អតិថិជនគំរាមទម្លាយ​រឿង​អាស្រូវ ឧកញ៉ា ឡេង ណាវ៉ាត្រា ដែល​​ថា​បា​ន​យក​លុយ​គ្រប់​តែ​មិន​សង់​ផ្ទះ​ឱ្យ

ក្រុម​អតិថិជន​ទិញ​​​ផ្ទះ​នៅក្រុ​ម​​ហ៊ុន​ ឡេង ណាវ៉ាត្រា ប្រកាស​​ចេញ​​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ជា​ថ្មី​ទៀត​នៅ​រាជធានី​ភ្នំពេញ ឱ្យ​ឧកញ៉ា​ស្និទ្ធ​មេដឹក​នាំរូ​ប​នេះ ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​លើ​កិច្ច​សន្យា​ទិញ លក់ ខណៈ​​អតិថិ​ជ​​ន​​ខ្លះ​ខ្ចី​លុយ​​ធនាគារ​​​ទិញ​ផ្ទះ​​បង់​លុយ​​គ្រប់​​៥ឆ្នាំ​ តែ​​ក្រុម​​ហ៊ុន​គ្មាន​​ផ្ទះ​​​ឱ្យ​ធ្វើ​​ឱ្យ​​ញាំ​​ញី​​​ដោយ​​វិបត្តិ​បំណុល​​ធ្ងន់​​ធ្ងរ​​ច្រើន​​ឆ្នាំ​​ទៅ​​នេះ។

អតិថិជនម្នាក់ លោក រ៉ា វុធ ប្រាប់​VOD នៅ​ថ្ងៃ​ទី​១២ ខែ​មករា ​នេះ​ថា ក្រុម​អតិថិជននឹ​ង​តវ៉ា​ទ្រង់​ទ្រាយ​ធំ​ជា​ថ្មី​នៅ​មុខ​ក្រសួង​រៀបចំ​ដែន​ដី នៅ​ថ្ងៃ​ទី​១៥ ខែ​មករា ដែល​មាន​អ្នក​ចូល​រួម​ប្រមាណ​១០០​នាក់ និង​ឈាន​ទៅ​បិទ​ផ្លូវ​នៅ​មុខ​ក្រសួង​ដែន​ដី​ផង​ដែរ បើ​នៅ​តែគ្មា​ន​ដំណោះ​ស្រាយ។

លោកថា បច្ចុប្បន្នក្រុមហ៊ុននៅតែគេចវេសមិនសងលុ​យ និង​ប្រើ​ល្បិច​ដោះ​ដូ​រដី​ និង​ផ្ទះ​ឱ្យ​អតិថិជន​ដដែល​ទោះ​ជន​រង​គ្រោះ​តវ៉ា​ច្រើន​ដង​ក្តី។

លោកថា៖ «ដំណោះស្រាយគាត់នៅតែ ប្រើវិធីសាស្រ្តមួយ គឺឲ្យអតិថិជន​ណាគា​ត់​ចង់​បាន​ផ្ទះ​លឿន! ឲ្យ​គាត់​ត្រូវ​ធ្វើ​ដោ​យ​​ខ្លួន​ឯង​ ហើយ​នឹង​ការ​ដូរ​យ​ក​ដី។ អ៊ីចឹង​អតិថិជន​មួយ​ចំនួន​ធំ​គាត់​អត់​មាន​លទ្ធ​ភាព​ក្នុង​ការ​ធ្វើ​ផ្ទះ ដោយ​ខ្លួន​​ឯង! ករណី​បើ​សិ​ន​ជាយើ​ង​ដូរ​ទៅ​ខាង​មុខ​ផ្ទះ​ផ្សេង! អាហ្នឹង ត្រូវ​ថែម​លុយ​ចន្លោះពី​៧​ពា​ន់ ទៅ​ដល់ ១ម៉ឹន។ ​តែ​បើ​​សិ​ន​​ជាគា​​ត់ថា​យក​ផ្ទះ​ធ្វើ​ខ្លួន​ឯងអាហ្នឹង​អត់​ថែម​លុយ​ទេ តែយើង​កាត់​សំណង កិច្ច​សន្យា​ហើយ​ធ្វើ​ដោយ​ខ្លួន​ឯង ហើយ​គាត់​ឲ្យ​កាត់​យក​ដី។ ដីនោះ​មា​ន២ទីតាំង គឺ​ទីតាំង​នៅ​៦អាមួយ! ហើយ​នឹង​ទីតាំង​នៅ​ខាង​ព្រែក​ប្រាសព្វ​មួយ។ ទីតាំង​ព្រែក​ប្រសព្វ​គឺ​វានឹង​បាត​បឹង​នៅ​ឡើយ ! ហើយ​៦អា ទីតាំង​ខ្លះវា​នៅ​​​ជា​ដី​ ហើយ​ទីតាំង​ខ្លះវា​ជា​ដី​គោក»។

បើតាម លោក រ៉ា វុធ ការតវ៉ានេះទាមទារឱ្យក្រុមហ៊ុន ឡេង ណាវ៉ាត្រា ចាក់ដី​ឱ្យ​ពេញ​នៅ​ខែ​មករា ឆ្នាំ​២០២៦ ជា​កំហិត នៅ​ប្លុក C E1 & E0 (RA)។

មួយវិញទៀត ការរំកិលអតិថិជនប្លុក​ខាង​លើម​ក​ជុំ​គ្នា មិន​ត្រូវ​ថែម​លុយ​ទេ និង​រក្សា​កិច្ច​សន្យា​ចាស់​នៅ​ដដែល ហើយ​នៅ​ខែ​កុម្ភៈ ឆ្នាំ​២០២៦ ក្រុម​ហ៊ុនត្រូ​វ​បុក​គ្រឹះ និង​សង់​ផ្ទះ​គ្រប់​ប្លុក​ទាំង​អស់ រួម​ទាំង​ចាក់​ដី​នៅ​គម្រោង​ជ្រែ​១០០ ជា​កំហិ​ត​ផង​ដែរ។

លោកបានស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍បន្ទាន់​ចំពោះករណី​នេះ ដោយ​ថា អតិថិជន​ជាច្រើន​កំពុង​ជាប់​វិបត្តិ​បំណុល​វ័ណ្ឌ​ក ក្រោយ​ខ្ចី​លុយ​ធនាគារ​ទៅ​ទិញ​អចលន​​ទ្រព្យ​នៅ​ក្រុម​ហ៊ុន​ឡេង ណា​វ៉ាត្រា ខ្លះដ​ល់​៦​ឆ្នាំ​ហើយ តែ​ក្រុម​ហ៊ុន​គ្មាន​ផ្ទះ​ឱ្យ​នោះ​ទេ។

លោកថា​៖ «ក្នុងនាមខ្ញុំជាអតិថិជនរងគ្រោះមួយរូប! ខ្ញុំស្នើសុំទៅដល់ក្រសួង​ដែន​ដី នគរូប​នីយ​កម្ម និង​សំណង់ ដែល​​ជា​​សេនា​ធិការ​របស់​រដ្ឋាភិ​បាល ហើយ​នឹង​រាជ​រដ្ឋាភិបាល សូម​សំណូមពរ​ឲ្យ​ជួយ​ដាក់​សម្ពាធ​ទៅ​លើ​ខាង​ភាគី​បុរី​ដី ឡេង ណាវ៉ាត្រា ​ឱ្យ​គាត់បំ​ពេញ​កាតព្វ​កិច្ច​ឲ្យ​លឿន​បំផុត ពីព្រោះអី​អ​តិថិជន​មួយៗ ក្នុង​ការ​ទិញ​ផ្ទះ​នេះ! ទិញ​ដី​នេះ​វា​រយៈ​ពេល​៤ ទៅ​៥ ទៅ៦ឆ្នាំ​ហើយ។ ហើយ​ដូច​ទីតាំង​ផ្ទះ​ខ្ញុំ​ឥឡូវ​នេះ​ឡាន ទើប​បាន​ដក​ចេញ​តែ​ម្តង។ ពេល​ប្រជុំ​ខាង​ភាគី​ថៃ​គេ​សន្យា​ថា​មាន​ឡាន​ចាក់​ដី​នៅ​ទី​តាំង​នៅ​ប្លុក C E1 & E0 (RA) ចាក់​បន្តិច​ក៏ដក​ឡាន​ចាក​ចេញ​វិញ! ឥឡូវ​តាម​ស្ថា​ន​ភាព​នៅ​ប្លុក C E1 & E0 (RA) របស់​ខ្ញុំ​គឺ​សូន្យ​តែ អត់​មាន​សកម្ម​ភាព​ម៉ង»។

បន្ថែម​លើ​នេះ ថ្មីៗនេះ​ក៏មា​ន​ការ​ចែកចាយវីឌីអូលើបណ្តាញសង្គម​ហ្វេស​ប៊ុក ដែល​ទាហាន​ម្នាក់​និយាយ​ក្នុង​កិច្ច​ប្រជុំ​មួយ​ស្នើ​​ឲ្យ​បុរី ឡេង ណា​វ៉ាត្រា សង់​ផ្ទះឱ្យ​ខ្លួ​ន​ដើម្បីលោ​ក​អាច​មាន​ផ្ទះ​រស់​នៅ​សមរម្យ ខណៈ​បច្ចុប្បន្ន​លោក​កំពុង​ជួល​ផ្ទះគេ​​ស្នាក់​នៅ និង​កំពុង​ជាប់​បំណុល​ធនាគារ​ផង​ដែរ។

លោកថា៖ «គិតមើលទៅ​ ខ្ញុំរាល់ថ្ងៃ​ជួល​ផ្ទះ​គេ​មួយ​ខែ ៥០ (ដុល្លារ) ទឹក​ភ្លើង​អីខ្លះ។ ប្រាក់​ខែទាហាន​បើក​មក​សង​ធនាគារ អង្គ​ការ​អេស៊ីលីដា ឯកសារ​មាន​ជំពាក់​ធនាគារ​ប៉ុន្មានៗ​បង់! ហើយ​លុយ​យក​ប​ង់​ផ្ទះ​អស់​រលីង។ សុំ​និយាយ​បន្តិច! អត់​ទាន់​បាន​៥នាទី​ទេ! គិ​ត​មើល​ទៅ ខ្ញុំ​ទាហ៊ាន ឥលូវ​កំពុង​មានបញ្ហា​នៅ​ព្រំដែន ឥលូវ​ខ្ញុំសុ​ខ​ចិត្ត​ឱ្យ​មេ​ខ្ញុំ​ដាក់​ឈ្មោះខ្ញុំ​ទៅ​​ព្រំដែន​ ដើម្បី​វាយ​ជាមួយ​ថៃ ខ្ញុំ​ខឹង​​ថៃ​ណាស់»។ 

ជុំវិញរឿងនេះ VOD មិនទាន់អាចសុំការឆ្លើយតបពី​អ្នកនាំ​ពាក្យ​ក្រសួង​រៀបចំ​ដែន​ដី នគររូប​នីយ​កម្ម និង​សំណង់ លោក សេង ឡូត។

យ៉ាង​ណា ឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះសារលើទំព័រ​ហ្វេស​ប៊ុក នៅ​ថ្ងៃ​ទី​១០ ខែ​មករា ដោយ​បង្ហាញ​ពី​លទ្ធផល​ដោះ​​ស្រាយ​​រឿង​ដី និង​ផ្ទះ ឱ្យ​អតិថិជន​បាន​មួយ​ចំនួន និង​បង្ហាញ​ជំហរ​ឈរ​លើ​គោល​ការណ៍​សង់​បញ្ចប់​ជូន​អតិថិជន​ឱ្យ​បាន​១០០​ភាគ​រយ ។

ប្រភពដដែល​ថា បុរីឡេង ណាវ៉ាត្រា មានផ្ទះសង់ហើយ​ខ្លះ​សម្រាប់​ជជែក​ដោះ​ស្រាយ​ដោះ​ដូរ​និង​គណនា​ថែម​ថយ​តាម​តម្លៃ​ជាក់​ស្ដែង ហើយ​បុរី​ឡេង ណា​វ៉ាត្រា ក៏​មាន​ជា​ជម្រើស​ជជែក​ជូន​អតិថិជន ដោយ​ឈរ​លើ​គោល​ការណ៍​មិន​ឲ្យ​ខាត​បង់​នៅ​អត្ថ​ប្រយោជន៍​ឡើយ។

យ៉ាង​ណា សម្រាប់ប្រធានអង្គការប្រជាធិតេយ្យខ្មែរប្រចាំប្រទេសអូ​ស្រ្តាលី លោក ស៊ឹង សែនករុណា សង្កេត​ឃើញ​ថា មិន​មែន​តែ​រឿង​ឧកញ៉ា​ ឡេង ណា​វ៉ាត្រា នេះ​ទេ នៅ​មា​ន​ក្រុម​ហ៊ុន​ឧកញ៉ា​ផ្សេងៗ​ទៀត​ដែរ ក៏​អ្នក​រង​គ្រោះ​នៅមិ​ន​ទាន់​មាន​ដំណោះ​ស្រាយ​ដូច​គ្នា ដែល​ជា​ជំងឺ​សង្គម​រាំរៃ​យូរមក​ហើយ និង​ធ្វើ​ឱ្យ​ពលរដ្ឋកាន់​តែ​ជួ​ប​វិបត្តិជី​វភាព​ធ្ងន់​ធ្ងរ។  ​

យ៉ាងណា លោកជំរុញឱ្យរដ្ឋាភិបាលពន្លឿនរកយុត្តិធម៌ឱ្យជនរង​គ្រោះ ឱ្យបាន​ឆាប់ ដើម្បី​បញ្ចៀស​វិបត្តិ​សង្គម និងកុំ​ឱ្យ​រ​ង​ការ​ចោទ​ថា​ឧកញ៉ា​ឆបោក និ​ង​រដ្ឋាភិបាល​ជា​ក្រុម​តែ​មួយ។

លោកថា៖ «យើងទទួចទៅដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសមេដឹកនាំដែល​មាន​ឥទ្ធិព​ល​មាន​អំណាច​ហ្នឹង! ត្រូវ​ធ្វើកិច្ច​អន្តរា​គមន៍​ជា​បន្ទាន់ ក្នុង​ការ​ដោះ​ស្រាយ​ជូន​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​រង​គ្រោះ​ កំពុង​តែ​ទាម​ទារ​តវ៉ា​ទាំង​អស់​ហ្នឹង បើ​មិន​អ៊ីចឹង​ទេ​អ្វីៗ​ទាំង​អស់​នេះ ប្រជាពលរដ្ឋ​អាច​នឹង​ចាត់​ទុក​ថា​ករណី​ហ្នឹង នឹង​មាន​អ្នក​ពាក់​ព័ន្ធ​ជា​អ្នក​មាន​អំណាច​​នៅ​ជា​ខ្នង​បង្អែកពីក្រោយ ឬ​ក៏​សមគំ​និត​ជាមួយ​ទៅនឹ​ង​ក្រុម​ឧកញ៉ា​ទាំង​អស់​ហ្នឹង ការ​ពារ​ក្រុម​ឧកញ៉ា​ទាំង​អស់​ហ្នឹង»។ 

កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ប្រធានគណបក្សកាន់​អំណាច លោក ហ៊ុន សែន ធ្លាប់​​បញ្ជាក់​​លើ​ហ្វេស​ប៊ុក​​ខ្លួន​​ចង់​​ឱ្យ​​ឧកញ៉ា ឡេង ណាវ៉ាត្រា ឈរ​​ឈ្មោះ​ជា​​បេក្ខភាព​​ប្រធាន​​សមាគម​​សិល្បករ​ខ្មែរ តែ​​ដោយ​​សារ​​ឧកញ៉ា​​រូប​​នេះ មាន​​រឿង​​អាស្រូវ​​បោក​​អតិថិជន​​ករណី​​លក់​​ដី និង​​ផ្ទះ លោក ហ៊ុន សែន ក៏​ប្តូរ​ចិត្ត​វិញ។

ក្រុមហ៊ុន​ឧកញ៉ា ឡេង ណាវ៉ាត្រា ធ្លាប់បានទទួលសិទ្ធិអភិវឌ្ឍន៍​​នៅតំប​ន់ភ្នំ​តាម៉ៅ និង​​បាន​កាប់​​បំផ្លាញ​​ព្រៃឈើ​​សេស​​​សល់​​ចុង​​ក្រោយ​​នៅ​​តំបន់​​នោះ ក្រោយ​​មក​​ប្រជាពលរដ្ឋ​​បាន​​ទាម​ទារ​​ឱ្យ​​អតីត​​នាយករដ្ឋ​មន្រ្តី លោក ហ៊ុន សែន កាត់​​ទោស​​ម្ចាស់​​ក្រុម​​ហ៊ុ​ន​​នោះ ​ដាក់​​ពន្ធនា​គារ​​តាម​​ផ្លូវ​​ច្បាប់។

ប៉ុន្តែ​លោក ហ៊ុន សែន ពេលនោះថ្លែងការពារ​ថា បើចង់ចាប់​ម្ចាស់ក្រុ​មហ៊ុ​ន​នោះ​​ពន្ធនាគារ គឺ​មាន​​​តែ​​ចាប់​​រូប​​លោក​​ដាក់​​គុក​​ដែរ។

លោកថា៖ «ត្រូវកាត់ទោសអ្នកបំផ្លាញ​ព្រៃអភិរក្សភ្នំតាម៉ៅ និង​អ្នក​ស៊ី​ញេ​ផ្តល់​​សិទ្ធិ! អើ​នាង​អើយ ទៅ​​កាត់​​ទោស កាត់​​ទោស​​អញ​ម៉ង!»។

ព្រះមហាក្សត្រកម្ពុជា បានចេញព្រះរាជ្យក្រឹត្យស្តីពីគោរម្យងាឧកញ៉ា​នៅថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​២០២៤​​នេះ តម្រូវ​ឱ្យ​លោក​អ្នក​ឧកញ៉ា អ្នក​ឧកញ៉ា និង​ឧកញ៉ា ត្រូវ​គោរព​រដ្ឋ​ធម្ម​នុញ្ញ ច្បាប់ និង​លិខិត​បទ​ដ្ឋាន​គតិ​យុត្ត​នានា​​រប​ស់​​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា ប្រកាន់​​ខ្ជាប់​​នូវ​​សីលធម៌​​ល្អ​​ប្រកប​​មុខ​​របរ​​ស្រប​​ច្បាប់ និង​ចៀស​វាង​សកម្មភាព​​ណា ដែល​​ធ្វើ​​ឱ្យ​ប៉ះ​ពាល់​​ដល់​​កិត្តិយស និង​​សេច​ក្តី​ថ្លៃ​ថ្នូរ​​របស់​គោរមងារ​​​ឧកញ៉ា។

ប៉ុន្តែបើមើលករណីឧកញ៉ា ឡេង ណាវ៉ាត្រា បំពានកិច្ចសន្យាទិញលក់ផ្ទះច្រើន​ឆ្នាំ​​ទៅ​​នេះ គ្មាន​​ចំណាត់​​ការ​​ច្បាប់​​ទេ ដែល​ជាម​ន្ទិល​ថា មាន​លោក ហ៊ុន​​ សែន ជា​ខ្នង​​បង្អែក ទើប​​​ធ្វើ​ឱ្យ​​​ចំណាត់​ការ​​ផ្លូវ​​ច្បាប់​​ត្រូវ​​ជាប់​​គាំង​​ច្រើន​​ឆ្នាំ​​បែប​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ