កម្ពុជាចងក្រងអំពីការខូចខាតប្រាសាទព្រះវិហារ​ស្នើ​ទៅ​អង្គកា​រ​យូណេស្កូ និង​សហគមន៍​អន្តរ​ជាតិ

ក្រសួង​​វប្បធម៌ ​បាន​​បង្ហាញ​​​ពី​​ការ​​ខូចខាត​​ទ្រង់​ទ្រាយ​​ធំ នៅ​​តំបន់​​រមណីយ​​ដ្ឋាន​​ប្រាសាទ​​ព្រះ​វិហារ​ និង​​តំបន់​ជុំវិញ ដោយសា​រ​​ការ​​បាញ់​​ប្រហារ​របស់​​យោធា​​ថៃ រយៈ​ពេល ២លើក ក្នុង​ឆ្នាំ​២០២៥ បង្ក​ឱ្យ​ប៉ះ​ពាល់​​ដល់​​ប្រាង្គ​ប្រាសាទ​ព្រះ​វិហារ​ ​១៤២​​កន្លែង និង​​តំបន់​​ជុំវិញ​ ៤២​​កន្លែង​ រួម​បញ្ចូល​ទាំង​វត្ត​កែវ​សិក្ខាគិរីស្វារៈ ហេដ្ឋារ​ចនា​សម្ព័ន្ធ​សាធារណៈ ​និង​​អគារ​ការិយាល័យ​អភិរក្ស​របស់​អាជ្ញាធរ​ជាតិ​ព្រះវិហារ។

រីឯ​សហគមន៍​ជុំវិញ​ប្រាសាទព្រះវិហារ រង​ការ​ខូចខាត​ចំនួន​៦០​កន្លែង រួម​មាន ​ផ្ទះ​សម្បែង សាលា​រៀន វត្តអារាម និង​​ហេដ្ឋារចនា​សម្ព័ន្ធ​​សាធារណៈ​ផ្សេងទៀត​ បណ្តាល​​ឱ្យ​ប្រជាជន​​ជាង ១ម៉ឺន ៤ ពាន់​នាក់ (១៤ ៨៣២នាក់) ត្រូវ​​បង្ខំ​​ចិត្ត​​ជម្លៀស​​ចេញ​​ពី​ផ្ទះ។

អគ្គនាយក​នៃ​អាជ្ញាធរជាតិ​ព្រះវិហារ លោក​ គង់ ពុទ្ធិការ ប្រាប់​វីអូឌី​នៅ​ថ្ងៃ​ទី​១២ ខែ​មករា​​ថា​ ដំណាក់​កាល​​ដំបូង​នេះ ក្រសួង​​វប្បធម៌​បន្ត​​ប្រមូល​​ចង​​ក្រង​​ឯកសារ​ខូចខា​ត​​ប្រាសាទ​​ព្រះ​វិ​ហារ​ និង​​តំបន់​​បេតិកភណ្ឌ​​ជាតិ​​ផ្សេង​​ទៀត ដែល​​រងគ្រោះ​ទាំង​ពីរ​លើក ក្នុង​ឆ្នាំ​២០២៥កន្លង​ទៅ​នេះ។

លោក​បន្ថែម​ថា ក្រសួងវ​​ប្បធម៌ ​ក្នុង​នាម​រដ្ឋាភិបាល​បាន​​ស្នើ​ឱ្យ​អង្គការ​​យូណេស្កូ​​ពិនិត្យ​​ បញ្ជូន​អ្នក​ជំនាញ​​​ពិនិត្យ​​និង​វាយ​​តម្លៃ​ពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ។

លោកថា៖ «អ្វី​ដែល​យើង​​បាន​ដាក់​ទៅ​យូណេស្កូ​ គឺ​​យើ​ង​​បាន​​ដាក់​​​ជា​​របាយ​​ការណ៍​​បច្ចេក​​ទេស អំពី​ការ​ខូចខាត និង​​សូម​ឱ្យ​​មាន​ការ​ជួយ​ផ្នែក​បច្ចេកទេស​ និង​​វាយ​តម្លៃ​ ដើម្បី​​រៀបចំ​ផែនការ​ស្តារ​ប្រាសាទ​ព្រះ​វិហារ​របស់​យើង។ យើង​​កំពុង​ធ្វើការ​ជាមួយ​អង្គការ​យូណេស្កូ​ ដើម្បី​សម្រប​សម្រួល​ឱ្យ​មាន​ការ​ចុះពិនិត្យ​ វាយ​ពិនិត្យ ​វាយ​តម្លៃ​ ជាក់​ស្តែង​​របស់​​អ្នក​ជំនាញ​ការ​​អន្តរជាតិ​នេះ នៅ​​ប្រាសាទ​ព្រះវិហារ​នៅ​ពេល​វេលា​ណា​មួយ»

របាយ​ការណ៍​អាជ្ញាធរជាតិ​ព្រះវិហារ​ បាន​ចងក្រង​ពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ ចាប់ពីថ្ងៃទី៧ ដល់​ថ្ងៃ​ទី២៧ ខែធ្នូ ឆ្នាំ​២០២៥ គឺ​ធ្ងន់ធ្ងរ​ជាងលើកទី១ កំឡុង​ខែ​​កក្កដា ឆ្នាំ​២០២៥ ដោយ​ផ្អែក​ភស្តុតាង​​រូបថត និង​វីដេអូ​ដែល​ប្រមូល​​ដោយ​​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ ក្នុង​អំឡុង​ពេល​បេសកកម្ម​ចង​ក្រង​ឯកសារ​នា​ថ្ងៃ​ទី២៨ ខែធ្នូ ឆ្នាំ២០២៥ ។

លើស​ពី​នេះ ​សំណង់​ស្ថាបត្យកម្ម​សំខាន់ៗ​​ស្ទើរ​តែ​ទាំង​អស់​នៃ​​ប្រាសាទ​ ចាប់​ពី​​គោបុរៈ​ទី១ ដល់​​គោបុរៈ​ទី៥ រួម​ទាំង​ស្ពាន​​ហាល​​តភ្ជាប់​​ទាំង​អស់ ​និង​ជណ្ដើរ​បុរាណ​ខាង​​ជើង​ ​រង​ផល​ប៉ះពាល់​​ធ្ងន់ធ្ងរ។ ការ​ខូចខាត​ទាំងនេះ ​គឺ​បណ្តាល​មក​​ពី​​ការ​​ផ្លោង​​គ្រាប់​​ធុនធ្ងន់​​ម្ដង​ហើយ​​ម្ដង​​ទៀត និង​ការ​ទម្លាក់​គ្រាប់​បែក​ពី​លើ​អាកាស​ចេញ​ ដោយ​យន្ត​ហោះ​គ្មាន​មនុស្ស​​​បើក​ (Drone)​ និង​យន្ត​ហោះ​ចម្បាំង​បាន​បាញ់​សំដៅ​ផ្ទាល់​ មក​លើ​តំបន់​បេតិកភណ្ឌ​ពិភព​លោក​​ប្រាសាទ​ព្រះវិហារ។

ទង្វើ​នេះ ​ធ្វើ​ឱ្យ​រាំងស្ទះ​ដល់​សកម្មភាព​អភិរក្ស និង​ជួសជុល​ប្រចាំ​ថ្ងៃ​ក្រោម​គម្រោង​​​សហប្រតិបត្តិការ​​អន្តរ​ជាតិ ក៏​ត្រូវ​​ទទួល​​រង​ការ​ខូចខាត​ទាំង​ស្រុង។

ជុំវិញ​រឿង​នេះ ​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត​ គាំទ្រ​ចំណាត់​ការ​របស់​ក្រសួង​វប្បធម៌​ ​ដោយ​ចាត់​​ទុក​​ថា ជា​ទម្រង់​នៃ​ឯកសារ​ដាក់​បន្ទុក​ឱ្យ​ថៃ​ដែល​ជា​ជន​បង្ក​ឈ្លានពាន​​កម្ពុជា ​រំលោភ​ច្បាប់​អន្តរជាតិ​ទាំង​កំរោល ឱ្យ​​ទទួល​ខុសត្រូវ​ក្រោម​បន្ទាត់​ច្បាប់​អន្តរជាតិ។

លោក​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្តឹង​ថៃ ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ និង​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ ICC បន្ត​ទៀត​។

លោក ម៉ែន ណាត និយាយ​ថា៖ «អ្នក​ដែល​កាត់​ទោស​ឱ្យ​ថៃ​សង​​ការ​ខូចខាត​បាន​ វា​មាន​​តុលាការ​២ នៅ​ឡាអេ គឺ ICC និង ICJ ពាក់ព័ន្ធ​សម្បត្តិ​​វប្បធម៌​ប្តឹង ICJ គេ​អាច​កាត់​ក្តី​ទទួល​យុត្តិធម៌​បាន តាម​ច្បាប់​អន្តរជាតិ»

ក្រសួង​វប្បធម៌​កម្ពុជា ​ទាមទារ​ឱ្យ​មាន​ការ​សិក្សា​​លម្អិត លើ​ការ​ខូចខាត​​ថ្មីៗ លក្ខណៈ​​បច្ចេក​ទេស​ និង​​រៀបចំ​ផែន​ការ​​ជួស​ជុល​​ឡើង​​វិញ ដោយ​​លទ្ធផល​​សិក្សា​កន្លង​​មក ​មិន​​អាច​​យក​​មក​​​​ប្រើ​ប្រាស់​​បាន​​ទេ​ ដោយ​​សារ​​ការ​​ខូច​ខាត​ថ្មីៗ។ រីឯ​​​ការ​​វាយ​​ប្រហារ​​ទាំង​​ពីរ​​លើក​​របស់​យោធា​ថៃ​ មក​លើ​ប្រាសាទ​ព្រះវិហារ ធ្វើឱ្យ​សំណង់​ស្ថាបត្យកម្ម និង​រចនា​សម្ព័ន្ធ​​បាន​​ជួសជុល​ឡើង​វិញ សិលា​ចារឹក​ អគារ​អភិរក្ស និង​បរិក្ខារ​បច្ចេក​ទេស​នានា​ត្រូវ​បាន​បំផ្លាញ នាំ​ឱ្យ​ខូច​ខាត​​ធ្ងន់​ធ្ងរ រារាំង​ដល់​ដំណើរការ​អភិរក្ស​របស់​ស្ថាប័ន​ជាតិ និង​ដៃគូ​អន្តរជាតិ។

ក្រសួង​វប្បធម៌ ​អំពាវនាវ​ឱ្យ​មាន​ការ​គោរព​ច្បាប់​អន្តរជាតិ និង​អនុសញ្ញាទីក្រុងឡាអេឆ្នាំ​១៩៥៤ ស្តី​ពី​ការ​ការពារ​សម្បត្តិ​​​វប្បធម៌​​ក្នុង​ពេល​មាន​ជម្លោះ​ប្រដាប់​អាវុធ និង​ពិធីសារ​ទីពីរ ឆ្នាំ១៩៩៩ ព្រម​ទាំង​ច្បាប់​មនុស្សធម៌​អន្តរជាតិ ភ្ជាប់​​រដ្ឋ​ភាគី​ទាំង​អស់​ឱ្យ​គោរព​ និង​ការពារ​បេតិកភណ្ឌ​វប្បធម៌​ដែល​មាន​តម្លៃ​ជា​សកល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ