អ្នកឃ្លាំមើលកិច្ចការព្រំដែនមកពីបក្សប្រឆាំង លោក អ៊ុំ សំអាន ទម្លាយថា តាមព័ត៌មានពីទាហានខ្មែរនៅជួរមុខឱ្យដឹងថា ដីខ្មែរជាប់ព្រំដែន៣៥ទីតាំងត្រូវថៃដណ្តើមកាន់កាប់ក្នុងសង្រ្គាមឈ្លានពាន២១ថ្ងៃ មិនមែនបាត់បង់១៤ទីតាំងដូចរដ្ឋាភិបាលកម្ពុជា អះអាងនោះទេ។
នេះបើតាមការទម្លាយរបស់លោក អ៊ុំ សំអាន លើទំព័រហ្វេសប៊ុករបស់លោកនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះ។
លោក អ៊ុំ សំអាន និយាយលើហ្វេសប៊ុកលោកថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ បើតាមព័ត៌មានពីទាហានខ្មែរនៅជួរមុខ យើងអាចសរុបពីទីតាំងដែលកម្ពុជាបាត់បង់ បន្ទាប់ពីសង្រ្គាមខ្មែរ-ថៃចំនួន២១ថ្ងៃ គឺទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន ៣៥ទីតាំង។
ក្នុងនោះរួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ប្រាសាទខ្នារ ច្រកអានសេះ ភ្នំ៣៥០ ភ្នំ២២៥ ភ្នំ៥០០ ភ្នំ៣២៣ ភ្នំ៦៧៧ ភូមិជោគជ័យ ភូមិព្រៃចាន់ ផ្ទះបីខ្នង អូរភ្លុកដំរី តំបន់ចរ១ ថ្មដា ភ្នំទ្រព្យ ថ្មដូន អូរស្មាច់ ភ្នំប៉ោយ បឹងត្រកួន ភ្នំ៤០០ អូរខ្លាឃ្មុំ (ភ្នំ២៨៤) ផ្ទះតាម៉ុក ( ជាំតែ-បុស្បូវ) អូរផ្កាស្នេហ៍ តាថាវ ជប់អង្គុញ ចូកគ្រួស បុស្បូវជាំតែ ដើមត្រាង ដំណាក់ស្តេច តាស៊ឹម (កំពូលភ្នំ) ចាក់ច្រែង (កំពូលភ្នំ) និងថ្ម៣ដុំ (កំពូលភ្នំ)។
បើតាមលោក សំអាន មុនសង្រ្គាមខ្មែរ-ថៃ ទាហានថៃបានគ្រប់គ្រងទឹកដីខ្មែរមានដូចជា២ភាគ៣នៃកោះគុត ប្រាសាទស្តុកកក់ធំ និងផ្ទះតាម៉ុកឬផ្ទះក្រហមឬផាម៉អ៊ីដែងជាដើម។
លោកគូសបញ្ជាក់ថា ទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរចំនួន១៣ទីតាំង ដែលមិនបាត់បង់ដោយសារសង្រ្គាម រួមមាន ប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០ ៥មករា វាលឥន្រ្ទីយ៍ ភ្នំតាង៉ោល បង្គោល៨ មុំបី ព្រលានថ្ម សំបុកឃ្មុំ ភ្នំ៧៥ ភ្នំ៣៣៣ និង ភ្នំ៣៩៨ ។
ដូច្នេះលោកថា ទីតាំងដែលច្បាំងគ្នា ឬផ្ទុះសង្រ្គាមគឺកម្ពុជាបាត់បង់៣៥ទីតាំង និងរក្សាបាន១៣ទីតាំង ដោយមិនទាន់គិត ២ភាគ៣នៃកោះគុត ប្រាសាទស្តុកកក់ និងផ្ទះតាម៉ុក ឬផ្ទះក្រហមឬផាម៉អ៊ីដែងជាដើមនោះទេ។
លោកថា ទឹកដីខ្មែរចំនួន៣៥ទីតាំងដែលទាហានថៃកំពុងគ្រប់គ្រង គឺមានទំហំរាប់រយគីឡូម៉ែត្រការ៉េទៅរាប់ពាន់គីឡូម៉ែត្រការ៉េ។ ទឹកដីខ្មែរចំនួន៣៥ទីតាំងនោះ កម្ពុជានឹងមិនអាចទាមទារយកបានមកវិញនោះទេ លើកលែងតែមានមេដឹកនាំថ្មី។
លោកសរសេរក្នុងន័យដើមថា៖ «ហេតុនេះ សូមលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត សុំទោសពលរដ្ឋខ្មែរ និងចុះចេញពីតំណែងទៅ ដើម្បីបង្ហាញពីការទទួលខុសត្រូវរបស់ខ្លួនដែលធ្វើឱ្យបាត់បង់ទឹកដីចំនួន៣៥ទីតាំង ព្រមទាំងដើម្បីបើកផ្លូវឱ្យមានមេដឹកនាំថ្មីដែលមានសមត្ថភាព និងអាចទាមទារទឹកដីទាំង៣៥ទីតាំងមកវិញ តាមរយៈការប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ព្រមទាំងសហប្រធាននៃកិច្ចព្រមព្រៀងប៉ារីសឆ្នាំ១៩៩១។ សែនសោកស្តាយទឹកដីខ្មែរដែលបាត់បង់ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។
យ៉ាងណា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឱ្យដឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបើកប្រតិបត្តិការវាយលុកផ្នែកយោធា ដែលគិតទុកមុន និងជាប្រព័ន្ធលើទីតាំងជាច្រើនតាមបណ្ដោយព្រំដែន និងបានកាន់កាប់ជាក់ស្ដែង លើតំបន់នានាក្នុងទឹកដីកម្ពុជាសរុប ១៤ទីតាំង។
ករណីនេះ កម្ពុជា បានចេញសេចក្ដីថ្លែងការណ៍១១ចំណុច តវ៉ាចំពោះការរំលោភបំពានរបស់ថៃនេះ ដោយក្នុងនោះ កម្ពុជាបានទាមទារឱ្យភាគីថៃ ដកបុគ្គលិកនិងសម្ភារៈយោធាទាំងអស់ចេញពីទឹកដីកម្ពុជា ទៅកាន់ទីតាំងព្រំប្រទល់ ដែលទទួលស្គាល់ដោយច្បាប់។
ជុំវិញថៃឈ្លានពាននេះ ក្រសួងមហាផ្ទៃឱ្យដឹងថា គិតពីម៉ោង៦ព្រឹកថ្ងៃទី៨ ដល់ម៉ោង៦ព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦នេះ មានពលរដ្ឋភៀសសឹកជិត២០ម៉ឺននាក់ទៀត(១៧៣.១០៧នាក់) មិនទាន់អាចវិលទៅផ្ទះសម្បែងវិញ ក្នុងនោះស្រី្តមាន ៩០.៧៩៥នាក់ និងកុមារ៥៦.៧៥៧នាក់ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុបជាង៦សែន៤ម៉ឺននាក់៕









