អ្នកចាញ់បោកអតីតឧកញ៉ា ឡេង ចាន់ណា ឡើង​​មក​​តវ៉ា​​​​​នៅ​ភ្នំពេញ​ក្រោយរ​ងស​ម្ពាធ​បំណុល

ជន​​រ​ង​គ្រោះចា​​ញ់​​​​បោ​​ក​​​អតីតឧកញ៉ា ឡេង ចាន់ណា បានឡើងមកតវ៉ានៅមុខក្រសួង​យុត្តិធម៌ជាថ្មី​ទៀត ដើម្បី​​ទាម​ទារ​សំណង​ដោះ​ស្រាយ​វិបត្តិ​ជីវភាព ​ពួក​​គេ​​​៥ពាន់​គ្រួសារ​ ដោយថា វិបត្តិនេះ​កំពុង​គំរាម​ជីវិត​ពួក​គេ មាន​ខ្លះ​គ្មាន​លុយ​​ព្យាបាល​ជំងឺ និង​ខ្លះ​ទៀត​ប្រឈម​ដាច់​បាយ ខណៈ​យុត្តិធម៌​ត្រូវ​គេក​ប់​ចោល​ជាង​២ឆ្នាំ​ទៅ​នេះ។ ​

ពលរដ្ឋម្នាក់អ្នកស្រី ឡយ ប៉ាក់ មកពីខេត្តសៀមរាប រៀបរាប់ក្នុងពេលត​វ៉ា​នៅថ្ងៃ​ទី​១៣ ខែ​មករា​នេះ​​ថា អ្នក​ស្រី​កំពុង​​ជួប​វិបត្តិ​ជីវភាព​ធ្ងន់​ធ្ងរ ក្រោយ​ខ្ចី​លុយ​ធនាគារ​យក​ទៅ​វិនិយោគ​បាន​ការ​ប្រាក់​នៅ​ក្រុម​ហ៊ុន ឡេង ចាន់​ណា ដោយ​ចាញ់​បោក​ទាំង​គ្រួសារ​ជាង​១០​ម៉ឺន​ដុល្លារ។

អ្នកស្រីថា កាលពីប៉ុន្មានខែដំបូងគាត់បានការប្រាក់មែន តែក្រោយ​មក​ក៏​លែង​ទទួល​បាន​ទៀត​ ដែល​ធ្វើ​ឱ្យគ្មា​ន​លុយ​បង់​សង​ទៅ​ធនា​គារ ខណៈ​បច្ចុប្បន្ន​អ្នក​ស្រីក៏​មា​ន​ជំងឺប្រ​ចាំ​កាយ និងប្រឈម​ដាច់​បាយផ​ង​ដែរ។ 

លោកថា៖ «ខ្ញុំអស់ឡើងជិត៤ម៉ឺនដុល្លារ! តែម៉ែឪបងប្អូនទាំង​អស់សរុប​ទៅ​ជា​ង​១០​ម៉ឺន​ជាង។ សុំ​ក្រសួ​ង​យុត្តិ​ធម៌​ជួយមេ​ត្តា​ជួយ​ដោះ​ស្រាយ​ឱ្យ​ខ្ញុំផ​ង! ព្រោះ​អី​ខ្ញុំ​វេទនា​ណាស់​សព្វ​ថ្ងៃ​ខ្ញុំ​ឈឺផង ​រក​លុយ​មើល​ជំងឺ​ខ្លួន​នេះ មិន​បា​ន​ទេ​ សូម​ក្រសួង​យុត្តិធម៌ជួយខ្ញុំ​ផ​ង! មេត្តា​ដោះ​ស្រាយ​ឱ្យ​ខ្ញុំ​ផង។ ខ្ញុំមិ​នមា​ន​លុយ​ទិញ​ថ្នាំ មក​ហូប​ទេ! មាន​តែលុយប​ង់​ធនាគារ​តក់ៗ ខែ​ណាក៏​បាន​ ខែ​ណាក៏​​អត់ គេ​មក​ស្តី មក​ថា មក​បន្ទោស​ដល់​ផ្ទះសំ​បែង​រាល់​ថ្ងៃ រាល់​ខែ ព្រោះអី​យើង​មិន​​មាន​បាន​បង់​​ឱ្យ​គេ»

ជាមួយគ្នានេះ ពលរដ្ឋម្នាក់ទៀតមកពីខេត្តកំពង់ចាម លោក ចាប ប៊ុនហៀង រៀប​រាប់​មុខក្រសួង​យុត្តិធ​ម៌​ថា លោក​​ចាញ់​​បោក ឡេង ចាន់ណា ជិត​១ម៉ឺន​៥ពាន់​ដុល្លារ ដែ​ល​ជាលុ​យ​ខ្ចី​ធនាគារ ធ្វើឱ្យ​លោ​ក​ជួប​វិបត្តិ​បំណុល​វ័ណ្ឌ​ក។

លោកថា មានពលរដ្ឋជាង៥ពាន់គ្រួសារ​ បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​មេធាវី​រដ្ឋាភិ​បាល លោក គីតិច ដែរ តែ​ជាង​២ឆ្នាំ​ហើយ​មក​មិន​បាន​យុត្តិធម៌​នោះ​ទេ។ បើ​តាម​ពលរដ្ឋ​រូ​ប​នេះ បាន​រំលេច​ឈ្មោះ​អ្នក​មានអំ​ណាច​២រូ​ប​នៅ​ពី​ក្រោយ​ក្រុម​ហ៊ុន ឡេង ចាន់ណា ផ​ង​ដែរ។

លោកថា៖ «ខ្ញុំមកអត់ដែលបានស្គាល់ច្បាស់ទេ​ តែ​ខ្ញុំដឹ​ង​ទៅ​តាម​ឃ្លីប​វីដេអូ។ ផ្ទុះ​រឿង​ហ្នឹង! រឿង​ហ្នឹង​គឺ ស៊ាន បូរ៉ាត់ ស ថាវី ហ្នឹង​គឺ​គាត់​អ្នក​ក្រោ​យ​ខ្នង ឡេង ចាន់​ណា ក្រុម​ហ៊ុន​ហ្នឹង។ ជឿជាក់​ហ្នឹង ដោយ​សារ​មាន​ខ្នង​បង្អែក​អ្នក​ធំ ដូច​​ជា ស៊ាន បូរ៉ាត់ ស ថាវី ។ បើសិ​ន​គាត់​រក​ដំណោះ​ស្រាយ​សង​បំណុល​មក​ប្រាក់​ដើម​មក​ ប្រជាពលរដ្ឋ​រង​គ្រោះហ្នឹ​ង​វិញបា​ន គ្រប់​គ្នាទៅ​ អត់​យក​ផ្តន្ទា​ទោស​ទេ ហ្នឹង​សម្រាប់​ប្រជា​ពលរដ្ឋ ប្រាក់​យក​មក​សង​ធនាគារ»

ជាមួយគ្នានេះ ពលរដ្ឋម្នាក់ទៀត លោក ទីង សុហៀង មកពីខេត្តកំពង់ចាម ប្រាប់​ថា ចាញ់បោក​ឡេង ចាន់ណា ចំនួន​២ម៉ឺន​ដុល្លារ ដែល​ជា​លុយ​ខ្ចី​ធនាគារ ធ្វើ​ឱ្យ​ជួប​បញ្ហាជី​វភាព​ក្នុង​គ្រួសារ ហើយ​លោក​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ផង​ដែរ។ លោក​ទាម​ទារ​ឱ្យ​ក្រសួង​យុត្តិ​ធម៌ និង​រដ្ឋាភិ​បាល​ជួយ​ពន្លឿន​ដំណោះ​ស្រាយ​ ដើម្បី​បាន​សំណ​ង​ដោះស្រា​យ​វិបត្តិ​ជីវភាព។

លោកថា៖ «ខ្ញុំទឹកនោមផ្អែមផង! លើសឈាមផង! ទាំងប្តីទាំងប្រពន្ធ ៥ឆ្នាំហ្នឹង​ដោះអត់​រក​ស៊ី​អីបាន​ទេ ចេញ​លុយ​រហូត ជំពាក់​ធនាគារ​វ័ណ្ឌក​ហើយ។ សុំ​ឲ្យរ​ដ្ឋាភិបាល​និង​សម្តេច​ទាំង​ពីរជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​លុយ​ខ្ញុំ ព្រោះឥឡូវ​​ហ្នឹង​ខ្ញុំ​វេទនា​ខ្លាំង​ណាស់ ខ្ញុំ​ឈឺទាំ​ង​ប្តី ទាំងប្រពន្ធ ទឹក​នោម​ផ្អែម។ ធនាគារ​តែ​ដល់ខែ​គេ​ម​កយ​ក​លុយ​ការ​ប្រាក់​វិញ បើ​យើង​អត់​បាន​បង់​ឲ្យ​គេ! គេម​កដ​ល់​ផ្ទះ​យើង»។

VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក សេង ឌីណា បានទេ គិតត្រឹម​ម៉ោង​ផ្សាយ​នេះ។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា សង្កេ​តឃើញ​ថា ភាពអយុត្តិ​​ធម៌​ក្នុងសង្គម​មាន​ច្រើន តែ​រឿង​ជួប​វិបត្តិ​ជីវភា​ព​ដែល​ជា​ឆ្នាំង​បាយ​ពលរដ្ឋ​នេះ ក្រុម​ប្រជាពលរដ្ឋ​ហាក់​មាន​ភាព​ក្លាហាន​ងើប​តវ៉ា​យ៉ាង​សកម្ម​ ជា​ង​រឿង​នយោ​បាយ។

លោកជំរុញឱ្យរដ្ឋាភិបាលពន្លឿនដំណោះស្រាយឱ្យក្រុមជន​រង​គ្រោះ​ឱ្យ​បាន​ឆាប់ ដើម្បី​កុំ​ឱ្យ​វិបត្តិ​​នេះ រាល​ដាល​កាន់​តែ​ធំ​ក្នុង​សង្គម។

លោកថា៖ «ការពន្លឿនការដោះស្រាយការអនុវត្តច្បាប់ថ្លឺងថ្លែង យក​មក​ពិនិត្យ​ដើម្បី​ថា​តើនរណា​ខុស​នរណា​ត្រូវ ហើយ​​អ្នក​ណា​ទៅ​ដែល​ទទួល​ខុស​ត្រូវ​ ទំហំ​ប៉ុន្មាន វា​ជារឿ​ង​សំខាន់​សម្រាប់​ដំណោះ​ស្រាយ​សង្គម។ ពីព្រោះ​បញ្ហា​សេដ្ឋកិច្ច​ បញ្ហា​ពាក់​ព័ន្ធ​នឹង​ជីវភាព​រស់​នៅរ​បស់ពួក​គាត់​ វា​ជា​បញ្ហា​ធំ​ ដូច្នេះ​វា​អាច​នឹង​កើត​មាន​រឿង​អី​ដែល​យើង​មិន​អាច​គិត​ទុក​បាន។ ពីព្រោះ​យើង​ដឹង​ហើ​​យ​ថា បញ្ហា​ជីវភាព​រស់​នៅប្រ​ចាំ​ថ្ងៃ​ វា​ជា​បញ្ហា​​សម្រាប់​ពួក​គាត់​ក៏​ត្រូវ​ការ​ថវិកា​ត្រូវ​ការ​ចំណូល​ដើម្បី​ផ្គត់​ផ្គង់​កូន ផ្គត់​ផ្គង់​ការ​សិក្សា​រ​បស់​កូន! ផ្គត់​ផ្គង់​សុខ​ភាព​របស់​គាត់​អ៊ីចឹង​ពេល​ដែល​បាត់​ចំណូល ហើយ​គាត់​មាន​បញ្ហា​ពាក់​ព័ន្ធ​ទៅ​នឹង​រឿង​ការ​ដោះ​ស្រាយ​ហ្នឹង​ទៀត​ អាហ្នឹង​គឺ​ជា​រឿង​ដែល​គាត់​រឹត​តែ​លំបាក​ថែម»។

ក្រុម​ហ៊ុន​ប្រ៊ីលាន ​ស៊ីធី ​​របស់​​អតីត​​​ឧកញ៉ា ឡេង ចាន់ណា បាន​​បង្កើត​​ល្បិច​​បោក​​ពលរដ្ឋ តាម​​យុទ្ធ​សាស្រ្ត​​​ប្រមូល​​លុយ​ ដោយ​​​សន្យា​​ឱ្យ​​ការ​​​ប្រាក់​ ៤% ក្នុង​មួយខែ​​​នៃ​​ប្រាក់ដើម តែ​ពលរដ្ឋបើក​បាន​តែប៉ុ​ន្មាន​ខែ​ដំបូង​ ក៏លែ​ង​ទទួល​បាន​ទាំង​ប្រាក់​ដើម និង​ការ​ប្រាក់។

អតីត​​ឧកញ៉ា ឡេង ចាន់ណា ត្រូវ​​បាន​​ចាប់​ខ្លួន​​នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា ឆ្នាំ​២០២៤ ក្រោយ​ពី​​​ជន​​រង​គ្រោះ​​​​​​ផ្ទុះ​ការ​​តវ៉ា​​ជា​បន្ត​បន្ទាប់​​រយៈ​​ពេល​ប្រមាណ​ ១ខែ ដែល​​មាន​អ្នក​​ចាញ់​បោក​​ប្រមាណ​ ៧០០០​​​​គ្រួសារ គិត​​ទឹក​ប្រាក់​​ជាង ៣០០​លាន​​ដុល្លារ​​អាមេរិក។

យ៉ាងណា បើគេគិត​ពី​ថ្ងៃ​ដែល​លោក ហ៊ុន ម៉ាណែត ឡើង​កាន់​អំណាច​តាំង​ពី​ខែ​សីហា ឆ្នាំ​២០២៣ ដល់​ខែ​មករា ឆ្នាំ​២០២៦​​នេះ មាន​រយៈ​ពេល​ជាង​២ឆ្នាំ​ហើយ ខណៈ​ក្រោម​ការ​ដឹក​នាំ​នេះ​បាន​លេច​ឡើង​ជា​បន្ត​បន្ទាប់ ​នូវ​រល​កត​វ៉ា​របស់​ជន​រ​ង​គ្រោះ​ពី​អំពើ​ឆបោក ជាបន្តបន្ទាប់។

ជុំវិញអំពើឆបោកធំៗ​ក្រោមការដឹកនាំរបស់រដ្ឋាភិបាល​អាណត្តិ​ទី៧នេះ រួមមានដូចជា ពលរដ្ឋ ​ចាញ់​​បោក​​អតីត​​ឧកញ៉ា ឡេង ចាន់ណា ​ជា សារ៉ន​ ហ៊ី គឹម​ហុង ​ក្រុម​​​​ហ៊ុន​​​CIC ​​​ក្រុម​ហ៊ុន​​​ភូមិ​ខ្មែរ​​​គ្រុប ​ឧកញ៉ា ឡេង ណាវ៉ាត្រា និង​ក្រុម​ហ៊ុន​មួយ​ចំនួន​ទៀត តែ​យុត្តិធម៌​ពួក​គេ​ត្រូវ​បាន​កប់​ចោលច្រើនឆ្នាំទៅនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ