ចិនបានចោទប្រកាន់មហា​សេដ្ឋីបោក​ប្រាស់ Chen Zhi ពី​បទ​ដឹក​នាំ​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ចេញ​​ពីក​ម្ពុជា

បន្ទាប់​ពី​កម្ពុជា​បាន​បញ្ជូន​ខ្លួន​មហាសេ​ដ្ឋី​បោក​ប្រាស់ Chen Zhi និង​ជនជា​តិ​ចិន​២នាក់​ផ្សេង​ទៀត ទៅ​កាន់​ចិន​ដី​គោក​វិញ ទីក្រុ​ង​ប៉េកាំង​បាន​ចោទ​ប្រកាន់​មហា​សេដ្ឋី​មាន​ឈ្មោះ​អាស្រូវ​រូប​នេះ ​ពីប​ទ បាន​ប្រតិ​បត្តិ​ការ​បណ្តាញ​ឧក្រិដ្ឋ​​កម្ម​​ឆ្លង​ដែន រួម​ទាំង​ការ​សង្ស័យ​ថា​មាន​ការ​ពាក់​ព័ន្ធ​នឹង​ល្បែង​ស៊ីសង​តាម​កាស៊ីណូ និង​ការ​ឆបោក។

យោងតាមសំណើរបស់អាជ្ញាធរចិន កម្ពុជាបានចាប់ខ្លួនជនជាតិចិនចំនួន ៣ នាក់ រួម​ទាំង​​លោក Chen Zhi ដែល​ជាស្ថា​បនិក​ក្រុម​ហ៊ុន Prince Holding Group ហើយ​បាន​បញ្ជូន​ពួក​គេ​ទៅ​កាន់​ប្រទេស​ចិន​វិញ កាល​ពី​ថ្ងៃ៦ខែ​មករា នេះបើ​យោ​ង​តាម​ការ​ចុះ​ផ្សាយ​របស់​សារ​ព័ត៌​មាន Cambodia China Times កាលពី​យប់​ថ្ងៃ​ទី៧ខែ​មករា។

បើតាមSouth China Morning Post ក្រសួងមហាផ្ទៃកម្ពុជា បានឱ្យដឹងថា ស្ថាប័នអនុវត្តច្បាប់នៃ​ប្រទេស​ទាំង​ពីរ​បាន​​សហការ​គ្នា​លើ​ករណី​នេះអ​ស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ។

ក្រសួងមិនបានផ្តល់ព័ត៌មានលម្អិតអំពីលោក Chen ឬបទល្មើស​ដែលត្រូវបានចោទប្រកាន់របស់​លោក​នោះ​ទេ ប៉ុន្តែ​​បាន​បញ្ជាក់​ថា លោក​ត្រូវ​បាន​ដក​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវ​ការ កាល​ពី​ខែ​​ធ្នូ ស្រប​តាម​ច្បាប់​ក្នុង​ស្រុក។

ការដកសញ្ជាតិខ្មែរនេះ អាចជាការបើកផ្លូវសម្រាប់ការបង្កើតយុត្តាធិការរបស់ប្រទេសចិន នៅ​ក្នុង​ករណី​របស់​លោក ​Chen។ ប្រទេស​ចិន​មិន​អនុញ្ញា​ត​ឱ្យ​មាន​សញ្ជាតិ​២​នោះទេ​។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​ចិន ទីក្រុង​ប៉េកាំង​​បាន​សង្កត់​ធ្ងន់​ថា បច្ចុប្បន្ន លោក Chen គឺ​​ជា​ជន​ជាតិ​ចិន។

លោក Chen ដែលកើតនៅខេត្តហ្វូជាន (Fujian) ក្នុងឆ្នាំ១៩៨៧ បានចូលសញ្ជាតិខ្មែរក្នុងឆ្នាំ​២០១៤។

ក្រសួងសន្តិសុខសាធារណៈរបស់ចិន បានពណ៌នាកាលពីថ្ងៃទី៨ខែ​មករា អំពី​ការ​ចាប់​ខ្លួន​លោក Chen ថាជា​ «សមិទ្ធ​ផល​ដ៏​អស្ចារ្យ​មួយ​ទៀត ក្រោម​កិច្ច​សហប្រ​តិប​ត្តិ​ការ​អនុវត្ត​ច្បាប់​រវាង​ចិន និ​ង​កម្ពុជា»។

ក្រសួងសន្តិសុខសាធារណៈ បាននិយាយថា លោក Chen ត្រូវបានចោទប្រកាន់ពីបទល្មើស​ផ្សេងៗ រួម​មាន ការ​បើក​កាស៊ីណូ ការ​ឆបោក ប្រតិ​បត្តិ​កា​រខុស​ច្បាប់ និង​ការ​លាក់​បំបាំង​ផល​នៃ​បទ​ល្មើស។

ក្រសួង បានបន្ថែមថា លោក Chen ត្រូវបានឃាត់ខ្លួនស្របតាមច្បាប់ ហើយសំណុំ​រឿង​នេះ កំពុ​ង​ស្ថិត​ក្នុង​ដំណើរ​ការ​ចាត់​ការ ដោយ​បាន​កត់​សម្គាល់​ថា ប៉ូលីស​ចិន​នឹង​ដាក់​សមាជិក​សំខាន់ៗ​នៃ​បណ្តាញ​ឧក្រិដ្ឋ​កម្មរ​បស់ លោក Chen ទៅ​ក្នុ​ងប​ញ្ជីតា​ម​ចាប់​ខ្លួន​ក្នុ​ងពេ​លឆា​ប់ៗ​នេះ។ ក្រសួង​ក៏​បាន​ជំរុញ​ឱ្យ​សមាជិក​ដែល​កំពុង​រត់​គេច​ខ្លួន​ទាំង​អស់​ឱ្យ «ចូល​ខ្លួន​សារភាព» ផង​ដែរ។

ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding Group) និងក្រុមហ៊ុន​មេធាវី​អាមេរិក​របស់​ខ្លួន គឺ Boies Schiller Flexner LLP មិន​បាន​ឆ្លើយ​តប​ភ្លាមៗ​ចំពោះ​សំណើសុំ​កា​រ​អត្ថា​ធិប្បាយ​នោះ​ទេ។

នៅក្នុងការអត្ថាធិប្បាយលើករណីនេះ អ្នកនាំពាក្យក្រសួងការបរទេស​ចិន លោកស្រី Mao Ning បាន​និយាយ​កាល​ពីថ្ងៃ​ទី៨ខែ​មករា​ថា​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺ​ណិត និង​ការ​ឆបោក​តាម​ទូរគមនាគមន៍ គឺជា «ការ​ទទួល​ខុស​ត្រូវ​រួម​គ្នា​នៃ​ស​ហគមន៍អ​ន្តរ​ជាតិ»។

លោកស្រី Mao បានមានប្រសាសន៍ថា៖ «ប្រទេសចិន​បាននិងកំពុងសហការយ៉ាងស​កម្ម​ជាមួយ​កម្ពុជា និង​ប្រទេស​​ដទៃទៀ​ត​អស់​មួយ​រយៈ​មក​ហើយ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ទូរគមនា​គមន៍ និង​ប្រព័ន្ធ​អ៊ីនធឺណិត​ឆ្លងដែន ដែល​ទទួល​បាន​សមិទ្ធ​ផល​គួ​រឱ្យ​ក​​ត់​សម្គាល់។ ប្រទេស​ចិន​មាន​ឆន្ទៈ​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រតិ​បត្តិ​ការ ក្នុង​ការ​អនុវត្ត​ច្បាប់​ជាមួយ​ប្រទេសជិ​ត​ខាង រួមទាំ​ង​កម្ពុជាផ​ង​ដែរ ដើម្បី​ការ​ពារអា​យុជី​វិត និង​ទ្រព្យ​សម្បត្តិ»។

ការចាប់ខ្លួន និងការបញ្ជូនខ្លួននេះ កើតឡើងចំពេលដែលទីក្រុងប៉េកាំង កំ​ពុង​ខិតខំ​ប្រឹ​ង​ប្រែង​យ៉ាង​ខ្លាំង​ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆបោក​តាម​ទូរគមនាគមន៍​នៅ​ក្រៅ​ព្រំ​ដែន​របស់​ខ្លួន​ និង​ចំពេ​លដែ​ល​មាន​ការ​បង្ក្រាប​លើ​គ្រីប​តូឃឺរែន​ស៊ី (cryptocurrency) នៅ​ក្នុង​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ