អ្នកតាមដានថាមេដឹកនាំគ្មានសមត្ថភាព​ការពា​រទឹ​ក​ដី​គួរ​ចុះចេញ​​ពី​តំណែង​កុំ​ឱ្យ​កម្ពុជា​រង​គ្រោះ​តជំនាន់

អ្នក​តាម​ដាន និង​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និយាយ​ប្រហាក់​ប្រហែល​គ្នា​ថា មេដឹក​នាំ​ដែល​គ្មានសមត្ថ​ភាព​កា​រ​ពា​រ​​បូរណ​ភាព​ទឹក​ដី និង​សេចក្តី​សុខ​ពលរដ្ឋ គួរ​លាលែង​ចេញ​ពីតំ​ណែង ដើម្បី​កុំ​ឱ្យ​​កម្ពុជា​ ជួប​វិនាស​កម្ម​តជំនាន់ នា​សតវត្សរ៍​ទី​២១​នេះ។

ពួក​គេសំ​អាង​ថា ការ​ដឹក​នាំប​ច្ចុប្បន្ន ចាក់​ស្រែះ​ដោយ​អំពើ​ពុក​រ​លួយ រារាំង​ដល់​ការ​ធ្វើ​ទំនើប​កម្ម​វិស័យ​កង​ទ័ព ដើម្បី​​ឆ្លើយ​តប​ទៅ​នឹង​សត្រូវ​ឈ្លាន​ពាន ក្នុង​បុព្វ​ហេតុ​ការ​ពារ​ទឹក​ដី ដែល​ធ្វើ​ឱ្យ​ថៃ​ឈ្លាន​ពាន​បានតាម​ទំនើង​ចិត្ត និង​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​ម៉ឺន​នាក់ រស់​នៅ​ក្នុ​ងភា​ព​ភ័យ​ខ្លាច បាត់​បង់​ភូមិ​ឋាន និង​ផ្ទះ​សម្បែង​ ក្រោយ​ថៃ​ឈ្លាន​ពាន​ថ្មីៗ​នេះ។

កាលពីថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២៦ ពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលដឹកនាំដោយ​លោក សម រង្ស៊ី បាន​ប្រមូល​ផ្តុំ​គ្នា ធ្វើ​បាតុកម្ម​​នៅទី​ក្រុង​ឡង​ប៊ិច សហរដ្ឋ​អាមេរិក ដើម្បី​ប្រឆាំង​នឹង​ការ​ឈ្លាន​ពាន​របស់​យោធា​ថៃ មក​លើ​ដែន​អធិប​តេយ្យ​កម្ពុជា។

ក្រុមអ្នកតវ៉ាអះអាងថា បាតុកម្មនេះ ក្នុងគោលបំណង​ជំរុ​ញឱ្យមេដឹកនាំ​កម្ពុជា ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ ICJ ដើម្បី​ទាម​ទារ​ទឹក​ដី​ខ្មែរ​ចំនួន​៣៥​ទីតាំង​មក​វិញ និង​ប្តឹង​ថៃ​ទៅតុ​លាការ​ព្រហ្ម​ទណ្ឌ​អន្តរជាតិ ICC ព្រម​ទាំង​ប្តឹង​​ទៅ​ហត្ថលេ​ខី​នៃ​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១ ជាពិសេស​ប្តឹង​ទារ​សំណង​ពី​ថៃ​ទៅតុ​លាការ​អន្តរ​ជាតិ ជុំវិញ​​ថៃធ្វើ​ស​ង្គ្រាម​បង្កវិ​នាស​កម្ម​ដល់​ពលរដ្ឋ​កម្ពុជា។

អំឡុងធ្វើបាតុកម្មនោះ ប្រធានចលនាជាតិតស៊ូ លោក សម រង្ស៊ី បានថ្លែងសារ​ថា បើមេដឹកនាំ​ខ្មែររូប​ណា អាច​ការ​ពារ​និង​ទាម​ទារ​ទឹក​ដី​ខ្មែរ​បាន លោក​គាំទ្រ ប៉ុន្តែ​ថា បើ​មេដឹកនាំ​រូប​ណា​ធ្វើ​បាត់​បង់​ទឹក​ដី​ដូន​តា​ខ្មែរ​ ត្រូវ​ចុះចេ​ញ​ពី​អំណាច ជាពិសេស​គឺ​មេដឹកនាំ​គ្រួសារ​ហ៊ុន​តែម្ត​ង គួរ​តែ​ចុះ​ចេញ​ពី​តំណែង។

លោកថា៖ «បើរដ្ឋាភិបាលណាអាចបញ្ចប់សង្រ្គាម ហើយទាមទារដី​យើង​មក​វិញ​ដោយ​សន្តិ​វិធី យើង​នឹង​គាំទ្រ តែ​បើ​រដ្ឋាភិបាល​ណាដែ​ល​មិន​អាច ឬ​មួយ​មិន​ចង់ មិន​ចេះ​បញ្ច​ប់​សង្រ្គាម ហើយ​ស្រឡាញ់​អំណាច​ខ្លួន ជាង​អំណាច​ទឹក​ដីជា​តិ បណ្តោយ​ឱ្យ​បរទេស​ឈ្លាន​ពាន គ្រប់​គ្រង​ទឹក​​ដីយើង ឱ្យយើ​ង​បាត់​ប​ង់​ទឹក​ដី ហើយ​ខ្លួន​នៅ​តែក្រា​ញ​អំណាច​នៅ​ទីក្រុង​ភ្នំពេញ អ្នក​ដឹក​នាំ​ក្បត់​ជាតិ​បែប​នេះ ត្រូវ​តែ​ចុះ​ចេញ ហ៊ុន សែន អើយ ចុះ​ទៅ»។

ជុំវិញបញ្ហានេះ លោក​ អ៊ុំ​ សំអាន ដែលបានបង្ហាញវត្តមាន​​ក្នុងបាតុកម្មនោះ​ដែរ ប្រាប់VO​D​នៅថ្ងៃ​ទី​១២​ ខែ​មករា​នេះ​ថា នាយករដ្ឋ​មន្ត្រីក​ម្ពុជា លោក ហ៊ុន ម៉ាណែត ដឹក​នាំប្រ​ទេស​ធ្វើ​បាត់​ទឹ​​កដី​ទៅ​ប្រទេស​ថៃ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ តាម​ក្រម​ព្រហ្ម​ទណ្ឌមា​ត្រា៤​​៤០ គឺ​ទោស​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​គុក​មួយ​ជីវិត។

លោកបញ្ជាក់ថា​ បើមេដឹកនាំកម្ពុជា គ្មានសមត្ថភាពទាមទារ ឬការពារទឹកដីបុព្វបុរស​ខ្មែរ​ទេ​ ត្រូវ​ចុះ​ចេញ​ពី​តំណែង ដើម្បី​ឱ្យ​មេដឹក​​នាំថ្មី​ម​ក​ដឹក​នាំ​ជំនួស ក្នុង​ការ​ពារ​និង​ទាម​ទារ​ទឹកដីខ្មែរដែលថៃឈ្លានពាន។

លោកថា៖ «កាលដែលយើងទាមទារឲ្យ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ចុះចេ​ញ​ពី​តំណែង​ដោយ​សារ​តែ​យើង​ដឹង​ហើយ​ ត្រកូល​ហ៊ុន​បាន​ធ្វើ​ឲ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​យើង​ចំនួន​៣៥​ទីតាំង ទៅ​ថៃ ហើយ​យើង​មើល​ទៅ​ទាំង​លោក ហ៊ុន សែន ហ៊ុន ម៉ាណែត ហ្នឹង​គឺ​អត់​មាន​សមត្ថ​ភាព​ដើម្បី​ទាម​ទារ​ទឹក​ដី​ចំនួន​៣៥​ទីតាំង​ត្រឡប់​មក​វិញ​នោះ​ទេ ហើយ​ក៏​មិន​​ព្រម​ប្ដឹង​ថៃ​ទៅកា​ន់​តុលាការ​យុត្តិធម៌​អន្ដរ​ជាតិ​អាយ.ស៊ី.ជេ ឬ​មិនបាន​ប្ដឹង​ថៃ​ទៅកា​ន់ស​ហ​ប្រធាន​នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុង​ប៉ារីស​ឆ្នាំ១​៩៩១ ដើម្បី​ទាម​ទារ​ទឹក​ដី​ហ្នឹង​មក​វិញ​ដែរ»។

សម្រាប់លោក អ៊ុំ សំអាន បានរៀបរាប់ថា ក្រោយសង្រ្គាមសៀមឈ្លានពាន ២១ថ្ងៃកន្លង​មក​នេះ លោក ហ៊ុន ​ម៉ាណែត បាន​ធ្វើ​ឱ្យ​បាត់​ដីខ្មែ​រ​ ៣៥​ទីតាំង រួម​មាន ប្រាសាទ​តាមាន់​ធំ ប្រាសាទ​តាមាន់​តូច ប្រាសាទ​តាក្រ​បី ប្រាសាទ​​​ខ្នារ ភ្នំទ្រព្យ ច្រក​អាន​​សេះ ភូមិ​​ជោគ​​ជ័យ ភូមិ​​​ព្រៃ​ចាន់ ផ្ទះ​​បីខ្នង អូរ​ភ្លុក​​ដំរី ថ្មដា​ ខេត្តពោធិសាត់ អូរស្មាច់ និងតំបន់បឹងត្រកួនខេត្តបន្ទាមានជ័យជាងភូមិ៤ ជាដើម។ល។

លោកអះអាងថា កំហុសឆ្គងទាំងអស់នេះ បើមេដឹកនាំកម្ពុជា​ចេះ​ខ្មាស់​អៀន និ​ងមាន​ឆន្ទៈ​មនសិការ​ស្រឡាញ់​ជាតិ ស្រឡាញ់​ទឹក​ដី និង​ប្រជាជាតិ​ខ្មែរ គួរ​តែ​ខ្មាស់​ពលរដ្ឋ ហើយចុះចេញពីតំណែង។

លោកថា៖ «ប្រសិនបើមេដឹកនាំដែលមានមនសិការជាតិ ស្រឡាញ់​ទឹក​ដី​ហ្នឹង នៅ​ពេល​ដែល​ខ្លួន​ឯង​មិន​អាច​ទាម​ទារ​ទឹក​ដី​ចំនួន​៣៥​ទីតាំង​មក​វិញ​ទេ គាត់​គួ​រ​តែ​ចុះ​ចេញ​ទៅ​ បើ​ដើម្បី​បង្ហាញ​ពី​ការ​ស្រឡាញ់​ទឹកដី​ ដើម្បី​ឲ្យ​អ្នក​ផ្សេង​​ដែល​មាន​សតម្ថ​ភា​ព​ហ្នឹង​ គេមិ​ន​ជំពាក់​គុណ​វៀត​ណាម​ គេ​មិន​ស្រឡាញ់​អំណាច​ជាធំ​ហ្នឹង គេអា​ច​ទាម​ទារ​ទឹក​ដី​ហ្នឹង​បាន​មក​វិញ អាហ្នឹង​បើ​សិ​ន​ជា​មេដឹក​នាំ​ដែល​ស្រលាញ់​ប្រជា​ពលរដ្ឋ​ស្រឡាញ់​​ទឹក​ដី»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធារឹទ្ធិ ប្រាប់VODថា លោក​មិន​ចង់​ឆ្លើយ​តប​នឹង​ក្រុម​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ចុះ​ចេញ​ពីតំ​ណែង​នេះ​ទេ។

លោកស​ង្កត់​ធ្ងន់​ថា ការ​ទាម​ទារ​របស់​ពួក​គេ​ជា​រឿង​ដែល​មិន​អាច​ទៅរួ​ច វា​គ្មាន​តម្លៃ ព្រោះរ​ដ្ឋា​ភិ​បាល​ដឹកនាំ​​ដោយ​​បក្សប្រ​ជាជន​កម្ពុជា បាន​នឹង​កំពុង​ដោះ​ស្រាយ​បញ្ហា​ទុក្ខ​លំបាក​ពលរដ្ឋ និង​ព្រំដែន​ហើយ។

លោកថា៖ «ការលើកឡើងរបស់ក្រុមបុគ្គលទុដ្ឋិនិយម និង​ជ្រុល​និយម​ វា​គ្មាន​ប្រយោជន៍​អី​ដែល​យើង​ត្រូវ​គិត​ទេ យើង​​មិន​គួរ​ចាប់​អារម្មណ៍​ទេ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នៅ​ពេល​នេះ គឺកា​រ​ការ​ពារ​នូវ​បូរណ​ភាព​ទឹក​ដីរបស់​យើង វិរៈ​យុទ្ធ​ជន​របស់​យើង នៅ​ខាង​មុខ​បាន​ពលិកម្ម​គ្រប់​បែប​យ៉ាង ដើម្បី​ការ​ពារ​ទឹក​ដី​ ដូច្នេះ​យើង​នៅ​តែ​បន្ត​ការ​ពារ​ទឹក​ដី និ​ង​ដោះ​ស្រាយ​បញ្ហា​ប្រជាជន​ ហើយ​គ្មាន​តម្លៃ​សម្រាប់​យើង​ក្នុង​ការ​ចាប់​អារម្មណ៍​​ចំពោះ​ក្រុម​ជ្រុល​និយម»។

យ៉ាងនេះក្តី នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ថ្លែងកាលថ្ងៃទី១០ ខែមករានេះ​ថា កម្ពុជា​រក្សា​ជំហរ​ដោះស្រា​យ​បញ្ហា​ជម្លោះ​ព្រំដែន ដោយ​ផ្អែក​លើ​ច្បាប់​ជាតិ និង​យន្ត​ការ​អន្តរ​ជាតិ​ដែល​មាន​ស្រាប់។

យ៉ាង​ណា លោកមិនបានបញ្ជាក់ពីជំហរពីការបញ្ជូនសំណុំរឿង​ព្រំដែន​នេះ ប្តឹ​ង​ថៃទៅ​តុ​លាការ​អន្តរ​ជាតិ​ ICJ នៅ​ពេល​ណាឱ្យ​​ពិត​ប្រាដក​នោះ​ទេ ខណៈ​រដ្ឋាភិបាល​លោកទ​ទួល​ស្គាល់​ថា ខ្មែរ​ពិត​ជា​បាត់​ដី​ចំនួន ១៤​ទីតាំង ​និង​តំបន់​​ទៅ​ប្រទេស​ថៃ​ ក្នុង​កំឡុង​ពេល​សង្រ្គាម ២១​ថ្ងៃ​នេះ។

លោកថា៖ «រាជរដ្ឋាភិបាលយល់ច្បាស់ណាស់ ពីទុក្ខលំបាក និង​បញ្ហា​ប្រឈម​នានារ​បស់​បង​ប្អូន​ជន​រួម​ជាតិ​របស់​យើង ជាពិសេស​បង​ប្អូន​ប្រជាព​លរដ្ឋ​ដែល​ទទួល​រង​ផ​ល​ប៉ះ​ពាល់​ផ្ទាល់ ពី​ជម្លោះ​ព្រំដែន​ជាមួយ​នឹង​ការ​បន្ត​អនុវត្ត​នូ​វ​គ្រប់​មធ្យោ​បាយ ជាពិសេស​មធ្យោបាយ​ការ​ទូត និង​ច្បាប់​អន្តរ​ជាតិ ដើម្បី​ការ​ពារ​អធិប​តេយ្យ និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា នឹ​ង​ដោះ​ស្រាយ​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ ស្រប​តាម​ស្មារតី​នៃ​សេច​ក្ដី​ថ្លែង​ការណ៍​រួម​ទីក្រុង​គូឡា​ឡាំពួ​ថ្ងៃ​២៦ តុលា និង​សេចក្ដី​ប្រកាស​រួ​ម​ថ្ងៃ​ទី​២៧​ ខែ​ធ្នូ ឆ្នាំ​២០២៥ រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​ប្រើ​ប្រាស់​គ្រប់​កម្លាំង និង​ធន​ធាន​របស់​ខ្លួន ដោយ​មាន​ការ​ចូល​រួម​ពី​ភាគី​ពាក់​ព័ន្ធ​ដូច​ជា​បណ្ដា​ប្រទេស​ជាមិត្ត​អង្គ​ការ​ជាតិ»។

ជុំវិញបញ្ហានេះដែរ ប្រធានក្រុមប្រឹក្សាឃ្លាំមើល​កម្ពុជា លោក ​ម៉ែន ណាត គាំទ្រ​ឱ្យរ​ដ្ឋាភិបាល​ថ្មី​ដឹក​នាំដោយ​លោក ហ៊ុន ម៉ាណែត ចុះ​ចេញ​ពី​តំណែង ដោយ​ដាក់​អ្នក​ថ្មី​ដែល​មាន​សមត្ថ​ភាព​ការ​ពារ និង​ទាម​ទារ​ទឹក​ដី​ខ្មែរ ដែល​ថៃ​និង​វៀត​ណាម​បាន​ឈ្លាន​ពាន​កន្ល​ង​មក។

លោកអះអាងថា តាមសង្គមប្រជាធិបតេយ្យ មេដឹកនាំដែលគ្មានសមត្ថភាពការពារ​ទឹក​​ដី ហើយធ្វើបាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង ត្រូវ​មាន​ទោស​ក្បត់​ជាតិ គួរ​ចុះចេ​ញ​ពី​តំណែង ឱ្យ​អ្នក​ថ្មី​មក​ជំនួស ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុស​​ត្រូវ​ខ្ពស់​ចំពោះ​​មុខ​ប្រជា​ជាតិ និងរ​ដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះរា​ជាណា​ចក្រ​កម្ពុជា។

លោកថា៖ «បើនិយាយពីការស្រឡាញ់ បើមេ​ដឹ​ក​នាំមា​នកា​រទ​ទួល​ខុស​ ហើ​យ​ខុស​ត្រូវ​ចំពោះ​ជាតិ​ពិត​ប្រាកដ​ហ្នឹង ល្មម​ៗ​គេ​ប្រកាស​ខ្លួន​គេ​លាឈ​ប់​បាត់​ទៅហើ​យ ដូច​អតីត​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​អីចឹង ជាឧទាហរណ៍​ករណី​អតីត​នាយករដ្ឋ​មន្ត្រី​ជប៉ុន អង់គ្លេស ដូរ​ក្នុង​រយៈពេ​ល​៤៥​ឆ្នាំ ៦៧ឆ្នាំ ដូរ​នាយក​រដ្ឋមន្រ្តី​ច្រើន​ហើយ ដោយ​សារ​មើល​ទៅ​គាត់​ថា​ដោះ​ស្រាយ​បញ្ហា​ខ្លះ​ក៏មិ​ន​ចេញ បញ្ហា​ខ្លះ​វាមា​ន​រឿង​មាន​រ៉ាវ​អ៊ីចឹងទៅ​ មា​​​នប្រជាព​លរដ្ឋ​រិះ​គន់​ច្រើន​មាន​ពួក​សភា​អី​​រិះគ​ន់​ច្រើន​ហ្នឹង គាត់​ក៏​សុំលា​ឈប់​ទៅ»។

គួរបញ្ជាក់ថា ក្រសួងការបរទេសកម្ពុជា ទទួលស្គាល់​ថា ចាប់​ពីថ្ងៃ​ទី៧ ដល់​ថ្ងៃ​ទី​​២៧ ខែ​ធ្នូ ឆ្នាំ​​២០២៥ យោធា​​ថៃបា​​​ន​​បើក​​ប្រតិបត្តិ​​ការ​​វាយ​​លុក​ផ្នែក​​យោធា ​គិ​ត​​ទុក​​មុន​ និង​​ជា​​ប្រព័ន្ធ​​លើ​​ទីតាំង​​​ជាច្រើន​​តាម​​បណ្ដោយ​​​ព្រំដែន និង​បា​​ន​​កាន់​​កាប់​​ជាក់​​ស្ដែង លើតំ​បន់នានាក្នុ​ងទឹ​កដី​កម្ពុជា​សរុប ១៤​ទីតាំង។

បើតាមពលរដ្ឋ ​តំបន់​បឹង​ត្រកួន​ ​យោថៃបាន​ព័ទ្ធ​យក​ផ្ទះ​​ពលរដ្ឋ​​ខ្មែរ​​ចំនួន​​៤​​ភូមិ ​​មាន​ ​ភូមិ​បន្ទាយ​​មាន​​ឫទ្ធិ​ ភូមិ​ផ្លូវ​​បំបែក ភូមិ​ត្រពាំង​សំរោង និង​ភូមិ​សាមគ្គី  ក្នុង​ឃុំ​គោក​រមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​​មាន​​ជ័យ។

រីឯ ​ភូមិ​​ព្រៃចាន់ និង​​ភូ​មិ​​ជោគ​ជ័យ​​ ដែល​​មាន​​ផ្ទះ​​ពលរដ្ឋ​​ខ្មែរជិត ១ពាន់​ខ្នង​ ស្ថិត​​​ក្នុង​​ឃុំ​​អូរ​បី​ជាន់ ស្រុក​​អូរជ្រៅ​ ខេត្ត​​បន្ទា​យ​មាន​ជ័យ ក៏ត្រូវបាន​យោធា​ថៃ​​​ព័ទ្ធ​​យក​ទាំង​មូល​ដែរ ដោយ​បាន​ពង្រាយ​ទូកុងតឺន័រ ​រាំង​​ខ្ទប់​ផ្លូវ​ និង​រាយ​បន្លា​លួស ​​​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរចេញ-​ចូល​ឡើយ។

បើតាម មាត្រា​៥២​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​​ឯករាជ្យ អធិប​​​តេយ្យ​ បូរ​ណ​​​ភាព​​ទឹក​​​ដី អនុ​​​វ​​​​​ត្ត​​​​នយោបាយ​​​បង្រួប​​បង្រួម​​ជាតិ ដើម្បី​​ការ​​ឯកភាព​​ជាតិ។

ដោយ​ឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ