លោក Trump ពិចារណាឆ្លើយ​តប​ចំពោះកា​រ​បង្ក្រាប​ក្រុម​បាតុករ​​ប្រឆាំង​របប​ផ្តាច់​ការ​អ៊ីរ៉ង់

ប្រទេស​អ៊ីរ៉ង់ បាននិ​យាយ​កាល​ពី​ថ្ងៃ​ទី​១២ខែ​មករា​ថា ខ្លួន​កំពុង​រក្សា​បណ្តាញ​ទំនាក់​ទំនង​ឱ្យ​នៅ​បើក​ចំហជាមួយ​សហរដ្ឋ​អាមេរិក ខណៈ​ដែល​ប្រធានាធិបតី លោក Donald Trump កំពុង​ពិចារណា​លើ​ការ​ឆ្លើយ​តប​ចំពោះ​ការ​បង្ក្រាប​​ទៅ​លើ​​ការ​តវ៉ា​​ដ៏​សា​ហាវ​នៅទូ​ទាំង​ប្រ​ទេស ដែល​កំពុង​ក្លាយ​ជាប​ញ្ហាប្រ​ឈម​ដ៏​ខ្លាំង​ក្លា​បំផុ​តមួយ​ ចំពោះ​ការ​ដឹក​នាំរ​បស់​បព្វ​ជិត​កាន់​សាសនា​មូល្លីម​និយម​ជ្រុល ចាប់តាំ​ង​ពី​បដិវត្តន៍​ឥស្លាម​ឆ្នាំ ​១៩៧៩ មក។

បើយោង​តាម​សារព័ត៌​មាន Reuters លោក Trump បានមា​ន​ប្រសាសន៍​កាល​ពី​ថ្ងៃទី​១១ខែ​មករា​ថា សហរដ្ឋ​អាមេរិក អាច​នឹង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​អ៊ីរ៉ង់ ហើយ​លោក​កំពុង​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ប្រឆាំង​របស់​អ៊ីរ៉ង់ ក្នុង​ពេល​ដែល​លោក​កំពុង​បង្កើន​សម្ពាធ​លើ​មេដឹ​ក​នាំ​នៃ​ប្រទេស​នេះ រួម​ទាំង​ការ​គំរាម​កំហែង​អំពី​លទ្ធភាព​នៃវិ​ធា​នការ​យោធា ចំពោះ​អំពើ​ហិង្សា​ដ៏​កាច​សាហាវ​ប្រឆាំង​នឹង​ក្រុម​បាតុករ។

ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយ​ថា ខ្លួនបាន​បញ្ជាក់​ពី​តួលេខ​អ្នកស្លា​ប់​ចំនួន ៥៤៤ នាក់ ក្នុង​នោះមា​ន​បាតុករ ៤៩៦ នាក់ និង​បុគ្គលិក​សន្តិសុខ ៤៨ នាក់ ព្រមទាំង​មាន​មនុស្ស ១០ ៦៨១ នាក់ ត្រូវ​បាន​ចាប់​ខ្លួន ចាប់​តាំង​ពី​ការ​ត​វ៉ា​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ ហើយ​បាន​រីក​រាល​ដាល​ពេញ​ផ្ទៃ​ប្រទេស។

ភ្នាក់ងារសារព័ត៌មាន Reuters មិនអាចបញ្ជាក់ពីតួលេខទាំងនេះ ដោយឯករាជ្យបានឡើយ។ លំហូរ​នៃព័ត៌មាន​ចេញ​ពីសាធារណរដ្ឋឥស្លាមត្រូវបាន​រំខាន ដោយសារការកាត់ផ្តាច់ប្រព័ន្ធ​អ៊ីនធឺណិត ចាប់តាំងពីថ្ងៃ​ទី៨ខែ​មករា​មក។

មេដឹកនាំអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងបាតុកម្មយ៉ាងខ្លាំងក្លា ដែលបានវិវត្តចេញ​ពីការត្អូញត្អែរ​អំពីការលំបាកខ្លាំងផ្នែក​សេដ្ឋកិច្ច ទៅជាការអំពាវនាវដោយ​មិនរុញរា ឱ្យមានការដួលរំលំនៃ​របបបព្វជិតដែល​ចាក់គ្រឹះយ៉ាង​ជ្រៅ ហើយ​ស្របពេលដែល​ឥទ្ធិពលក្នុង​តំបន់​របស់​ប្រទេស​នេះ ក៏ត្រូវ​បាន​កាត់បន្ថយយ៉ាងខ្លាំងផងដែរ។

ប៉ុន្តែ ទោះបីជាមានការតវ៉ាក្នុងទ្រង់ទ្រាយធំយ៉ាងណាក៏ដោយ ក៏គ្មានសញ្ញាណាមួយនៃការបែកបាក់គ្នានៅក្នុងជួរថ្នាក់ដឹកនាំបព្វជិតនិកាយស៊ីអ៊ីត (Shi’ite) យោធា ឬកងកម្លាំងសន្តិសុខឡើយ ហើយក្រុមបាតុករក៏​គ្មាន​មេដឹកនាំ​​កណ្តាល​ច្បាស់​លាស់​ដែរ។ ក្រុម​ប្រឆាំង​មាន​សភាព​បែក​ខ្ញែក​គ្នា។

នៅក្នុងវីដេអូដែល​ត្រូវ​បាន​បញ្ជាក់​ភាព​ត្រឹម​ត្រូវ ជន​ជាតិ​អ៊ីរ៉ង់​បាន​ជួប​ជុំ​គ្នានៅ​ម​ជ្ឈម​ណ្ឌល​កោសល្យវិ​ច័យ Kahrizak ក្នុង​ទីក្រុង​តេហេរ៉ង់ កាល​ពីថ្ងៃ​ទី​១១ខែ​មករា ដោយឈរនៅពីលើជួរនៃស្បោងដាក់សាកសពពណ៌ខ្មៅ។

ប្រទេសអ៊ីរ៉ង់មិនទាន់បានផ្តល់តួលេខអ្នកស្លាប់ជាផ្លូវការនៅឡើយទេ ប៉ុន្តែបានទម្លាក់កំហុសនៃការបង្ហូរឈាម​នេះ ទៅលើការជ្រៀតជ្រែករបស់សហរដ្ឋអាមេរិក និងអ្វីដែលខ្លួនហៅថាជាក្រុមភេរវករគាំទ្រដោយអ៊ីស្រាអែល និងសហរដ្ឋ​​អាមេរិក។ ប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋ បានផ្ដោតការយកចិត្តទុកដាក់ទៅលើការស្លាប់របស់កងកម្លាំង​សន្តិសុខវិញ។

អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានមានប្រសាសន៍កាល​ពីថ្ងៃទី​១២ខែ​មករា​ថា៖ «បណ្តាញទំនាក់​ទំនងរវាងរដ្ឋមន្ត្រីការបរទេសរបស់យើង លោក Abbas Araqchi និងបេសកជនពិសេសរបស់សហរដ្ឋ​អាមេ​រិក (លោក Steve Witkoff) គឺនៅតែបើកចំហ ហើយសារនានាត្រូវបានផ្លាស់ប្តូរគ្នាទៅវិញទៅមក នៅពេលណាដែលចាំបាច់»។

លោក Baghaei បន្ត​ថា៖ «សហរដ្ឋអាមេរិកបានលើក​ឡើងអំពីករណីមួយចំនួន គំនិត​ផ្សេងៗ​ត្រូវ​បានលើក​យក​មកពិភាក្សា ហើយជារួមសាធារណរដ្ឋឥស្លាម គឺជាប្រទេសដែលមិនដែលបោះបង់ចោលតុចរចានោះឡើយ»។

ប៉ុន្តែលោក​បានបន្ថែមថា «សារដែលផ្ទុយគ្នា» ពីសហរដ្ឋអាមេរិក បានបង្ហាញពីកង្វះភាពហ្មត់ចត់ ហើយមិនមានភាព​គួរ​ឱ្យជឿជាក់នោះទេ។

នៅក្នុងសន្និសីទសង្ខេបជូនដល់ឯកអគ្គរដ្ឋទូតបរទេសប្រចាំទីក្រុងតេហេរ៉ង់ លោក Araqchi បានបញ្ជាក់សារ​ជាថ្មីថា សាធារណរដ្ឋឥស្លាមគឺត្រៀមខ្លួនជាស្រេចសម្រាប់សង្គ្រាម ប៉ុន្តែក៏បើកចំហសម្រាប់កិច្ចសន្ទនាផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ