មេដឹកនាំគុយបា បានទាត់ចោលការទាមទាររបស់លោក Donald Trump ដែលឱ្យប្រទេសក្នុងតំបន់ការីប៊ានមួយនេះ “ធ្វើការចរចាលើកិច្ចព្រមព្រៀង” ជាមួយទីក្រុងវ៉ាស៊ីនតោន ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកបានព្រមានថា ទីក្រុងហាវ៉ាណា (Havana) នឹងត្រូវកាត់ផ្តាច់ប្រេង និងប្រាក់កាក់របស់វេណេស៊ុយអេឡា ដែលគុយបាបានពឹងផ្អែកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel បានមានប្រសាសន៍កាលពីថ្ងៃទី១១ខែមករា នៅលើបណ្តាញសង្គម X ថា «គ្មាននរណាម្នាក់មកបង្គាប់បញ្ជាអ្វីដែលយើងត្រូវធ្វើនោះទេ» ដើម្បីឆ្លើយតបទៅនឹងការទទូចរបស់លោក Trump ដែលចង់ឱ្យប្រទេសកាន់របបកុម្មុយនីស្តមួយនេះធ្វើកិច្ចព្រមព្រៀង «មុនពេលវាយឺតពេល»។
គុយបា បានទទួលកញ្ចប់ជំនួយដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសវេណេស៊ុយអេឡា ដែលសម្បូរប្រេងជាយូរមកហើយ ប៉ុន្តែការចាប់ខ្លួនមេដឹកនាំវេណេស៊ុយអេឡា លោក Nicolás Maduro ក្នុងអំឡុងប្រតិបត្តិការរបស់សហរដ្ឋអាមេរិក និងការប្រកាសរបស់លោក Trump ថា វេណេស៊ុយអេឡានឹងត្រូវប្រគល់ប្រេងពី ៣០ ទៅ ៥០ លានបារ៉ែលឱ្យទៅសហរដ្ឋអាមេរិក ត្រូវបានរំពឹងថានឹងធ្វើឱ្យទីក្រុងហាវ៉ាណា ជួបប្រទះនឹងបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច។
លោក Trump បានសរសេរនៅលើបណ្តាញសង្គម Truth Social កាលពីថ្ងៃទី១១ខែមករាថា៖ «គុយបាបានរស់នៅដោយពឹងផ្អែកលើបរិមាណប្រេង និងប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីវេណេស៊ុយអេឡាអស់រយៈពេលជាច្រើនឆ្នាំ។ ជាការឆ្លើយតប គុយបាបានផ្តល់ “សេវាកម្មសន្តិសុខ” សម្រាប់មេដឹកនាំផ្តាច់ការវេណេស៊ុយអេឡាពីររូបចុងក្រោយ ប៉ុន្តែវានឹងលែងមានទៀតហើយ!»។
លោកបាននិយាយមុនពេលដាក់ការទាមទារឱ្យមានកិច្ចព្រមព្រៀងថា៖ «នឹងលែងមានប្រេង ឬលុយកាក់ហូរទៅកាន់គុយបាទៀតហើយ – គឺសូន្យ!»។ លោក Trump មិនបានបញ្ជាក់លម្អិតអំពីអ្វីដែលកិច្ចព្រមព្រៀងជាមួយទីក្រុងហាវ៉ាណាអាចនឹងរួមបញ្ចូលនោះទេ។
រដ្ឋាភិបាលគុយបា បាននិយាយថា ប្រជាពលរដ្ឋរបស់ខ្លួនចំនួន ៣២នាក់ ត្រូវបានសម្លាប់ «នៅក្នុងសកម្មភាពប្រយុទ្ធ» អំឡុងពេលប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ដើម្បីចាប់ខ្លួនលោក Maduro។
លោក Díaz-Canel បានច្រានចោលភ្លាមៗនូវការជ្រៀតជ្រែកពីខាងក្រៅនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសគុយបា។
លោក Díaz-Canel បានមានប្រសាសន៍ថា៖ «គុយបាមិនមែនជាអ្នកឈ្លានពាននោះទេ ប៉ុន្តែគឺជាអ្នកដែលរងការឈ្លានពានពីសំណាក់សហរដ្ឋអាមេរិកអស់រយៈពេល ៦៦ឆ្នាំមកហើយ ហើយគុយបាក៏មិនបានគំរាមកំហែងនរណាដែរ គឺយើងគ្រាន់តែត្រៀមខ្លួនជាស្រេច ដើម្បីការពារមាតុភូមិរហូតដល់តំណក់ឈាមចុងក្រោយប៉ុណ្ណោះ»។
ក្នុងន័យសំដៅយ៉ាងច្បាស់ទៅកាន់ លោក Trump លោកបានមានប្រសាសន៍ថា អ្នកដែលប្រែក្លាយអ្វីៗទាំងអស់ឱ្យទៅជាអាជីវកម្ម «សូម្បីតែជីវិតមនុស្ស» គឺគ្មានសិទ្ធិសីលធម៌ណាមួយមកចង្អុលមុខស្តីបន្ទោសប្រទេសរបស់លោកនោះទេ។
លោក Rodriguez បានមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកកំពុងមានចរិតលក្ខណៈដូចជាមហាអំណាចក្រឡាប់ចាក់ និងគ្មានការគ្រប់គ្រង ដែលកំពុងគំរាមកំហែងដល់សន្តិភាព និងសន្តិសុខ មិនត្រឹមតែសម្រាប់គុយបា និងអឌ្ឍគោលនេះប៉ុណ្ណោះទេ ប៉ុន្តែគឺសម្រាប់ពិភពលោកទាំងមូល»។
នៅក្នុងការអត្ថាធិប្បាយបន្ទាប់មកទៀតនៅលើបន្តោះយន្តហោះ Air Force One លោក Trump បានប្រាប់អ្នកយកព័ត៌មានថា សហរដ្ឋអាមេរិកកំពុង «ពិភាក្សាជាមួយគុយបា» ប៉ុន្តែវាមិនទាន់ច្បាស់ភ្លាមៗនោះទេថា ការពិភាក្សានោះកំពុងប្រព្រឹត្តទៅក្នុងកម្រិតណានៅឡើយ។
នៅក្នុងការអត្ថាធិប្បាយរបស់លោក លោក Trump បានមានប្រសាសន៍ថា ប្រធានបទមួយក្នុងចំណោមប្រធានបទដែលលោកចង់ឱ្យមានការដោះស្រាយនោះគឺ «ប្រជាជនដែលមកពីប្រទេសគុយបា ដែលត្រូវបានគេបង្ខំឱ្យចាកចេញ ឬបានចាកចេញក្រោមការគាបសង្កត់»។
សហរដ្ឋអាមេរិក ចង់ឱ្យមានការផ្លាស់ប្តូររបបនៅក្នុងប្រទេសគុយបាកុម្មុយនីស្តជាយូរមកហើយ ដែលជាប្រទេសមួយត្រូវបានគ្រប់គ្រងដោយប្រព័ន្ធនយោបាយសង្គមនិយមតាំងពីឆ្នាំ១៩៦១ ផ្អែកលើគោលការណ៍ «រដ្ឋមួយ បក្សមួយ»៕









