ពលរដ្ឋជាង៣០០គ្រួសារ​ទាមទារ​ដំណោះស្រា​​យ​ពី​បុរី MCL នៅ​តំបន់​ភ្នំ​បាសិត

ពលរដ្ឋជាង៣០០គ្រួសារ​ទាមទារ​ដំណោះស្រា​​យ​ពី​បុរី MCL នៅ​តំបន់​ភ្នំ​បាសិត

អស់​រយៈ​ជាង ៥ឆ្នាំ​មក​ហើយ ដែល​អតិថិជន​បុរី MCL villa នៅ​តំបន់​ភ្នំបា​សិត ក្នុង​ស្រុក​ពញាឮ ខេត្ត​កណ្ដា​ល រង់​ចាំចូ​លទៅ​រស់​នៅ​ក្នុង​ផ្ទះ​របស់​ពួក​គាត់​ដែល​បាន​ទិញ​ពី​គម្រោង។

បើទោះអ្នកខ្លះបង់លុយបាន​ជាង​ពាក់​កណ្ដាល ខ្លះប​​ង់​ស្ទើរដាច់​ទៅ​ហើយ​ក្ដី ប៉ុន្តែ​ផ្ទះ​ពួក​គាត់​សាង​សង់​​បាន​ត្រឹម​បង្គោល​គ្រឹះ ខណៈ​ដី​ក៏​មិន​ទាន់ទ​ទួល​បាន​ប្លង់​កម្ម​សិទ្ធិ។

ពលរដ្ឋរងគ្រោះ គឺលោក ចាន់ ដារ៉ា ប្រាប់វីអូឌី​នៅថ្ងៃទី​១២ ខែ​មករា​ថា បុគ្គលិក​បុរី​​បា​​នផ្ដា​ច់​កា​​រ​ទា​ក់​ទង​ជាមួយ​អតិថិជន និង​បិទ​ស្នាក់​ការ​ចោល​អស់​រយៈ​ពេល​ជាច្រើន​ខែម​ក​ហើយ។ បុរស​​មាន​ពិ​ការភាព​​រូប​​នេះ បានឱ្យ​ដឹង​ថា លោក​បាន​បង់​រំលស់​ដី​និង​ផ្ទះ​ពី​បុរី​នេះ តម្លៃ២​ម៉ឺន ១ពាន់​ដុល្លារ ក្នុង​ទំហំ​ដី ក្បាល៦ម៉ែត្រ​ បណ្ដោយ​២០​ម៉ែត្រ កាល​ពី​ឆ្នាំ២​​០២០ ដោយ​លោក​បាន​​បង់​ប្រាក់​ឱ្យ​បុ​រី​បាន​១ម៉ឺន​ដុ​ល្លារ​ហើ​យ។ លោក​បន្ត​ថា ប្រាក់​ទាំង​នោះ​គឺ​​បាន​មក​ពី​កម្លាំង​​ញើ​ស​ឈា​ម​ផ​ង ខ្ចី​ធ​នាគារ និង​សាច់​ញាតិ​ផង ដោយ​​​សង្ឃឹម​ថា​​នឹង​បាន​ផ្ទះ​មួយ​រស់​នៅ​ដោយ​សមរម្យ។

លោក ចាន់ ដារ៉ា និយាយ​ថា៖ «ហើយយ​ក​ដី​ខ្យល់​មក​លក់​ឱ្យ​ប្រជា​ជន លក់​ឱ្យ​អតិថិជន ហើយ​អ​តិថិជន​ទិ​​ញ​មើល​តាម​គម្រោង មើល​តាម​ប្លង់​ហ្នឹង​ទៅ ឃើញ​ល្អ​នាំ​គ្នា​ទិញ​យក​ទៅ។ ហើយ​បុរី​​​ចេះ​តែ​ចង្អុល​ថា​​​​ដី​នេះៗៗ ដល់​ចុង​បញ្ចប់​ដី​ហ្នឹង ​ក៏​អត់​ទាន់​ទិញ​ពី​ប្រ​ជា​ជន​នៅ​ទាន់​បាន​ផង ហើយ​យក​ដី​ខ្យល់​​​មក​ល​​ក់ឱ្យ​ប្រ​​ជាជន»។

បើតាមលោក ចាន់ ដារ៉ា កន្លងមក ពលរដ្ឋធ្លាប់បាន​តវ៉ា​ជាច្រើន​លើក​មក​ហើយ​ ដោយ​បញ្ហា​នេះ​​បាន​ដឹង​ឮ​ទៅដ​​​ល់​រដ្ឋបាលស្រុ​កព​ញាឮ រហូត​ដល់​រដ្ឋបាល​ខេត្ត​កណ្ដាល និង​ចុង​ក្រោយ​ឡើង​ដល់​ក្រ​សួង​ដែន​ដី​ នគរូប​នីយ​កម្ម និង​សំណង់ តែ​នៅ​គ្មាន​ដំណោះ​ស្រាយ។

ដោយឡែក នៅថ្ងៃអាទិត្យ ទី១១​ ខែ​មករា ឆ្នាំ​២០២៦​នេះ អតិថិជន​ជាច្រើន​នាក់​បាន​លើក​បដា​​ទាម​​ទារ​ដំណោះ​ស្រាយ​​ជា​ថ្មី​ម្ដង​ទៀត ទៅកា​ន់​ថ្នាក់​ដឹក​នាំ​រដ្ឋាភិ​បាល​ ក្រោយ​មិន​អាច​ទ្រាំទ្រ​នឹង​ការ​ខក​ចិត្ត និង​ស្ថានភាព​បំណុល​ដែល​ខ្ចី​បុល​យក​មក​ទិញ​គម្រោង​លំនៅ​ដ្ឋាន​បុរី MCL នេះ។ ក្នុង​ពេល​តវ៉ា ពលរដ្ឋ​​ខ្លះ​​​បាន​ឱ្យ​ដឹង​ថា គាត់​បង់​ប្រាក់​ឱ្យ​បុរី​ជាង​៧ម៉ឺន​ដុល្លារ​ក៏​មាន។

លោក ចាន់ ដារ៉ា បន្តថា៖ «បើសិនជាក្រសួងគាត់ដោះស្រាយឱ្យ មិនបា​ច់​បាន​ផ្ទះ​ក៏​បាន​ដែរ ឱ្យ​តែ​បា​​នដី​​មក​ក៏​​បាន​ដែរ ដី​ហើយ​ចេញ​ប្លង់​ចេញ​អី​ឱ្យ​ពួក​ខ្ញុំ​មក​ក៏បា​ន​ដែរ។ បើសិ​ន​ជា​ក្រសួង​មាន​​លទ្ធភាព​ឱ្យ​លុយ​​វិ​ញ​ក៏​បា​​ន ក៏​ព្រម​យក ឱ្យ​ដី​ក៏​ព្រម​យក​ និយាយ​រួម​ទៅ​ឱ្យ​តែ​ដំណោះ​ស្រាយ​ស្រួល»។

ទាក់ទងបញ្ហាក្នុងវិស័យអចលទ្រព្យនេះដែរ អ្នកជំនាញ​ ធ្លាប់លើកឡើង​ថា វិបត្តិ​អចលន​ទ្រព្យ​កម្ពុជា ​បា​ន​កើត​ឡើង ​តាំ​ង​ពី​ផ្ទុះ​កូវីដ-១៩ ​សង្គ្រាម​រុស្ស៊ី-អ៊ុយ​ក្រែន ខណៈ​នៅ​ដើម​ឆ្នាំ ២០២៥ ​ឃើញ​​ឡើង​​វិញ​​បន្តិច​ក្នុងកំ​ណើន ០,៨​ភាគ​រយ​​នៅ​ឆមាស​ទីមួយ។ ប៉ុន្តែចា​ប់​ពី​ពាក់​​កណ្ដាល​ឆ្នាំ​២០​២៥​មក វិស័​​យ​​អចល​ន​ទ្រព្យ​ក៏​ចាប់​ផ្ដើម​​ត្រឡប់​ទៅ​ដូច​​ឆ្នាំ​២០២៣ ឬឆ្នាំ​២០២៤ ដោយ​​ការ​​ទិញ​​លក់​មា​ន​ភាព​តឹង​តែង។

យ៉ាងណា វិស័យអចលទ្រព្យនៅមានបញ្ហាផ្សេង​ទៀត ពាក់​ព័ន្ធ​នឹង​ការ​ទិញ​លក់​គម្រោង​ខ្យល់ ឬ​មិន​បាន​​​ដី​មិន​បាន​ផ្ទះ និង​ការបំ​ពាន​លើ​កិច្ច​សន្យា​ទិញ​លក់ កំពុង​កើត​មាន​កាន់​តែ​​ច្រើន​ក្នុង​សង្គម​ក​ម្ពុជា ដោ​​យបញ្ហា​​​ខ្លះមិ​នទា​ន់​មាន​ដំណោះ​ស្រាយ​ជា​ច្រើន​ឆ្នាំម​ក​ហើយ។

ជាក់ស្ដែង ករណី​គម្រោងបុរីរបស់ឧកញ៉ា ឡេង ណាវ៉ាត្រា គម្រោង​បុរី ម៉ន ដានី និង​គម្រោង​បុរី​ភូមិ​ខ្មែរ នៅ​ខេត្ត​ស្វាយ​រៀង បាន​ធ្វើ​ឱ្យ​អតិថិជន​ជា​ច្រើន​នាក់ ធ្លាក់​ក្នុង​ស្ថាន​ភាព​បំណុល​ និង​បាត់​បង់​ជំនឿ​ចិត្ត ដោយ​សារ​មិន​ទាន់ទ​ទួល​បានសំ​ណង​សមរម្យ​នៅ​ឡើយ។

ការណ៍នេះ បានបង្កើតច​ម្ងល់ទៅកាន់អតិថិជន និង​សាធារណ​ជន ពី​ការ​គ្រប់​គ្រង​របស់​ក្រសួង​រៀបចំ​ដែនដី និង​ក្រសួង​​ពាណិជ្ជ​កម្ម ជុំវិញ​ការ​ផ្ដល់​ច្បាប់​ឱ្យ​ក្រុម​ហ៊ុន​ទាំង​នោះរ​ក​ស៊ី​ ជាពិសេស​គឺ​ចំណាត់កា​រ​នៅ​ពេ​​លក្រុ​ម​ហ៊ុន​ទាំង​នេះ​មិន​បាន​បំពេញ​តាម​ការ​សន្យា​របស់​ខ្លួន​ជា​មួយ​អតិថិជន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ