រដ្ឋាភិបាលទម្លាយពីការខំប្រឹងប្រែង​ជុំវិញ​ការ​បាត់​បង់​ទឹក​​​ដី​​និង​​វិបត្តិ​​ពលរដ្ឋ​​ដោយ​​សារ​​ថៃ​​ឈ្លាន​​ពាន

រដ្ឋាភិបាល​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ពុធ​នេះ​ថា ខ្លួ​ន​កំពុង​តស៊ូ​លើ​សមរភូមិ​​កា​រទូត ទាំ​ងក្នុ​​ង​តំបន់​ និ​ង​អន្តរ​​ជា​តិ​ឱ្យ​ជួយ​គាំទ្រ បញ្ឈប់​ការ​រំលោភបំ​ពាន​ពី​សំណាក់​យោធា​ថៃ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ជន​​ភៀ​ស​​សឹក​​ខ្មែរ​​​ទាំង​​អស់ បាន​វិល​ត្រ​ឡ​ប់​​​​​​ទៅ​​​លំ​​​នៅឋានវិញ ដោយគ្មា​ន​ការ​រារាំង​ពី​យោធា​ថៃ។

នេះបើ​តាម​ការ​ធ្វើ​បច្ចុប្បន្ន​ភាព របស់​ក្រុម​អ្នក​នាំពាក្យ​រាជរដ្ឋាភិ​បាល ស្តីពី​ការវិ​វឌ្ឍ​ថ្មីៗ នៃ​វិស័យ​ការ​ទូត​ ដែល​បា​ន​ធ្វើ​​ឡើង​​នៅ​រាជធានី​ភ្នំពេញ នាថ្ងៃទី​១៤ ខែ​មករា ឆ្នាំ​២០២៦​​នេះ។

អ្នកនាំពាក្យស្តីទី​នៃក្រសួងការបរទេសកម្ពុជា លោក  ចាន់ រតនា បាន​និយាយ​ថា ក្រសួង​ការ​បរទេ​ស ក៏​ដូច​​​​​​ជា​​ស្ថាន​តំ​ណាង​​ប្រចាំ​នៅ​ក្រៅ​​ប្រទេស​ទាំង​អ​ស់ បាន​ខិត​ខំ​​ប្រឹង​ប្រែ​ងការ​ពា​រ​អធិប​តេយ្យ​​ភាព​ជាតិ បូរ​ណ​​ភាព​ទឹក​ដី​ និង​ការ​​ពារ​​សិទ្ធិ​រស់​នៅ​​ស្រប​ច្បាប់ រ​បស់​​ប្រជា​ពលរដ្ឋ​ខ្មែរ ប្រឆាំង​​​ទៅ​​​​នឹង​ការរំ​លោភ​បំ​ពាន ពី​សំ​ណាក់​កង​កម្លាំង​​ប្រដាប់​អាវុធ​ថៃ ដែល​បាន​រំលោភ​បំពាន​​តំបន់​មួ​យ​ចំ​​នួ​ន ក្នុង​ដែន​អធិប​​តេយ្យ​កម្ពុជា។

ក្នុងន័យនេះ លោកពន្យល់ថា ក្រសួងការបរទេសនិង​សហប្រតិបត្តិ​ការ​អន្តរ​ជាតិ ព្រម​ព្រៀង​ទាំង​ស្ថា​ន​​បេស​​កម្ម​ការ​ទូត​កម្ពុជា នៅ​ទូទាំង​ពិភព​លោក បន្ត​ខិត​ខំ​ជំរុញ​ឱ្យ​សហគមន៍​អន្តរជា​តិ ផ្តល់​ការ​គាំទ្រ និង​ជួយ​​អន្ត​រា​គ​​ម​ន៍ ដើម្បី​ឱ្យ​ប្រជាជន​កម្ពុជា​ភៀស​សឹក​ទាំង​អស់ បាន​វិល​ត្រឡប់​ទៅ​លំនៅឋាន និង​បន្ត​ជីវភាព​រស់​នៅ​​ប្រ​​ចាំ​​​​​ថ្ងៃរបស់​ពួកគេ​ឡើង​វិញ​ដោយ​សុ​វត្ថិ​ភាព សេចក្តី​ថ្លៃ​ថ្នូរ និង​គ្មាន​ការ​រារាំង។

លើសពីនេះ លោកថា កម្ពុជាក៏បា​​នស្វែ​ងរកការ​គាំទ្រ ឱ្យ​ភាគី​ថៃ បញ្ឈប់​វិធាន​ការ​ខុស​ច្បាប់​នានា ក្នុង​​ចេត​នា ដើម្បី​ព​ង្រឹង​ការ​គ្រ​ប់​គ្រង ដោយ​ខុស​ច្បាប់ លើ​ទឹក​ដី​ខ្មែរ​ផង​ដែរ។

លោកថា៖ «ទន្ទឹមនឹង​នេះ យើង​​ក៏​​បន្ត​​ជំរុញឱ្យភាគីថៃបញ្ឈប់សកម្មភាព​កងទ័​ព​ថៃ​ ដូចជា​ ការ​រុះ​រើ​បំផ្លាញ​ផ្ទះ​សំបែង និង​ហេដ្ឋា​រចនា​សម្ព័ន្ធស៊ី​វិល រារាំង​ប្រជាជន​ខ្មែរ​មិន​ឱ្យ​ត្រឡប់​វិល​ត្រឡប់​ចូល​លំនៅឋាន​របស់​ខ្លួន​វិញ ព្រម​ទាំង​បញ្ឈប់​​រាល់​វិធាន​ការ​នានា ក្នុង​ចេតនា​ពង្រឹង​ការ​ឈរ​ជើង​ដោយ​ខុស​ច្បាប់ ​នៅ​ក្នុង​ភូមិ​ស្រុក​របស់​ប្រទេស​កម្ពុជា ដែល​​យោធា​ថៃ​បាន​ប្រើ​កម្លាំង​ដណ្តើម​កាន់​កាប់​​ ហើយ​បែរ​មក​សហការ​ពន្លឿន​ការ​ងារ​របស់​គណកម្មា​ការ​ចម្រុះ​ខណ្ឌ​​សីមា​ព្រំដែន​គោក​កម្ពុជា​ថា ក្នុង​ការ​កំណត់​ខ្សែព្រំ​ដែន​រវាង​ប្រទេស​ទាំង​២ ដែល​ផ្អែក​ទៅ​លើ​មូល​ដ្ឋាន​ច្បាប់​ដែល​ប្រទេស​២បា​ន​ឯកភាពគ្នា​ក​ន្លង​មក»។

បើតាម លោក ចាន់ រតនា ក្នុង​គោល​ដៅ​នេះ ក្រសួង​ការ​បរទេស​កម្ពុជា កំពុង​បន្ត​ធ្វើ​ការ​តាម​​ច្រក​ផ្លូវ​​ការ​ជា​​ទ្វេ​​ភា​គី​​ជាមួយ​ប្រទេស​ថៃ និង​ប្រាស័្រយ​ទាក់​ទង​គ្រប់​កម្រិត​ទាំង​អស់ ជាមួយ​បណ្តា​ប្រទេស​ជាមិត្ត​​ទាំង​​អស់ ​​ដែ​​ល​​​យក​ចិត្ត​ទុ​ក​ដាក់​ស្តារ​សន្តិភាព និង​ស្ថេរ​ភាព​ រវាង​កម្ពុជា​និង​ថៃ ក៏​ដូច​ជា​ពិភព​លោក​ទាំង​មូល។

ជុំវិញវិបត្តិនេះ ស្ត្រីម្នាក់ដែលកំពុងរស់នៅជំរំភៀសសឹក នៅវត្តក​ណ្តោល ក្រោយ​បង្ខំ​ចិត្ត​ រត់​ចេញ​ពី​​តំបន់​​បឹ​​ង​​ត្រ​កួន ឃុំគោក​រមៀត ស្រុក​ថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ គឺ​កញ្ញា ល សុខ​ប៉ាវ ធ្លាប់​ប្រាប់​វីអូឌី​ថា ការ​រស់​នៅ​​ក្នុង​ជំរំ​ភៀ​​ស​សឹ​ក ថ្វី​​​ត្បិ​តមាន​ការ​ឧបត្តម្ភ​ជា​ស្បៀង​អាហារ​ ត្រី​ងៀត ត្រី​ខកំប៉ុង និង​សាច់​ក្រក​ជាដើម ប៉ុន្តែ​ថា បញ្ហា​​ប្រឈម​​ក៏​មា​ន​ច្រើន​ដែរ ដូច​ជា​ការ​បាត់​បង់​មុខ​របរ ផ្ទះ​សម្បែង ដីធ្លី​ជា​ដើម ។

កញ្ញាថា៖ «សម្រាប់​ខ្ញុំ​ដល់​ពេលវា​បា​ត់​បង់​គ្រប់​យ៉ាង​ទាំង​ដី ផ្ទះ ទាំ​ង​មុខរ​បរ ទាំង​កន្លែង​រក​ស៊ី ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​អស់​សង្ឃឹម ខ្ញុំ​មិន​ដឹង​ថា​ចាប់​ផ្តើម​ពី​ចំណុច​ណា​មក​វិញ​បង ហើយ​សួរ​ថា​ឥឡូវ​នេះ​មាន​អារម្មណ៍ថា​ម៉េច​ម៉ា​​មាន​អារម្មណ៍​​ថា​ពិបាក ពិបាក​ខ្លាំង»។

យ៉ាងណា កញ្ញាប​ង្ហាញការ​រីក​រាយ បើ​រដ្ឋាភិ​បាល​ឱ្យ​ធ្វើឱ្យ​ពួ​ក​គេ អាច​វិល​ត្រឡប់​​​ទៅ​រស់​នៅ​ភូមិ​​កំ​ណើត​​ឡើង​វិញបា​ន ក្រោយ​ថៃ​វាយ​ដណ្តើម​គ្រប់​គ្រង។

ជុំវិញ​ការឈ្លានពានរបស់ថៃរយៈពេល២១​ថ្ងៃមក​នេះ រដ្ឋាភិបាល​អះ​អាង​ថា មាន​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច ៣៣​នា​ក់​បាន​ស្លាប់ ជិត​១០០​នាក់​រង​​​របួ​ស ​និង​ជិត​៧០​ម៉ឺន​នាក់ បាន​ភៀស​សឹក។

ប៉ុន្តែបើគិតថ្ងៃទី១៤ ​ខែ​ម​ករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃ បញ្ជាក់ថា នៅ​មាន​​ពលរដ្ឋ​​ភៀស​សឹក​ជាង​១៥​ម៉ឺ​ន​នាក់​​ទៀត (១៥០ ១៤៦​នាក់​) កំពុង​ប​ន្ត​​ស្នាក់​នៅ​ក្នុង​ជំរំ​ភៀស​សឹក​នៅឡើ​យ ខណៈ​យោ​ធា​ថៃ​កំពុង​ប​ន្ត​​សកម្ម​ភាព​ឈូស​កម្ទេច​ផ្ទះ​ពលរដ្ឋ និង​ធ្វើ​សំណង់​រឹក​លើ​ដី​ខ្មែរ​ដែល​ថៃ​ដណ្តើម​បាន។

សម្រាប់​តំណាងរាស្ត្រគគណបក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន យល់​​ឃើញ​ផ្ទុ​យ​ពី​នេះ។ លោក​ថា កម្ពុជា​នឹង​មិន​អាច​ទាន​ដី​ខ្មែ​រចំនួន ៣៥​ទីតាំង ដែល​ថៃ​វាយ​ដណ្តើម​​យក​ថ្មីៗ​បាន​​​ត្រឡប់​​មក​វិញ​បាន​ទេ ដោយ​គ្រាន់​តែ​ស្នើ​សុំ និង​អំពាវ​នាវ​ទៅ​សហគមន៍​អន្តរ​ជាតិ តែ​មិន​ព្រម​ប្តឹ​​ង​ថៃ​ទៅ​កា​ន់​​តែ​តុលា​ការ​អន្តរ​ជាតិ​នោះ។

លោកថា៖ «បើចង់បានទឹកដីហ្នឹងមកវិញ ជម្រើសមា​នតែ​​មួយ​ទេ គឺ​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​យុ​ត្តិធម៌​អន្តរ​ជាតិ ICJ ហើយ​នឹង​ប្តឹង​ថៃ​ទៅ​កាន់​សហ​ប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិ​ភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​​១៩៩១ ដែល​មាន​ប្រទេស​បារាំង ប្រទេស​​ឥណ្ឌូ​នេស៊ី ជាស​ហ​ប្រធាន​ហ្នឹង​ទើប​អាច​ទាម​ទារ​ទឹក​ដី​បាន​មក​វិញ បើ​សិន​ជា​អត់​ប្តឹង​នោះ​ទេ គ្រាន់​តែប្តឹ​ង​គ្រាន់​តែ​អំពាវ​នាវ​ស្នើ​សុំ​ហើយ​ចរចា​ទ្វេ​ភាគី​ទឹក​ដី​ហ្នឹង​ ១០០% បាត់​បង់​ទៅ​ខាង​ភាគី​ថៃ ហើយ​មិន​អាច​ទាម​ទារ​បាន​មក​វិញ​នោះ​ទេ»​។

ក្នុងន័យនេះ លោក​គូសបញ្ជាក់ថា ការឈ្លានពានរបស់ថៃ ប្រៀប​បាន​នឹង​ចោរប្លន់ ដែល​កម្ពុជា​ ជា​ម្ចាស់​ទ្រព្យ ហើយ​ម្ចាស់​ទ្រព្យ​បែរ​ជាមិ​ន​ប្តឹង​ចោរ ហើយ​ទៅ​សុំ​ការ​ចរចា ឬ​សុំ​ការ​យោគ​យល់​ពី​ចោរ ពិត​ណាស់​ចោ​​ទមិ​ន​ឱ្យ​​ទ្រព្យ​សម្បត្តិ​នោះ​​មក​​ខ្មែរ ដែល​ជាម្ចា​ស់ទ្រ​ព្យ​វិញ​នោះ​ទេ។

យ៉ាង​ណា តំណាងរាស្ត្រពីបក្សប្រឆាំង​រូបនេះ សង្កត់​ធ្ងន់​ថា ការ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជាតិ​ខាង ជា​ទង្វើ​ក្បត់​​ជាតិ​​ដែ​ល​មេដឹក​នាំ​​ត្រូវបា​ន​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រជា​ពលរដ្ឋ។

លោកថា៖ «ប្រសិនបើខ្លួនឯង​អត់មានសមត្ថភាព​ទាមទារទឹកដី​មកវិញ អាហ្នឹង​សូម​ទោស​ប្រជាពលរដ្ឋ​ទៅ សុំ​លាលែង​​ពី​តំណែង​ទៅ ឱ្យ​មេដឹក​នាំ​ថ្មី​ដែល​គេមា​ន​សមត្ថ​ភាព​អាច​ទាម​ទារ​ទឹក​ដី​ហ្នឹង បាន​មក​វិញ​ឱ្យ​គេកា​ន់​អំណាច​​ត​ទៅ​ទៀត​ទៅ​​ហ្នឹង ប្រជាពលរដ្ឋ​គាត់មិ​ន​ថាអី​ទេ ប៉ុន្តែ​នៅពេល​នេះ លោក ហ៊ុន ម៉ាណែត គឺ​អត់​បាន​បក​ស្រាយ​ពន្យល់​ប្រជា​ពលរដ្ឋ​ថា ទាម​ទារ​ទឹក​ដី​ហ្នឹង​បាន​របៀប​ម៉េច​ពី​ថៃ​មក​វិញ​នោះ​ទេ»។

កា​​រលើ​កឡើងរបស់ លោក អ៊ុំ សំអាន ហាក់​ស៊ីគ្នាទៅ​ការ​ចុះ​ផ្សាយ​របស់​កាសែត​ថៃ​ថ្មី​នេះ​ដែរ​ ខណៈ​ដែល​ថៃ​​បន្ត​បដិសេធ​​​សំណើ​​កម្ពុជា ដែល​ស្នើ​សុំ​ប្រជុំ​មន្ត្រី​ជំនាញ​កិច្ច​ការ​​ព្រំដែន ​ក្រោយ​មាន​​​បទ​ឈប់​បាញ់​ថ្មី​រវាង​ក​ម្ពុជា-ថៃ នៅ​​​ថ្ងៃ​ទី​​២៧ ខែ​ធ្នូ ក្រោយ​ថៃ​ធ្វើ​សង្រ្គាម​ឈ្លាន​ពាន​ចំនួន​២១​ថ្ងៃ​មក​នោះ។

សារព័ត៌មាន​ថៃ The Nation បាន​ចុះផ្សា​យ​កាល​ពី​ថ្ងៃ​​ទី​១២ ខែ​មករា ឆ្នាំ​២០២៦​ថា ក្រសួង​ការ​បរទេស​ថៃ​នឹង​ប្រើ​ពេលមួយ​ ដើម្បី​ឱ្យ​យោធា​របស់​ខ្លួន ពន្លឿន​កសាង​ហេដ្ឋារ​ចនា​សម្ព័ន្ធ ធ្វើលេណ​ដ្ឋាន ធ្វើ​ផ្លូវ​ប៊េតុង នឹង​​ក​សាង​គ្រឹះ​ព្រះ​ពុទ្ធ​សាសនា​នៅ​ទីតាំង​ទាំង​អស់ ដែល​ថៃ​វាយ​ដណ្តើម​បាន ដោយ​អះ​អាង​ទី​តាំ​ង​​ទាំង​​នោះ​​ស្ថិត​ក្នុង​​ដែន​អធិប​តេយ្យ​របស់​ខ្លួន។

យ៉ាងណា​ នាយក​កម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​​​​នៅ​​​អូស្ត្រាលី លោក សេង វណ្ណលី យល់​​ថា ​ថៃ​នឹង​​មិន​​ប្រគល់​​​ដី​​ខ្មែរ​មក​​​ឱ្យ​ខ្មែរ​​វិញ​​ទេ បើ​​មេដឹក​នាំ​​កម្ពុជា​​មិន​​ប្តឹង​​ថៃ ទៅ​តុលាការ​​អន្តរ​​ជាតិ ICJ ​ប្តឹង​​​ទៅ​​សហ​​ប្រធាន​​កិច្ច​​ព្រម​​ព្រៀង​​ទីក្រុង​​បារីស​២៣​​តុលា និង​អង្គ​ការសហប្រជាជាតិ​ទេ​នោះ។

លោក​សង្កត់​ធ្ងន់​ថា បើមេដឹកនាំក​ម្ពុជា​បច្ចុប្បន្ន មិន​អាច​ការ​ពារ​ទាម​ទារ​ទឹក​ដី​ខ្មែរ ដែល​ថៃឈ្លាន​ពាន​កន្លង​មក​វិញ​បាន​នោះទេ​ មេដឹកនាំ​ក​ម្ពុជា ត្រូវទ​ទួ​លខុ​សត្រូ​វ​ចំពោះ​មុខ​ប្រជា​ជាតិ គឺ​ទោស​ក្បត់​ជាតិ។

យ៉ាងណា លោក វណ្ណលី នៅតែទទូចឱ្យមេដឹកនាំកម្ពុជា ត្រូវ​តែព​ន្លឿន​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ដើម្បី​ទាម​ទារ​ដី​ខ្មែរ​មក​វិញ បើ​ពុំ​ដូច្នេះទេ​ រដ្ឋាភិបាល​កម្ពុជា នឹង​រង​ការ​ស្តី​បន្ទោស​ពី​មហា​ជន​ខ្មែរ​តជំនាន់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ