គណបក្សក្រៅរដ្ឋាភិបាលមួយ ប្រកាសពីការគ្រោងប្រមូលស្នាមមេដៃពលរដ្ឋ និងភស្តុតាងពីការឈ្លានពានរបស់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដើម្បីដាក់ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ខណៈគណបក្សនេះ ក៏បានស្នើដល់រដ្ឋាភិបាលកម្ពុជាត្រូវពង្រឹងវិស័យកងទ័ព និងធ្វើការកែទម្រង់ការគ្រប់គ្រងរដ្ឋមួយចំនួន ដើម្បីការពារសុវត្ថិភាពព្រំដែនផងដែរ។
នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៦នេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានថ្លែងថា សង្គ្រាមឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា រយៈពេល២លើកដែលមានរយៈពេល២៦ថ្ងៃ គឺនៅក្នុងខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ បានបង្កមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស៊ីវិលបណ្តាលឱ្យស្លាប់ និងរបួសជាង ១០០នាក់ ជនភៀសសឹកជារាប់ម៉ឺននាក់ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធជាច្រើន រួមទាំងប្រាសាទបុរាណខ្មែរ។
លោកបន្តថា ទោះបីជាមានបទឈប់បាញ់ និងការចុះកិច្ចព្រមព្រៀងសន្តិភាពជាហូរហែរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ថៃ ប៉ុន្តែកងកម្លាំងប្រដាប់អាវុធថៃ នៅតែបន្តសម្រុកចូលទន្ទ្រានកាន់កាប់ និងឈរជើងគ្រប់គ្រងជាក់ស្តែងនៅតំបន់ចំនួន ១៤ ក្នុងខេត្តចំនួន៤ នៃទឹកដីកម្ពុជា នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា។
ជុំវិញការឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជានេះ លោក រ៉ុង ឈុន ថា គណបក្សកម្លាំងជាតិបាននិងកំពុងសិក្សាពីនីតិវិធីទាមទារឱ្យប្រទេសថៃ ទទួលខុសច្បាប់ចំពោះឧក្រិដ្ឋកម្មសង្គ្រាមដែលខ្លួនបានប្រព្រឹត្តមកលើទឹកដី និងប្រជាជនកម្ពុជា ក្នុងនោះក៏មានការគ្រោងប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋខ្មែរ មកពីគ្រប់និន្នាការគណបក្សនយោបាយ និងប្រមូលឯកសារភស្តុតាងនានា ដើម្បីស្នើទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ធ្វើការស៊ើបអង្កេតករណីឈ្លានពានរបស់ថៃមកលើទឹកដីកម្ពុជា និងពិនិត្យតាមលទ្ធភាពផ្លូវច្បាប់អន្តរជាតិផ្សេងៗទៀតដែលអាចធ្វើទៅបាន។
លោកថា៖ «យើងពិនិត្យមើលទៅលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ថាតើក្នុងនាមបក្សប្រឆាំងយើងអាចមានសិទ្ធិក្នុងកម្រិតណា […] ដោយដាក់ឯកសារ ភស្តុតាងស្អីៗសព្វបែបយ៉ាងទៅអយ្យការ ICC ឱ្យអយ្យការ ICC ធ្វើការស៊ើបអង្កេត ចឹងបើសិនណាគេស៊ើបអង្កេតឃើញ អាហ្នឹងខ្ញុំធ្វើការសន្និដ្ឋាន គេធ្វើការស៊ើបអង្កេតឃើញ អាហ្នឹងវាត្រូវទៅមុខទៀតហើយ ស៊ើបអង្កេតឃើញថាហ៎រភាគីណោះត្រូវបានរំលោភមកលើដែនអធិបតេយ្យ ឬមួយគេហៅថាជាឈ្មួញសង្គ្រាម ការឈ្លានពាន ហ្នឹងដំណើរការវាទៅទៀត ចឹងវាបើកផ្លូវ»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនថាមកពីនិន្នាការគណបក្សនយោបាយណាមួយទេ អាចចូលរួមក្នុងការផ្តល់ស្នាមមេដៃជាមួយគណបក្សប្រឆាំងមួយនេះ ដើម្បីដាក់ញតិ្តទៅកាន់តុលាការ ICC ក្នុងការទាមទារយុត្តិធម៌សម្រាប់កម្ពុជាផងដែរ។
ស្របពេលគ្នានេះ លោក រ៉ុង ឈុន ក៏បានជំរុញដល់រដ្ឋាភិបាលកម្ពុជា ដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICC និងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICJ និងស្នើទៅសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសទាំងអស់ ប្រជុំជាបន្ទាន់ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ព្រមទាំងត្រូវពង្រឹង និងធ្វើការកែទម្រង់មួយចំនួន ដើម្បីការពារទឹកដីពីការឈ្លានពានរបស់ប្រទេសជិតខាង។ ការពង្រឹង និងការកែទម្រង់នោះ មានដូចជា ការស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ បើកចំហសេរីភាពបញ្ចេញមតិ សេរីភាពសារព័ត៌មាន សេរីភាពនយោបាយ សហជីព និងដោះលែងអ្នកនយោបាយ សកម្មជនសង្គម និងបរិស្ថានដែលកំពុងជាប់ឃុំ ដើម្បីបង្ហាញពីការសាមគ្គីជាតិរួបរួមជាតិ។
ក្រៅពីនោះ ទីប្រឹក្សាគណបក្សកម្លាំងជាតិរូបនេះ ក៏បានជំរុញឱ្យកែទម្រង់ស្ថាប័នរដ្ឋ ដោយកាត់បន្ថយមន្ត្រីរាជការនៅតាមក្រសួង បោសសម្អាតឈ្មោះទាហានមានតែឈ្មោះអត់មនុស្ស កែទម្រង់វិស័យយោធាដោយលើកទឹកចិត្តកងទ័ពជួរមុខ តាមរយៈការផ្តល់ប្រាក់ខែឱ្យបានគ្រប់គ្រាន់ និងផ្តត់ផ្គង់សម្ភារៈសឹកទំនើប និងលុបបំបាត់អំពើពុករលួយដែលជាមេរោគមហារីកដែលធ្វើឱ្យសង្គមចុះខ្សោយ ព្រមទាំងបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមអនឡាញបន្ថែមទៀត ក្រៅពីការចាប់ខ្លួនមេឧក្រិដ្ឋជនឆបោក លោក ចេន ហ្ស៊ី និងបក្ខពួក ជាដើម។
លោកថា៖ «យើងលុបបំបាត់នូវអំពើពុករលួយទៅ អំពើពុករលួយវាជាមេរោគមហារីកដែលធ្វើឱ្យសង្គមមួយចុះខ្សោយ ដោយសារចេញពីរឿងពុករលួយទាំងអស់ ទាហានមានតែឈ្មោះអត់មនុស្ស ក៏បញ្ហាពុករលួយ អយុត្តិធម៌សង្គមក៏បញ្ហាពុករលួយ ចឹងអារឿងស្កេម(Scam)អីហ្នឹងក៏ចេញពីបញ្ហាពុករលួយ ចឹងបញ្ហាពុករលួយនេះវាជាជំងឺមហារីក»។
ក្នុងសន្និសីទនោះដែរ លោក ផុន សុភា អគ្គរដ្ឋបាលរងគណបក្សកម្លាំងជាតិ ក៏បានស្នើដល់រដ្ឋាភិបាលបញ្ចេញកញ្ចប់ថវិកាជាតិជាបឋមយ៉ាងតិច ៥០០លានដុល្លារ សម្រាប់ឧបត្ថម្ភជាពិសេសសម្រាប់វីរកងទ័ពដែលពលី របួស និងអ្នកនៅជួរមុខ ជនភៀសសឹក និងការស្តារហេដ្ឋារចនាសម្ព័ន្ធមួយចំនួនឡើងវិញ។ ក្រៅពីនោះ លោកថា រដ្ឋាភិបាល ក៏គួរគិតគូរលើការផ្តល់ដីសម្បទានសង្គមកិច្ចដល់ពលរដ្ឋភៀសសឹកដែលបាត់បង់ផ្ទះសម្បែងដោយអំពើឈ្លានពានរបស់ថៃ ហើយមិនទាន់អាចត្រឡប់ទៅភូមិករវិញនៅពេលបច្ចុប្បន្ននេះផងដែរ។
វីអូឌី មិនអាចសុំការអធិប្បាយជុំវិញករណីនេះ ពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានទេនៅរសៀលថ្ងៃទី០៨ ខែមករានេះ។
យ៉ាងណា ក្នុងសេចក្ដីថ្លែងការណ៍ ស្ដីពី«បច្ចុប្បន្នភាព ស្ដីពីការវិវត្តន៍ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ» លោក ប៉ែន បូណា ថ្លែងថា អាជ្ញាធរដែនដី និងក្រុមការងារពាក់ព័ន្ធដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើជនភៀសសឹក ខណៈដែលសប្បុរសជនពីគ្រប់ទិសទី ក៏បានចូលរួមចំណែកយ៉ាងសកម្ម ដើម្បីជួយជនភៀសសឹកផងដែរ។
ចំណែកបញ្ហាព្រំដែនជាមួយថៃវិញ លោកថា រដ្ឋាភិបាលកម្ពុជា នៅតែខិតខំប្រឹងប្រែងដោយដៃម្ខាងការពារបូរណភាពទឹកដី ទប់ទល់ជាមួយការរំលោភបំពាន និងដៃម្ខាងទៀតធ្វើការងារការទូតយ៉ាងសកម្ម ដើម្បីបញ្ឈប់សង្គ្រាម និងទាញមករកដំណោះស្រាយដោយសន្តិវិធីវិញ។
លោកបន្តថា៖ «កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរ បានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ។ កម្ពុជាមិនធ្វើសម្បទាន ឬអធិបតេយ្យ និងបូរណភាពទឹកដី ក្នុងដែនអធិបតេយ្យស្របច្បាប់របស់ខ្លួនជាដាច់ខាត»។
កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ តំណាងក្រុមអង្គការសង្គមស៊ីវិលកម្ពុជាជាង១០០ ក៏បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញពីឆន្ទៈរបស់ខ្លួនក្នុងការចូលរួមទាមទារឱ្យប្រទេសថៃ ទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពាននេះដែរ
អង្គការទាំងនោះ បានលើកឡើងពីការធ្វើការរួមគ្នា ក្នុងការប្រមែប្រមូលព័ត៌មាន ក្របខណ្ឌគតិយុត្តិ និងភស្តុតាងនានា ក្នុងការតស៊ូមតិជាមួយបណ្តាស្ថានទូតបរទេស និងស្ថាប័នអន្តរជាតិនានា រួមទាំងប្រើប្រាស់យន្តការអន្តរជាតិ ដើម្បីទាមទារឱ្យប្រទេសថៃទទួលខុសត្រូវ និងផ្តល់សំណងខូចខាតចំពោះប្រជាពលរដ្ឋ និងប្រទេសកម្ពុជា ដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ប្រទេសថៃ ក្នុងរយៈពេលជាង២០ថ្ងៃកន្លងមកនេះ។
កញ្ញា នាក់ សុគន្ធា ប្រធានប្រតិបត្តិសមាគមចលនាកុមារ និងយុវជនកម្ពុជាដើម្បីសិទ្ធិកុមារ បានថ្លែងក្នុងសន្និសីទនោះ ដោយសង្ឃឹមថា កម្ពុជានឹងអាចទាមទាររកយុត្តិធម៌សម្រាប់ប្រជាពលរដ្ឋរងគ្រោះ និងប្រទេសកម្ពុជាទាំងមូល ពីការឈ្លានពាន និងការបំផ្លិចបំផ្លាញនានាក្នុងសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ។
កញ្ញា សុគន្ធា ថ្លែងថា៖ «ក្នុងនាមយើងជាសង្គមស៊ីវិល យើងសង្ឃឹមយ៉ាងមុតម៉ាំថា គ្រប់ភាគីទាំងប្រជាពលរដ្ឋ ទាំងសង្គមស៊ីវិល ទាំងស្ថាប័នឯកជន ទាំងរាជរដ្ឋាភិបាល យើងនឹងរួមគ្នាតវ៉ាទាមទាររកយុត្តិធម៌សម្រាប់កម្ពុជារបស់យើង តាមរយៈការប្តឹងទៅយន្តការច្បាប់អន្តរជាតិដូចបងសារឿន បានលើកឡើង មានដូចជា ICC ICJ អីជាដើម ដើម្បីឱ្យភាគីថៃគាត់ទទួលខុសត្រូវនូវទង្វើដែលគាត់បានឈ្លានពានមកលើកម្ពុជារបស់យើង ហើយនិងសងមកកាន់កម្ពុជារបស់យើងវិញ ជាពិសេសគឺអ្វីដែលយោធាថៃបានបំផ្លិចបំផ្លាញ»។
គួរបញ្ជាក់ថា ការឈ្លានពានរបស់យោធាថៃក្នុងរយៈពេល២១ថ្ងៃនេះ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ បានសម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ ៣៣នាក់ និងរងរបួសជិត១០០នាក់ រួមទាំងមានពលរដ្ឋភៀសខ្លួនចំនួនជិត ៧០ម៉ឺននាក់ ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន មានផ្ទះសម្បែងជនស៊ីវិល វត្តអារាម សាលារៀន ស្ពានថ្នល់ និង ប្រាសាទបុរាណ ជាដើម៕









