ខណៈក្រសួងការបរទេសកំពុងធ្វើយុទ្ធនាការការទូត ក្រសួងការពារជាតិ ក៏កំពុងនាំក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ចុះទៅពិនិត្យនៅតាមតំបន់ព្រំដែនដែលត្រូវបានទាហានថៃបំផ្លិចបំផ្លាញ។
យ៉ាងណាក្តី រដ្ឋាភិបាលកម្ពុជានៃបក្សប្រជាជនកម្ពុជា នៅមិនទាន់ដាក់ពាក្យប្តឹងថៃទៅស្ថាប័នអន្តរជាតិនៅឡើយទេ ខណៈថៃបានប្រកាសមិនដកទ័ពថយពីទឹកដីខ្មែរ ដែលខ្លួនបានដណ្តើមកាន់កាប់ ថែមទាំងកំពុងសម្រុកធ្វើការឈូសឆាយបំផ្លាញផ្ទះពលរដ្ឋខ្មែរ និងហេដ្ឋារចនាសម្ព័ន្ធខ្មែរនៅតាមតំបន់ទាំងនោះ។
ក្នុងស្ថានភាពនេះ អ្នកជំនាញនៅតែបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជា ឆាប់ដាក់ពាក្យប្តឹងថៃទៅស្ថាប័នអន្តរជាតិ ដោយលើកឡើងថា ថៃនឹងមិនប្រគល់ទឹកដីឱ្យកម្ពុជាវិញឡើយ បើនៅតែបន្តធ្វើការចរចាទ្វេភាគី។
លោក ចាន់ រតនា អ្នកនាំពាក្យស្តីទីក្រសួងការបរទេស បានថ្លែងនៅក្នុងកម្មវិធីផ្សាយផ្ទាល់ « បច្ចុប្បន្នភាពស្តីពីការវិវត្តស្ថានការណ៍រវាងកម្ពុជា-ថៃ» នៅថ្ងៃទី១៤ខែមករានេះថា ក្រសួងការបរទេសនៅតែបន្តកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីការពារអធិបតេយ្យបូរណភាពទឹកដីក៏ដូចជាការពារផលប្រយោជន៍ជាតិកម្ពុជា តាមផ្លូវការទូត ដោយផ្អែកទៅលើមូលដ្ឋានធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ពិសេសគោលការណ៍មិនប្រើកម្លាំង ឬគំរាមប្រើកម្លាំង ដើម្បីដោះស្រាយជម្លោះ និងកំណត់ព្រំដែន ក៏ដូចជាច្បាប់មនុស្សធម៌អន្តរជាតិដោយសង្កត់ធ្ងន់លើសិទ្ធិរស់រានមានជីវិតរបស់ជនស៊ីវិល។
លោកថា៖ «ទន្ទឹមនឹងនេះ យើងក៏ជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាពកងទ័ពថៃ ដូចជា ការរុះរើបំផ្លិចបំផ្លាញផ្ទះសំបែង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល រារាំងប្រជាជនខ្មែរមិនឱ្យវិលត្រឡប់ចូលលំនៅដ្ឋានរបស់ខ្លួនវិញ ព្រមទាំងបញ្ឈប់រាល់វិធានការនានា ក្នុងចេតនា ពង្រឹងការឈរជើងដោយខុសច្បាប់ នៅក្នុងភូមិស្រុករបស់កម្ពុជា ដែលយោធាថៃបានប្រើកម្លាំងដណ្តើមកាន់កាប់ហើយបែរមកសហការពន្លឿនកិច្ចការងាររបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ ក្នុងការកំណត់ខ្សែព្រំដែនប្រទេសទាំងពីរ ដោយផ្អែកទៅលើមូលដ្ឋានច្បាប់ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក»។
ជាមួយគ្នានេះ ក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសមួយ កាលពីថ្ងៃទី១៣ខែមករាថាកម្ពុជាតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ក្រុម AOT ព្រមទាំងសង្កត់ធ្ងន់ទៅលើសារៈសំខាន់មិនអាចខ្វះបាន ក្នុងការពង្រឹងតួនាទី និងអាណត្តិរបស់AOT ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមក។
បើតាមក្រសួង នៅដើមខែមករានេះ ក្រសួងការពារជាតិ បានសម្របសម្រួលជូនដល់ក្រុម AOT ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពនៅតាមព្រំដែននៅទីតាំងចំនួន៦ ក្នុងខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ និងព្រះវិហារ ដែលសុទ្ធតែជាទីតាំងស៊ីវិល ក្នុងនោះក៏មានតំបន់បេតិកភណ្ឌពិភពលោក ប្រាសាទព្រះវិហារ ដែលត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរផងដែរ។
ការបញ្ជាក់របស់ភាគីកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១២ខែមករា ក្រសួងការបរទេសថៃបានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរថា យោធាថៃនឹងបន្តឈរជើងនៅតាមតំបន់ដែលខ្លួនបានដណ្តើមកាន់កាប់ និងថែមទាំងព្រមានកម្ពុជាមិនឱ្យនិយាយថា ថៃឈ្លានពានដីខ្មែរនោះទេ។ ក្រសួងការបរទេសថៃ និយាយថា ថៃនឹងមិនដកទ័ពចេញពីតំបន់ដែលខ្លួនវាយដណ្តើមកាន់កាប់កំឡុងពេលផ្ទុះអាវុធ២១ថ្ងៃនោះទេ ដោយសំអាងថា ដីទាំងអស់នោះ គឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ហើយយោធាថៃនឹងបន្តឈរជើងនៅតាមទីតាំងទាំងនោះដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ក្រសួងការបរទេសថៃ បញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនេះ យោធាថៃនឹងពង្រឹងការការពារដែនអធិបតេយ្យ មិនឱ្យបរទេសចូលឈ្លានពានឬទាមទារដីវិញនោះទេ ដែលត្រង់ចំណុចនេះថៃសំដៅមកលើកម្ពុជា។
ជាមួយគ្នានេះ កាលពីថ្ងៃទី១២ខែមករានោះដែរ សារព័ត៌មានថៃជាច្រើន រួមមាន The Nation Thailand, Bangkok Post និងAmrin News បានដកស្រង់សម្តីរដ្ឋមន្ត្រីការបរទេសថៃ លោកសៀហាសាក់ ភួងកេតកែវ ថា លោកបានព្រមានកម្ពុជាឱ្យឈប់ប្រើពាក្យថា ថៃឈ្លានពានដែនអធិបតេយ្យកម្ពុជា។ លោកនិយាយថា ភាគីកម្ពុជាគួរឈប់ប្រើពាក្យថា ថៃជាអ្នកឈ្លានពានកម្ពុជាដោយលោកសំអាងថា ថៃគ្រាន់តែទាមទារទឹកដីខ្លួនដែលបាត់បង់កន្លងមក តាមផែនទីខ្នាត១លើ៥០ពាន់របស់ភាគីថៃប៉ុណ្ណោះ។ ម៉្យាងវិញទៀត រដ្ឋមន្ត្រីការបរទេសថៃរូបនេះព្រមានថា កម្ពុជាត្រូវឈប់ជ្រៀតជ្រែក ឬចេះដឹងរឿងនយោបាយផ្ទៃក្នុងថៃតទៅទៀត ដែលធ្វើឱ្យអ្នកនយោបាយថៃមានការបែកបាក់សាមគ្គីគ្នា។
លោក អ៊ុំ សំអាន ប្រធានស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាល២៣តុលាក្រៅប្រទេស បានចាត់ទុកសាររបស់រដ្ឋមន្ត្រីការបរទេសថៃនេះថា ហាក់រំឭកមកមេដឹកនាំកម្ពុជាថា ទោះបីចរចាទ្វេភាគី១០ឆ្នាំ ឬ១០០ឆ្នាំទៀតក៏ដោយ ក៏ថៃមិនប្រគល់ដីខ្មែរឱ្យខ្មែរវិញនោះដែរ។លោកថា ដីខ្មែរដែលថៃឈ្លានពានបាន៣៥ទីតាំងនៅតាមបណ្តោយព្រំដែន យោធាថៃប្រាកដជាមិនប្រគល់ឱ្យកម្ពុជាវិញនោះទេ បើសិនរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាមិនប្តឹងថៃទៅតុលាការអន្តរជាតិ និងសហប្រធានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស២៣តុលាទេនោះ។
លោកថា៖ «១០០%ការចរចាទ្វេភាគីមិនអាចបានទឹកដី ដែលថៃដណ្តើមកាន់កាប់៣៥ទីតាំងនោះមកវិញទេ លើកលែងតែកម្ពុជាយើងប្តឹងថៃទៅកាន់តុលាការអន្តរជាតិICJ និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ ទើបបានមកវិញ ហើយបើសិនជាចរចាទ្វេភាគីគឺមិនអាចនោះទេ»។
ជាមួយគ្នានេះ ទាំងលោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់នៃក្រុមមេធាវីអមរិន្ទ និងលោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏ជំរុញឱ្យរដ្ឋាភិបាលដាក់ពាក្យប្តឹងថៃ ទៅកាន់ស្ថាប័នអន្តរជាតិផងដែរ។
លោកមេធាវី សុក សំអឿន លើកឡើងថា អ្វីដែលកម្ពុជាត្រូវធ្វើនៅពេលនេះ គឺជំរុញឱ្យថៃបន្តការប្រជុំគណៈកម្មាការព្រំដែនJBC និងត្រូវប្រើយន្តការអង្គការសហប្រជាជាតិ ដោយដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ទាមទារឱ្យថៃដកទ័ព និងសងការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រាសាទខ្មែរ។ មេធាវីចាស់វស្សារូបនេះ បញ្ជាក់ថា បើថៃនៅតែមិនព្រមនោះ កម្ពុជាអាចដាក់ពាក្យបណ្តឹងទៅ ICJ រឿងព្រំដែន និងប្តឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋសង្រ្គាម ឬឧក្រិដ្ឋកម្មឈ្លានពាន ប្រសិនបើកម្ពុជាមានភស្តុតាងគ្រប់គ្រាន់។
សម្រាប់ លោក ម៉ែន ណាត ក៏យល់ស្របទៅនឹងការលើកឡើងរបស់ លោក អ៊ុំ សំអាន ផងដែរថា ការបន្តធ្វើការចរចាទ្វេភាគីជាមួយថៃ នឹងមិនអាចការពារទឹកដីកម្ពុជាបានទេ។
លោក ម៉ែន ណាត ក៏ឆ្ងល់ផងដែរថា ហេតុអ្វីបានជារដ្ឋាភិបាលគ្រួសារហ៊ុនប្រើពេលកន្លះឆ្នាំមកហើយ ហើយសង្គ្រាមក៏បានផ្ទុះឡើង២លើករួចមកហើយដែរ ប៉ុន្តែកម្ពុជាហាក់នៅតែមានភាពស្ទាក់ស្ទើរក្នុងការដាក់ពាក្យប្រឹងថៃ។
លោកថា៖ «ប៉ុន្តែសូមជូនយោបល់ថា រឿងជម្លោះព្រំដែនកម្ពុជាថៃមិនអាចមិនប្តឹងទេ។ ជម្លោះនេះត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិ ICJ និងទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិICC លើសំណុំរឿង៣ ទី១លើការរំលោភឈ្លានពានព្រំដែនដែលកំណត់ដោយសន្ធិសញ្ញាបារាំងសៀម។ សំណុំរឿងទី២ គឺប្តឹងថៃពីការបំផ្លិចបំផ្លាញប្រាសាទបុរាណខ្មែរនៅតាមព្រំដែនអាហ្នឹងអាចជាសំណុំរឿងតែមួយក៏បានដែរ។ ចំណែកឯសំណុំរឿងទី៣ ទាក់ទងនឹងការបង្កសង្គ្រាមបំផ្លិចបំផ្លាញទ្រព្យសម្បត្តិកម្ពុជា ផ្ទះសំបែង ស្ពាន ផ្លូវប្រាសាទបុរាណអីហ្នឹង ទៅICC ហើយក្នុងICCដែរ សំណុំរឿងប្តឹងថៃពីការបង្កឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ធ្វើឱ្យពលរដ្ឋស្លាប់ធ្វើឱ្យមានជនភៀសសឹករាប់សែននាក់ រំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិនិងច្បាប់ដទៃៗទៀត»។
ជាមួយគ្នានេះ លោក ប៉ា ងួនទៀង ប្រធានសា្ថប័នសារព័ត៌មានវីអូឌី លើកឡើងថា បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់ថៃ អស់រយៈពេល២១ថ្ងៃកន្លងមក ប្រជាពលរដ្ឋខ្មែរ ជាពិសេសអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ត្រូវហ៊ានទទួលស្គាល់ការពិតចំពោះអ្វីដែលបានមើលឃើញជាក់ស្តែង នៃការឈ្លានពានរបស់សៀមមកលើទឹកដីកម្ពុជា។ បើតាម លោកប៉ា ងួនទៀង ប្រជាពលរដ្ឋខ្មែរត្រូវតែដឹងថា មេដឹកនាំខ្មែរ រដ្ឋាភិបាលខ្មែរ និងគណបក្សកំពុងកាន់អំណាចបច្ចុប្បន្ននឹងមានភាពខ្សោយក្នុងការការពារទឹកដីរបស់ខ្លួន។
លោកថា៖ «ហើយបើសិនជាយើងមិនយល់ថា ខ្សោយទេ ជាពិសេសអ្នកដែលគាំទ្រគណបក្សប្រជាជនអ្នកដែលគាំទ្រ លោក ហ៊ុន សែន យល់ថា ប៉ុណ្ណឹងខ្លាំងហើយចឹងយើងរស់ត្រឹមប៉ុណ្ណឹង។ ហើយថ្ងៃក្រោយសៀមចង់ទម្លាក់គ្រាប់ចង់ឈ្លានពានយើងយ៉ាងម៉េចក៏បានចឹងប្រទេសកម្ពុជាវារង់ចាំតែរលាយ រង់ចាំតែគេឈ្លានពាន រង់ចាំតែភ័យរង់ចាំតែទទួលការប្រមាថ។ អ៊ីចឹងបើយើងទទួលស្គាល់ការពិតថា មេដឹកនាំបច្ចុប្បន្នហ្នឹងគឺអត់អាចទៅរួចទេគឺខ្សោយ ហើយលទ្ធភាពមានតែប៉ុណ្ណឹងទេ ទោះបីលោក ហ៊ុន សែន និយាយខ្លាំងយ៉ាងម៉េចថាមានសំណាញ់មេឃមាននេះមាននោះ មានលទ្ធភាពមានកងអង្គរក្សដ៏អស្ចារ្យ ម៉េចយើងត្រូវទទួលស្គាល់ការពិតថា យើងខ្សោយយើងអត់អាចទប់ជាមួយគេបាន»។
បន្ថែមពីនេះ លោក អ៊ុំ សំអាន រំឭកថា ការធ្វើឱ្យបាត់បង់ទឹកដីរបស់បុព្វបុរសដូនតាខ្មែរចំនួន៣៥ទីតាំង នៅតាមបណ្តោយព្រំដែនបន្ទាប់ពីសង្គ្រាម២១ថ្ងៃលើកទី២នេះ គឺជាការទទួលខុសត្រូវរបស់រដ្ឋាភិបាលនៃបក្សប្រជាជន។ លោកថា មេដឹកនាំគ្រួសារហ៊ុនត្រូវលាលែងចេញពីអំណាច ព្រោះខ្លួនគ្មានសមត្ថភាពការពារទឹកដី និងអាយុជីវិតប្រជាពលរដ្ឋខ្មែរនៅតាមបណ្តោយព្រំដែន។ ជាមួយគ្នានេះ លោកបញ្ជាក់ថា បើមេដឹកនាំលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មិនចង់ជាប់ឈ្មោះក្នុងប្រវត្តិសាស្ត្រថាជាជនក្បត់ជាតិ ធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាង រដ្ឋាភិបាលកម្ពុជាត្រូវតែពន្លឿនបញ្ជូនសំណុំរឿងប្តឹងថៃទៅតុលាការអន្តរជាតិ៕









