ការគំរាម​របស់​លោក Trump លើ​វេណេស៊ុ​យ​អេឡា និង​ហ្គ្រីន​​ឡែន​​ធ្វើ​​ឱ្យ​កាណា​ដា​បារម្ភ​ជា​គោលដៅ​បន្ទាប់

អស់​រយៈ​ពេល​ជា​ច្រើន​ខែ ប្រជាជនកាណាដា​ជាច្រើន​បាន​​សង្ឃឹមថា លោក Donald Trump លែង​​ចាប់​អារម្មណ៍​នឹង​ការ​ចង់​ធ្វើ​ឱ្យ​ប្រទេស​របស់​ពួក​គេ​ក្លាយ​ជា “រដ្ឋ​ទី​៥១ របស់​សហរដ្ឋ​អាមេរិក” ទៀត​ហើយ ខណៈ លោក ​ត្រាំ ​កំពុង​ជាប់​រវល់​នឹង​កា​រធ្វើ​​ឱ្យ​ទីក្រុង​វ៉ាស៊ីន​តោន និង​ប្រព័ន្ធ​ពាណិជ្ជ​កម្ម​ពិភព​លោក​មាន​ភាព​ច្របូក​ច្របល់។ ប៉ុន្តែ​ក្តី​សង្ឃឹម​ទាំង​​​នោះ​​កំពុង​តែ​រលាយ​បាត់​ទៅ​វិញ។

ការឆ្មក់​ចូលចាប់ខ្លួនប្រធានាធិបតីវេណេ​ស៊ុយ​អេឡា លោក Nicolas Maduro យ៉ាង​គួរឱ្យភ្ញាក់ផ្អើល និងការបង្កើនសម្តីរបស់លោក Trump អំពីការដណ្តើមយកកោះហ្គ្រីនឡែន (Greenland) បានធ្វើឱ្យកាណាដា​មានការរង្គោះរង្គើ និង​បង្ខំ​ឱ្យប្រជាពលរដ្ឋ​យកចិត្តទុកដាក់ខ្លាំង​លើការគំរាមកំហែង កាលពីមុន​របស់ប្រធានាធិបតីអាមេរិករូបនេះ ចំពោះ​​​​អធិបតេយ្យ​ភាពរបស់កាណាដា។ ការប្រកាសរបស់រដ្ឋបាលលោក​ថា “នេះគឺជាអឌ្ឍគោលរបស់យើង” បានធ្វើ​ឱ្យ​សម្តីពីមុនៗរបស់លោក Trump អំពីការបញ្ចូលកាណាដាជាទឹកដីអាមេរិក ហាក់បីដូចជាមិនមែនគ្រាន់តែជាការ​ជេរ​​ប្រមាថ​​សំដៅលើអតីតនាយករដ្ឋមន្ត្រី Justin Trudeau ឬជាយុទ្ធសាស្ត្រចរចាក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយ​មេដឹក​នាំ​បច្ចុប្បន្ន លោក Mark Carney នោះឡើយ។

អត្ថបទមួយនៅក្នុងកាសែតជាតិដ៏ធំបំផុតរបស់កាណាដា បានល្បីរន្ទឺយ៉ាងខ្លាំងកាលពីសប្តាហ៍មុន ដោយបានព្រមាន​អំពីលទ្ធភាពដែល​ លោក Trump អាចនឹងប្រើ “ការបង្ខិតបង្ខំផ្នែកយោធា” ប្រឆាំងនឹងប្រទេសនេះ។ ដំបូន្មាន​​របស់អ្នក​និពន្ធ​គឺ៖ រៀនសូត្រពីការការពារខ្លួនរបស់ហ្វាំងឡង់ប្រឆាំង​នឹងរុស្ស៊ី។ ពង្រីកកងកម្លាំងការ​ពារ​ជន​​ស៊ីវិល។ បង្កើតយុទ្ធសាស្ត្រដ្រូនជាតិ ដោយយកគំរូតាមអ៊ុយក្រែន ហើយត្រូវគិតពីអ្វីដែលមិនគួរឱ្យជឿថាអាចកើត​ឡើង​បាន។

លោក Thomas Homer-Dixon ដែលជាអ្នកសិក្សាស្រាវជ្រាវជនជាតិកាណាដាលើផ្នែកសន្តិសុខសកល បាននិយាយ​ថា៖ «វាគឺជាការផ្លាស់ប្តូរការគណនា។ ប្រសិនបើមានការប៉ុនប៉ងប្រើកម្លាំងយោធាមកលើពួកយើង វាត្រូវតែបង្ហាញ​ឱ្យ​ច្បាស់ថា ពួកគេនឹងត្រូវចំណាយសងវិញយ៉ាងធ្ងន់ធ្ងរ»។

ក្តីបារម្ភនេះ ថែមទាំងបានបង្កើតឱ្យមានរឿងកំប្លែងបែបឌឺដងទៀតផង។ សាច់រឿងមួយដែលត្រូវបានគេចែក​រំលែក​យ៉ាង​ច្រើន​លើគេហទំព័រ Beaverton បានដាក់ចំណងជើងថា “លោក Mark Carney បានបិទប្រព័ន្ធកំណត់ទីតាំង (GPS) លើទូរស័ព្ទរបស់លោក ដើម្បីបង្ការជាមុន”។

ខណៈដែលសកម្មភាពរបស់លោក Trump បានធ្វើឱ្យមេដឹកនាំជុំវិញពិភពលោកមានការព្រួយបារម្ភ ប្រជាជនកាណាដា មានហេតុផល​ពិសេសដែលត្រូវបារម្ភជាងគេ។ ជាក់ស្តែង ចំពោះករណីកោះហ្គ្រីនឡែន លោក Trump និងក្រុម​ទីប្រឹក្សាកំពុងស្វែងរកការគ្រប់គ្រងលើទឹកដីមួយដែលជារបបប្រជាធិបតេយ្យ ស្ថិតក្នុងទីតាំងយុទ្ធសាស្ត្រនៅតំបន់អាកទិក និងជាសមាជិកអង្គការ NATO ដែលលក្ខណៈទាំងអស់នេះគឺសុទ្ធតែដូចគ្នាទៅនឹងកាណាដាដែរ។

លោក Wesley Wark អតីតទីប្រឹក្សារដ្ឋាភិបាលកាណាដាលើផ្នែកសន្តិសុខ បានហៅសកម្មភាពរបស់លោក Trump លើវេណេស៊ុយអេឡា និងហ្គ្រីនឡែន​ថាជា “ការដាស់តឿនចុងក្រោយសម្រាប់កាណាដា ដែលនឹងសង្កត់ធ្ងន់​លើការពិតថា សហរដ្ឋអាមេរិកលែងជាប្រទេសដូចកាលពីមុនទៀតហើយ”។ ប៉ុន្តែអ្វីដែលមិនច្បាស់លាស់នោះគឺ តើ​កាណាដា​អាចធ្វើអ្វីបានខ្លះដើម្បីបញ្ចុះបញ្ចូលលោក Trump ឱ្យបោះបង់បំណងនេះ។

លោក Carney បានឈ្នះឆ្នោតកាលពីឆ្នាំមុន តាមរយៈការសន្យាថានឹងតតាំងជាមួយលោក Trump ដោយលោកបានលើកឡើងថា ប្រធានាធិបតីរូបនេះ “ចង់បំបែកបំបាក់យើង ដើម្បីឱ្យអាមេរិកអាចគ្រប់គ្រងយើងបាន”។ ទោះជាយ៉ាង​ណាក៏ដោយ ចាប់តាំងពីការបោះឆ្នោតមក លោកបានព្យាយាមជៀសវាងការធ្វើឱ្យសមភាគីអាមេរិករបស់លោក​ខឹងសម្បារ សូម្បីតែក្នុងពេលដែលលោកកំពុងព្យាយាមបង្កើនពាណិជ្ជកម្មជាមួយប្រទេសចិន និងប្រទេស​ដទៃទៀត ដើម្បីកាត់បន្ថយការពឹងផ្អែករបស់កាណាដាលើប្រទេសជិតខាងភាគខាងត្បូងក៏ដោយ។

កាលពីសប្តាហ៍មុន លោក Carney បានអំពាវនាវឱ្យសហរដ្ឋអាមេរិក គោរពអធិបតេយ្យភាពរបស់កោះហ្គ្រីនឡែន និង​ប្រទេសដាណឺម៉ាក ប៉ុន្តែលោកមិនបានលើកឡើងអំពីការគំរាមកំហែងកាលពីមុនរបស់លោក Trump ចំពោះកាណាដានោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ