អំពើ​ឆបោក​និង​របរ​រក​ស៊ី​មិន​សុចរិត​ពី​បុគ្គល​មាន​ខ្នង​បង្អែក​កំពុង​រីក​សុះ​សាយ​ដោយ​រលូន​នៅ​កម្ពុជា

ថ្មីៗ​នេះ​ ក្រុម​ហ៊ុន​ឡេង​​ណា​វ៉ា​ត្រា និង​​ក្រ​​សួងរៀបចំ​​​ដែន​​​ដី បា​​ន​ជួប​​អ​តិ​ថិ​ជន​ នៅ​​រាជ​​ធា​​នី​​ភ្នំ​ពេញ ​ដើម្បី​​បញ្ចុះ​បញ្ចូល ​រឿង​ក្រុ​មហ៊ុន​​ខក​ខាន​សាងស​​​ង់​​ផ្ទះ​​ឱ្យ​តាម​កិច្ច​ស​ន្យា​១៨​ខែ។​ បញ្ហា​នេះ ​កង​ទ័ព​ម្នាក់​ឈ្មោះ ​គីម ​សាន​ បា​ន​​ទ​ម្លាយ​ពី​ទុក្ខ​លំ​បាក​នៃ​វិប​ត្តិ​បំ​ណុល​រ​បស់​ខ្លួន​ ដោយសារក្រុមហ៊ុនបំពានកិច្ច​សន្យា​នេះ និ​ង​ទាម​ទារ​ឱ្យ​ឈប់​រកលេស​ពន្យា​ពេល​​ត​ទៅទៀត​។

«សុំទោស​​ខ្ញុំសុំនិយាយ​​តែបន្តិច​ទៀត​ទេ​ លោក​​ឯកឧត្តម​​បាន​​និយាយ​​ច្រើន​ហើយជា​ប់ក​ន្លះ​​ម៉ោង​។ គិត​មើល​​​ទៅ​​​ខ្ញុំ​​រាល់​​ថ្ងៃ​ ជួល​​ផ្ទះ​​​គេ​នៅ​​មួយ​​ខែ​៥០​​[ដុល្លារ] បូក​​និង​​ទឹកភ្លើង​អីទៀត​ ប្រាក់ខែ​ទាហាន​​បើក​មក​​សង​ធនាគារ​អង្គ​ការ​​អេស៊ីលីដា ឯក​សារ​មាន​​ទាំង​អស់​នេះ ​ជំពាក់​ធនាគារ​​ប៉ុន្មាន​​ៗ​បង់។ ហើយ​លុយ​​យក​​បង់​ផ្ទះ​អស់​អាលីង​ហើយ។ ខ្ញុំ​សុំទោស​ ​​ខ្ញុំ​​សុំ​និយាយ​​​តែ​៥នាទី​ទេ ​ឥឡូវ​អត់​​ទាន់​​បាន​​៥នាទី​​ផង។ គិត​មើល​ទៅ​ ខ្ញុំ​ទាហាន ឥឡូវ​​កំពុង​មាន​​បញ្ហា​​​នៅ​ព្រំដែន​។ ឥឡូវ​​ខ្ញុំ​​​សុខ​ចិត្ត​​​ឱ្យ​មេ​​ខ្ញុំ​​ដាក់​ឈ្មោះ​​ខ្ញុំ​​ទៅ​​ព្រំដែន ដើម្បី​​វ៉ៃជា​មួយ​ថៃ​​ ខ្ញុំ​​ខឹង​ថៃណា​ស់ ​ខ្ញុំ​​ដេក​​​ឡើង​ស្រក់​​ទឹក​​ភ្នែ​​ក​ខ្ញុំ​​ខឹង​ថៃ​​ខ្ញុំ​​សង្ឃឹម​​ថា ខ្ញុំ​ត្រឡប់​ពី​ព្រំដែន​​វិញ ខ្ញុំមា​ន​ផ្ទះ​នៅ ​ខ្ញុំ​ខឹង​ថៃ​ណាស់ ​ខ្ញុំ​ដេក​ស្រក់​ទឹក​ភ្នែក»។ នេះជាការ​លើកឡើង​របស់កងទ័ព​​ម្នាក់ឈ្មោះ គីម សាន​។

អ្នក​ដែល​ស្រែក​សម្លុត​ឱ្យ​កងទ័ពម្នាក់នេះ ​ឈប់​​និយាយ​​​ហើយ​​អង្គុយ​​ចុះ​ត្រូវ​បាន​​សារ​ព័ត៌មា​ន​​មួយ​​ចំនួន​ចុះ​ផ្សាយ​​ថា មាន​​ឈ្មោះ​សុំ មនោរម្យ ​ជា​មន្ត្រី​​ជាន់​​ខ្ពស់​ក្រសួង​​រៀប​ចំដែន​ដី ​នគរូប​នីយកម្ម ​និង​សំណង់។

លោកនី សុខា ប្រធានសមាគមអាដហុក​ បានប្រាប់​វីអូឌីនៅថ្ងៃទី​​១៣ខែ​មករា​នេះ​ថា នៅ​ក្នុង​​ប្រទេស​មួយ​​ដែល​​ប្រព័ន្ធ​​​យុត្តិធម៌​នៅ​​មា​ន​​ភាព​ទន់​​ខ្សោយ ​មាន​​ន័យ​​ថា យើង​​ខ្វះ​នីតិរដ្ឋ​​ការ​​អនុវត្ត​​ច្បាប់​​មិន​បាន​​ត្រឹមត្រូ​វ​ក៏​ដូច​​​ជាអ្ន​ក​​អនុវត្ត​​ច្បាប់​ ​មិន​បាន​យក​ច្បាប់​ទៅ​អនុវត្ត​ឱ្យបាន​ហ្មត់ចត់ ​នេះ​វា​ជា​រឿ​ង​​មួយ​​​ដែល​​យើ​ង​​​មើល​ឃើញ​​​ថា ពាក់​ព័ន្ធ​​ទៅ​​​នឹង​​​ប្រព័ន្ធ​​យុត្តិធម៌​​ ​​គឺ​ជា​រឿង​​សំខាន់។ ប្រសិន​​​បើ​ប្រព័ន្ធ​​យុត្តិធម៌​​ទន់​​ខ្សោយ​ហើយ​នោះ​​អ្នក​​ដែល​​រ​ង​គ្រោះ ​គឺ​ប្រជា​ពល​រដ្ឋ​​ដែល​​ក្រីក្រ​​ ​ស្លូត​​ត្រង់ ​ឬ​ក៏​អ្នក​​ដែល​គ្មាន​​បក្ខ​ពួក​គ្មាន​អំណាច​អាហ្នឹង​ជា​ដើម​​​ទី​​​នៃ​កា​រ​រង​គ្រោះ​។

លោក​បន្តថា ទី២ យើងមើល​អំពីវប្បធម៌​បក្ខពួកនិយម ​មាន​ន័យ​ថា ​ប្រសិន​បើ​សង្គម​នឹង​​ពោរ​ពេញ​​ដោយ​បក្ខ​​​ពួក​​និយម បើមាន​វប្បធម៌​ដែល​គេនិយាយ​បែបសាមញ្ញថា «ឯង​ជួយ​អញអញជួយឯង» ដែល​មាន​ន័យ​ថា​​ជួយ​គ្នា​ទៅ​វិញ​ទៅមក​រវាង​អ្នក​ដែល​កាន់​ច្បាប់​​មាន​អំណាច ​ជាមួយ​ឈ្មួញ​ដែល​រក​ស៊ីមិន​ត្រឹម​ត្រូវ។ នេះ​គឺ​ជា​ប្រព័ន្ធ​​មួយ​​ដែល​​​ជា​ឱកាសរ​បស់​​មន្ត្រី​​ខិល​​ខូច​​​ និង​​ឈ្មួញ​​មិន​​សុចរិត​។

ទី៣ពាក់​ព័ន្ធ​នឹងបញ្ហា​អំពើ​ពុក​រលួយ​នេះ ជារឿង​មួយ​សំខាន់​ដែរ ពីព្រោះ​ប្រសិន​បើសង្គមនេះ ​​ពោរពេញទៅ​​ដោយ​​អំពើ​ពុក​រលួយ អ្វីដែល​គេហៅ​ថាកាល​ណា​​មាន​ការ​​ជ្រៀត​ចូល​​នៃ​​​អំពើ​​ពុក​​រលួយ​​នោះ បក្ខ​ពួក​និយម​ក៏​កាន់​​​តែ​រឹងមាំ​​​ បង្ក​ជាបក្ខជាពួក ​ក៏កាន់​តែរឹងមាំ ​ហើយ​ច្បាប់​​ក៏លែងមាន​ប្រសិទ្ធភាពដែរ ​ប្រសិន​បើ​មាន​អំពើ​ពុក​រលួយ​ច្រើន​។

បន្ថែមពីនេះ ​វាមាន​ការ​រួម​ផ្សំ​បញ្ហា​ផ្សេងទៀត ​ដូច​ជា សិទ្ធិសេរី​ភាព​របស់​ប្រជាពល​រដ្ឋ​កាន់​តែ​រួម​តូច ​ពិសេស​សិទ្ធិ​​ក្នុងការ​បញ្ចេញមតិ ​នៅ​ពេល​ពល​រដ្ឋ​ធ្វើការ​រិះគន់ ​ធ្វើការបញ្ចេញមតិ​ តវ៉ា​ចំពោះ​បញ្ហា​ទាំងអស់នឹងទៅ ​គឺ​​​តែង​តែ​ទទួល​រងការគំរាមកំហែង ការបំភិត​បំភ័យ ឬក៏ការ​ចោទ​ប្រកាន់​ពីបទល្មើស​ថែមទៅ​ទៀត​ ដែល​​វា​ធ្វើ​​ឱ្យ​​សិទ្ធិ​សេរីភាព​របស់​ប្រជាពល​រដ្ឋ ​ក្នុងការបញ្ចេញ​មតិ​យោបល់​ កាន់តែ​រួមតូច​ទៅ ដែល​ជាឱកាស​ទៅ​ដល់​​អ្នក​ដែល​រក​ស៊ី​មិន​ត្រឹម​ត្រូវ​មិន​សុចរិត​ នឹងកាន់​តែមាន​ឱកាស​កាន់​តែខ្ពស់​។

ជ្រុងមួយ​ទៀត លោកថា ​បើ​សិន​ជាមាន​សារព័ត៌មាន​ដែល​ហ៊ាន​និយាយ​​ការពិត ​ព័ត៌មាន​ដែល​ឯករាជ្យ ​ហ៊ាន​​រិះ​​គន់​​វ៉ៃ​​ត្រង់ៗ​ចំៗ​ នោះអ្ន​ក​​ដែល​​រក​​ស៊ី​មិន​​ត្រឹម​​ត្រូវ ​ឬ​ក៏ប​ក្ខពួ​ក​​រក​ស៊ីកា​រពា​រ​គ្នា​​ទៅ​​វិញ​ទៅ​មក ​អាច​មាន​ការ​​ខ្លាច​​ញញើត​​ដែរ ​ដោយ​​សា​រ​​​តែ​នេះ​​វា​​ជា​សំឡេងមួយ​នៅ​ក្នុង​សង្គមធ្វើ​ឱ្យ​ប្រជាពល​រដ្ឋ​ដឹង។ ​ប៉ុន្តែ​ប្រសិន​​បើសារព័ត៌មាន​ឯក​រាជ្យ ​ត្រូវបាន​បិទមាត់​ ហើយ​មាន​តែសារព័ត៌មាន​ស្រប​ ចាំតែហីអើ​​មិន​​ហ៊ាន​និយាយ​​ពីបញ្ហា​រសើប​ៗ​ក្នុងសង្គ​ម​ទេ ​នោះ​វាធ្វើ​ឱ្យ​មន្ត្រី​​ខិល​ខូច​និងឈ្មួញ​ទុច្ចរិត​​មាន​ឱកាស​កាន់​តែខ្ពស់​។

មើល​សង្គម​យើង​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹងបញ្ហា​ប្រព័ន្ធ​យុត្តិធម៌ ​ពាក់​ព័ន្ធ​នឹងបញ្ហាអំពើ​ពុក​រលួយ ​ពាក់​ព័ន្ធ​បញ្ហា​លំហរ​សិទ្ធិ​សេរីភាព​ពល​រដ្ឋ​ ពាក់ព័ន្ធ​បញ្ហា​សិទ្ធិ​សេរីភាពសារព័ត៌មាន ​រឿង​ទាំងអស់​នេះ ​​​​គឺ​​​​មាន​​ការ​​លើក​ឡើង​​មាន​ការ​​ព្រួយ​​បារម្ភ​​ ជាកា​រ​​រក​​ឃើញ​មាន​​ការ​​ធ្លាក់​​ចុះ​​​​ជារៀង​​រាល់​ឆ្នាំ​ ទាំង​​សេរីភាពសារ​ព័ត៌មាន​​ ទាំង​ការ​​អនុវត្ត​​ប្រព័ន្ធ​​យុត្តិធម៌ ​មាន​​​ន័យ​ថា​ នីតិរដ្ឋ​​ និងការអនុវត្តសិទ្ធិសេរីភាព​ពលរដ្ឋ ​ឬក៏សេរីភាពសារព័ត៌មាន​នឹង​ឃើញថា មានការរកឃើញ​ពីអ្នក​ជំនាញ​អន្តរជាតិ ឃើញ​ថាប្រទេសកម្ពុជា​​មាន​ការ​​ធ្លាក់​ចុះ​​ជា​លំដាប់​​ពី​មួយ​​​ឆ្នាំ​​ទៅ​​មួយ​​ឆ្នាំ ​​អត់មា​ន​​លេ​ខ​ដែល​ល្អ​​ទេ ​​គឺ​ថា​​​បើ​​យើង​​ប្រើ​ពា​ក្យ​​ឱ្យ​​សាមញ្ញថា​​លេខ​របស់ក​ម្ពុជា​ គឺស្ថិ​ត​​នៅ​​​បាត​តារាង​ មាន​​ន័យ​​ថា ​លេខ​ទាប​​លេខ​មិន​ល្អ។ ដូច្នេះ​​រឿង​​ទាំង​អស់នឹ​ង​ហើយ​​ដែល​​យើង​​នៅ​​តែ​​មាន​ការ​​ព្រួយ​​បារម្ភ​ទៅ​​​ថ្ងៃ​ខាង​មុខ ប្រសិន​​បើ​រដ្ឋាភិបា​ល​​មិន​​បា​ន​ចាត់​​វិធាន​ការ ​ឬ​ក៏​ដោះ​​ស្រាយ​​បញ្ហា​​ទាំង​អស់​នឹង​ឱ្យ​បាន​​ឆាប់​​រហ័ស ​ដើ​ម្បី​​ដោះ​​ស្រាយ​​បញ្ហា​ទាំង​អស់​នឹង កុំ​​ឱ្យ​មាន​​អំពើ​​រក​​ស៊ី​​ដែល​​មិន​​សុចរិត មិន​ត្រឹម​ត្រូវ​។

រដ្ឋាភិបាល​គួរ​តែពង្រឹងប្រព័ន្ធ​យុត្តិធម៌ លុបបំបាត់​នូវអំពើ​ពុក​រលួយ ​ផ្តល់​សិទ្ធិសេរីភាព​ដល់​ប្រជាពល​រដ្ឋ​នឹង​ឱ្យ​​ទូលំ​ទូលាយ ​​មាន​​សារ​ព័ត៌មាន​​ឯក​រាជ្យ​​ឱ្យ​បាន​ត្រឹមត្រូវ ​ធានាថា មានសារព័ត៌មាន​​ឯក​រាជ្យ​​​អាច​​និយាយ​ការ​ពិត​​ឱ្យ​បាន​​ច្រើន ​ហើយ​នៅក្នុ​ង​​នោះ​ដែរ គឺ​ថា​​លុបបំ​បាត់​នូវវ​ប្បធម៌​បក្ខ​ពួកនិ​យម គឺ​ថា​អញ​ជួយ​ឯង ឯង​ជួយ​អញ​នឹង គឺត្រូវ​លុបបំបាត់​វប្បធម៌​ទាំងអស់នឹង​ នោះទើប​រដ្ឋាភិបាលអាច​ស្តារឡើងវិញនូវស្ថានភាព​ទាំង​អស់​នឹង​បាន។

បើមិន​ស្តារ​ឡើង​វិញ​ទេ ​នោះ​សង្គម​កម្ពុជា​នៅ​តែជាឱកាសសម្រាប់​អ្នក​រក​ស៊ីមិន​​សុចរិត ​ហើយ​អ្នក​ដែល​រង​គ្រោះ​​គឺ​​ប្រជាពល​រដ្ឋ​ក្រីក្រ ហើយ​ក៏​គ្មាន​អ្នកវិនិយោគ​ទុន​បរទេស​​សុចរិត​ណា​ ហ៊ាន​មក​ដាក់ទុន​វិនិយោគ​រក​ស៊ី​នៅកម្ពុជា​ដែរ។

លោក ​អំ សំអាត នាយក​ទទួលបន្ទុក​កិច្ច​ការ​ទូទៅនៃ​​អង្គការសិទ្ធិមនុស្សលីកាដូ ថែ្លងថា កក្តា​ដែល​ធ្វើឱ្យ​ជន​ខិល​​ខូច​ឆ្លៀង​ឱកាស នៅក្នុងការ​រកស៊ីដោយ​ទុច្ចរិត ​ការឆបោក​ប្រជាពល​រដ្ឋ​ ​​តាម​រយៈរបរទុច្ចរិត​ផ្សេងៗ​ដូចជា ​ការ​វិនិយោគ​ដាក់ប្រាក់​​បាន​ការ​ប្រាក់ខ្ពស់ ​និង​ល្បែង​អនឡាញខុសច្បាប់​ជាដើម ​​គឺ​​ដោយ​​សារ​​តែ​​ការ​អនុវត្ត​ច្បាប់​នៅ​​ប្រទេស​កម្ពុជា នៅ​មាន​ភាពធូ​ររ​លុង ឬ​ក៏​ឆក​ល្វែង។​ ទី២​គឺ​​កក្តា​អំពើ​​ពុក​​​រលួយ​បក្ខ​ពួក​និយម។​ ទី៣​តុលាការ​​​មិន​​ទាន់​មានភា​ពឯ​ករាជ្យ​ពេ​​ញ​លេញ​នៅ​ឡើ​យ។ ដូច្នេះ​​កក្តា​​ទាំង​នេះ​​​ធ្វើ​ឱ្យ​​ជន​​ឆ្លៀ​ត​ឱកាស​ ឬ​ក៏​ឱកាស​និយម​ ​រកស៊ី​នូវ​​រប​​រទុច្ចរិ​តឆបោក​​ ឬក៏បោក​ប្រាស់ទៅលើ​ប្រជាពល​រដ្ឋ​នាំឱ្យមានការ​រង​គ្រោះ​ ដូចដែល​បាន​ឃើ​ញក្នុងពេល​បច្ចុប្បន្ន។

ឆ្លងតាម​បទពិសោធន៍កន្លងមក​នេះ គឺកម្ពុជាយើង​ត្រូវតែអនុវត្ត​ច្បាប់​ឱ្យមាន​​ប្រសិទ្ធភាព មិន​មាន​ការ​លើក​លែង ​​​លុប​​បំបាត់​​អំពើ​​ពុក​រលួយ ​បក្ខពួកនិយម ហើយ​​ពង្រឹង​វិស័យ​យុត្តិធម៌ ​ជាពិសេស​ប្រព័ន្ធ​តុលាការ​ធ្វើ​ម៉េច​​ឱ្យ​​ទៅ​​ជាតុលាការ​ឯករាជ្យពិត​ប្រាកដ។ អ៊ីចឹងការអនុវត្ត​កក្តាទាំង​៣នេះ ឱ្យមាន​ប្រសិទ្ធិភាព​កម្ពុជា​យើង​​​​នឹង​អាច​ទទួល​​បាន​​នូវអ្នក​វិនិយោគ​​ទទួល​បាន​យុត្តិធម៌​នៅក្នុងសង្គម ហើយ​ប្រជាពល​រដ្ឋ​យើង​ក៏មិន​ក្លាយ​ជាអ្នករងគ្រោះ​បន្តបន្ទាប់​ទៅទៀត​ដែរ។

លោក មាជ សុវណ្ណារ៉ា ​ប្រធានគណបក្ស​ជំនាន់ថ្មី ​ថ្លែងថា ​សាធារណជន​មើល​​ឃើញថា ពួកជន​ខិលខូច​​ជាពិសេស​​ឧកញ៉ាខិលខូច អ្នកមា​ន​លុយមា​នកា​ក់​​មួយ​​ចំនួន ធ្លាប់មា​នកា​រ​​ជិត​ស្និទ្ធ​​ជា​មួយ​​មន្ត្រី​​និង​ធ្លាប់​ជួយ​​ដល់​គណបក្ស​​ប្រជាជន ក្នុងនោះ​​មាន​ការ​​ថតរូប​ជាមួយ​នាយក​​រដ្ឋ​មន្ត្រី​ និង​​អតីត​នាយក​រដ្ឋ​មន្ត្រី ក៏​ដូច​ជា​មន្ត្រី​អ្នក​មុខ​អ្នកកា​រ​ក្នុង​ជួរ​គណបក្ស​​ប្រជាជន​កម្ពុជា។ អ៊ីចឹង​​ហើយ​​គាត់​​យក​ឥទ្ធិពល​ជា​ខ្សែ​ជា​បក្ខ​ជា​ពួក តាម​រយៈ​​សាច់​ញាតិ​​ តាម​​រយៈ​ការ​សូក​នៃ​អំពើ​​ពុក​​រលួយ​ ​ហើយ​គាត់​ឆ្លៀត​ឱកាស​យក​ឥទ្ធិព​ល​​របស់​​ថ្នាក់​ដឹក​នាំ​​ ឥទ្ធិពល​របស់គណបក្ស​កាន់​អំណាច ​ហើយ​គាត់​ទៅ​រកស៊ីអចលនទ្រព្យ​លក់ដី​ធ្លី​លក់ផ្ទះ​ល្វែង​អីនឹង យើង​​ឃើញ​ហើយ​​សុទ្ធ​​​តែ​ឧកញ៉ា​ដែល​​ប្រព្រឹត្ត​នូវ​អំពើ​​ទុចរិត​ ​ឬ​ក៏​ថា លុយ​​នឹង​មិន​​ដឹង​ថា ជា​ភាគហ៊ុ​ន​​លុយ​​អ្នក​មាន​​អំណាច​អ្នក​មាន​លុយ​​កាក់ ​ដែល​មាន​ខ្សែស្រឡាយ​​ជាបក្សកាន់​​អំណា​​ច​រួ​ចហើយ​​មក​ធ្វើអ្វី​ផ្តេស​ផ្តាស។

មក​ធ្វើអ្វីផ្តេសផ្តាស់នឹងនៅក្នុង​អាវប្បធម៌​ឯង​ជួយ​អញ អញ​ជួយ​ឯងនឹង​ហើយ​​​ដែល​ធ្វើ​ឱ្យ​ខូច​​សណ្តាប់​​ធ្នាប់​ធ្វើ​ឱ្យមាន​​បញ្ហា​ច្របូក​ច្របល់​​នៅក្នុងប្រព័ន្ធ​ផ្លូវច្បាប់ ​ប្រព័ន្ធ​តុលាការ​ តុលាការ​ត្រូវ​បានគេ​មើល​ឃើញ​ថា ពោរ​​ពេញ​​ទៅ​ដោយ​អំពើ​ពុក​រលួយ ​ឬក៏មាន​និន្នាការ​បក្ស​អីជាដើម​នឹង​ គឺថា អាការប្តឹងផ្តល់​ដើម្បី​រក​យុត្តិធម៌​ដោយ​​ជន​រងគ្រោះ​ដែល​គាត់​ជំពាក់​បំណុល​​ធនាគារ ​គាត់​រកស៊ីគ្រប់​បែបយ៉ាង​ដោយ​សុចរិត​នឹង​យកទៅ​ទិញ​ផ្ទះ​ល្វែង​​សម្រាប់​រស់នៅ ​ឬក៏រកស៊ីបន្ត​ទិញ​​ផ្ទះ​ថោក​សម្រាប់​​ផ្ទះ​ធ្វើហើយ បុរី​ឬក៏លក់ផ្ទះល្វែង ចឹងវាធ្លាក់​ទៅ​​នឹងអាអំពើ​ធ្វើនំអត់ម្ស៉ៅ​របស់​ជន​ខិលខូច ដោយ​សារគាត់ប្រើអំណាចសែស្រឡាយ​បក្ខពួកគ្រួសារ​និយម​​ ​អានឹងហើយ​ជាបញ្ហា​ដែល​យើងឃើញថា ​ច្បាប់​ក៏ដូចជាអ្នក​ដឹកនាំនៃបក្សកាន់អំណាចនឹងគាត់​មិន​បាន​​យក​ចិត្ត​ទុកដាក់​ដើម្បី​រកយុត្តិធម៌ដោះ​ស្រាយ​ដោយ​សារ​វាជាប់​ទៅនឹងមន្ត្រីខិលខូចមួយ​ចំនួន​គាត់​ចេះ​តែ​សូក​លុយ​សូកកាក់​​ហើយភូតកុហក់ជនរងគ្រោះ​។

អ៊ីចឹងហើយបាន​ជាមាន​ការ​ធ្វើបាតុកម្ម​តវ៉ា​ជាបន្តបន្ទាប់ ​ដើម្បី​ទាមទារ​រក​យុត្តិធម៌​​ទាមទារ​ឱ្យ​​មាន​​ការ​សង​ប្រាក់​​ពួក​គាត់​មក​វិញ ​ដូចជាថ្មីៗ​នេះ ​វីរកងទ័ពម្នាក់​ក៏ធ្វើការ​តវ៉ា​ចំពោះ​​ការ​បង់​ប្រាក់​ឱ្យ​​ក្រុម​ហ៊ុន​ឡេង​ណាវ៉ា​ត្រា ​តែ​មិន​ទាន់​​​បាន​​ផ្ទះ​ជាដើម។ លោកលើកឡើង​ថា បច្ចុប្បន្ន​មាន​ប្រជាពល​រដ្ឋ​រាប់​ពាន់​រាប់​ម៉ឺន​​គ្រួសារ​ នៅ​តាម​​រាជធានីខេត្ត​ បាន​ក្លាយ​ជាជន​​រងគ្រោះ​ ដោយ​សារ​ក្រុមហ៊ុន​ខិល​ខូចធ្វើនំអតម្ស៉ៅ។

លោកថា៖ «ចឹងសំណូមពរក្នុងនាមបក្ស​ក្រៅរដ្ឋាភិបាល ចង់​ឃើញ​យុត្តិធម៌ប្រកបដោយ​តម្លាភាព​​សុចរិត​ហើយ​​ធ្វើយ៉ាងម៉េច ​ជន​ដែល​ប្រព្រឹត្ត​នូវអំពើ​ខុសច្បាប់ ​ត្រូវតែយកទៅកាត់​ទោស​ត្រូវតែប្រ​ឈម​ចំពោះ​មុខ​ច្បាប់​ ដោយ​អត់មាននិន្នាការ​បក្ស ដោ​យអត់គិតពីអំ​ពើ​ពុករលួយនៃ​គ្រួសារ​​​បក្ខពួក​និយម​អីណានោះ ​ត្រូវរក​យុត្តិធម៌​​ឱ្យបាន​ត្រឹមត្រូវ ​សម្រាប់ពល​រដ្ឋ​ម្ចាស់ឆ្នោត​ពល​រដ្ឋ​ដែល​គាត់​​រងគ្រោះ​ដែល​គាត់ធ្លាប់​តែ​ជឿ​ជាក់​ទៅ​លើ​​រដ្ឋាភិ​បាល​ ​ហើយ​គាត់​​តែង​​​តែ​ស​ង្ឃឹម​ថា រដ្ឋាភិបាល​​នឹង​រក​​យុត្តិធម៌​​ជូន​​គាត់​​នៅ​ពេល​​ដែល​​គាត់​​រ​ងគ្រោះ​​គាត់​បាត់​បង់ថ​វិកា​​ ដោយ​​សារ​​តែ​គាត់​​ទិ​ញ​​ផ្ទះ​​ល្វែង​​អីជា​ដើមហ្នឹង»។

លោក វីរៈ អ៊ូ អ្នកវិភាគ​នយោបាយ​ និង​ជាស្ថា​បនិក​នៃវេ​ទិកា​គិត​រថក្រោះនា​ពេល​អនាគត​នៅ​រាជ​ធានីភ្នំពេញ បាន​និយាយ​ថា ខ្លួននៅតែជាសំណួរគន្លឹះ​មួយ​ថា ហេតុអ្វី​បាន​ជាចិ​ន​មិន​អន្តរា​គម​ន៍លឿន និង​បង្ខំ​ជាង​មុន ហើយ​ស្នើ​ឱ្យកា​រ​សម្រេច​ចិត្ត​របស់​ទីក្រុង​ប៉េកាំង មាន​ភាព​ងាយ​ស្រួលជា​ង​មុន ដោយ​ការ​ពិត​ថាភាព​ជាន់​ខ្ពស់​នៃ​យោធា​ថៃ​ទំនង​ជា​នាំ​ឱ្យមា​នយុ​ទ្ធ​សាស្រ្ត​គួរ​ឱ្យ​កត់​សម្គាល់ ការ​ទទួល​បាន​ដែល​វា​នឹងរីក​រាយ​ក្នុង​ការ​រក្សា​ទុក​តាម​រយៈ​បទ​ឈប់​បាញ់។

លោក អ៊ូ បាននិយាយ​ថា៖ «ខ្ញុំគិតថា ការពិត​នៅលើដី​នេះ​ទំនង​ជា​កត្តា​ចម្បង​សម្រាប់​បទ​ឈប់​បាញ់​គ្នា ប៉ុន្តែ​ប្រហែល​​ជា​ការ​ចូល​រួម​របស់​ប្រទេស​ចិន អាច​ធានា​បាន​នូវ​បទ​ឈប់​បាញ់​គ្នា​ដ៏​យូរ​អង្វែង […] កត្តា​ចិន​អាច​គ្រាន់​តែ​ជា off-ramp សម្រាប់​ប្រទេស​ទាំង​ពីរ​ដោះស្រា​យ​បទ​ឈប់​បាញ់​គ្នា ដែល​កម្ពុជា​ចង់​បាន ហើយថៃ​ប្រ​ហែល​ជា​សប្បាយ​​ចិត្ត​ជាមួយ​លទ្ធ​ផល​នៅ​លើដី​»។

ប្រជាពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនវិនិយោគដីធ្លី ប្រ៊ីលាន ស៊ីធី (Brilliant City) នៅព្រឹកថ្ងៃ​ទី១​៣ ខែមករា ឆ្នាំ​២០២៦ បាន​នាំ​គ្នា​ទៅដា​ក់​ញត្តិ​​ស្នើ​ឱ្យ​រ​ដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ជួយ​អន្តរាគមន៍​រក​យុត្តិ​ធម៌ និង​សុំឱ្យ​​តុលាការ​ជួយ​ពន្លឿន​រឿង​ក្តី​របស់​ពួក​គេ ដែល​អតីត​ឧកញ៉ា ឡេង ចាន់ណា ជា​អគ្គនាយិកា​ក្រុម​ហ៊ុន និងបក្ស​ពួក បាន​ឆបោក​លុយ​រាប់​លាន​ដុល្លារ​ពី​ពួក​គាត់​កន្លង​មក។

ឧកញ៉ា ឡេង ចាន់ណា ត្រូវបានចាប់ខ្លួនកាលពីខែមីនា ឆ្នាំ២០២៤ បន្ទាប់​ពី​ប្រជាពលរដ្ឋ​នៃ​ខេត្ត​សៀម​រាបរាប់​ពាន់​គ្រួសារ រួ​មទាំង​ពលករ​ខ្មែរ​ជាង ១០០នាក់​ នៅ​ក្នុង​ប្រទេស​កូរ៉េ បាន​បាត់​បង់​ប្រាក់​យ៉ាង​ច្រើន​នៅ​ក្នុង​គម្រោង​ក្រុម​ហ៊ុន ប្រ៊ីលាន ស៊ីធី «គម្រោង​ភាគ​លាភ​ខ្ពស់» ក្នុង​រយៈ​ពេល​ពី​រឆ្នាំ។

ក្នុងករណីរនេះដែរ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅខែសីហា ឆ្នំា​២០២៥ បាន​សម្រេចព្យួរតំណែង​អនុ​ប្រធាន​​​​អង្គភាពរ​បស់​ខ្លួន និង​មាន​តួនាទី​ជា​រដ្ឋលេខា​ធិការ​ក្រសួង​អប់រំ គឺ​លោក ស៊ាន បូរ៉ាត់ បន្ទាប់​ពី​មាន​ការ​ស៊ើប​​អង្កេត​រក​ឃើញ​ថា លោក និង​លោក ស ថាវី អនុរដ្ឋ​លេខាធិការ​ក្រសួង​ការ​ពារ​ជាតិ ជាប់​ពាក់ព័​ន្ធ​ករណី​ឆបោក​លុយ​រាប់​លាន​ដុល្លារ​ជាមួយ​អគ្គនាយក​ក្រុម​ហ៊ុន Brilliant City លោក​ស្រី ឡេង ចាន់ណា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ