បើទោះពីជាការចរចាទ្វេភាគី បានប្រើពេលរហូតដល់ជាង២០ឆ្នាំមកហើយ ដែលមិនត្រឹមតែមិនទទួលបានលទ្ធផលជាដុំកំភួន ថែមទាំងធ្វើឱ្យផ្ទុះសង្គ្រាមចំនួន៣លើករួចមកហើយ ដែលបានធ្វើឱ្យមានការខាតបង់កាន់តែធ្ងន់ធ្ងរយ៉ាងណាក្តី ក៏រដ្ឋាភិបាលឯកបក្សនៃបក្សប្រជាជន រហូតមកដល់ពេលនេះ នៅតែមិនទាន់ប្តឹងថៃទៅICJ និងICCនៅឡើយ។
ការណ៍នេះ ធ្វើឱ្យអ្នកជំនាញនិងពលរដ្ឋខ្មែរក្នុងចំនួនដ៏ច្រើន មានការបារម្ភកាន់តែខ្លាំងពីការបាត់បង់ទឹកដីកម្ពុជាកាន់តែច្រើនថែមទៀតទៅថៃ ខណៈក្រោយពីសង្គ្រាមឈ្លានពានរបស់ថៃរយៈពេល២១ថ្ងៃ កងទ័ពថៃបានដណ្តើមកាន់កាប់ទឹកដីខ្មែរនៅតាមព្រំដែនរហូតដល់៤០ទីតាំង ហើយរដ្ឋាភិបាលកម្ពុជាហាក់ព្យាយាមលាក់បាំងចំពោះការឈ្លានពាននេះ។
រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនកម្ពុជា បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី១៤ខែមករាថា កិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC)កម្ពុជា-ថៃ ដែលកម្ពុជាបានស្នើរៀបចំឡើងនៅសប្តាហ៍ទី២ ឬសប្តាហ៍ទី៣ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ត្រូវបានភាគីថៃស្នើលើកពេលសារជាថ្មីជាលើកទី២ ដោយលើកហេតុផលរង់ចាំនីតិវិធីផ្ទៃក្នុង ដើម្បីតែងតាំងសមាសភាពថ្មីនៃJBC ភាគីថៃ រហូតដល់គណៈរដ្ឋមន្ត្រីថៃថ្មីត្រូវបានបង្កើតឡើង ក្រោយការបោះឆ្នោតសភានៅដើមខែកុម្ភៈខាងមុខ។
បើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងកំឡុងពេលរង់ចាំកិច្ចប្រជុំJBC នាពេលខាងមុខ និងដើម្បីពន្លឿនការអនុវត្តការងារលើដីជាក់ស្តែង ដែលបានឯកភាពគ្នានាពេលកន្លងមក ស្របតាមខ្លឹមសារនៃកំណត់ហេតុកិច្ចប្រជុំពិសេសរបស់JBC ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ នៅខេត្តចន្ទបុរី ភាគីកម្ពុជាបានស្នើជាថ្មីទៀតជាលើកទី៣ ទៅភាគីថៃតាមរយៈកំណត់ទូតចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ សូមឱ្យថៃចាត់បញ្ជូនក្រុមវាស់វែងចម្រុះនៃភាគីទាំងពីរ ចុះពិនិត្យលើដីជាក់ស្តែងឡើងវិញ ដើម្បីបន្តអនុវត្តការងារបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២-៤៧ និងបង្គោលលេខ៥២-៥៩ នៅកាលបរិច្ឆេទសមស្របណាមួយចន្លោះពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦។
សូមបញ្ជាក់ថា ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា ថៃបានចាប់ផ្តើមធ្វើការវាស់វែង និងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែន ចន្លោះបង្គោលលេខ៤២-៤៧ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ និងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៥២-៥៩ កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានផ្អាកកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ដោយសារសង្គ្រាមឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជាពីសំណាក់ភាគីថៃ។ នេះបើតាមរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន។
ប្រភាពដដែល បន្តថា កម្ពុជាក៏បានស្នើជាថ្មីទៀតឱ្យថៃចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះនៃភាគីទាំងពីរចុះធ្វើការលើដីជាក់ស្តែង នៅកាលបរិច្ឆេទណាមួយ ចន្លោះពីថ្ងៃទី២៦ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ដើម្បីសាងសង់ឡើងវិញនូវបង្គោលព្រំដែនចំនួន១៥ តាមគំរូដើមបង្គោលជំនាន់បារាំង នៅទីតាំងដើមពិតប្រាកដដែលភាគីទាំងពីរបានឯកភាពគ្នា។
ជុំវិញបញ្ហានេះ លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានបញ្ជាក់នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ ស្តីពីបច្ចុប្បន្នភាពនៃការវិវត្តន៍ស្ថានការណ៍ព្រំដែនរវាងកម្ពុជា-ថៃនៅថ្ងៃទី១៥ខែមករានេះថា សំណើរលើកទី៣របស់កម្ពុជាទៅកាន់ភាគីថៃ គឺពាក់ព័ន្ធទៅនឹងក្រុមការងារបច្ចេកទេសដែលអាចដំណើរការការងារបានជាធម្មតា បើទោះបីជាថៃស្ថិតក្នុងដំណាក់កាលរដ្ឋាភិបាលចាំផ្ទះក៏ដោយ ដូចដែលអតីតនាយករដ្ឋមន្ត្រីថៃ ធ្លាប់បានបញ្ជាក់រួចមកហើយកាលពីពេលថ្មីៗនេះ។
លោកថា៖ «សូមរំឭកជូនឡើងវិញថា សេចក្តីប្រកាសរួមចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ត្រង់ចំណុច៣ បានចែងថា ភាគីទាំងពីរបានឯកភាពគ្នាថា រាល់កិច្ចព្រមព្រៀងតាមសេចក្តីប្រកាសរួមនេះ គឺមិនត្រូវធ្វើឱ្យប៉ះពាល់ទៅដល់ខណ្ឌសីមាព្រំដែន និងព្រំដែនអន្តរជាតិរវាងប្រទេសទាំងពីរនោះទេ។ ភាគីទាំងពីរបានឯកភាពគ្នាប្រគល់តួនាទីឱ្យJBC បន្តអនុវត្តការវាស់វែង និងខណ្ឌសីមាព្រំដែន ឱ្យបានឆាប់រហ័សបំផុតស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន»។
សូមរំឭកថា កាលពីថ្ងៃទី១២ខែមករា ក្រសួងការបរទេសថៃ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរថា យោធាថៃនឹងបន្តឈរជើងនៅតាមតំបន់ដែលខ្លួនបានដណ្តើមកាន់កាប់ និងថែមទាំងព្រមានកម្ពុជាមិនឱ្យនិយាយថា ថៃឈ្លានពានដីខ្មែរនោះទេ។ ក្រសួងការបរទេសថៃ និយាយថា ថៃនឹងមិនដកទ័ពចេញពីតំបន់ដែលខ្លួនវាយដណ្តើមកាន់កាប់ កំឡុងពេលផ្ទុះអាវុធ២១ថ្ងៃនោះទេ ដោយសំអាងថា ដីទាំងអស់នោះគឺស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួន ហើយយោធាថៃនឹងបន្តឈរជើងនៅតាមទីតាំងទាំងនោះ ដើម្បីពន្លឿនការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ។ ក្រសួងការបរទេសថៃ បញ្ជាក់ថា ក្នុងរយៈពេល១ឆ្នាំនេះយោធាថៃនឹងពង្រឹងការការពារដែនអធិបតេយ្យ មិនឱ្យបរទេសចូលឈ្លានពាន ឬទាមទារដីវិញនោះទេ ដែលត្រង់ចំណុចនេះថៃសំដៅមកលើកម្ពុជា។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអូឌីនៅថ្ងៃទី១៥ខែមករានេះថា ការពន្យាពេលរបស់ថៃម្តងហើយម្តងទៀត ក្នុងការមកជួបប្រជុំដោយលើកហេតុផលផ្សេងៗ វាគ្រាន់តែជាលេសរបស់ថៃ ខណៈបច្ចុប្បន្នភាគីថៃបានដណ្តើមកាន់កាប់ទឹកដីកម្ពុជាយ៉ាងច្រើនហួសឆ្ងាយពីផែនទី ដែលថៃគូសដោយខ្លួនឯងខ្នាត១លើ៥០ពាន់ទៅទៀត។ ក្នុងកាលៈទេសៈនេះ កម្ពុជាចាប់បាច់ណាស់ ត្រូវប្តឹងថៃទៅតុលាការអន្តរជាតិ។
លោកថា៖ «កម្ពុជាចេះតែស្នើឱ្យមានការប្រជុំជាថ្មី នៃគណៈកម្មការព្រំដែន ដោយសារក្រុមការងារហ្នឹងវាមានសរសេរនៅក្នុងកិច្ចព្រមព្រៀងកម្ពុជាថៃ នៅទីក្រុងកូឡាឡំពួរ ម្ល៉ោះហើយចេះតែទាមទារទៅ។ ចំណែកថៃអត់ចង់ចូលរួមប្រជុំទេ តែជាដំណោះស្រាយកម្ពុជា ត្រូវតែប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ជុំវិញបញ្ហាសៀមឈ្លានពានមកលើកម្ពុជា ឯការព្យាយាមប្រជុំគណៈកម្មការព្រំដែន ចេះតែព្យាយាមប្រជុំទៅ មិនទាស់ខុសអីទេ ប៉ុន្តែមិនអាចធ្វើសេចក្តីសម្រេចណាមួយ នៅក្នុងកិច្ចប្រជុំហ្នឹងបានទេ»។
បន្ថែមពីនេះ ខណៈកម្ពុជាកំពុងរង់ចាំជួបចរចាទ្វេភាគីជាមួយថៃ ដែលជាចោរឈ្លានពាន នៅពេលដែលភាគីចោរបាននិងកំពុងបន្ត សម្រុកឈូសឆាយបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋខ្មែរ និងសំណង់អគាររបស់ខ្មែរផ្សេងៗ នៅលើទឹកដីខ្មែរ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៥ ខែមករានេះ បានប្រមូលព័ត៌មានពីកងទ័ពកម្ពុជាជួរមុខ ហើយបានធ្វើការបូកសរុបឃើញថា ទឹកដីកម្ពុជាដែលថៃបានដណ្តើមកាន់កាប់បន្ទាប់ពីសង្គ្រាម២១ថ្ងៃ គឺមានរហូតដល់៤០ទីតាំង មិនមែន១៤ទីតាំង ដូចដែលក្រសួងការបរទេសកម្ពុជា ចេញផ្សាយកាលពីថ្ងៃទី៣ខែមករានោះទេ។
លោក សំអាន បានបញ្ជាក់ថា បច្ចុប្បន្នទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរនៅតាមព្រំដែន ចំនួន១៣ទីតាំង ក្នុងនោះមានប្រាសាទព្រះវិហារ ភ្នំខ្មោច ភ្នំ៣៣០ ៥មករា វាលឥន្រ្ទីយ៍ ភ្នំតាង៉ោល បង្គោល៨ មុំបី ព្រលានថ្ម សំបុកឃ្មុំ ភ្នំ៧៥ ភ្នំ៣៣៣ និងភ្នំ៣៩៨។
ចំណែកទាហានថៃបានដណ្តើមកាន់កាប់៤០ទីតាំង ក្នុងនោះ មានប្រាសាទតាក្របី ប្រាសាទតាមាន់ធំ តាមាន់តូច ប្រាសាទខ្នារ ភ្នំទ្រព្យ ច្រកអានសេះ ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួនជាដើម។ល។ ដែលទឹកដីខ្មែរទាំង៤០ទីតាំងនេះ គឺមានទំហំពីរាប់រយគីឡូម៉ែត្រការ៉េ ទៅរាប់ពាន់គីឡូម៉ែត្រការ៉េ។ លោក សំអាន គូសបញ្ជាក់ថា ថៃកំពុងឈ្លានពានទឹកដីខ្មែរហួសពីផែនទីខ្នាត ១/៥០ពាន់ដែលថៃគូសដោយខ្លួនឯងទៅទៀត។
បច្ចុប្បន្នទាហានថៃកំពុងសម្រុងធ្វើការឈូសឆាយបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋខ្មែរ និងសំណង់ខ្មែរផ្សេងៗ និងកំពុងសម្រុកសាងសង់ផ្លូវចាក់បេតុង និងសំណង់ផ្សេងៗ ដូចជា សាងសង់ព្រះពុទ្ធរូបនៅលើកំពូលភ្នំទ្រព្យជាដើម។
លោក អ៊ុំ សំអាន ដែលបច្ចុប្បន្នជាប្រធានស្ថាប័នកិច្ចការព្រំដែន និងអន្តោប្រវេសន៍នៃរដ្ឋាភិបាល២៣តុលាក្រៅប្រទេសបានចាត់ទុកសាររបស់ភាគីថៃថា ហាក់រំឭកមកមេដឹកនាំកម្ពុជាថា ទោះបីចរចាទ្វេភាគី១០ឆ្នាំឬ១០០ឆ្នាំទៀតក៏ដោយ ក៏ថៃមិនប្រគល់ដីខ្មែរឱ្យខ្មែរវិញនោះដែរ។
លោកថា៖ «១០០%ការចរចាទ្វេភាគីមិនអាចបានទឹកដីដែលថៃដណ្តើមកាន់កាប់៣៥ទីតាំងនោះមកវិញទេ លើកលែងតែកម្ពុជាយើងប្តឹងថៃទៅកាន់តុលាការអន្តរជាតិICJ និងសហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ទើបបានមកវិញ ហើយបើសិនជាចរចាទ្វេភាគីគឺមិនអាចនោះទេ»។
ជាមួយគ្នានេះ លោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់នៃក្រុមមេធាវីអមរិន្ទ ក៏ដូចជាបញ្ញវ័ន្ត និងប្រជាពលរដ្ឋខ្មែរក្នុងចំនួនដ៏ច្រើន ក៏ជំរុញឱ្យរដ្ឋាភិបាលឯកបក្សនៃបក្សប្រជាជន ប្រញាប់ដាក់ពាក្យប្តឹងថៃទៅកាន់ស្ថាប័នអន្តរជាតិផងដែរ កុំទុកអូសក្រឡារហូតដល់អង្ករក្លាយទៅជាបាយ ខណៈការចរចាទ្វេភាគីរវាងកម្ពុជានិងថៃដែលបានប្រើពេលវេលារហូតដល់ជាង២០ឆ្នាំមកហើយ និងបានផ្ទុះសង្គ្រាមចំនួន៣លើករួចមកហើយ មិនត្រឹមតែមិនទទួលបានលទ្ធផលអ្វីជាដុំកំភួន ថែមទាំងធ្វើឱ្យស្ថានការព្រំដែនកាន់តែជួបវិបត្តិកាន់តែធ្ងន់ធ្ងរថែមទៀតនោះ។
លោកមេធាវី សុក សំអឿន លើកឡើងថា អ្វីដែលកម្ពុជាត្រូវធ្វើនៅពេលនេះ គឺជំរុញឱ្យថៃបន្តការប្រជុំJBC និងត្រូវដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ទាមទារឱ្យថៃដកទ័ព និងសងការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងប្រាសាទខ្មែរ។
មេធាវីចាស់វស្សារូបនេះ បញ្ជាក់ថា បើថៃនៅតែមិនព្រមនោះកម្ពុជាអាចដាក់ពាក្យបណ្តឹងទៅ ICJនិងICC រឿងព្រំដែន និងរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឬឧក្រិដ្ឋសង្រ្គាម ឬឧក្រិដ្ឋកម្មឈ្លានពាន ប្រសិនបើកម្ពុជាមានភស្តុតាងគ្រប់គ្រាន់៕









