ទាំងលោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត តែងតែផ្ញើសារអំពាវនាវឱ្យខ្មែររួបរួមសាមគ្គីគ្នា និងប្រកាសពីការប្រើយន្តការច្បាប់អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាព្រំដែនដែលថៃឈ្លានពានទឹកដីកម្ពុជា។ ក៏ប៉ុន្តែធាតុពិតជាក់ស្តែងរហូតមកដល់ពេលនេះ គេមិនទាន់ឃើញមានការបង្រួបបង្រួមជាតិកើតឡើងនោះទេ មានតែបន្តចាប់ខ្លួនអ្នកបញ្ចេញមតិបន្ថែមទៀត និងក៏ពុំឃើញប្តឹងថៃទៅតុលាការអន្តរជាតិនោះដែរ។
ជាមួយគ្នានេះ គេឃើញរដ្ឋាភិបាលឯកបក្សនៃបក្សប្រជាជន នៅតែបន្តស្នើឱ្យភាគថៃចូលតុចរចាទ្វេភាគី បន្ទាប់ពីបទឈប់បាញ់លើកទី២ ដែលបានចូលជាធរមានកាលពីថ្ងៃទី២៧ខែធ្នូ។ មិនត្រឹមតែប៉ុណ្ណោះ កម្ពុជាក៏ព្រមបន្ទន់តាមថៃដែលព្រមានមិនឱ្យកម្ពុជាប្រើពាក្យ«ថៃឈ្លានពានទឹកដីកម្ពុជា»ទៀតផង បើទោះបីជាធាតុពិតបច្ចុប្បន្ន ទាហានថៃបានចូលមកដណ្តើមកាន់កាប់ទឹកដីខ្មែរ កម្ទេចប្រាសាទខ្មែរជាច្រើនទីតាំង មានទំហំរាប់រយគីឡូម៉ែត្រការ៉េ និងកំពុងសម្រុកឈូសកម្ទេចផ្ទះពលរដ្ឋនិងវត្តអារាមខ្មែរក្តី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត តាមរយៈសារជាសំឡេងកាលពីថ្ងៃទី១០ខែមករា ថ្លែងថា នៅក្នុងបរិបទដែលស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ បានធូរស្រាលមួយកម្រិតបន្ទាប់ពីបទឈប់បាញ់បានចូលជាធរមាន កាលពីថ្ងៃត្រង់ថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០២៥ និងការដោះលែងវីរកងទ័ពទាំង១៨រូប កាលពីថ្ងៃទី៣១ខែធ្នូ ផលលំបាកជាច្រើននៅបន្តមាន ដូចជា ការខូចខាតទាំងស្រុង ការខូចខាតធ្ងន់ ស្រាលនូវលំនៅដ្ឋានរបស់ប្រជាពលរដ្ឋខ្មែរ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលចាំបាច់ត្រូវការការស្តារឡើងវិញ។
ជាមួយនឹងការបន្តអនុវត្តនូវគ្រប់មធ្យោបាយ ជាពិសេសមធ្យោបាយការទូត ដើម្បីការពារអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា និងដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃដោយសន្តិវិធី លោកហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះចលនាមហាជនដ៏ផុសផុល នៅក្នុងការចូលរួមចំណែកទាំងកម្លាំងកាយចិត្ត ក៏ដូចជាការផ្តល់ថវិកាគ្រឿងឧបភោគបរិភោគ និងសម្ភារចាំបាច់នានាជូនដល់វីរកងទ័ពវីរនគរបាលជួរមុខ និងបងប្អូនជនភៀសសឹកកន្លងមក។ លោកថា ស្មារតីស្នេហាជាតិមាតុភូមិ និងការរួបរួមសាមគ្គីគ្នាជាកម្លាំងជាតិតែមួយដ៏រឹងមាំ។
លោកថា៖ «ពេលនេះជាពេលដែលកម្ពុជាយើងត្រូវតែបង្កើនស្មារតីសាមគ្គីជាតិ និងការរួបរួមជាតិរបស់យើងជាធ្លុងមួយ ឱ្យកាន់តែរឹងមាំជាងពេលណាៗទាំងអស់។ ជាមួយនឹងការចូលរួមពីគ្រប់មជ្ឈដ្ឋាន ក្រោមទឹកចិត្តស្នេហាជាតិដ៏ជ្រៀលជ្រៅ ប្រជាជាតិយើងប្រាកដជាអាចជម្នៈបានការលំបាកទាំងនេះ បានដោយជោគជ័យ និងអាចកសាងប្រទេសជាតិឡើងវិញ ជាមួយនិងភាពធន់និងវិបុលភាពកាន់តែខ្លាំងក្លា។ ជំហរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្តល់តម្លៃលើសន្តិភាព កំពុងព្យាយាមដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី ស្របតាមលក្ខណៈបច្ចេកទេសជាមួយនឹងការអនុវត្តតាមច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ»។
ជាមួយគ្នានេះ នៅក្នុងទិវាខួបលើកទី៤៧ឆ្នាំថ្ងៃ៧មករាឆ្នាំ២០២៦ ជាថ្ងៃដែលវៀតណាមលើកទ័ពចូលឈ្លានពានកម្ពុជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានផ្ញើសារដែរថា ក្នុងកំឡុងពេលដែលថៃកំពុងរំលោភយ៉ាងធ្ងន់ធ្ងរបំផុត លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាលោកសូមអំពាវនាវ «ដល់បងប្អូនជនរួមជាតិ នៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុជាតិ។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ»។
ប៉ុន្តែបន្ទាប់ពីការថ្លែងសារស្តីពីការបង្រួបបង្រួមជាតិរបស់ លោក ហ៊ុន សែន បាន១ថ្ងៃសកម្មជនគណបក្សប្រឆាំងម្នាក់ទៀត គឺលោក សរ ណាល់ អាយុ៥៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាគណបក្សភ្លើងទៀន នៅសង្កាត់ចោមចៅ២ រាជធានីភ្នំពេញ ដែលជាអ្នកគាំទ្រគណបក្សកម្លាំងជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៨ខែមករា នៅខេត្តឧត្តរមានជ័យ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងជាតិ កាលពីថ្ងៃទី១១ខែមករា។
គណបក្សកម្លាំងជាតិ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ពីស្ថានភាពនៃការគោរពសិទ្ធិមនុស្ស សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ ខណៈអាជ្ញាធរនៅតែបន្តចាប់ខ្លួនសកម្មជននយោបាយ ពាក់ព័ន្ធនឹងការបញ្ចេញមតិ។
គណបក្សកម្លាំងជាតិ លើកឡើងថា នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាកំពុងទទួលរងការឈ្លានពានពីសំណាក់ប្រទេសថៃ អាជ្ញាធរកម្ពុជាមិនគួរធ្វើទុក្ខបុកម្នេញអ្នកដែលមាននិន្នាការនយោបាយផ្ទុយពីគណបក្សកាន់អំណាចឡើយ។ លើសពីនេះ រដ្ឋាភិបាលត្រូវតែចាប់ផ្តើមធ្វើការផ្សះផ្សា បង្រួបបង្រួមជាតិ ឈានទៅរកការពង្រឹងសាមគ្គីភាពឯកភាពផ្ទៃក្នុងជាតិដើម្បីទប់ទល់ជាមួយបរទេសឈ្លានពានទឹកដីកម្ពុជា មិនគួរនៅតែបន្តចាប់ខ្លួនអ្នកដែលមានមតិផ្ទុយនោះទេ។ បន្ថែមពីនេះ រដ្ឋាភិបាលនៃបក្សប្រជាជន ត្រូវដោះលែងអ្នកទោសនយោបាយដែលកំពុងជាប់ឃុំទាំងអស់ឱ្យមានសេរីភាពឡើងវិញ ដើម្បីបើកផ្លូវឱ្យមានការបង្រួបបង្រួមជាតិពិតប្រាកដ។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន ប្រធានស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាល២៣តុលាក្រៅប្រទេស ថ្លែងថា សាររបស់លោក ហ៊ុន ម៉ាណែត មិនបាននិយាយពីវិធីណាដែលអាចទាមទារទឹកដីខ្មែរទាំង៣៥ទីតាំងមកវិញនោះទេ ក្រៅពីបន្តយន្តការចរចាទ្វេភាគីដែលគ្មានសង្ឃឹមថា ថៃនឹងប្រគល់ទឹកដីខ្មែរ៣៥ទីតាំងមកវិញនោះឡើយ។
លោកថា លោក ហ៊ុន ម៉ាណែត ក៏មិនបាននិយាយពីការប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីទាមទារទឹកដីខ្មែរចំនួន៣៥ទីតាំងមកវិញ និងប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ព្រមទាំងប្តឹងទៅហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ជាពិសេសប្តឹងទារសំណងពីថៃទៅតុលាការអន្តរជាតិនោះឡើយ។
បើតាមលោក អ៊ុំ សំអាន កម្ពុជាគ្មានសង្ឃឹមនឹងទទួលបានទឹកដីខ្មែរ៣៥ទីតាំងពីថៃមកវិញនោះទេ ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ។
នៅក្នុងពេលចូលរួមធ្វើបាតុកម្មប្រឆាំងថៃឈ្លានពានកម្ពុជា និងប្តឹងទាមទារសំណងខូចខាតពីថៃជូនពលរដ្ឋខ្មែរ ដែលធ្វើឡើងនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១១ខែមករា លោក អ៊ុំ សំអានថ្លែងថា យើងមិនអាចរំពឹងទៅលើរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ថានឹងអាចការពារទឹកដីកម្ពុជាបាននោះទេ ពីព្រោះរដ្ឋាភិបាលពីរនាក់ឪកូននេះ មិនប្តឹងថៃទៅតុលាការអន្តរជាតិICJឡើយ។
លោក អ៊ុំ សំអាន ថ្លែងថា៖«រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនប្តឹងទៅតុលាការអន្តរជាតិICJនោះទេ គាត់គ្រាន់តែជូនដំណឹងទៅICJ ហើយពួកយើងបានឆែកមើលរួចហើយ នៅICJ គឺអត់មានបានប្តឹងនោះទេ មានតែសំណុំរឿងតាំងពីឆ្នាំ៦២ ហើយនិងឆ្នាំ២០១១ មាន ប៉ុន្តែបណ្តឹងថ្មីអត់មានទេ។ បងប្អូននៅស្រុកខ្មែរអាចអត់ដឹងអត់យល់ ពីព្រោះនៅស្រុកខ្មែរកាលណាដាក់បណ្តឹងទៅអ់តមានអនឡាញទេ បើនៅអាមេរិកនេះ កាលណាយើងដាក់ពាក្យអីមួយ គឺវាមានអនឡាញ យើងឆែកទៅឃើញ បើមានប្រាកដជាឆែកឃើញនៅICJហើយ ប៉ុន្តែយើងឆែកមើលប៉ុន្មានខែហើយ គឺថា ជាងកន្លះឆ្នាំ ហើយអត់ឃើញទេ ដូច្នេះគាត់កុហក់គាត់បោកទេ»។
សម្រាប់លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចាត់ទុកពាក្យសម្តីដែលនិយាយចេញពីមាត់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ថា គ្រាន់តែជាវោហាសាស្រ្តនយោបាយបែបប្រជាភិថុតតែប៉ុណ្ណោះ បើមិនទាន់មានការដោះលែងអ្នកនយោបាយ និងសកម្មជនសង្គមជិត ១០០នាក់ ហើយលោក ហ៊ុន សែន នៅតែបញ្ជាឱ្យចាប់ខ្លួនអ្នកមានមតិផ្ទុយឥតស្រាកស្រាន។
លោកថា៖ «មិនទាន់មានភាពជាក់ស្តែងនៅត្រង់ថា លោក ហ៊ុន សែន ខ្លួនគាត់ផ្ទាល់ គឺជាមនុស្សដែលចាប់ប្រជាពលរដ្ឋខ្មែរ ដែលគ្មានទោសកំហុសឃុំដូចជាអ្នកនយោបាយខ្មែរ ដូចជាសកម្មជនសង្គម សកម្មជនបរិស្ថានអីច្រើននាក់ មកដល់ពេលនេះ ប្រមាណជិត១០០នាក់ នៅជាប់ឃុំ មិនទាន់ដោះលែង ហើយកាត់ទោសគ្នាដោយអយុត្តិធម៌ ក្នុងនោះរួមមានសំណុំរឿងលោក កឹម សុខា អតីតមេដឹកនាំបក្សប្រឆាំងម្នាក់ផង។ រឿងរួបរួមជាតិ ផ្សះផ្សាជាតិនេះ ក្នុងគំនិត លោក ហ៊ុន សែន ចង់សំដៅលើឱ្យទៅចូលរួមជាមួយគណបក្សប្រជាជន ជាគណបក្សកាន់អំណាចបស់គាត់ អាហ្នឹងជាគំនិតរួបរួមបស់គាត់។ គំនិតនឹងជាគំនិតមិនសុចរិតពីព្រោះគណបក្សនយោបាយ ជារឿងមួយដោយឡែកការរួបរួមជាតិ ជារឿងមួយផ្សេងទៀត»។
បន្ទាប់ពីបានប្រាប់មកកម្ពុជាថា ខ្លួនមិនមានពេលវេលាក្នុងការមកជួបប្រជុំJBC នៅខេត្តសៀមរាបដោយសារតែជាប់រវល់រៀបចំការបោះឆ្នោត និងជាប់រវល់ធ្វើការឈូសឆាយរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតាមព្រំដែន ភាគីថៃតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសថៃ លោក នីកនដេត ផ្លាំងគូន (Nikorndej Balankura) កាលពីថ្ងៃទី៨ខែមករា បានទាមទារឱ្យកម្ពុជាបញ្ឈប់ការផ្សព្វផ្សាយពាក្យថា ប្រទេសថៃបានឈ្លានពានទឹកដីកម្ពុជាដោយខុសច្បាប់ ដោយលើកឡើងថា ការនិយាយបែបនេះ ធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ ពាក់ព័ន្ធនឹងករណីយោធាថៃ ចូលកាន់កាប់ទឹកដីកម្ពុជានៅតំបន់ព្រំដែន។
អ្នកនាំពាក្យក្រសួងការបរទេសថៃរូបនេះ បានព្រមានថា ការប្រើពាក្យថៃឈ្លានពានកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់បរិយាកាសអំណោយផលនៃការចរចា ដោះស្រាយបញ្ហាជម្លោះព្រំដែនដោយសន្តិវិធី។
លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានសរសេរលើបណ្តាញសង្គមរបស់ខ្លួនថា ការរួបរួមសាមគ្គីបែបបន្សុត ជាអ្វីដែលក្រុមអ្នកកាន់អំណាចចង់សំដៅ។ ម្ល៉ោះហើយបានជាដៃម្ខាងនៅតែទុកសម្រាប់កម្ទេចខ្មែរ ដែលមាននិន្នាការផ្ទុយ និងមិនស្របនឹងទស្សនៈខ្លួន។
លោកលើកឡើងថា នៅពេលជួបទុក្ខភ័យអ្នកកាន់អំណាច អំពាវនាវឱ្យខ្មែរជួយខ្មែរតាមន័យពិតឱ្យខ្មែរជួយខ្លួន។
លោក ចាន់ឡូត បន្តថា គណបក្សប្រឆាំង និងពលរដ្ឋខ្មែរគ្រប់ទិសទី ទោះមិនពេញចិត្តគណបក្សកាន់អំណាច ដោយការដឹកនាំអន់ថយពុករលួយបក្ខពួកនិយម បង្កើតក្រុមឧក្រិដ្ឋជន និងធ្វើបាបខ្មែរដោយមិនអាសូរ ក៏ទុករឿងនេះមួយអន្លើ ហើយរួមគ្នាជួយជាតិ ដោយសង្ឃឹមថា ក្រុមអ្នកកាន់អំណាចទំនងចេះភ្ញាក់រលឹក ប៉ុន្ដែសណ្ដានប្រឡាក់ឈាមជាតិឯងរបស់មេដឹកនាំគណបក្សកាន់អំណាចនៅតែមិនអាចកែបានឡើយ។
ក្រសួងការបរទេសកម្ពុជា បានប្រកាសបន្ទាប់ពីសង្គ្រាមឈ្លានពានលើកទី២របស់ថៃ ២១ថ្ងៃ ថា កងទ័ពថៃបានដណ្តើមកាន់កាប់ទឹកដីកម្ពុជា នៅតាមព្រំដែនចំនួន១៤ទីតាំង។ ក៏ប៉ុន្តែបើតាមលោក អ៊ុំ សំអាន បច្ចុប្បន្នថៃបានដណ្តើមកាន់កាប់ទឹកដីកម្ពុជាចំនួន៣៥ទីតាំងមានផ្ទៃដីរាប់រយគីឡូម៉ែត្រការ៉េ។
ទាំងលោក អ៊ុំ សំអាន និងបញ្ញវ័ន្តខ្មែរជាច្រើន កំពុងតាមដានមើលពីសុចរិតភាពរបស់មេដឹកនាំរដ្ឋាភិបាលនៃបក្សប្រជាជន ក្នុងការដោះស្រាយបញ្ហាព្រំដែន ដើម្បីការពារទឹកដីខ្មែរ និងចេតនាពិតប្រាកដក្នុងការបង្រួបបង្រួមផ្សះផ្សាជាតិខ្មែរ ដើម្បីឱ្យខ្មែរខ្លាំង ខណៈដែលរដ្ឋាភិបាលឯកបក្សមិនត្រឹមតែមិនបង្រួបបង្រួមជាតិខ្មែរនោះទេ ថែមទាំងមិនប្តឹងថៃទៅតុលាការអន្តរជាតិថែមទៀត បើទោះបីជាលោក ហ៊ុន សែន ធ្លាប់ថ្លែងថា ការចរចាទ្វេភាគីជាមួយថៃបើទោះបីជាត្រូវប្រើពេល១០០ឆ្នាំទៀត ក៏នឹងមិនអាចដោះស្រាយអ្វីបានក៏ដោយ៕









