អ្នកឃ្លាំមើលថាចំណាត់​ការលើ​ធនាគារ​ព្រីនស៍​និង​ក្រុម​ហ៊ុន​ហួយ​វ័ន ផេ មាន​ស្តង់​ដារ​ពីរ

ក្រោយ​ម្ចាស់​ភាគ​ហ៊ុន​ធំ គឺ​លោក ចេន ហ្ស៊ី ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន បច្ចុប្បន្ន​ធនាគារ​ព្រីនស៍ ត្រូវ​បា​ន​ធនាគា​រ​ជាតិ​នៃ​កម្ពុជា ប្រកាស​ឱ្យ​ផ្អាកការ​ផ្តល់​សេវា​ធនាគារ​ថ្មីៗ​ទាំង​អស់​ រួម​ទាំង​ការ​​ទទួល​ប្រាក់​បញ្ញើ និង​​ការ​ផ្តល់​ឥណទាន។ ធនាគារ​ជាតិ​បាន​ប្រគល់​ភារកិច្ច​ជម្រះ​បញ្ជី និង​គ្រប់​​គ្រង​ប្រតិប​​ត្តិ​ការ​ឱ្យ​​ទៅ​ក្រុ​​ម​​ហ៊ុ​ន​​ស​វន​កម្ម​មួយ​ផ្សេង​ទៀត​ផង​ដែរ។

ផ្ទុយពី​ធនាគារ​ព្រីនស៍ ដែល​រង​ចំណាត់​ការ​រង់​ចាំតែ​ថ្ងៃ​បិទ​ដំណើរ​ការ​ទាំង​ស្រុង​ ងាក​មក​ក្រុម​ហ៊ុន ហួយ​​វ័ន ផេ ឯណេះ​វិ​ញ នៅ​តែ​បន្ត​ដំណើរ​ការ​ ទោះ​បី​មាន​ការ​ស៊ើប​អង្កេត​រក​ឃើញ​ថាក្រុម​ហ៊ុន​នេះ ជាប់​​ពាក់​​ព័ន្ធ​​នឹ​​ង​​ឧក្រិដ្ឋក​ម្ម​​លាង​លុយក​ខ្វក់។

ក្រុមហ៊ុន ហួយវ័ន ផេ ដែល​បាន​ប្ដូរ​ឈ្មោះ យីហោ មក​ជា​ឈ្មោះ អេច-ផេ វិញ​​កាល​ពី​​​ខែ​ធ្នូ ឆ្នាំ​​២០២៥ គឺ​ជា​​កម្ម​សិទ្ធិ​របស់​លោក ហ៊ុន តូ ដែល​ត្រូវជា​ក្មួ​យប្រុ​សលោ​ក ហ៊ុន សែន និង​ត្រូវ​ជា​បង​ប្អូន​​ជីដូន​មួ​​យ​​ជា​មួយ​លោក​នាយករ​ដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។

​ការប្ដូរឈ្មោះក្រុមហ៊ុននេះ គឺក្រោយពេល​អាមេរិក​ដាក់​ទណ្ឌកម្ម​​ មិន​​ឱ្យ​​​មាន​​ប្រតិ​បត្តិកា​រ​សាច់​ប្រាក់​​ចូល​​ក្នុង​​​ប្រព័ន្ធ​​ហិរញ្ញ​វត្ថុ​​អាមេរិក ដោយ​សារ​តែ​​រក​​​ឃើញ​​ថា ក្រុម​ហ៊ុន​​នេះ​ជាប់​ពាក់​ព័ន្ធ​នឹង​​ការ​លាងលុ​​យ​ក​ខ្វក់​​​​​ដ៏​​​ធំ​​សម្បើម ​ឱ្យ​​ក្រុម​​អ្នក​​រក​ស៊ី​​ឆបោក​​តាម​​អន​ឡាញ (Online Scam)។

ទន្ទឹមនឹងការបន្តធ្វើអាជីវកម្មដោយខុសច្បាប់ ក្រុមហ៊ុននេះ កំពុងបន្តបង្កក​លុយ​អ​តិថិ​ជន​ជាច្រើ​ន​នា​​ក់ផ​​​ង​ដែរ ខុសពី​ធ​នាគារ​ព្រីនស៍​ដែល​ប្រាប់​ឱ្យអ​តិថិជន​បិទ​គណនី និង​បង្វែរ​សាច់​ប្រាក់​ឱ្យ​​ពួក​គេ​វិញ។

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់​ឃើញ​ថា រដ្ឋាភិបាល​បក្ស​កាន់​​អំ​ណាច​នឹង​មិ​​នអា​ចចា​ត់​វិ​ធាន​ការ​លើ​លោក ហ៊ុន តូ ដូច​លោក ចេន ហ្ស៊ី ឡើយ ដោយ​សារ​លោក ហ៊ុន តូ គឺ​ជាសា​ច់​ញាតិ​របស់​ថ្នាក់​ដឹក​នាំ។ លោក​បន្ត​ថា ជា​រឿង​ធម្មតា​ទៅ​ហើយ​ដែល​ច្បា​ប់​ស្រុក​ខ្មែរ​មា​​នស្តង់​​ដា​រ​ពីរ ពិសេស​ពេល​បញ្ហា​នោះ​ពាក់​ព័ន្ធ​នឹង​គ្រួសារ​ឬ​បក្ស​ពួក​ថ្នាក់​ដឹក​នាំ។

លោក អ៊ុំ សំអាន ថ្លែង​ថា៖ «ជាការពិតគឺ ច្បាប់នៅស្រុកខ្មែរមានស្តង់​ដារ​ពីរ។ លោក ចេន ហ្ស៊ី មិន​មែន​​សា​ច់​​ញា​​តិ​របស់​លោក ហ៊ុន សែន អញ្ចឹង​គាត់​ចាត់​ការ​ រឹប​អូស​លុយ​មក​សង​រដ្ឋ​វិញ កុំ​ឱ្យ​ខូច​ឈ្មោះ​គាត់ ប៉ុន្តែ​លោក ហ៊ុន តូ មិន​ហ៊ានជា​មួយ​គាត់ ព្រោះ​គាត់​ត្រកូល ហ៊ុន ដែរ​អញ្ចឹង​គ្មាន​នរណា​ហ៊ាន​ទៅ​ចាត់​ការ លោក ហ៊ុន តូ ដែល​ជា​ក្មួយ​របស់ ហ៊ុន សែន ហើយ​ជាជីដូន​មួយរ​បស់​លោក ហ៊ុន ម៉ាណែត ទៀត។ អញ្ចឹង​យើង​ដឹង​ហើយ​នៅ​ស្រុក​ខ្មែរ​ គឺ​ច្បាប់​មាន​ស្តង់​ដារ​ពីរ​អញ្ចឹង​ឯង»។

ក្រុម​ហ៊ុន​ ហួយវ័ន ផេ ជា​គ្រឹះស្ថាន​ធនាគារ​អនឡាញ និង​ជា​ក្រុម​ហ៊ុន​មួយ​​របស់​ហួយ​វ័ន​គ្រុប​។ ម្ចាស់​​ក្រុម​​ហ៊ុន​​នេះ គឺ​លោក ហ៊ុន តូ​ ​ត្រូវ​​បាន​​សហរដ្ឋ​អាមេរិក​​ចោទ​​ថា ​ជា​ប់​ពាក់​ព័ន្ធ​នឹង​​បទ​ល្មើស​​លាង​ស​ម្អា​ត​​ប្រា​​ក់​​រាប់​ពាន់​​លាន​​ដុល្លារ ដោយ​​មាន​ជាប់​ពាក់ព័​ន្ធ​​នឹង​​ប្រាក់​គ្រីបតូ និង​​ក្រុម​​ចោរ​បច្ចេក​វិទ្យា​​របស់​​កូរ៉េ​​ខាង​​ជើង​​ផង​។​

ក្រុម​ហ៊ុន​វិភាគ​ប្រាក់គ្រីបតូ​​មួយ​ បាន​វាយ​តម្លៃ​ និង​បានចាត់ទុកថា​​ប្រតិបត្តិការ​​របស់​​ក្រុម​ហ៊ុន​​ហួយ​វ័ន​ កាល​​​ពី​​ឆ្នាំ​​​២០២៤ ​គឺ​ជា​ទីផ្សារ​​ដ៏ធំ​មួយ​​ក្នុង​​ការ​​ប្រព្រឹត្ត​​អំពើ​ឆបោក​​តាម​​អន​ឡាញ៕ ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ