ពលរដ្ឋខ្មែរដែលបានភៀសសឹកពីតំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានអះអាងនៅថ្ងៃសុក្រនេះថា ពួកគេរាប់ពាន់គ្រួសារពេលនេះ កំពុងប្រឈមនឹងបញ្ហាជីវភាព ដែលទាមទារឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ហា ដើម្បីឱ្យពួកគេមានឱកាសរកស៊ីចិញ្ចឹមជីវិតឡើងវិញបាន។
ពួកគេថា នៅជំរំភៀសសឹកយូរពេក ពួកគេប្រឈមបញ្ហាជីវភាព បញ្ហាអនាម័យ កូនៗមិនបានទៅសាលា គ្មានផ្ទះសម្បែង គ្មានមុខរបរ រួមទាំងវិបត្តិបំណុល ខណៈយោធាថៃ បង្កើនសកម្មភាពឈ្លានពានកាន់តែឃោរឃៅ តាមរយៈពង្រាយកងកម្លាំង ដាក់ពង្រាយបន្លាលួសព័ទ្ធភូមិ និងឈូសកម្ទេចផ្ទះអ្នកភូមិ ឱ្យរាបដល់ដី ដោយមិនទាន់បន្ធូរដៃជាដើម។
ជុំវិញការអះអាងនេះ ក្រោយសង្រ្គាមថៃឈ្លានពាន ២១ថ្ងៃកន្លងមកនេះ ត្រូវបានគេជឿថា ថៃបានវាយដណ្តើមកាន់កាប់ទឹកដីខ្មែរលើសពី២០កន្លែង ដូចជា នៅភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន ខេត្តបន្ទាយមានជ័យ តំបន់អានសេះ ប្រាសាទតាក្របី ប្រាសាទខ្នារ ប្រាសាទតាមាន់ធំ ថ្មដាខេត្តពោធិ៍សាត់ និងតំបន់អូរស្មាច់ជាដើម បើទោះរដ្ឋាភិបាលប្រកាសទទួលស្គាល់តែ១៤តំបន់និងទីតាំងក្តី។
អ្នកភូមិត្រពាំងសំរោង ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ កញ្ញា ល សុខប៉ាវ រៀបរាប់ប្រាប់VODថា សង្រ្គាមសៀមឈ្លានពានលើកនេះ បានបំផ្លាញទ្រព្យសម្បត្តិគ្រួសារកញ្ញា និងអ្នកភូមិរាប់រយគ្រួសារ ខ្ទេចអស់គ្មានសល់។
កញ្ញាបន្តថា ទ្រព្យសម្បត្តិ ផ្ទះសម្បែង សម្ភារៈ ម៉ូតូ កង់ ដែលគ្រួសារកញ្ញា ខំរកស៊ីយ៉ាងលំបាកស្ទើរមួយជីវិត ត្រូវចោរសៀមប្លន់យក បំផ្លាញចោលតែមួយពព្រិចភ្លែក ក្នុងភ្លើងសង្រ្គាមឈ្លានពានដីខ្មែរនេះ។
កញ្ញាបង្ហាញការឈឺចាប់ថា ពួកយោធាសៀម ពិតជាឃោឃៅ ប្លន់ដីខ្មែរ ដុតបំផ្លាញផ្ទះសម្បែងពលរដ្ឋនៅតំបន់បឹងត្រកួន ស្រុកថ្មពួកចំនួន ៤ភូមិ ធ្វើឱ្យពលរដ្ឋខ្មែររាប់ពាន់គ្រួសារ រស់នៅយ៉ាងរងទុក្ខវេទនា។
កញ្ញាថា៖ «ខ្ញុំឈឺចាប់ណាស់ ខ្ញុំឈឺចាប់ខ្លាំង ខ្ញុំអត់ដឹងនិយាយថាម៉េច វា ពួកខ្ញុំអត់ដែលគិតថានឹងមានថ្ងៃណាបងនិយាយយើងធ្លាប់តែឃើញគេ វាអត់ដែលជួបផ្ទាល់ខ្លួនឯង ដល់ពេលជួបផ្ទាល់ខ្លួនឯង បងអើយឈឺចាប់ណាស់ ហើយឈឺចាប់ខ្លាំងបំផុតនោះ បើសិនជាផ្ទះសម្បែងត្រូវភ្លើងឆេះខ្ទេចខ្ទីអស់ យើងឈឺចាប់ដែរ តែវាល្មម តែដែលវាចូលទៅកកាយរុករើ បោះបង់របស់យើងចោលនេះក្តីកាន់តែឈឺចាប់ រកអីនិយាយអត់ត្រូវបងហើយពួកវាផុសសប្បាយ ដែលពួកខ្ញុំនេះមិនមានដីសូម្បីតែដីក៏មិនមាននៅ ហើយពួកវាផុសលើTikkok សុខសប្បាយ សប្បាយលើគំនរទុក្ខពួកខ្ញុំ»។
ការណ៍នេះ កញ្ញា សុខប៉ាវ អំពាវនាវឱ្យរដ្ឋាភិបាលពន្លឿនជួយដោះស្រាយស្វែងរកទីតាំងថ្មី ជូនពលរដ្ឋរងគ្រោះ ជាពិសេសជួយដោះស្រាយបញ្ហាជីវភាព បំណុល បញ្ហាអនាម័យ ទឹកស្អាតនិងក្មេងៗសិក្សា។
កញ្ញាបារម្ភថា បើបញ្ហាទាំងនេះនៅបន្តអូសបន្លាយ ឬគ្មានដំណោះស្រាយច្បាស់លាស់ ពលរដ្ឋរស់នៅតំបន់បឹងត្រកួន ៤ភូមិ ជាងរាប់ពាន់គ្រួសារនេះ នឹងប្រឈមខ្លាំងនូវបញ្ហាវិបត្តិផ្លូវចិត្ត និងវិបត្តិជីវភាព។
កញ្ញាថា៖ «ខ្ញុំចង់សំណូមពរដល់រដ្ឋាភិបាលឲ្យគាត់ពន្លឿនឲ្យ បើសិនជាគាត់អាចដោះស្រាយបានឆាប់បានដីធ្លីត្រឡប់មកវិញ សុំឆាប់បានដីធ្លីត្រឡប់មកវិញ សុំឲ្យគាត់ជួយខ្នះខ្នែង ហើយបើថាមិនងាយទេគាត់ក៏មិនអាចមើលទៅដូចជាមិនអាចយកត្រឡប់វិញបានទេ ក៏សុំគិតគូរពួកខ្ញុំសុំជាទីតាំងច្បាស់លាស់ពិតប្រាកដអាចនឹងជាចែកដីឲ្យពួកខ្ញុំ ឬសង់ខ្ទមឲ្យពួកខ្ញុំនៅកន្លែងពិតប្រាកដជាក់លាក់ណាមួយ មិនខ្ញុំមិនសុំច្រើនដែលខ្ញុំគ្រាន់តែសុំដីបានល្មមពួកខ្ញុំឲ្យគ្រួសារៗរស់ បានខ្ទមមួយសមល្មមបិទបាំងភ្លៀងខ្យល់អីបែបហ្នឹង»។
អ្នកភូមិត្រពាំងសំរោងម្នាក់ទៀត គឺអ្នកស្រី ឡេ តួនអ៊ី និយាយថា សព្វថ្ងៃនេះ អ្នកស្រីជួបបញ្ហាធំៗជាច្រើន ដូចជាបញ្ហាបំណុលធនាគារ បញ្ហាជីវភាព គ្មានទឹកដោះគោកូន កូនមិនអាចទៅសាលាជាដើម។
អ្នកស្រីបន្តថា បញ្ហាធំមួយទៀតគឺ គ្មានដី គ្មានផ្ទះសម្បែង គ្មានចំណូលច្បាស់លាស់ ហើយក៏មិនដឹងច្បាស់ថាថ្ងៃណា ពេលណា នឹងអាចវិលត្រឡប់ទៅលំនៅឋានវិញ ដើម្បីអាចប្រកបមុខរបរចិញ្ចឹមជីវិតទេ។
យ៉ាងណា អ្នកស្រី តួនអ៊ី នៅតែជឿជាក់និងមានសង្ឃឹមលើរដ្ឋាភិបាលកម្ពុជាថា នឹងពន្លឿនជួយរកដំណោះស្រាយសមរម្យបំផុត និងល្អបំផុតជូនពលរដ្ឋរងគ្រោះដោយសារសង្រ្គាមសៀមឈ្លានពាននេះ។
អ្នកស្រីថា៖ «បំណុលធនាគារមានបង ហើយនិយាយទៅបញ្ហា គឺអត់ចំណូល ហើយត្រូវចំណាយច្រើនព្រោះនៅមានកូនតូចបង គាត់នៅប្រើទឹកដោះគោនៅអីអ៊ីចឹងទៅ អត់ចំណូលមានតែចំណាយ ដល់ពេលអ៊ីចឹងវាពិបាកបងអ៊ីចឹង និយាយទៅបញ្ហាច្រើនបង កន្លែងសិក្សារបស់កូនគាត់នៅរាងពិបាកកន្លែងស្នាក់ អី ដោយសារនៅជាមួយគ្នាច្រើន អ៊ីចឹងទីមួយយើងកូនតូចអ៊ីចឹងពិបាកបង ទីមួយវាប្រឈមមុខនឹងជំងឺឆ្លងផ្សេងៗ សម្រាប់ប្អូនចង់ទាមទារឱ្យគាត់ឲ្យពន្លឿនការដោះស្រាយ ព្រោះអីរាល់ថ្ងៃពួកយោធាថៃគាត់ឡើងបំផ្លិចបំផ្លាញផ្ទះប្រជាជន»។
ជុំវិញបញ្ហានេះដែរ មេភូមិត្រពាំងសំរោង ខេត្តបន្ទាយមានជ័យ លោក រ៉ង សារឿត និយាយថា លោកមិនបដិសេធទេ បញ្ហាពលរដ្ឋតែងតែជួបខ្លះហើយ តិចឬច្រើន ព្រោះសង្រ្គាមឈ្លានពានម្តងនេះ បានបំផ្លាញទ្រព្យសម្បត្តិ ផ្ទះសម្បែងខ្ទេចគ្មានសល់ សូម្បីតែផ្ទះលោកមេភូមិផ្ទាល់ក៏ត្រូវសៀមបំផ្លាញដែរ។
យ៉ាងណា លោកមេភូមិបញ្ជាក់ថា ចំពោះបញ្ហារឿងដំណោះស្រាយបែបណា ជូនពលរដ្ឋភៀសសឹកក្នុងភូមិរបស់លោកជាង ៣៨១គ្រួសារនេះ លោកនៅមិនទាន់ដឹងទេ រងចាំដំណោះស្រាយពីថ្នាក់លើដែរ។
លោកថា៖ «ប្រជាពលរដ្ឋរស់នៅភូមិខ្ញុំហ្នឹង ៣៨១គ្រួសារ ក្រោយពីឃើញការឈ្លានពាននេះ វាមានការប្រឈមទី១វាជួបការលំបាក ដោយសារយើងរត់ចោលផ្ទះសម្បែង បងប្អូនយើងភាគច្រើន មិនបានយកអីទេ មកតែខ្លួន ទ្រព្យសម្បត្តិ ដីធ្លី យើងយកមកមិនបានទេ មានតែរបរផ្ទាល់ខ្លួនតិចតួច»។
យ៉ាងនេះក្តី អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាលោក ប៉ែន បូណា ថ្លែងនាថ្ងៃទី៩ ខែមករានេះថា រដ្ឋាភិបាលកម្ពុជាបន្តដោះស្រាយបញ្ហាជម្លោះព្រំដែន ដោយសន្តិវិធី ផ្នែកលើច្បាប់ជាតិនិងអន្តរជាតិជាមួយភាគីថៃ។
ដោយលោកបន្តអំពាវនាវឱ្យពលរដ្ឋខ្មែរ ត្រូវសាមគ្គីជាតិ ផ្តល់ទំនុកចិត្ត និងផ្តល់ការគាំទ្រយ៉ាងមោះមុតដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយ និងការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី។
លោកថា៖ «ការលំបាករបស់យើងនៅពេលនេះ មិនអាចវាយបំបាក់ទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់យើងបានឡើយ ផ្ទុយទៅវិញ វាបានក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លា ដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីរបស់យើង ឲ្យខាងតែបាន តាមមធ្យោបាយសន្តិវិធីដោយមានច្បាប់អន្តរជាតិជាទីពឹង»។
ដោយឡែក តំណាងរាស្រ្តបក្សប្រឆាំង លោក សួន សូរីដា យល់ថា បញ្ហាទុក្ខលំបាកវេទនារបស់ពលរដ្ឋទាំងនេះ ជាទំនួលខុសត្រូវរបស់រដ្ឋាភិបាល ដែលចាំបាច់ត្រូវដុតដៃដុតជើងពន្លឿនជួយជាបន្ទាន់។
លោកថា សង្រ្គាមសៀមឈ្លានពាន បានដុតបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិពលរដ្ឋខ្មែររាប់លានដុល្លារ ធ្វើឱ្យពលរដ្ឋជួបទុក្ខមួយជាន់ហើយ ដូច្នេះថ្នាក់ដឹកនាំមិនត្រូវឱ្យពួកគាត់បន្តជួបទុក្ខទៀតនោះទេ។
សម្រាប់ លោក សួនរីដា រដ្ឋាភិបាលត្រូវបង្ហាញស្នាដៃ សមត្ថភាព ដោះស្រាយបញ្ហាទុក្ខលំបាកជូនពលរដ្ឋ ទាំងបញ្ហាបំណុល ជីវភាព និងក្មេងៗបាត់បង់ការសិក្សា ជាពិសេសរឿងទាមទារដីខ្មែរមកវិញ។
លោកថា៖ «ចាំបាច់ដែលរដ្ឋាភិបាលត្រូវធ្វើការជាបន្ទាន់ ចំពោះប្រជាពលរដ្ឋដែលជាម្ចាស់កម្មសិទ្ធិដីទាំងនោះ គឺទីមួយដូចយើងដឹងស្រាប់ហើយ នៅក្នុងសង្គ្រាមកន្លងមកនេះ គឺប្រជាពលរដ្ឋគាត់ភៀសចេញពីផ្ទះសម្បែង ហើយអត់មានទីលំនៅឋានសមរម្យរស់នៅតែនឹងតង់ ដូច្នេះដើម្បីបង្កការងាយស្រួលដល់ជនភៀសខ្លួន ដល់ប្រជាពលរដ្ឋដែលភៀសសឹក ក្នុងពេលហ្នឹង ចាំបាច់រដ្ឋាភិបាលត្រូវរក ទីមួយគឺរកដីថ្មីបានផ្តល់ដីថ្មីជូនគាត់ ហើយសង់ជាលំនៅឋានឲ្យមានតែជាភូមិករសម្រាប់ពួកគាត់ រួមមាន សាលារៀន មន្ទីរពេទ្យ ទឹកស្អាត និងមានចរន្តអគ្គិសនីជាដើម»។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ លោក ស៊ឹង សែនករុណា ជំរុញឱ្យរដ្ឋាភិបាលគួរតែរៀបចំទីតាំងថ្មីជូនពលរដ្ឋតំបន់បឹងត្រកួនទាំង ៤ភូមិ រួមទាំង ភូមិព្រៃចាន់ និងភូមិជោគជ័យ ដើម្បីឱ្យពួកគេមានភាពកក់ក្តៅឡើងវិញ។
លោកបារម្ភថា ការរស់នៅដោយគ្មានលំនៅឋានច្បាស់លាស់បែបនេះ នឹងបង្កផលប៉ះពាល់ច្រើនដល់ពលរដ្ឋភៀសសឹក ជាពិសេសបញ្ហាបំណុល សេដ្ឋកិច្ច កូនៗបាត់បង់ការសិក្សា ចាំបាច់រដ្ឋាភិបាលត្រូវដោះស្រាយជាបន្ទាន់។
លោកថា៖ «ថ្នាក់ដឹកនាំឬក៏ទៅខាងស្ថាប័នទទួលខុសត្រូវ ពាក់ព័ន្ធនឹងរកទីតាំងណាមួយ ដើម្បីឲ្យក្លាយទៅជាជម្រកសុវត្ថិភាពបណ្តោះអាសន្ន ក្នុងកាលៈទេសៈនេះ មិនអាចឲ្យពួកគាត់រសាត់អណ្តែតរងចាំដោយមិនទាន់ដឹងពេលវេលាច្បាស់លាស់ ណាមួយនោះទេ ហើយវាធ្វើឲ្យប៉ះពាល់ខាតពេលវេលា អំពីការរីកលូតលាស់របស់កុមារទាំងចំណេះដឹង ទាំងអាហាររូបត្ថម្ភ ឬក៏សុខភាពផ្សេងៗ អ៊ីចឹងចំណុចទាំងអស់នេះ រដ្ឋាភិបាលត្រូវទទួលខុសត្រូវ ជាពិសេសជំរុញទៅស្ថាប័នពាក់ព័ន្ធ ក្រោមបង្គាប់របស់ខ្លួន ឲ្យធ្វើកិច្ចការងារហ្នឹងជាបន្ទាន់ មិនអាចបណ្ដែតបណ្ដោយឲ្យរង់ចាំរហូតដល់មានដំណោះស្រាយទទួលបានដីធ្លីមកពីខាងភាគីថៃនោះទេ»។
ការឈ្លានពានរបស់យោធាថៃក្នុងរយៈពេល២១ថ្ងៃនេះ ចាប់ពីថ្ងៃទី៧ ខែធ្នូ បានសម្លាប់ពលរដ្ឋស្លូតត្រង់កម្ពុជា ៣៣នាក់ និងរងរបួសជិត១០០នាក់។ រីឯជនស៊ីវិលខ្មែរ ភៀសសឹកជិត ៧០ម៉ឺននាក់ ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន មានផ្ទះ វត្តអារាម សាលារៀន ស្ពានថ្នល់ និងប្រាសាទបុរាណ ជាដើម។
បើតាមពលរដ្ឋ តំបន់បឹងត្រកួន យោថៃបានព័ទ្ធយកផ្ទះពលរដ្ឋខ្មែរចំនួន៤ភូមិ រួមមាន ភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង និងភូមិសាមគ្គី ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
រីឯ ភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលមានផ្ទះពលរដ្ឋខ្មែរជិត ១ពាន់ខ្នង ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានយោធាថៃព័ទ្ធយកទាំងមូលដែរ ដោយបានពង្រាយទូកុងតឺន័រ រាំងខ្ទប់ផ្លូវ និងរាយបន្លាលួស មិនឱ្យពលរដ្ឋខ្មែរចេញ-ចូលឡើយ។
បើតាម មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ប៉ុន្តែអ្នកឃ្លាំមើលថា ការក្តោបអំណាចជិត៥០ឆ្នាំរបស់ក្រុមគ្រួសារលោក ហ៊ុន សែន បានធ្វើឱ្យបាត់បង់ដីខ្មែរជាច្រើនទៅប្រទេសវៀតណាម និងប្រទេសថៃ ចំណែកអ្នកជំរុញឱ្យការពារទឹកដី ត្រូវបានគំរាមបំបិទមាត់ និងខ្លះត្រូវបានចាប់ដាក់គុក ធ្វើឱ្យខ្មែរបែកបាក់ជាតិ ប្រទេសរួមរឹតដោយអំពើពុករលួយ បក្ខពួកនិយម មិនអាចធ្វើទំនើបកម្មវិស័យការពារជាតិបាន ធ្វើឱ្យថៃលើកទ័ពមកឈ្លានពានខ្មែរ តាមទំនើងចិត្តយ៉ាងកំរោល នាសម័យទំនើប នៅសតវត្សរ៍ទី២១នេះ៕









