កាណាដា និងចិន បង្ហាញសញ្ញារួចរាល់ក្នុងការចាប់ផ្តើមការចរចាពាណិជ្ជកម្មឡើងវិញ បន្ទាប់ពីទំនាក់ទំនងមានភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំ ខណៈដែលដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ទៅកាន់ទីក្រុងប៉េកាំង ក្នុងសប្តាហ៍នេះ បានកើតឡើងចំពេលដែលប្រទេសទាំងពីរ កំពុងចោទសួរអំពីទំនាក់ទំនងដែលធ្លាប់តែរឹងមាំជាមួយសហរដ្ឋអាមេរិក។
លោក Carney បានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃទី១៣ខែធ្នូ សម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់លោក ដែលលោកនឹងពិភាក្សាអំពីពាណិជ្ជកម្ម កសិកម្ម និងថាមពល ជាមួយមន្ត្រីប្រទេសចិន។
លោកស្រី Liang Yan សាស្ត្រាចារ្យសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Willamette ក្នុងសហរដ្ឋអាមេរិក បានហៅដំណើរទស្សនកិច្ចរយៈពេលប្រាំថ្ងៃរបស់ លោក Carney ថាជា “ចំណុចចាប់ផ្តើម”។
លោកស្រីមានប្រសាសន៍ថា៖ «ខ្ញុំគិតថា ដំណើរទស្សនកិច្ចនេះ គឺដើម្បីជួសជុលទំនាក់ទំនងមួយចំនួន និងអាចបង្កើតទំនាក់ទំនងពាណិជ្ជកម្មឡើងវិញ។ វាជារឿងសំខាន់ណាស់ ដែលយើងមិនអាចនឹកស្មានថាវានឹងកើតឡើងមុនពេលមានរដ្ឋបាល Trump អាណត្តិទីពីរ (Trump 2.0) នោះទេ»។
ការចាប់ខ្លួនពលរដ្ឋទៅវិញទៅមកក្នុងករណីលេចធ្លោនានា បានធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី មុនពេលអាណត្តិទីពីររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump។ ក្នុងឆ្នាំ២០២៤ ទីក្រុងអូតាវ៉ាបានដំឡើងពន្ធ ១០០% លើរថយន្តអគ្គិសនីរបស់ចិន និង ២៥% លើដែកថែប និងអាលុយមីញ៉ូម។ ជាការសងសឹក ទីក្រុងប៉េកាំងបានដាក់ពន្ធលើផលិតផលកាណូឡា (Canola) សាច់ជ្រូក និងអាហារសមុទ្ររបស់កាណាដា។
ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីលោក Trump ចូលកាន់តំណែងកាលពីមួយឆ្នាំមុន មន្ត្រីចិន និងកាណាដា បានរិះគន់យ៉ាងខ្លាំងចំពោះការរឹតបន្តឹងពាណិជ្ជកម្ម និងការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោន។
ការិយាល័យនាយករដ្ឋមន្ត្រីនៅទីក្រុងអូតាវ៉ា បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៧ ខែមករាថា លោក Carney គ្រោងនឹងជួបជាមួយប្រធានាធិបតី ស៊ី ជិនពីង (Xi Jinping) នាយករដ្ឋមន្ត្រី លី ឈាំង (Li Qiang) និងថ្នាក់ដឹកនាំធុរកិច្ច ដើម្បី “បង្កើនការចូលរួម”។
លោក Carney បានលើកឡើងថា កាណាដាកំពុង “បង្កើតភាពជាដៃគូថ្មីៗនៅជុំវិញពិភពលោក ដើម្បីផ្លាស់ប្តូរសេដ្ឋកិច្ចរបស់យើង ឱ្យទៅជាសេដ្ឋកិច្ចដែលរឹងមាំ និងមានភាពធន់ជាងមុនចំពោះវិបត្តិសកល”។
ការដំឡើងពន្ធរបស់លោក Trump លើទំនិញសំខាន់ៗរបស់កាណាដា រួមមាន ដែកថែប និងឈើ បានក្លាយជាការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសជិតខាងទាំងពីរ អស់រយៈពេលរាប់ទសវត្សរ៍មកនេះ ហើយវាបានជំរុញឱ្យទីក្រុងអូតាវ៉ា ប្រញាប់ប្រញាល់ធ្វើពិពិធកម្មពាណិជ្ជកម្មរបស់ខ្លួន។
ចំណែកទីក្រុងប៉េកាំងវិញ បានចំណាយពេលភាគច្រើនក្នុងឆ្នាំ២០២៥ ដើម្បីចរចាកាត់បន្ថយពន្ធរបស់សហរដ្ឋអាមេរិក បន្ទាប់ពីអត្រាពន្ធបានហក់ឡើងលើសពី ១០០% កាលពីដើមឆ្នាំ ខណៈពេលដែលកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងសម្រាប់ពាណិជ្ជកម្មបន្ថែមជាមួយប្រទេសទីបី។
លោក Stephen Olson អតីតអ្នកចរចាពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក បានលើកឡើងថា៖ «ដោយសារតែទំនាក់ទំនងរបស់ប្រទេសទាំងពីរ ជាមួយសហរដ្ឋអាមេរិក មានភាពមិនច្បាស់លាស់ វាជារឿងដែលងាយយល់បំផុតសម្រាប់កាណាដា និងចិន ក្នុងការពិនិត្យមើលថា តើពួកគេអាចធ្វើឱ្យទំនាក់ទំនងទ្វេភាគីរបស់ពួកគេមានមូលដ្ឋានគ្រឹះកាន់តែរឹងមាំ និងមានស្ថិរភាពជាងមុនបានដែរឬទេ»។
ក្រុមអ្នកវិភាគ បានលើកឡើងថា អាចនឹងមានឱកាសត្រង់ៗជាច្រើន សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសក្តានុពលរវាងចិននិងកាណាដា។
បច្ចុប្បន្ន ប្រេងកាតឆៅ ស្ពាន់ និងដែក គឺជាមុខទំនិញនាំចេញកំពូលរបស់កាណាដាទៅកាន់ប្រទេសចិន ខណៈដែលចិនបាននាំចេញមកវិញជាចម្បងនូវឧបករណ៍អេឡិចត្រូនិក និងយានយន្ត៕









