ការវិល​ត្រឡប់មកវិញនៃពលករ​ចំណាក​​ស្រុក​​កម្ពុជា និង​ប​ញ្ហា​​​ប្រឈម​​​ក្នុង​​​ស្រុក

កម្ពុជា​កំពុង​ប្រឈម​មុខ​នឹង​គ្រោះ​អាសន្ន​ដ៏​ស្ងប់​ស្ងាត់​មួយ​នៅ​ក្នុង​ប្រទេស បន្ទាប់​ពី​រលក​នៃព​លករ​ចំណាក​ស្រុក​បាន​សម្រុក​ត្រឡប់​មក​ពី​ថៃ​វិញ​យ៉ាង​គំហុក ក្នុង​អំឡុង​ពេល​មាន​ជម្លោះ​ព្រំដែន។

ជាច្រើនឆ្នាំមកនេះ​ ថៃ​គឺ​ជា​កន្លែង​ចម្បង​ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​អាច​ស្វែង​រកកា​រងា​រ​ដែល​ទទួល​បាន​ប្រាក់​កម្រៃ​ខ្ពស់ នៅ​ពេល​ដែល​ការ​ងារ​នៅ​ក្នុង​ស្រុក​មាន​ភាព​ខ្សត់​ខ្សោយ។ ច្រក​ចេញ​នោះ​ ត្រូវ​បាន​បិទ​យ៉ាង​រហ័ស នៅ​ពេល​ដែល​ភាព​តាន​តឹង​បាន​កើន​ឡើង ហើយ​ប្រជាជន​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​អំពើ​ហិង្សា ការធ្វើ​ទុក្ខ​បុក​ម្នេញ ឬ​ការ​បណ្តេញ​​ចេញ​​ដោយ​បង្ខំ។

កាលពីពាក់កណ្តាលខែមិថុនា ប្រធានគណបក្សកាន់​អំណាច​ លោក ហ៊ុន សែន បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ជនកម្ពុជា​នៅថៃ​ត្រ​ឡប់​មក​ផ្ទះ​វិញ មុន​ពេល​ពួក​គេ​ត្រូវ​បណ្តេញ​ចេញ​ដោយ​បង្ខំ ហើយ​ភ្លាម​ៗ​បន្ទាប់​ពី​នោះ ចលនា​នៃ​ការ​ត្រឡប់​​មក​វិញ​ក៏​បាន​ហក់​ឡើង​យ៉ាង​លឿន។

អ្វីដែលបានកើតឡើងបន្តបន្ទាប់ គឺជាចលនានៃការវិលត្រឡប់ដ៏ធំបំផុតមួយ ដែល​កម្ពុជា​មិន​ធ្លាប់​ជួប​ប្រទះ​ក្នុង​រយៈ​ពេល​រាប់​ទសវត្សរ៍​មក​នេះ ហើយ​វា​បាន​ជះ​ឥទ្ធិពល​ខ្លាំង​បំផុត​ទៅ​លើ​ក្រុម​គ្រួសារ​ក្រីក្រ ដែល​ពឹង​ផ្អែក​លើ​ប្រាក់​ចំណូល​ពី​ថៃ។

ទំហំនៃបញ្ហានេះ គឺគួរឱ្យតក់ស្លុតណាស់។ របាយការណ៍គោល​នយោបាយ​រប​ស់វិ​ទ្យា​ស្ថាន​បណ្តុះ​បណ្តាល​ និង​ស្រា​វជ្រាវ​ដើម្បី​អភិវឌ្ឍន៍​កម្ពុជា​(CDRI) បាន​បង្ហាញ​ថា បន្ទាប់​ពី​អំ​ពើ​ហិង្សា​បាន​ផ្ទុះឡើ​ង​តាម​បណ្តោយ​​ព្រំដែន កម្ពុជា-ថៃ កាល​ពី​ថ្ងៃ​ទី២៤​ ខែកក្កដា ឆ្នាំ​២០២៥ ពលករ​ចំណាក​ស្រុកក​ម្ពុ​ជាប្រ​មាណ​ ៩១០ ០០០ នាក់ បានវិ​លត្រ​ឡប់​មក​វិញ​ត្រឹម​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០២៥ ដោយ​បាត់​បង់​ប្រភព​ចំ​ណូល​​ចម្បង​របស់​ពួកគេ​ក្នុ​ង​រយៈ​ពេល​ត្រឹម​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ។

នៅពេលដែលពលកររាប់សែននាក់ត្រឡប់មកវិញក្នុងពេលតែមួយ វាមិនមែនត្រឹម​តែ​ជារឿ​ង​ចំណាក​ស្រុក​នោះ​ទេ វា​​បា​នក្លា​យ​ជា​រឿង​រ៉ាវ​ការ​ងារ បំណុល ការ​សិក្សា សុខភាព និង​ជា​រឿង​នយោបាយ។ ទីផ្សារ​ការ​ងារ​របស់​​កម្ពុជា​មិន​ត្រូវ​បាន​បង្កើត​ឡើង ដើម្បី​ស្រូប​យក​មនុស្ស​ច្រើន​បែប​នេះ​ក្នុង​ពេល​ដ៏​ខ្លី​នោះ​ទេ ជាពិសេស​នៅ​ពេល​ដែល​មនុស្ស​ភាគ​ច្រើន​បានត្រ​ឡប់​ទៅ​ខេត្ត​តាម​ជនបទ ដែល​នៅ​ឆ្ងាយ​ពី​មជ្ឈម​ណ្ឌល​ការ​ងារ​សំខាន់ៗ​។

សម្រាប់អ្នកវិលត្រឡប់មកវិញ ផលប៉ះពាល់ដំបូងដ៏សាមញ្ញបំផុតគឺ ប្រាក់​ចំណូល​របស់​ពួក​គេ​បាន​រលាយ​បាត់។ មនុស្ស​ជា​ច្រើន​ធ្លាប់​ធ្វើការ​ក្នុង​វិស័យ​សំណង់ កសិកម្ម រោង​ចក្រ ភោជនីយ​ដ្ឋាន ឬ​ការ​ងារ​ក្រៅ​ប្រព័ន្ធ​នៅ​ក្នុង​ប្រទេស​​ថៃ។

ទោះបីជាមានការងារនៅក្នុងស្រុកក៏ដោយ ក៏វាច្រើនតែទទួលបានប្រាក់កម្រៃ​​ទាប ជាការងារ​តាម​រដូវ​កាល ឬ​មិន​មាន​ស្ថិរភាព។ ការ​ស្រាវជ្រាវ​លើការធ្វើចំណាក​ស្រុកត្រឡប់​មកវិញ​ បង្ហាញ​ថា អ្នក​ដែល​មក​ពីថៃច្រើន​តែ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​យ៉ាង​ខ្លាំង និង​ជួបកា​រ​លំបាក​ក្នុង​ការចូល​ទៅ​ក្នុង​សេដ្ឋកិច្ច​ក្នុង​ស្រុក​វិញ​ក្នុង​លក្ខ​ខណ្ឌ​សមរម្យ។

ការអង្កេត និងការវិភាគកន្លងមក​ដោយអង្គការអន្តរជាតិសម្រាប់ការធ្វើ​​ចំណាកស្រុក (IOM) ក្នុងអំឡុងពេល​មាន​ការរំខាន បានរកឃើញថា អ្នកវិលត្រឡប់មកវិញជាច្រើន​ ​បានរាយការណ៍ពីការធ្លាក់ចុះប្រាក់ចំណូលយ៉ាង​គំហុក ដោយ​​ក្នុងនោះមានចំណែក​ដ៏ច្រើនប្រឈម​នឹងការខាតបង់​យ៉ាងធ្ងន់ធ្ងរ។ លើកនេះ ចំនួន​អ្នកត្រឡប់មកវិញ​មានទំហំធំជាងមុនឆ្ងាយណាស់ ដូច្នេះសម្ពាធកាន់តែខ្លាំង ហើយឱកាសនៃការកែ​​ខៃក៏​កាន់​តែ​តូច​ទៅៗ។

រដ្ឋាភិបាលបានព្យាយាមបង្ហាញថា ខ្លួនកំពុងដោះស្រាយ។ ក្រសួងការងារបាន​ជំរុញការផ្គូផ្គង​ការ​ងារ បង្កើ​ត​​ក្រុម​ការ​ងារ និង​​ការ​គាំទ្រមួយ​ចំនួន។ របាយ​ការណ៍​ដែល​ភ្ជាប់​ជាមួយ​រដ្ឋ​បាន​ឱ្យ​ដឹង​ថា កម្មក​រ​ដែល​វិល​ត្រឡប់​មក​វិ​ញ​ប្រហែល ២២០ ០០០នាក់ ទទួល​បាន​ការ​ងារ​ត្រឹម​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៥។ ប៉ុន្តែ​ទោះ​បី​ជា​ការ​ងារ​ទាំង​នោះ​ពិត​ប្រាកដ និង​មាន​ចីរភាព​ក៏​ដោយ ក៏​​វា​គ្រប​ដណ្តប់​បាន​ត្រឹម​តែ​មួយ​ផ្នែក​តូច​នៃ​អ្នក​ដែល​បាន​ត្រឡប់​មក​វិញ​ប៉ុណ្ណោះ។

​គម្លាត​នេះ​ហើយ គឺ​ជាក​ន្លែង​ដែល​ការ​លំបាក​រីក​ដុះ​ដាល។ អ្នក​វិល​ត្រឡប់​មក​វិញ​បា​នត្អូញ​ត្អែរ​តាម​បណ្តាញ​សង្គម​ថា ពួក​គេ​ត្រូវ​បាន​និយោជក​បដិសេធ ដោយ​សារ​គេ​ចាត់​ទុក​ថា​ពួក​គេ​មាន​វ័យ​ចំណាស់​ពេក ខ្វះឯកសារ​ត្រឹម​ត្រូវ ឬ​ត្រូវ​បាន​ផ្តល់​ប្រាក់ឈ្នួលដែល​មិនអាចទូទាត់បំណុល ឬចំណាយមូលដ្ឋានបាន។

បញ្ហាកាន់តែជ្រៅទៅទៀតនោះ គឺការ​ងារមិនស្ថិតនៅកន្លែងដែលមានមនុស្សនៅនោះទេ។ ពលក​រ​ចំណាក​ស្រុក​​ជា​ច្រើន​មក​ពី​ខេត្ត​ជាប់​ព្រំដែន​ភាគ​ខាង​លិច ព្រោះ​ខេត្ត​ទាំ​ង​នោះ​នៅ​ជិត​ថៃ និង​បា​ន​ពឹង​ផ្អែក​លើការ​ងារ​ឆ្លង​ដែន​តាំង​ពី​យូរ​យារណាស់​មក​ហើយ។

CDRI កត់សម្គាល់ថា អ្នកវិលត្រឡប់មកវិញប្រមូលផ្តុំយ៉ាងខ្លាំងនៅក្នុងតំបន់ទាំងនេះ ខណៈដែលឱកាសការ​ងារ​ល្អៗច្រើនតែ​ប្រមូលផ្តុំ​នៅជុំវិញភ្នំពេញ និង​ភាគខាងកើត។ នេះបង្កើតឱ្យមានជម្រើសដែលមិនអាចទៅ​រួចសម្រាប់គ្រួសារ​ជាច្រើន។

ប្រសិនបើពួកគេនៅក្បែរផ្ទះ ពួកគេមានការគាំទ្រពីគ្រួសារ និងចំណាយលើការរស់នៅទាប ប៉ុន្តែមានការ​ងារ​ក្នុង​ប្រព័ន្ធ​តិច​តួច។ ប្រសិនបើពួកគេផ្លាស់ទីទៅរក​មជ្ឈមណ្ឌលការងារ ពួកគេ​ត្រូវប្រឈមនឹងការចំណាយ​ថ្មីៗ បណ្តាញសង្គម​ខ្សោយ និងហានិភ័យខ្ពស់នៃការកេង​ប្រវ័ញ្ច។ វាមិនមែនជាជម្រើសពិតប្រាកដ សម្រាប់​គ្រួសារដែលស្ថិតក្រោម​សម្ពាធបំណុលនោះទេ។

ភាពមិនស៊ីគ្នានៃជំនាញធ្វើឱ្យស្ថានភាពកាន់តែអាក្រក់។ ប្រជាពលរដ្ឋខ្មែរជាច្រើនបានរៀនពីទម្លាប់ការងារ និងជំនាញអនុវត្តជាក់ស្តែងនៅក្នុងប្រទេសថៃ ប៉ុន្តែជំនាញទាំងនោះមិនអាចបំប្លែងទៅជាការងារល្អប្រសើរនៅ​ក្នុងស្រុក​នោះទេ។

ការស្រាវជ្រាវលើអ្នកវិលត្រឡប់មកវិញ បង្ហាញថា មានតែកម្មករមួយចំនួនប៉ុណ្ណោះ​ដែល​អាច​រក្សា​ប្រភេទ​ការ​ងារ​ដដែល​​បន្ទាប់​ពី​ត្រឡប់​មក​វិញ ខណៈ​ដែល​អ្នក​ផ្សេង​ទៀត​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​ងារ​ដែល​មាន​ប្រាក់​ខែ​ទាប ​ឬ​ការ​ងារ​មិន​​ទៀង​ទាត់ ពីព្រោះ​សេដ្ឋកិច្ច​ក្នុង​ស្រុក​មិន​អាច​ប្រើ​ប្រាស់​បទ​ពិសោធន៍​របស់​ពួក​គេ​តាមរបៀប​ដដែល​បាន។ លទ្ធផល​មិន​ត្រឹមតែ​​ជាកា​រអ​ត់​ការ​ងារ​ធ្វើ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​មាន​ការ​ងារ​ធ្វើ​មិន​ពេញ​លេញ (underemployment)៖ មនុស្ស​ធ្វើកា​រតិ​ចថ្ងៃ​ជាង​មុន រក​ចំណូល​បាន​តិច​ជាង​មុន និង​រស់​នៅ​ជាមួយ​ភាព​មិន​ច្បាស់​​លាស់​ជានិច្ច។

ការរើសអើងអាយុ គឺជាឧបសគ្គដ៏សាហាវមួយទៀត។ អ្នកវិលត្រឡប់មកវិញជាច្រើន គឺ​ជា​មនុស្ស​ពេញ​វ័យ​ដែល​​មាន​វ័យ​ចំណាស់ ដែល​បាន​ចំណាយ​ពេល​ជាច្រើ​ន​ឆ្នាំ​ធ្វើ​ការ​ងារ​ធ្ងន់ៗ​នៅក្នុ​ងប្រ​ទេស​ថៃ។ នៅពេលពួក​គេ​ត្រឡប់​មក​វិញ ពួកគេ​ច្រើន​តែ​មិន​អាច​ចូលទៅ​ក្នុង​វិស័យ​ក្នុង​ប្រព័ន្ធ​ធំៗ​របស់​កម្ពុជា​បាន​ឡើយ។ និយោជក​ក្នុង​វិស័យ​កាត់​ដេរ និង​រោង​ចក្រ​ច្រើន​តែ​និយម​ជ្រើស​រើស​កម្មករ​វ័យ​ក្មេង ហើ​យ​អ្នក​វិល​ត្រឡប់​វ័​យ​ចំណាស់អាច​ត្រូវ​បាន​គេ​បដិសេធ ទោះ​បីជាពួក​​គេមាន​សុខភាព​​ល្អ និងមានឆន្ទៈធ្វើការក៏ដោយ។

នៅក្នុងជីវិតជាក់ស្តែង នេះមានន័យថា មនុស្សអាយុ ៤៥​ឆ្នាំ ដែល​ធ្លាប់​ចិញ្ចឹម​គ្រួសារ​នៅ​ថៃ អាច​ត្រឡប់​មក​ផ្ទះ​វិញ ហើយ​ត្រូវ​បាន​គេ​ប្រាប់​ថា​គ្មាន​កន្លែង​សម្រាប់​ពួក​គេ​ឡើយ។ នេះ​ជំ​រុញ​ឱ្យ​គ្រួសារ​ឆ្ពោះទៅ​រ​កកា​រ​ងារ​ក្រៅ​ប្រ​ព័ន្ធ វិល​ត្រឡប់​ទៅ​ថៃខុ​ស​ច្បាប់​តាម​ច្រក​មាន​ហានិភ័យ​ខ្ពស់ ឬ​កាន់​តែ​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រី​ក្រ​កាន់​តែជ្រៅ។

ទោះជាយ៉ាង​ណាក៏​ដោយ ផល​ប៉ះពាល់​ដែល​គ្រោះ​ថ្នាក់​បំផុ​ត​ គឺ​បំណុល។ ការ​កើន​ឡើង​នៃ​ឥណទាន​នៅ​កម្ពុជា​បាន​ធ្វើ​ឱ្យ​គ្រួសារ​ជាច្រើ​ន​ខ្ចី​ប្រាក់​សម្រាប់ទិញ​ដី​ធ្លី លំនៅ​ដ្ឋាន ចំណាយ​លើ​សុខ​ភាព ថ្លៃ​សេវា​ចំណាក​ស្រុក និង​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ។

នៅពេលដែលការផ្ញើប្រាក់ត្រឡប់មកវិញបានបញ្ឈប់ ការសងបំណុលក្លាយជារឿងដែលមិនអាចទៅរួច។ ធនាគារជាតិ​នៃកម្ពុជា បានព្រមានអំពីភាពងាយរងគ្រោះ​ដែលកំពុងកើនឡើង ពាក់ព័ន្ធនឹងកម្ចីគ្រួសារ និងការ​កើនឡើង​​នៃឥណទាន រួមទាំងហានិភ័យដែលថាទុក្ខលំបាក​ក្នុងគ្រួសារ អាចរាលដាលដល់ស្ថិរភាពហិរញ្ញ​វត្ថុក្នុងកម្រិតធំ។

នេះមិនមែនជាហានិភ័យអរូបីសម្រាប់អ្នកវិលត្រឡប់មកវិញនោះទេ។ វាគឺជាការខកខានការបង់ប្រាក់ ការពិន័យ សម្ពាធពីអ្នកផ្តល់កម្ចី ការលក់​ដីធ្លី ការឱ្យកូនឈប់រៀន និងការពន្យារពេលការថែទាំសុខភាព និងបង្ខំ​ឱ្យ​ពួកគេត្រូវជ្រើសរើសរវាងអាហារ និងការបង់ការប្រាក់។

ការណ៍នេះស្តែងឱ្យឃើញពីការបរាជ័យរបស់រដ្ឋាភិបាលកាន់តែច្បាស់។ របបភ្នំពេញបានលើកទឹកចិត្តឱ្យ​អ្នក​​​ផ្តល់កម្ចី​រៀបចំ​រចនា​សម្ព័ន្ធ​បំណុល​ឡើង​វិញ ប៉ុន្តែការជំរុញជាសាធារណៈ មិនមែនជាការការពារដែលអាច​អនុវត្តបាន​តាមច្បាប់​នោះ​ទេ។

នៅពេលដែលគ្រួសាររបស់អ្នកជំពាក់លុយគេ អ្នកត្រូវការច្បាប់ដែលអ្នកអាចពឹងផ្អែកបាន មិនមែនជាសុន្ទរកថា​ប្រជាភិថុតនោះទេ។ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា ការបន្ធូរបន្ថយបណ្តោះអាសន្ន និងការ​ត្រួតពិនិត្យធូររលុងត្រូវតែដោះស្រាយដោយប្រុងប្រយ័ត្ន ហើយអាជ្ញាធរត្រូវការជំហានដែលគួរឱ្យជឿជាក់ ដើម្បីឱ្យធនាគារ និងអ្នកផ្តល់កម្ចីទទួលស្គាល់ការខាតបង់ និងគ្រប់គ្រងហានិភ័យឱ្យបានត្រឹម​ត្រូវ។

សម្រាប់អ្នកវិលត្រឡប់មកវិញ បញ្ហានេះកើតមានឡើងជាទូទៅហើយ ជាពិសេសការរៀបចំរចនាសម្ព័ន្ធបំណុល​មិនមាន​ភាពស្មើគ្នា មិនច្បាស់លាស់ និងជារឿយៗអាស្រ័យលើសប្បុរសធម៌របស់ស្ថាប័នដែលរកប្រាក់​ចំណេញពីការ​សង​ត្រឡប់​វិញ។

រលកនៃការត្រឡប់មកវិញ ក៏ជាការភ្ញាក់ផ្អើលនៃលំហូរប្រាក់បញ្ញើផងដែរ។ ប្រាក់បញ្ញើមិនត្រឹមតែជាលុយកាក់​ប៉ុណ្ណោះ​​ទេ ប៉ុន្តែវាគឺជាលំហូរសាច់ប្រាក់ដែលរក្សាស្ថិរភាពគ្រួសារតាមជនបទ។ ធនាគារពិភពលោកប៉ាន់​ប្រមាណថា ប្រាក់បញ្ញើបុគ្គលមានប្រហែល ៦.១​ភាគរយ​នៃ GDP រប​ស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២៤។ UNESCAP ក៏បានគូសបញ្ជាក់ផង​ដែរ​ថា កម្ពុជាពឹងផ្អែកខ្លាំងលើលំហូរប្រាក់បញ្ញើ បើ​ធៀប​នឹង​ប្រទេស​ជិតខាង​ជា​ច្រើន ដោយ​សង្កត់​ធ្ងន់​លើ​សារៈ​សំខា​ន់​​នៃលំ​ហូរ​ទាំង​​នេះស​ម្រាប់​សុខុមាលភាពគ្រួសារ។

នៅពេលដែលកម្មករមួយចំនួនធំបាត់បង់ចំណូលពីថៃក្នុងពេលតែមួយ ហាងលក់ទំនិញតាមជនបទ កសិដ្ឋាន​តូចៗ និងសេវាកម្មក្នុងស្រុកក៏រងទុក្ខដែរ។ នេះធ្វើឱ្យការឈឺចាប់រីករាលដាលលើសពីអ្នកវិលត្រឡប់មក​វិញ ទៅដល់​សហគមន៍​ទាំង​មូល។

សេវាសាធារណៈនឹងទទួលរងសម្ពាធបន្ទាប់ទៀត។ នៅពេលដែលក្រុមគ្រួសារត្រឡប់មកវិញ កុមារក៏ត្រឡប់​មក​វិញ​ដែរ។ សាលារៀននៅតំបន់ជនបទប្រហែលជាត្រូវទទួលសិស្សថ្មីដោយមិនមានគ្រូបង្រៀន បន្ទប់​រៀន ឬសម្ភារៈគ្រប់គ្រាន់។ សេវាសុខភាពក៏ប្រឈមនឹងសម្ពាធស្រដៀងគ្នាដែរ។

​ប្រជាជនកម្ពុជាជាច្រើននៅក្បែរព្រំដែន ពឹងផ្អែកលើការថែទាំសុខភាពរបស់ថៃ​សម្រាប់​ការ​ព្យាបាលជំងឺ​ធ្ងន់​ធ្ងរ ព្រោះ​វា​អាច​នៅជិតជាង លឿនជាង ឬមាន​សម្ភារៈ​បរិក្ខារ​ល្អជាង។ នៅពេល​ដែលការធ្វើដំណើរ​ឆ្លង​ដែនត្រូវ​​បានរំខាន បន្ទុកបានធ្លាក់មកលើប្រព័ន្ធសុខាភិបាលដែលខ្វះខាតថវិការបស់កម្ពុជាវិញ។

ទាំងនេះគឺជាលទ្ធផលដែលអាចទស្សន៍ទាយទុកជាមុន​បាន នៃការវិលត្រឡប់មកវិញ​នៃ​ចំណាកស្រុកដ៏ច្រើន​សន្ធឹក​សន្ធាប់ ប៉ុន្តែ​កម្ពុជា​នៅ​តែ​ខ្វះ​បណ្តាញ​សុវត្ថិ​ភាព​ក្នុង​ស្រុក​ដ៏រឹងមាំ ដែលអាចពង្រីកបានយ៉ាង​រហ័ស​​នៅ​ពេល​មាន​វិបត្តិ។

ការបរាជ័យមួយទៀតរបស់រដ្ឋាភិបាលគឺ ការរៀបចំផែនការ និងតម្លាភាព។ ចំនួនពិតប្រាកដនៃអ្នកវិលត្រឡប់​មក​វិញ​គឺពិបាកវាស់វែង ពីព្រោះពលករចំណាកស្រុកជាច្រើន បានធ្វើការដោយគ្មានឯកសារច្បាស់​​លាស់​។ ប៉ុន្តែវិបត្តិដ៏ធំបែប​នេះ ទាមទារឱ្យមានទិន្នន័យសាធារណៈច្បាស់​លាស់ លក្ខណៈវិនិច្ឆ័យបើកចំហសម្រាប់​ជំនួយ និងភាពងាយ​ស្រួលក្នុងការចុះឈ្មោះ និងសេវាកម្មការងារ។

ការត្អូញត្អែររបស់អ្នកវិលត្រឡប់មកវិញថា ពួកគេមិនអាចទទួលបានការគាំទ្រដូចដែលបានសន្យា បានបង្ហាញ​ពីប្រព័ន្ធមួយ​ដែលប្រមូលផ្តុំអំណាចខ្លាំងពេក យឺតយ៉ាវ​ពេក និងស្មុគស្មាញពេក ​សម្រាប់គ្រួសារតាមជនបទ​ដែលត្រូវ​ការជំនួយ​ជាប​ន្ទាន់។ នៅពេ​លដែ​ល​មនុស្សត្រូ​វ​ចំណាយ​លុយ​ដែល​ពួក​គេមិ​ន​មាន​ គ្រាន់​តែ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​កាន់​ការិយា​ល័យ បំពេញ​ទម្រង់​បែប​បទ ឬ​ដេញ​តាម​ព័ត៌​មាន នោះ​ការ​​គាំទ្រ​បាន​ក្លាយ​ជា​បុព្វ​សិទ្ធិ មិន​មែន​ជា​សិទ្ធិ​នោះ​ទេ។

ការពឹងផ្អែករបស់កម្ពុជាលើប្រទេសថៃ ជាគោលដៅពលកម្ម​ចម្បង គឺ​ជាកា​របរាជ័យ​នៃ​គោលន​យោ​បាយដែល​រលក​នៃ​កា​រ​ត្រឡប់​មក​វិញ​នេះ​បាន​លាត​ត្រដាង​យ៉ាង​ច្បាស់។ ជាច្រើ​ន​ឆ្នាំម​ក​នេះ ការ​បញ្ជូន​ពលករ​ចេញ​បាន​ជួយ​កាត់​បន្ថយ​សម្ពាធ​នៃ​ការ​អត់​ការ​ងារ​ធ្វើ​នៅ​ក្នុ​ង​ស្រុក និង​នាំ​មក​នូវ​ប្រាក់​បញ្ញើ។

ប៉ុន្តែវាក៏បានធ្វើឱ្យកម្ពុជាងាយរងគ្រោះ ដោយសារតែវិបត្តិនយោបាយតែមួយ​នៅត្រើ​យ​ម្ខាង​នៃ​ព្រំដែន។ ថៃបាន​បង្ហាញ​សញ្ញានៃ​ការ​ចាប់​អារម្មណ៍​លើ​កា​រធ្វើ​​ឱ្យ​កម្លាំង​ពលកម្ម​ចំណាក​ស្រុក​របស់​ខ្លួន មាន​ភាព​ចម្រុះ រួម​ទាំង​ការអនុម័ត​ការ​ជ្រើ​សរើ​ស​បុគ្គលិក​ពី​ប្រទេស​ផ្សេង​ទៀត បន្ទាប់​ពី​ការ​ចាក​ចេញ​របស់​ជន​ជាតិ​កម្ពុជា។ ប្រសិន​បើ​ថៃ​ជំនួស​​ពលករ​កម្ពុជា នោះ​ទោះ​បី​ជា​ភាព​តាន​តឹង​ស្ងប់​ស្ងាត់​ក៏​ដោយ ក៏​កម្ពុជា​ប្រហែល​ជា​មិន​អាច​បញ្ជូន​ពលករ​មួយ​ចំនួន​ធំ ​ត្រឡប់ទៅវិញតាមរបៀប​ដដែលនោះទេ។ នោះ​នឹ​ង​ធ្វើ​ឱ្យ​វិ​បត្តិ​នាបច្ចុប្បន្ន​អូស​បន្លាយ​យូរ និង​កាន់​តែ​ធ្ងន់​ធ្ងរ។

វាក៏មានហានិភ័យដ៏ខ្មៅងងឹតមួយទៀត នៅពេលដែលមនុស្សអស់សង្ឃឹម និងគ្មានការងារធ្វើ៖ ការកេងប្រវ័ញ្ច​​កាន់​តែរីក​ដុះ​ដាល។ នៅ​ពេលដែល​គ្រួសារស្ថិត​ក្រោម​សម្ពាធ​បំណុល ហើយ​ជម្រើស​ការ​ងារ​ស្របច្បាប់​មាន​កម្រិត មនុស្ស​ងាយនឹង​ក្លាយជា​គោ​លដៅ​សម្រាប់​អ្នក​ជួញ​ដូរ អ្នក​ជ្រើស​រើស​ពលក​រ​ខុស​ច្បាប់​ និង​​ការ​​ងា​រ​​ដែល​គ្រោះ​ថ្នាក់។

ការស្រាវជ្រាវសន្តិសុខក្នុងតំបន់ បានព្រមានថា បណ្តាញឧក្រិដ្ឋកម្មឆ្លងដែន និង​ប្រតិ​បត្តិ​ការ​បោក​ប្រាស់​បាន​ពង្រីក​​ខ្លួន​នៅ​ក្នុង​ផ្នែក​ខ្លះ​នៃអា​ស៊ី​អាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផង​ដែរ ដោយ​បង្កើត​ឱ្យមា​ន​ហានិភ័យ​សន្តិសុខ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ។

កាលណារដ្ឋកាន់តែបរាជ័យក្នុងការផ្តល់ការងារដែលមានស្ថិរភាព និងការការពារជាមូលដ្ឋាន សេដ្ឋកិច្ចដែល​បង្ក​គ្រោះ​ថ្នាក់​ទាំ​ង​នេះ កាន់​តែ​អាច​ស្រូប​យក​មនុស្ស​ដែល​ងាយ​រងគ្រោះ។

វិបត្តិនេះ មិនមែនត្រឹមតែជារឿងព្រំដែនប៉ុណ្ណោះទេ។ វាបានបង្ហាញពីចំណុចខ្សោយ​ដែល​មាន​តាំង​ពី​យូរយារ​ណាស់​មក​ហើយ​នៅក្នុ​ងប្រ​ទេស​កម្ពុជា ដែល​វិបត្តិ​ព្រំដែន​បាន​លាត​ត្រដាង​ឱ្យ​ឃើញ​កាន់​តែ​ច្បាស់។ អ្នក​វិល​ត្រឡប់​មក​វិញ កំពុង​ក្លាយ​ជា​ជន​រ​ង​គ្រោះ​ទ្វេ​ដង​នៃ​ប្រព័ន្ធ​មួយ​ដែល​មាន​ការ​ងារ​សមរម្យ​តិច​តួច​​នៅក្រៅ​ភ្នំពេញ ការ​ការ​ពារ​សង្គម​ខ្សោយ​នៅ​ក្នុ​ង​ខេត្ត​តាម​ជន​បទ និងគំរូបំណុលដែលដាក់ទណ្ឌកម្ម​​លើគ្រួសារនៅ​ពេល​​ដែលចំណូល​ធ្លាក់​ចុះ។

កម្មវិធីរបស់រដ្ឋាភិបាលអាចកាត់បន្ថយការឈឺចាប់សម្រាប់មនុស្សមួយចំនួន ប៉ុន្តែបើប្រៀប​ទៅ​នឹង​ទំហំ​នៃតម្រូវ​​ការ​​ជាក់ស្តែ​ង វា​ស្ថិត​នៅ​ឆ្ងាយ​​ណាស់។ ប្រសិន​បើ​គ្មាន​ការ​បន្ធូរ​បន្ថយ​បំណុល​ដែល​រឹ​ង​មាំ និងច្បាស់​លាស់​ជាង​មុន ការ​បង្កើត​​ការ​ងារ​តាម​ខេត្ត​ជិត​ផ្ទះ និង​សេវា​កម្ម​ដែល​មាន​តម្លា​ភាព​ដែល​ប្រជាជ​ន​ពិ​ត​ជាអាច​ទទួល​បាន​ទេ​នោះ រលក​​នៃ​ការ​ត្រឡប់​មក​វិញ​នេះ ប្រថុយ​នឹង​ការ​ក្លាយ​ជា​គ្រោះ​អាសន្ន​សង្គម និងសេដ្ឋ​កិច្ច​រយៈ​ពេល​វែង ដែល​នឹង​បន្ត​រីក​​ដុះ​​ដាល ទោះ​បី​ជាសម្រែក​កាំភ្លើង​បាន​ស្ងប់​ស្ងាត់​ទៅ​ហើយ​ក៏​ដោយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ