សហជីព​ជំរុញ​ឱ្យ​​ដោះ​ស្រាយ​​​វិវាទការ​ងារ​​ក្រុមហ៊ុនណាហ្គា​វើលដ៍​ដើម្បី​បង្ហាញ​ពី​ការ​​រួ​ប​​រួម​ជាតិ

ក្រុម​​សហជីព និង​សង្គម​ស៊ីវិល បន្ត​ជំរុញ​ដល់​រដ្ឋាភិ​បាល​ និង​​ភាគី​ពាក់​ព័ន្ធ​​ ដោះ​ស្រាយ​​​វិវាទ​ការ​​​ងារ​​​ក្រុម​ហ៊ុន​​​ណា​ហ្គា​​វើលដ៍ ដែល​បាន​អូសបន្លាយ​ជាង៤ឆ្នាំ និង​​បញ្ឈប់​ការ​រំលោភសិទ្ធិ​ការ​ងារ ការ​រើស​អើង​​​សហជីព ​ដើម្បី​​​យុត្តិធម៌​សង្គម ការលើក​កម្ពស់​សិទ្ធិ​ការ​ងារ និងជា​ការ​​បង្ហាញពី​ឆន្ទៈ​របស់រដ្ឋាភិបាល​ក្នុងកា​រ​​រួបរួមជាតិ។

ការ​ជំរុញ​នេះ បានធ្វើឡើងនៅក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី «៤ឆ្នាំ​នៃ​កូដ​កម្ម​នៅ​ណាហ្គា​វើលដ៍ “យើង​​រួប​រួម​ជាតិ​ដោយ​ផ្តើម​ចេញពីការ​ដោះស្រាយវិវាទនៅណាហ្គា”» នាព្រឹកថ្ងៃទី​១៣ ខែ​មករា ឆ្នាំ​២០២៦នេះ នៅ​អង្គការ​សង់ត្រាល់ រាជធានីភ្នំពេញ។

ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិការ​ងារ​បុគ្គលិក​កម្មករ​ខ្មែ​រ​នៃ​ក្រុម​ហ៊ុនណាហ្គាវើលដ៍ (ហៅកាត់​ថា LRSU) កញ្ញា ឈឹម ស៊ីថរ បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​នោះថា កូដកម្មនៅ​ក្រុមហ៊ុន​ណា​​ហ្គា​វើលដ៍​មានរយៈពេល ៤ឆ្នាំ​មកហើយ បើគិត​ពីថ្ងៃទី១៨ ខែ​ធ្នូ ឆ្នាំ​២០២១ ដល់ថ្ងៃទី​១៨ ខែ​ធ្នូ ឆ្នាំ​២០២៥ ហើយ​គិត​មកដល់ពេល​នេះ ក្រសួង​ការ​ងារដែល​ជា​សេនាធិការ​របស់​រដ្ឋាភិបាល និ​ង​ភាគី​ក្រុម​ហ៊ុន ​នៅ​​មិន​ទាន់​​​ដោះ​ស្រាយ​សូម្បី​មួយចំណុច​​នៃការ​ទាមទារ​របស់កម្មករ​និយោ​ជិត​ដែលត្រូវ​បានបញ្ឈប់ពីការ​ងារទាំង​អយុត្តិធម៌​នោះ​​នៅឡើយ។

ក្រៅពីមិន​មានដំណោះស្រាយ កញ្ញាថា កម្មករ​និយោ​ជិត សហជីព និ​ងថ្នាក់ដឹកនាំ​សហជីព​នៅ​​ក្រុមហ៊ុនណា​ហ្គាវើលដ៍​​ដែល​​ចេញ​តវ៉ាធ្វើ​កូដ​កម្ម បានរង​នូវការ​ដាក់​សម្ពាធ កា​រប្រើ​ប្រាស់​ហិង្សា និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ជា​ច្រើនទៀត ​​​​​ពីសំណាក់អាជ្ញាធរ​មានសមត្ថកិច្ច​អំឡុង​ពេល​តវ៉ា​ ​កា​រ​រង​បណ្តឹង​​ពី​ភាគី​ក្រុម​ហ៊ុន​ ការ​រើស​អើង​​​សហជីព និង​​ការ​ចោទ​​​ប្រកាន់​​ចាប់​ខ្លួន​​ថ្នាក់ដឹកនាំ​សហជីព​​​ដាក់​ពន្ធនាគារ​​ជាដើម។

កញ្ញាបន្ត​ថា៖ «ការ​ទាមទារ​នៅ​ណាហ្គា​វើដ៍នេះ​ គឺ​អត់​ទាន់​ទទួល​បាន​ទេ​​សូម្បីតែមួយចំណុច​នៃ​ការ​ ទាមទារ​របស់​កម្មករ ​ដែល​​យើង​បាន​​ប្រកាស​​តាំង​​​ពី​ចេញ​តស៊ូមតិ​ដំបូង​កាលពីខែ​ធ្នូ ឆ្នាំ២០២១ ហើយកា​រ​​ទាម​ទារចំណុច​សំខាន់​ៗ​ដែលយើង​គិត​ថា​ យើង​អាចទទួលយក​​​បាន​នោះ គឺការ​ទទួល​​​​យក​ថ្នាក់ដឹកនាំ​​សហជីព សកម្ម​ជន សមាជិក​សហជីព​ទាំង​អស់​​​ ដែល​​ត្រូវ​​បាន​​បញ្ឈប់​ និង​អ្នក​ដែល​ចូលរួមក្នុង​​កូដ​កម្ម​កន្លង​មក បច្ចុប្បន្ន​នៅ​សល់ជាង៣០០នាក់ ​ត្រឡប់​ចូល​ធ្វើ​ការ​វិញ ហើយ​ទូទាត់ប្រាក់រំលឹកឱ្យ​គាត់​​ យើង​ត្រូវ​តែ​ព្រមានថៅកែខ្លះ ​កុំឱ្យ​រំលោភ​ច្បាប់​ការ​ងារ​​ដោយ​​មិន​មានវិធានការ​វិន័យដែលមិនមានផលប៉ះពាល់​ ចឹង​យើង​ទាម​ទារ​ប្រាក់រំលឹក ត្រូវ​ទូទាត់​​​ប្រាក់សំណង​ឱ្យ​ពួកគាត់​ទាំង​អស់​ តាំង​ពីថ្ងៃចេញ​ធ្វើកូដកម្ម​រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ នេះ​ជា​យុត្តិធម៌​ដែល​យើង​ចង់បាន​»។

កញ្ញា ឈឹម ស៊ីថរ ក៏បាន​ប្រៀប​ធៀបពីកា​រឈឺចាប់​របស់កូដករ​ណាហ្គា​វើលដ៍ ដែល​រង​ចាំ​យុត្តិធម៌អស់​​​​រយៈ​ពេលជាង​ ​​៤ឆ្នាំ​​មក​​នេះ ទៅ​នឹងអារម្មណ៍​​ឈឺចាប់​របស់​ពលរដ្ឋ​ខ្មែរ ដែល​សៀម​បាន​​ឈ្លាន​ពាន​ទឹកដី​កម្ពុជា​​ហើយ បែរជា​សៀម​​​មិន​​​ឱ្យ​​​ប្រើ​ពាក្យ​ថាសៀ​ម​​ឈ្លាន​​ពាន​​ទឹក​​ដី​​កម្ពុជា​​ថែម​​ទៀត។

ការណ៍នេះ កញ្ញាថា ដើម្បី​ឱ្យ​ជាតិរឹងម៉ាំបាន និង​អាច​ទាមទារ​យុត្តិធម៌​ពី​ប្រទេស​ដទៃ​បាន លុះត្រាតែ​កម្ពុជា​ដោះស្រាយ​បញ្ហា​បញ្ហា​អយុត្តិ​ធម៌​សង្គម​នៅក្នុង​ប្រទេស ក្នុងនោះ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​វិវាទការ​ងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍។

កញ្ញាថា៖ «ក្នុងកាលៈទេសៈនេះ ​ប្រជាពលរដ្ឋ​ខ្មែរទាំង​១៧លាននាក់​​ គឺមានអារម្មណ៍​អយុត្តិធម៌​បំផុត​ ពីការ​ឈ្លានពានរបស់ថៃ មែនទែ? បងប្អូន​គេ​ឈ្លាន​ពាន​យើង​ហើយ គេ​អត់​ឱ្យនិយាយ​ថា គេ​ឈ្លាន​ពាន​យើង​ទៀត​ […]​ យើង​ទទួល​អារម្មណ៍​អយុត្តិធម៌ហ្នឹង​ទេ?[…] ខ្ញុំ​មិន​​មែន​​​និយា​​យ​​​ថា​​​ខ្មែរ​​យើង​​ត្រូវទទួល​រង​នូវ​ភាព​អយុត្តិធម៌​ហ្នឹង​​ទេ ​ប៉ុន្តែ​ខ្ញុំ​ចង់ប្រាប់​ថា​ នេះ​គឺជា​អារម្មណ៍​នៃ​ការទទួល​រងភាព​អយុត្តិធម៌​​​ ដែល​យើង​​​រង​ទុក្ខ​សព្វ​បែប​យ៉ាងរយៈពេល​៤​ឆ្នាំ​ហ្នឹង អីចឹង​ប្រជាពលរដ្ឋ​ខ្មែ​រយើង គឺ​បាន​ភ្លក់អារម្មណ៍ហ្នឹង​ហើយ​​​ ​យើង​មានអារម្មណ៍​ឈឺចាប់ហ្នឹង​ទាំង​អស់គ្នា​ហើយ​ ត្រឡប់​មក​វិញ ដូច​ខ្ញុំ​បញ្ជាក់​អីចឹង ថា​យើង​មិន​អាច​រួប​រួមជាតិ​យើង​ឱ្យ​ខ្លាំង​រឹងម៉ាំ​បាន​ទេ បើ​សិន​យើង​មិន​អាច​ដោះ​ស្រាយបញ្ហា​អយុត្តិធម៌​នៅ​ក្នុង​​​​សង្គម​​របស់​​យើង​​រាល់​ថ្ងៃហ្នឹង ហើយ​ការ​ចាប់ផ្តើម​ដ៏ល្អ​បំផុត​ គឺ​កា​រដោះស្រាយ​វិវាទ​នៅក្រុមហ៊ុន​ណាហ្គា​វើលដ៍​​ ដើម្បី​បង្ហាញ​ថា យើង​​យក​ចិត្ត​ទុក​ដាក់​ យើង​ឱ្យ​តម្លៃ​យុត្តិធម៌​នៅ​ក្នុ​ងប្រ​ទេស​របស់​យើង ទើប​យើង​អាច​ទៅ​ទាម​ទារ​​យុត្តិធម៌​​ពី​ប្រទេស​ដទៃ​បាន ពីអន្តរជាតិ​បាន»។

ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្ម (CFSWF) អ្នកស្រី អ៊ូ ទេពផល្លីន ដែល​​បានតាមដានករណីវិវាទនៅក្រុមហ៊ុនល្បែងមួយ​នេះ បានថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដែរថា វិវាទការ​ងារ​នៅក្រុមហ៊ុនណាហ្គាវើលដ៍​នេះ បានបង្ហាញពីសោកនាដកម្មដ៏​ជូរ​ចត់​មួយ ដែល​មានទាំង​ការ​ប្រើ​ប្រាស់ហិង្សា​ ការ​ចោទប្រកាន់ ​​​និង​​ការ​​រើស​​អើង​​សហជីពជាដើម​​ ដែលផ្ទុយ​ពី​​ច្បាប់ស្តីពីការ​ងារ និង​ច្បាប់​សហជីព ហើយវា​ជារូបភាព​មួយ​ដែលធ្វើ​ឱ្យ​សេរីភាព​សហជីព​មានការ​ធ្លាក់ចុះ និងជាកា​របំបាក់ស្មារតីរបស់កម្មករ​និយោជិត មិន​ឱ្យ​ហ៊ាន​តវ៉ា​ប្រឆាំង​​នឹង​ការ​​រំលោភ​សិទ្ធិ​ការងារ។  

អ្នកស្រីថា៖​ «មែនទែនទៅ​ បើយើងក្រឡេក​មើលស្ថាន​ភាពរបស់​ករណី​​កូដ​កម្ម​របស់​ណាហ្គា​វើលដ៍​ ​មកដល់ថ្ងៃនេះ ៤ឆ្នាំ​នេះ យើងបង្ហាញអំពីសោកនាដកម្ម​មួយ​យ៉ាង​​ជូរចត់ ដែល​យើង​បានតាម​ដានរឿងហ្នឹង មានទាំងការ​ប្រើ​ប្រាស់​​នូវ​អំពើ​ហិង្សា មាន​ការចោទទាំងបំពាន ពីព្រោះ​យើង​​​​និយាយ​ថា​វិវាទការ​ងារ រឿង​អី​បង្វិល​វា​ទៅ​ជា​រឿង​បទ​ញុះញង់ ចឹង​​វិវាទ​ការ​ងារ​ទៅណា?​»។

ករណីនេះ អ្នកស្រី​ ផល្លីន បាន​ជំរុញឱ្យ​រដ្ឋាភិបាល​ និង​ស្ថាប័ន​ពាក់ព័ន្ធ គិត​គូរ​រក​ដំណោះស្រាយ​​សម​ស្រប ​សម្រាប់​​វិវាទ​កា​រងារ​នៅក្រុមហ៊ុនណាហ្គាវើលដ៍ និ​ង​បញ្ឈប់កា​ររើស​អើង​​សហជីព ដើម្បី​បង្ហាញ​ពីស្មារតី​រួប​រួម​ សាមគ្គី​​ជាតិ ស្រប​ពេល​ដែល​កម្ពុជា​កំពុង​រង​គ្រោះ​ពី​ការ​ឈ្លាន​ពាន​ទឹកដី​ពី​សំណាក់ប្រទេស​ថៃ។​

អ្នកស្រីថា៖ «នៅពេល​មានព្រឹត្ត​ការណ៍​​កើតឡើង គឺគោះ​ឱ្យ​ពួក​យើងហ្នឹង​​មាន​ស្មារតី​សាម​គ្គី​ យើងក៏ចង់​មាន​​​សាមគ្គីភាពដែរ ប៉ុន្តែសុំឱ្យ​រាជរដ្ឋាភិបាល​លោក​មានចិត្ត​សណ្តោះ​ប្រណី​ទៅ​ដល់​ប្រជាពលរដ្ឋ​ខ្លួន​ឯង​ កុំ​បោះបង់ពួក​យើង​ចោល នៅពេល​ដែល​​មានការ​បោះបង់​ពួក​យើង​ចោល ​​មានបញ្ហាអីកើត​ឡើង​​ យើង​​មិនអាច​ធ្វើជា​របង​ជួយ​ការ​ងារ​រាជរដ្ឋាភិបាល​បាន​ទេ»។

វិវាទនៅក្រុមហ៊ុនណាហ្គាវើលដ៏ ផ្តើមចេញពី​ក្រុមហ៊ុន​​​​ណាហ្គាវើលដ៍ បាន​​បញ្ឈប់​​បុគ្គលិក​​ប្រមាណ ១ ៣០០​នាក់ កាល​​​​​​ពី​ខែ​មេសា ឆ្នាំ២០២១ ដែល​ភាគច្រើនជាប្រធាន​និង​សមាជិក​សហជីព អំឡុង​ពេល​ផ្ទុះជំងឺ​​កូវីត-១៩ ដែលថៅកែ​អះអា​ង​ពី​មូលហេតុ​ជួបវិបត្តិហិរញ្ញវត្ថុ។

ប៉ុន្តែភាគីបុគ្គលិកដែលបានបញ្ឈប់ ​អះអាង​ថា ជា​ចេតនា​របស់​ថៅកែ ដើម្បី​បំបាត់​​សហជីព​​ឯករាជ្យ ​ក្នុង​ក្រុម​ហ៊ុន​ដែល​តែង​តែ​ជំរុញ​លក្ខខណ្ឌ​ការ​ងារ ការ​ពារ​សិទ្ធិ​បុគ្គលិក។

សម្រាប់ នាយកទទួល​បន្ទុកកិច្ច​កា​រទូទៅនៃ​អង្គការ​សិទ្ធិ​មនុស្សលី​កា​ដូ លោក អំ សំអាត សង្កេត​​ឃើញ​ថា ការ​ធ្វើកូដកម្មរបស់កូដករណាហ្គា​វើលដ៍​ ​ដើម្បីទាមទារ​​​ឱ្យ​មាន​ដំណោះស្រាយ​​​​​ផ្នែក​ការងារនេះ បានធ្វើឡើងស្របទៅតាម​ច្បាប់ស្តីពីការងារ​។ ប៉ុន្តែ​ដំណោះស្រាយ​​រហូត​មក​ដល់​ពេល​នេះ នៅមិនទាន់ចេញជា​រូប​រាង បែរជា​ចេញរូប​រាង​ផ្លែផ្កា​លឿន​បំផុត​នោះ គឺការ​ចាប់​ខ្លួន​ និងកា​រចោទ​ប្រកាន់​​ថ្នាក់ដឹកនា​សហជីព និង​កូដ​ករ ទៅលើ​បទ​ល្មើស​ផ្សេង​ៗទៅវិញ។​

លោកបន្ត​ថា៖ «ចឹង​ដំណោះ​ស្រាយ​ហ្នឹង អត់​ទាន់​បាន​ដោះស្រាយ បង្កើត​​ទៅ​ជា​បញ្ហា​​បន្ថែម បានន័យថា ការ​ចាប់​ខ្លួន ការ​ហាម​ប្រាម ការ​បិទ​របាំង ការ​មិន​​ឱ្យ​មានការ​តវ៉ា​ ហើយ​និងការ​ចោទ​ប្រកាន់ពី​​​បទល្មើស​អីផ្សេង​ៗ​ទៀត ដូច​ជា​​វិធានការ​កូវីដ​អី​បន្ថែម​ទៀត សួរ​ថា​​​បញ្ហា​ហ្នឹង​អាច​ដោះស្រាយ​ចប់ទេ យើង​ឃើញថាអត់​ចប់​ទេ​ វាបង្កឱ្យ​​មាន​បញ្ហា​​​​ហ្នឹង​​កាន់តែ​ខ្លាំង​ឡើង​ៗ​»។​

ចំណែក មន្ត្រីជាន់ខ្ពស់​​ផ្នែក​ស៊ើបអង្កេត​នៃសមាគ​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក​ យី សុខសាន្ត កត់​សម្គាល់ឃើញ​ថា វិវាទការ​ងារ​នៅ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ដែល​អូសបន្លាយ​រយៈពេល​​៤ឆ្នាំ​នេះ មិនមានអ្វី​ចម្លែក​នោះទេសម្រាប់ប្រទេស​​កម្ពុជា ដោយ​សារតែ​វាមានជាប់ពាក់ព័ន្ធ​នឹង​បញ្ហា​​អំពើពុករលួយ​។

លោកថា៖ «តាមការ​កត់សម្គាល់​ និង​តាម​ដានរយៈ​ពេល​៤ឆ្នាំ ដែល[កូដ​ករ​]​ណាហ្គា​វើលដ៍ទាម​ទារ​រក​យុត្តិ​ធម៌​នេះ វាគ្មានអ្វីចម្លែកទេ​​សម្រាប់នៅ​​ប្រទេស​កម្ពុជា​យើង ដោយសារ​ប្រព័ន្ធ​នៅពុករលួយធំជាងគេ ដែល​យុត្តិធម៌​មិន​អាច​ឈ្នះ​ពុករលួយ​ទេ ដោយសារ​អី?​ ដោយ​សារ​ពុករលួយ​វា​ចង ចង​តាំងពី​ក្រុមហ៊ុន​ឯក​ជនរហូត​ដល់​ប្រព័ន្ធរដ្ឋាភិបាល រហូត​ដល់​ទៅតុលាការ​ទៀត​​[…] ​ថៅកែ​ណាហ្គាវើលដ៍ហ្នឹង​​ គាត់​បាន​អាជ្ញាបណ្ណ​ពីរដ្ឋាភិបាល ហើយ​​រដ្ឋាភិបាល​ហ្នឹង ​គឺ​ការ​ពារ​ថៅ​កែ​​ហ្នឹង គាត់ខ្លាច​បាត់បង់​ថៅកែ​ហ្នឹង នៅពេល​បាត់​បង់ថៅកែ​ហ្នឹង គាត់​អត់​ចំណូល»។

លោក​ យី សុខសាន្ត យល់ឃើញ​ដែរ​​ថា៖ «យុត្តិធម៌​សម្រាប់គាត់​[កូដករ​ណាហ្គា]នៅប្រទេស​​​កម្ពុជា គឺ​អត់​​មានទេ អ្វីដែល​យើង​លើកទឹក​ចិត្តឱ្យ​​គាត់ យើង​គាំទ្រ​គាត់ ដោយ​សា​រ​​អ្វី​​ដែល​​គាត់​​ហ៊ាន​នៅក្នុង​ប្រទេស​មួយ ដូច​នៅ​ក្នុ​ងហ្វូង​ខ្លា​ចឹង ទោះបីគាត់​ដឹង​ថា​គេ​ស៊ី​ហើយ​ ប៉ុន្តែ​​គាត់​នៅតែ​ទាមទារ​តវ៉ាៗ ទោះយ៉ាងហោចណាស់ ក៏​​គាត់នៅសល់​ឆ្អឹង​ឆ្អែង​ខ្លះ​​ជា​ភស្តុតាង ដើម្បី​​​ដាក់បន្ទុក​ទៅ​រដ្ឋាភិបាល ជាពិសេស​សហគមន៍​អន្តរជាតិ ​ឱ្យ​ពិចារណា​​​ទៅលើ​យុត្តិធម៌​ដល់​សហជីព​​ណាហ្គា​វើលដ៍នេះ»។

អ្នកប្រើប្រាស់បណ្តាញសង្គម​មួយ​រូប គណនីឈ្មោះ Mai Seyha  បានចូលទៅបញ្ចេញមតិ​យោ​បល់​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នេះ ក្នុងសំណេរ​ដើមថា៖ «ថា​​ម៉េច​ បញ្ហា​​ណាហ្គា​វើល​ដ៍​មួយ​​៤​ឆ្នាំ​​ហើយ​​ដោះ​​អត់​​ចេញ? នេះ​​វា​​យូរ​​ជាង​​របប​​ប្រល័យ​ពូជ​សាសន៍​ ៣​​ឆ្នាំ​​ ៨​ខែ ​២០​​ថ្ងៃ​​ទៀត»។​

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះ ពីអ្នកនាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេសា បានទេ នៅរសៀល​​​ថ្ងៃទី​១៣ ខែមករានេះ។

កន្លងមក អ្នកនាំពាក្យក្រសួងការងារចាស់ លោក កត្តា អ៊ន ធ្លាប់ការ​ពារ​​ថា ករ​​ណី​​វិវាទ​​ការ​ងារ​​​នៅ​ក្រុម​ហ៊ុន​ណា​ហ្គា ​ក្រសួង​​​បាន​​​​ដោះ​​​ស្រាយ​​មក​​ជា​​ហូរហែ​​។ មួយវិញទៀត លោកថា ក្រុម​ហ៊ុ​ន​​ក៏​បាន​​ផ្ទេរ​ប្រាក់​បំណាច់ និង​សំណង​​បញ្ចប់​កិច្ច​សន្យា​ការ​ងារ ចូល​គណនី​ធនាគារ​​អ​តីត​​បុ​គ្គលិក​​ ដែល​ក្រុម​ហ៊ុន​​បាន​បញ្ចប់​​កិច្ច​សន្យា​ការ​​​ងារ​​ចំនួន ៣៧៣នាក់​ ​រួច​​មក​​ហើយ​​ដែរ។

ទោះយ៉ាងណា នៅថ្ងៃទី​១៣ខែមករានេះ សហជីព និង​អង្គការ​សង្គមស៊ីវិល​ចំនួន​២៣ បានចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ ទាមទារឱ្យ​រដ្ឋាភិបាល​ផ្តល់​ដំណោះ​ស្រាយ​​ ៣ចំណុច ក្នុងនោះ ទាមទារឱ្យ​ទម្លាក់​ចោល​រាល់ការ​ចោទ​ប្រកាន់​ និងទទួល​យក​ថ្នាក់​ដឹកនាំ​សហជីព​ សកម្ម​ជន និង​សមាជិក​សហជីព​ទាំង​អស់​​ដែល​ក្រុមហ៊ុន​បញ្ឈប់ពីការ​ងារ​ដោយ​ខុសច្បាប់ ហើយ​ទូទាត់​ប្រាក់រំលឹក​​ចាប់ពីថ្ងៃ​បញ្ឈប់រហូត​​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ។ ដាក់​កំហិត​ឱ្យ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍​ គោរព​​ច្បាប់​ការងារ សេរីភាព​សហជីព និង​ចរចា​ជាមួយ​តំណាង​សហជីព​លើ​រាល់​បញ្ហា​របស់​កម្មករ ព្រមទាំង​បញ្ឈប់ការ​​ជ្រៀត​​ជ្រែក​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​សហជីព ការ​គំរាម​កំហែង​​​រាល់​​គ្រប់ទម្រង់​មក​លើ​កម្មករ​និយោ​ជិត​ដែល​កំពុង​បម្រើ​ការងារ​នៅ​ក្នុង​ក្រុម​ហ៊ុនកាស៊ីណូ​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ