់ស្កាត់ការឈ្លានពានរបស់បរទេស»។
ប្រហាក់ប្រហែលគ្នានេះដែរ តាមការមើលឃើញផ្សេងគ្នារវាង អ្នកនយោបាយ និងការវិភាគរបស់CAT
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា លើកឡើងថា ការវិភាគរបស់ក្រុមអ្នកតស៊ូមតិកម្ពុជា CAT មិនមានអ្វីខុសឡើយ ផ្ទុយទៅវិញវាជាការឆ្លុះបញ្ចាំងឱ្យពលរដ្ឋខ្មែរគ្រប់រូបមានការគិតពិចារណា ពីការដឹកនាំរបស់រដ្ឋាភិបាលខ្លួនឡើងវិញ ថាមេដឹកនាំខ្លួននៅខ្វះចន្លោះត្រង់ចំនុចណាខ្លះ។
លោក ករុណា បន្តថា ជាក់ស្ដែងក្នុងប្រទេសកម្ពុជា ការកាន់អំណាចគឺមានតាមបែបគ្រួសារតែមួយ ហើយការដែលសិទ្ធិសេរីភាព កំពុងធ្លាក់ក្នុងការគាបសង្កត់ តាមរយៈការបំបិទសំឡេងជំទាស់ ដែលស្ដែងឱ្យឃើញថា កម្ពុជាកំពុងអនុវត្តការដឹកនាំតាមបែបផ្ដាច់ការ។
លោកថា៖ «នៅក្នុងប្រទេសកម្ពុជាយើង ដឹងហើយថា ឪពុកប្រធានព្រឹទ្ធសភា កូនជានាយករដ្ឋមន្ត្រី ហើយកូនចៅតទៅជាបក្សយកតន្ត្រី និងមានអំណាច និងមានតួនាទី អ៊ីចឹងការរិះគន់នៅក្នុងសង្គមស្រាប់តែទៅលើបុគ្គលសាធារណៈមិនត្រូវរងការចោទប្រកាន់ថា ជាអ្នកបង្ខូចកេរ្តិ៍ឈ្មោះអ្វីនោះទេ ប្រសិនជាការដឹកនាំត្រឹមត្រូវរបស់គ្រួសារដឹកនាំប្រទេស និងបានធ្វើឲ្យមានភាពរីកចម្រើន ដើរស្របតាមសង្គមលទ្ធិប្រជាធិបតេយ្យនោះ ថាទេក៏ប៉ុន្តែយើងឃើញហើយ ទោះបីនៅក្នុងប្រទេសកម្ពុជាមានពហុបក្សក៏ដោយ ក៏ប៉ុន្តែការបើកនូវសេរីភាពក្នុងការចូលរួមប្រកួតប្រជែងការបញ្ចេញមតិ ដោយសេរីស្របតាមសង្គមជាក់ស្តែង គឺមិនបានផ្តល់ឱកាសទេ យើងឃើញមានការធ្វើទុក្ខបុកម្នេញ រហូតដល់មានការបាញ់សម្លាប់ជាក់ស្ដែង ករណីលោកលិម គិមយ៉ា ជាដើម ក៏ដោយសារតែការបញ្ចេញមតិ ក្នុងការរិះគន់ចំពោះគ្រួសារមេដឹកនាំដែល»។
យ៉ាងនេះក្តី ក្រុមអ្នកតស៊ូមតិកម្ពុជា CAT សំអាងថា គណបក្សប្រជាជនកម្ពុជា បានជ្រើសរើសយកទម្រង់ដឹកនាំដោយយកការគំរាមកំហែង និងការបំភិតបំភ័យជាឧបករណ៍ជាដរាប ក៏ប៉ុន្តែប្រទេសកម្ពុជាមិនត្រូវការទម្រង់នោះទេ។ ការកែទម្រង់តែសំបកក្រៅ ឬយុទ្ធនាការផ្សព្វផ្សាយជាសាធារណៈ គឺមិនត្រឹមត្រូវទេ។ កម្ពុជាត្រូវការការផ្លាស់ប្តូរតាមបែបស្ថាប័ន មិនពឹងផ្អែកលើអំណាចរបស់គណបក្សតែមួយទេ។
ទី១. បញ្ឈប់ការកាត់ទោសដែលមានចរិតនយោបាយ និងដោះលែងអ្នកដែលត្រូវបានឃុំខ្លួន ដោយសារការបញ្ចេញមតិដោយសន្តិវិធី តាមរយៈការបង្កើតយន្តការត្រួតពិនិត្យ ប្រកបដោយតម្លាភាពជាមួយអ្នកជំនាញច្បាប់ឯករាជ្យ ដើម្បីវាយតម្លៃឡើងវិញនូវសំណុំរឿងពាក់ព័ន្ធនឹងការបញ្ចេញមតិ សមាគមនយោបាយ និងការរាយការណ៍ព័ត៌មាន។
ទី២. ការពារគណបក្សប្រឆាំង ក្នុងនាមជាអ្នកចូលរួមស្របច្បាប់ មិនមែនជាគោលដៅនៃការបង្ក្រាបជារៀងរហូតនោះទេ៖ លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ត្រូវបញ្ឈប់រាល់ការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនសមាជិកបក្សប្រឆាំងតាមអំពើចិត្ត និងធានាថាការគ្រប់គ្រងការបោះឆ្នោត និងបទប្បញ្ញត្តិគណបក្សនយោបាយ មិនត្រូវបានប្រើជាឧបករណ៍ ដើម្បីរារាំងការប្រកួតប្រជែងនោះទេ។
លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បានកសាងប្រព័ន្ធមួយក្រៅស្មារតីច្បាប់ ដែលអាចគ្រប់គ្រងតាមរយៈអំណាចរដ្ឋផ្ដាច់មុខ ប៉ុន្តែមិនមែនជាប្រព័ន្ធដែលចេះស្ដាប់ និងបញ្ជាបានតាមបំណងគាត់នោះទេ។ ក្នុងឆ្នាំ២០២៥ ចំណុចខ្សោយនេះ បានបង្ហាញឱ្យឃើញតាមរយៈវិបត្តិនានា រួមមាន ការឈ្លានពានយកទឹកដីតាមព្រំដែនតាមអំពើចិត្តរបស់ថៃ ហើយរដ្ឋាភិបាលមិនមានអ្វីតបត ឬហាមឃាត់។ យន្តហោះរបស់ថៃ បានហោះហើរដូចធ្វើទេសចរណ៍ ដោយគ្មានការរំខានម្តងណាឡើយ ។
សម្រាប់ក្រុមអ្នកតស៊ូមតិកម្ពុជា យល់ថា កម្ពុជាដែលរឹងមាំ គឺមិនមែនជារដ្ឋាភិបាលដែលប្រើការចាប់ខ្លួនដើម្បីធ្វើឱ្យមានភាពស្ងប់ស្ងាត់នោះទេ ក្នុងសន្តិភាពក្លែងក្លាយនោះទេ។ ផ្ទុយទៅវិញ កម្ពុជាដែលរឹងមាំពិតប្រាកដ គឺជាមានរដ្ឋាភិបាលដែលគោរព និងផ្តល់តម្លៃចំពោះការរិះគន់ ការពារការចូលរួមរបស់បក្សប្រកួតប្រជែង និងកែតម្រូវកំហុសមុនពេលវាឆេះរាលដាលក្លាយជាគ្រោះមហន្តរាយជាតិ៕









