ព្រះមហាក្សត្រយាងសួរសុខទុក្ខកងទ័ពសម្រាកព្យបាលក្រោយថៃឈ្លានពាន

ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះ​បរម​នាថ នរោត្តម សីហមុនី ព្រះ​អង្គ​បាន​យាង​សួរ​សុខ​ទុក្ខ​កង​ទ័ព រង​របួស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ក្រុង​ភ្នំពេញ ដោយ​សារ​តែ​ការ​ប្រយុទ្ធ​តតាំង​ទៅ​ការ​ឈ្លាន​ពាន​របស់​ថៃ​ចំនួន​២១​ថ្ងៃ នា​សម័យ​ទំនើប​នេះ។

ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បាន​និយាយ​ថា ការ​យាង​សួរ​សុខ​ទុក្ខ​របស់​ព្រះ​អង្គ​នេះ នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេ​តុមា​លា ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​​ថ្ងៃ​សៅរ៍ ត្រូវ​នឹង​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៦។

យ៉ាង​ណា ក្រសួង​មិន​ទាន់​ប្រកាស​ជា​សាធារណៈ ឱ្យ​ដឹង​ថា មាន​ចំនួន​កង​កម្លាំង​ប៉ុន្មាន​នាក់ បាន​ពលី​ជីវិត នៅ​លើ​សមរភូមិ និង​ប៉ុន្មាន​នាក់​បាន​រង​របួស អំឡុង​ពេល​ប្រយុទ្ធ​តតាំង​ទៅ​នឹង​ការ​ឈ្លាន​ពាន​របស់​ថៃ​នេះ​ នៅ​ឡើយ​ទេ គិត​ត្រឹម​ថ្ងៃ​ទី​១២ ខែ​មករា​នេះ។

ប៉ុន្តែក្រសួងធ្លាប់​អះអាងថា ការ​​​ឈ្លានពាន​របស់​​យោធា​​ថៃ ក្នុង​​រយៈ​ពេល​២១​​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី៧ ខែ​ធ្នូ រហូតដល់​មាន​បទ​ឈប់​បាញ់ នៅ​ថ្ងៃ​ទី២​៧ ខែ​ធ្នូ ឆ្នាំ​២០២៥ សង្គ្រាម​ឈ្លាន​ពាន​របស់​ថៃនេះ​ បាន​​សម្លាប់​​​ពលរដ្ឋខ្មែរ​​​ស្លូ​ត​​ត្រង់ អស់​ចំនួន​៣៣​​​នាក់ និង​បង្ក​ឱ្យ​​រង​​របួស​​ជិត​១០០​​នាក់។

រីឯជនស៊ីវិលខ្មែរ ​ភៀសសឹកជិត ៧០​​ម៉ឺន​នាក់ ហើយ​ថា​សង្គ្រាម​ឈ្លាន​ពាន​នេះ ​​បាន​​​បំផ្លាញ​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ស៊ីវិល​​​​ជាច្រើន មាន​​ផ្ទះ វត្ត​អារាម សាលា​រៀន ស្ពាន​​ថ្នល់ និង​​ប្រាសាទ​​​បុរាណ​ជាដើម។

បច្ចុប្បន្ន ថៃ​កំពុង​ពង្រីក​ព្រំដែន​ថ្មី ឈូស​កម្ទេច​ផ្ទះ​ពលរដ្ឋ​ខ្មែររា​ប់រយ​ខ្នង និង​សម្រុក​ធ្វើ​ហេដ្ឋា​រចនា​សមព័ន្ធ​សំណង់​រឹង លើ​ទីតាំង​ដែល​ថៃ​ដណ្តើម​បាន។

បើតាម​តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក អ៊ុំ សំអាន សង្គ្រាម​ឈ្លាន​ពាន​២១​ថ្ងៃ​មក​នេះ ថៃ​ដណ្តើម​កាន់​កាប់​ដី​ខ្មែរ​តាម​ព្រំដែន​ចំនួន​៣៥​កន្លែង មាន​ភូមិ​​ជោគ​​ជ័យ ភូមិ​​​ព្រៃ​ចាន់ ​បឹ​ង​​ត្រកួន ​ខេត្ត​​បន្ទាយ​​មាន​​ជ័យ តំបន់​​អាន​​សេះ ប្រាសាទ​​តាក្របី ប្រាសាទ​​ខ្នារ ប្រាសាទ​​​តាមាន់​ធំ ថ្ម​ដា ខេត្ត​​ពោធិ៍​​សាត់ និង​តំបន់​​​អូរ​ស្មាច់​ជាដើម។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ឱ្យ​ដឹង​ថា ថៃ​ដណ្តើម​គ្រប់​គ្រង​ដី​ខ្មែរ​បាន​ត្រឹម​១៤​តំបន់ និង​ទីតាំង​ប៉ុណ្ណោះ។

បើតាម មាត្រា​៥២​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​​ថា រាជ​រដ្ឋាភិបាល​​​កម្ពុជា ​ប្តេជ្ញា​​​រក្សា​​ការ​​​ពារ​​​​ឯករាជ្យ អធិប​​​​​តេយ្យ​ បូរ​ណ​​​ភាព​​​​ទឹក​​​ដី អនុ​​​វត្ត​​​​​​នយោបាយ​​​​បង្រួប​​បង្រួម​​ជាតិ ដើម្បី​​ការ​​ឯកភាព​​ជាតិ។

ប៉ុន្តែអ្នកឃ្លាំមើល​ថា ការក្តោប​អំណាច​ជិត​៥០ឆ្នាំ​រ​បស់​​ក្រុម​​គ្រួសារ ​លោក ហ៊ុន សែន ​ឱ្យ​​បាត់​​បង់​​ដី​​ខ្មែរ​​ជាច្រើ​ន​​ទៅ​ប្រ​ទេស​​វៀត​​ណាម និង​​ប្រទេស​​ថៃ ដែល​ឆ្លុះ​បញ្ចាំង​បន្ទាត់​នយោបាយ​នេះ​ អសមត្ថ​ភាព​ការ​ពារ​បូរណ​ភាព​ទឹក​ដី។ ចំណែក​​អ្នក​ជំរុ​ញ​​ឱ្យ​ការពា​រ​ទឹក​ដី ត្រូវ​បានរបបដឹកនាំនេះ គំ​រាម​បំបិទ​​មាត់​ និង​ខ្លះ​ត្រូវ​​បាន​​ចាប់​​ដាក់​​គុក ធ្វើ​ឱ្យ​​ខ្មែរ​​បែក​​បាក់​​ជាតិ ប្រទេស​​រួម​​រឹត​​ដោយ​​អំពើ​​ពុ​ក​​រលួយ បក្ខ​​ពួក​​និយម មិន​​អាច​​​ធ្វើ​​ទំនើប​​កម្ម ​វិស័យ​​ការ​​ពារ​ជាតិ​​បាន ធ្វើ​​​ឱ្យ​​ថៃ​លើ​ក​​ទ័ព​​មក​​ឈ្លាន​ពាន ​យ៉ាង​​កំរោល នៅ​សម័យ​​ទំនើប នា​​សតវត្សរ៍​ទី២១​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ