ថៃបង្ហាញមហិច្ចតាមិនប្រគល់ដីខ្មែរតាមព្រំដែន ដែលខ្លួនដណ្តើមបានក្នុងសង្គ្រាមឈ្លានពាន២១ថ្ងៃមកនេះទេ ដោយសំអាងថា រយៈពេល ១ឆ្នាំ ថៃនឹងកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវប៊េតុង លេណដ្ឋាន នឹងពង្រឹងកម្លាំងការពារដែនអធិបតេយ្យ ខណៈរដ្ឋាភិបាលកម្ពុជានៅតែទាមទារឱ្យថៃគោរពស្មារតីបទឈប់បាញ់ឱ្យបានពេញលេញក្រោមក្រសែភ្នែកអន្តរជាតិ។
អ្នកតាមដាន យល់ថា សារបស់ថៃនេះ បង្ហាញច្បាស់ថា ការដែលមេដឹកនាំកម្ពុជា នៅបន្តប្រើយន្តការទ្វេភាគី នឹងមិនបានដីខ្មែរដែលថៃបានដណ្តើមយកថ្មីៗនេះ បានមកវិញទេ ដរាបណា កម្ពុជាមិនបញ្ជូនសំណុំរឿងព្រំដែននេះ ទៅតុលាការអន្តរជាតិ និងសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស ២៣តុលា ។
ជុំវិញបញ្ហានេះ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦នេះ ក្រសួងការបរទេសថៃចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា យោធាថៃនឹងបន្តឈរជើងរឹងម៉ាំតាមតំបន់ដែលខ្លួនកាន់កាប់ និងព្រមានកម្ពុជាមិនឱ្យចោទថៃថាឈ្លានពានដីខ្មែរ។
ក្រសួងការបរទេសថៃ និយាយថា យោធាថៃនឹងមិនដកទ័ពចេញពីតំបន់ដែលខ្លួនបានវាយដណ្តើមកាន់កាប់កំឡុងពេលផ្ទុះអាវុធ ២១ថ្ងៃកន្លងមកទេ ដោយសំអាងថា ដីទាំងនោះជាដែនអធិបតេយ្យរបស់ថៃ។
ប្រភពអះអាងថា យោធាថៃនឹងបន្តឈរជើងយ៉ាងរឹងម៉ាំ ដើម្បីពន្លឿនកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើលេណដ្ឋាន ធ្វើផ្លូវប៊េតុង នឹងកសាងគ្រិះព្រះពុទ្ធសាសនានៅទីតាំងទាំងអស់ដែលថៃវាយដណ្តើមបាន។
ប្រភពនិយាយថា ក្នុងរយៈពេល ១ឆ្នាំនេះ យោធាថៃនឹងពង្រឹងការការពារដែនអធិបតេយ្យ មិនឱ្យបរទេសចូលឈ្លានពាន ឬទាមទារទឹកដីវិញទេ ត្រង់ចំណុចហាក់សំដៅទៅលើកម្ពុជា គឺមិនឱ្យខ្មែរទាមទារដីមកវិញ។
បន្ថែមពីនេះ នៅថ្ងៃទី១២ ខែមករាដដែល សារព័ត៌មានថៃជាច្រើន រួមទាំង The Nation Thailand, Bangkork Post និង Amarin News បានដកស្រង់សម្តីរដ្ឋមន្រ្តីការបរទេសថៃ លោក ស៊ីហាសាក់ ភុងកេតកែវ ឱ្យដឹងថា លោកព្រមានកម្ពុជាឱ្យឈប់ប្រើពាក្យថា «ថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា»។
លោកនិយាយថា ភាគីកម្ពុជា គួរឈប់ប្រើពាក្យថា ថៃជាអ្នកឈ្លានពានកម្ពុជា ដោយលោកសំអាងថា ថៃគ្រាន់តែទាមទារទឹកដីខ្លួនដែលបាត់បង់កន្លងមក តាមផែនទីខ្នាត ១/៥០ពាន់របស់ភាគីថៃប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត លោក ស៊ីហាសាក់ ព្រមានទៀតថា កម្ពុជាត្រូវឈប់ជ្រៀតជ្រែក ឬចេះដឹងរឿងនយោបាយផ្ទៃក្នុងរបស់ថៃតទៅទៀត ដែលធ្វើឱ្យអ្នកនយោបាយថៃ មានការបែកបាក់សាមគ្គីភាព។
តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ចាត់ទុកសាររបស់ភាគីថៃនេះ ហាក់រំឭកមេដឹកនាំកម្ពុជាថា ទោះចរចាទ្វេភាគី ១០ទៅ២០ឆ្នាំ ឬ១០០ឆ្នាំទៀត ក៏ថៃមិនប្រគល់ដីខ្មែរឱ្យត្រឡប់មកវិញដែរ។ លោកថា ដីខ្មែរដែលថៃឈ្លានពានបានជាង ៣៥ទីតាំង នៅតាមបន្ទាត់ព្រំដែនយោធាថៃប្រាដកជាមិនប្រគល់ឱ្យភាគីកម្ពុជាវិញទេ បើមេដឹកនាំខ្មែរមិនប្តឹងថៃទៅតុលាការអន្តរជាតិ។
លោកបារម្ភថា បើមេដឹកនាំគ្រួសារហ៊ុន នៅតែមិនបង្ហាញជំហរប្តឹងថៃទៅតុលាការអន្តរជាតិ ICJ និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣តុលាទេ ដីខ្មែរគ្មានសង្ឃឹមបានមកវិញនោះទេ។
លោកថា៖ «១០០%ការចរចាទ្វេភាគីជាមួយថៃហ្នឹង មិនបានទឹកដីដែលថៃគ្រប់គ្រងទឹកដីយើងចំនួន៣៥ទីតាំងមកវិញនោះទេ លើកលែងតែកម្ពុជាយើងប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិអាយ.ស៊ី.ជេ និងសហប្រធាននៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ទើបបានដីខ្មែរមកវិញ បើសិនជាបន្តចរចាទ្វេភាគីមិនអាចនោះទេ»។
លោក សំអាន រំឭកថា ការធ្វើឱ្យបាត់បង់ទឹកដីបុព្វបុរស ជាទំនួលខុសត្រូវរបស់រដ្ឋាភិបាលគ្រួសារហ៊ុន ដែលត្រូវលាលែងពីអំណាច ព្រោះខ្លួនគ្មានសមត្ថភាពការពារបូរណភាពទឹកដីខ្មែរនោះទេ។
លោកសង្កត់ធ្ងន់ថា បើមេដឹកនាំគ្រួសារហ៊ុន មិនចង់ជាប់ឈ្មោះក្នុងប្រវត្តិសាស្រ្តថាជនក្បត់ជាតិ ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង ត្រូវតែពន្លឿនបញ្ជូនសំណុំរឿងព្រំដែនប្តឹងថៃទៅតុលាការអន្តរជាតិ។
លោកថា៖ «បើកម្ពុជាមិនប្ដឹងថៃទៅកាន់តុលាការយុត្តិធម៌អន្ដរជាតិ ICJ នោះទេ ទឹកដីចំនួន៣៥ទីតាំងហ្នឹងនឹងមិនបានត្រឡប់មកវិញនោះទេ មួយរយភាគរយគឺអត់បាននោះទេ»។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងនាថ្ងៃទី១៣ ខែមករានេះថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម តាមគោលការណ៍ច្បាប់អន្តរជាតិ។
លោកបញ្ជាក់ម្តងទៀតថា កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ ដោយថា បញ្ហាព្រំដែនត្រូវដោះស្រាយដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។
លោកថា៖ «អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ជំហរម៉ឺងម៉ាត់នៅក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញា សន្ធិសញ្ញាបារាំងសៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា»។
យ៉ាងនេះក្តី ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ធា្លប់និយាយក្នុងសភាថា កម្ពុជានឹងមិនអនុញ្ញាតឱ្យថៃប្រើផែនទីនេះ ដើម្បីកំណត់បន្ទាត់ព្រំដែននោះទេ ដោយចាត់ទុកថា អ្វីដែលថៃអះអាងដើម្បីកំណត់បន្ទាន់ព្រំដែន ដែលលោកថា «ជាផែនទីចោរ» ។
លោកថា៖ «ផែនទីចោរ ដែលបានឈ្លានពានយើងកាលពីឆ្នាំ២០០៨ គឺមិនគប្បីត្រូវបានប្រើប្រាស់ទៀតទេ យើងសូមប្រាប់អ្នកឲ្យបានដឹងៗ»។
ជាការកត់សម្គាល់ ក្រោយថៃគំរាមមិនឱ្យប្រើពាក្យថា ថៃឈ្លានពាន នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត ដែលជារដ្ឋាភិបាលបន្តវេនកម្ពុជា បានបញ្ចេញសារថ្មីៗនេះដោយគ្រាន់តែប្រើពាក្យថា ជម្លោះព្រំដែន។
នាយកកម្មវិធីតស៊ូមតិរបស់អង្គការប្រជាធិបតេយ្យខ្មែរនៅអូស្ត្រាលី លោក សេង វណ្ណលី យល់ថា យោធាថៃនឹងមិនប្រគល់ដីខ្មែរ មកឱ្យខ្មែរវិញទេ បើមេដឹកនាំកម្ពុជាមិនប្តឹងទៅតុលាការអន្តរជាតិ ICJ ប្តឹងទៅសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីស២៣តុលា និងអង្គការសហប្រជាជាតិទេនោះ។
លោកសង្កត់ធ្ងន់ថា បើមេដឹកនាំកម្ពុជាបច្ចុប្បន្ន មិនអាចការពារ ទាមទារទឹកដីខ្មែរ ដែលថៃឈ្លានពានកន្លងមកវិញបាននោះទេ មេដឹកនាំកម្ពុជា ត្រូវទទួលខុសត្រូវចំពោះមុខប្រជាជាតិ គឺទោសក្បត់ជាតិ។
យ៉ាងណា លោក វណ្ណលី នៅតែទទូចឱ្យមេដឹកនាំកម្ពុជាត្រូវតែពន្លឿនប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីទាមទារដីខ្មែរមកវិញ បើពុំដូច្នេះទេ រដ្ឋាភិបាលកម្ពុជា នឹងរងការស្តីបន្ទោសពីមហាជនខ្មែរតជំនាន់។
លោកថា៖ «រដ្ឋាភិបាលដឹកនាំដោយលោកនាយកមន្ត្រី ហ៊ុន ម៉ាណែត គឺត្រូវទទួលខុសត្រូវចំពោះការបាត់បង់បូរណភាព អធិបតេយ្យភាពរបស់កម្ពុជា ចំពោះប្រជាពលរដ្ឋទាំងមូល ទីពីរស្ថាប័ននីតិប្បញ្ញត្តិមានរដ្ឋសភា និងព្រឹទ្ធសភា មានតួនាទីត្រួតពិនិត្យ និងផ្តល់សច្ចាប័នលើសន្ធិសញ្ញាព្រំដែននានា បុគ្គលដែលពាក់ព័ន្ធប្រសិនបើរកឃើញថា មានការគប់គិត ឬការក្បត់ជាតិដែលនាំឲ្យបាត់បង់ទឹកដី បុគ្គលនោះត្រូវទទួលខុសត្រូវតាមច្បាប់ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះខ្ញុំគិតថាវាមានពាក់ព័ន្ធទៅនឹងបុគ្គលពីរ ថ្នាក់ដឹកនាំគណៈរដ្ឋមន្ត្រីរដ្ឋាភិបាលបច្ចុប្បន្ន ហើយនិងប្រធានព្រឹទ្ធសភា ក៏ដូចជាប្រធានរដ្ឋសភាដែលមានភារកិច្ចដោយត្រង់ចំពោះការត្រួតពិនិត្យ ទៅលើការសម្រេចរបស់រដ្ឋាភិបាល ក៏ដូចជាកិច្ចព្រមព្រៀងនានាដែលធ្វើឲ្យកម្ពុជាបាត់បង់ទឹកដី»។
បើតាម លោក អ៊ុំ សំអាន ក្រោយសង្រ្គាមឈ្លានពាន ២១ថ្ងៃកន្លងមកនេះ ខ្មែរបាត់ទឹកដីចំនួន ៣៥ទីតាំង ដូចជា ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ប្រាសាទខ្នារ ច្រកអានសេះ ភ្នំ៣៥០ ភូមិជោគជ័យ ភូមិព្រៃចាន់ ផ្ទះបីខ្នង អូរភ្លុកដំរី ថ្មដា ភ្នំទ្រព្យ ថ្មដូន អូរស្មាច់ បឹងត្រកួនចំនួន ៤ភូមិ ផ្ទះតាម៉ុក ( ជាំតែ-បុស្បូវ) អូរផ្កាស្នេហ៍ តាថាវ និងជប់អង្គុញ ជាដើម។
បើតាមពលរដ្ឋ តំបន់បឹងត្រកួន យោថៃបានព័ទ្ធយកផ្ទះពលរដ្ឋខ្មែរចំនួន៤ភូមិ មាន ភូមិបន្ទាយមានឫទ្ធិ ភូមិផ្លូវបំបែក ភូមិត្រពាំងសំរោង និងភូមិសាមគ្គី ក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
រីឯ ភូមិព្រៃចាន់ និងភូមិជោគជ័យ ដែលមានផ្ទះពលរដ្ឋខ្មែរជិត ១ពាន់ខ្នង ស្ថិតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ក៏ត្រូវបានយោធាថៃព័ទ្ធយកទាំងមូលដែរ ដោយបានពង្រាយទូកុងតឺន័រ រាំងខ្ទប់ផ្លូវ និងរាយបន្លាលួស មិនឱ្យពលរដ្ឋខ្មែរចេញ-ចូលឡើយ។
បើតាម មាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









