យីហោក្រុមហ៊ុនព្រីនស៍​នៅកម្ពុជា ចាប់​ផ្ដើម​រង្គោះ​រង្គើ​ក្រោយ​​​លោក ចេន ហ្ស៊ី ត្រូវ​បាន​ចាប់​ខ្លួន

ហោ​ចណា​ស់​មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​និង​អគារ​សហ​កម្ម​សិទ្ធិ ឬខុ​នដូ ចំនួន​៥​គម្រោង ដែល​​ជា​​ប់​​​​ពា​​ក់ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ព្រីនស៍​ ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ផ្អាក​មិន​ឱ្យ​​​ធ្វើ​ប្រតិ​បត្តិ​​ការ​អាជីវ​ក​​ម្ម​ត​ទៅ​​ទៀ​ត។

តាម​រយៈ​លិខិត​របស់​និយ័ត​ករអាជីវកម្ម​អចលនវត្ថុ និង​បញ្ចាំ នៅ​ថ្ងៃ​ទី​១២ ខែ​មករា​បាន​ឱ្យ​ដឹង​ថា គម្រោង​ទាំង​៥​នោះ​ រួម​មាន ទីមួយ គម្រោង​អគារ​សហកម្ម​សិទ្ធិ ឬ​ខុន​ដូ ព្រីនស៍ ហាភី​ណេស ផ្លាហ្សា ឬ ដឹ ភីនណាខល រេស៊ីដិន (PRINCE HAPPINESS PLAZA ឬ The Pinnacle RESIDENCE) ទីពីរ គម្រោង​ខុនដូ ព្រីនស៍ ហ្គោល​ដិន បេយ៍ (PRINCE GOLDEN BAY) ទីបី គម្រោង​ខុន​ដូ នៃ​​មជ្ឈ​មណ្ឌល ព្រីនស៍ ហ័ន អ៊ី (Prince Huan Yu) ទីបួន គម្រោង​លំនៅ​ឋាន បុរី ព្រីនស៍ វ័ន ត្រូពិកា (Prince One Tropica) និង ទីប្រាំ គម្រោង​លំនៅ​ឋាន បុរី ភូមិ​សំរោង។

ចំណាត់ការនេះ ធ្វើឡើង​ក្រោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា​ ទើប​ដាក់​ប្រតិ​បត្តិ​ការ​ធនាគារ​ព្រីនស៍ (Prince Bank) ឱ្យ​ស្ថិត​​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុម​ហ៊ុន​សវនកម្ម កាល​ពី​សប្ដាហ៍​មុន។

លិខិតដដែល បានបញ្ជាក់ដែរថា អតិថិជន​ដែលបា​ន​ចុះកិ​ច្ច​សន្យា​លក់​ទិញ​ផ្ទះ ឬ​បន្ទប់​ខុន​ដូ ជាមួយ​​គម្រោ​​ង​ខាង​លើ ពួក​គេ​ត្រូវ​បន្ត​អនុវត្ត​កាតព្វ​កិច្ច ឬ​បង់​ប្រាក់​ឱ្យ​គម្រោង រហូត​ដល់​បញ្ចប់​កិច្ច​​សន្យា​​​លក់​ទិញ​ជាស្ថាពរ។ ដោយ​ឡែក ចំពោះ​អតិថិជន​ដែល​បាន​បញ្ចប់​កាតព្វ​កិច្ច ត្រូវ​បន្ត​ស្នើសុំ​​​កា​​ររៀ​ប​​​ចំ​ផ្ទេរ​កម្ម​សិទ្ធិ​ផ្ទះ ឬ​បន្ទប់​ខុនដូ​តាម​គម្រោង​​នីមួយៗ ក្រោម​ការ​ជួយ​សម្រប​សម្រួល​ រវាងនិយ័​តករ​អា​ជីវ​កម្ម​អចលនវត្ថុ និង​បញ្ចាំ និង​ក្រសួង​រៀបចំ​ដែន​​ដី នគរូប​នីយ​កម្ម និង​សំណង់។

ក្នុងចំណោមគម្រោងទាំង៥ខាងលើ គម្រោងខុនដូ​ឈ្មោះ ព្រីនស៍ ហាភីណេស ផ្លាហ្សា ឬ ដឹ ភីន​ណាខ​ល រេស៊ី​ដិន (PRINCE HAPPINESS PLAZA ឬ The Pinnacle RESIDENCE) មាន​ទីតាំង​ស្ថិត​នៅ​ក្បែរ​ស្នង​ការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ  ដែល​ជា​បណ្ដុំ​សហគមន៍​ជន​ជាតិ​ចិន​រស់​នៅ​យ៉ាង​ច្រើន​កក​កុញ។

នៅពីក្រោយខុនដូនេះ នៅមានមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រីនស៍ ថាមស៍ សឃ្វែរ (Prince Times Square) និង​មាន​គម្រោង​ខុនដូ​របស់​ក្រុម​ហ៊ុន​ព្រីនស៍​ជាច្រើន​ទៀត​ ដែល​មាន​ឈ្មោះ​ផ្សេងៗ​គ្នា។

ប្រធានអ្នកឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ជំរុញឱ្យរដ្ឋាភិបាល​កម្ពុជា ក៏​​ត្រូវ​បន្ត​ចាត់​វិធាន​​លើ​​ក្រុម​​ហ៊ុន​ ​លោក ចេន ហ្ស៊ី​ ផ្សេង​ទៀត ដើម្បីប​ង្ហាញ​ភាព​ស្អាត​ស្អំ និង​ឆន្ទៈ​ក្នុង​ការ​​បោស​ស​ម្អាត​​ឧក្រិដ្ឋ​ក​​ម្មអ​ន​ឡាញ។ លោក​បន្ត​ថា រដ្ឋាភិបាល​ក៏​ត្រូវ​ពិចារណា​ក្នុង​ការ​រឹប​អូស​ទ្រព្យ​សម្បត្តិ​លោក ចេន ហ្ស៊ី ដែល​មាន​​​នៅ​​កម្ពុ​ជា ដោយ​មួយផ្នែ​ក​ទូទាត់​សំណង​អតិថិជន មួយ​ផ្នែក​បើក​ប្រាក់​ខែ​បុគ្គលិក និង​នៅ​សេ​​ស​​សល់​​ត្រូ​​វដា​ក់​ចូល​ជាទ្រ​ព្យ​សម្បត្តិ​រដ្ឋ។

លោក ម៉ែន ណាត និយាយថា៖ «អ៊ីចឹងគ្រប់គម្រោង​ទាំងអស់​របស់​លោក ចេន ហ្ស៊ី ដែល​នៅ​ក្រោម​ឈ្មោះ ចេន ហ្ស៊ី ផ្ទាល់ ឬ​ក៏​ក្រោម​ឈ្មោះ​អ្នក​ណា​ក៏​ដោយ ​ត្រូវ​បង្វិល​ចូល​ជា​ទ្រព្យ​សម្បត្តិ​រដ្ឋ។ ហ្នឹង​តាម​ផ្លូវច្បា​ប់! រឹប​អូស​​​ជា​ទ្រព្យ​សម្បត្តិ​​រដ្ឋ ព្រោះ ចេន ហ្ស៊ី ជា​ផ្នែក​មួយ​ដែរ​ គាត់​ក៏​ជា​មាន​សញ្ជាតិ​ខ្មែរ មាន​សញ្ជាតិ​ខ្មែរ​​ចា​ត់​ទុក​ជា​​ពលរដ្ឋ​ខ្មែរ […] បើ​​ភាគី​រដ្ឋាភិបាល​ចិន​ទាម​ទារ អាហ្នឹង​រដ្ឋាភិបាល​​កម្ពុជា​ត្រូវ​តែ​ជជែក​ជា​មួយ​រដ្ឋាភិ​បាល​ចិន​ ត្រូវ​បែង​ចែក​យ៉ាង​ម៉េច។ តែ​បើថា​​រដ្ឋាភិបាលចិ​នគេ​មិ​នទា​ម​ទារ​ទេ គឺ​ទ្រព្យ​សម្បត្តិ​​ទាំ​​ងអ​​ស់រ​បស់​លោ​ក ចេន ហ្ស៊ី ហ្នឹង​ត្រូវ​បង្វិល​ចូល​ជាទ្រ​ព្យ​សម្បត្តិ​រដ្ឋ​របស់​ប្រទេស​កម្ពុជា»។

យីហោក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប (Prince Holding group) មានវត្តមាន​ស្ថិត​នៅ​ពាស​ពេញ​ទឹ​​ក​ដី​ប្រ​ទេស​កម្ពុជា ពិសេស​នៅ​តំបន់​មាន​សក្ដានុពល ​និង​មាន​ជន​ជាតិ​ចិន​រស់​នៅ​ច្រើន។ ក្រុម​ហ៊ុន​ខ្លះ​​​ប្រើ​​ប្រាស់​​ឈ្មោះ ព្រីនស៍ ដោយ​ផ្ទាល់ ខណៈ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ ឬ​គម្រោង​អភិវឌ្ឍន៍​ខ្លះ ប្រើ​ឈ្មោះ​​ផ្សេង​​មក​ជំនួស។

ជាក់ស្ដែង គម្រោងអភិវឌ្ឍ បេយ៍ អហ្វ ឡៃថ៍ (Bay of Lights) នៅ​ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះ​សីហនុ ដែល​ប្រើ​ឈ្មោះ​ក្រុម​ហ៊ុន ខានូពី ស៊ែន ឌីវេឡុប​ម៉ិន (Canopy Sands Development) ជា​ផ្លូវ​ការ។ គម្រោ​​ង​នេះ​មាន​តម្លៃ ១៦​ពាន់​លាន​ដុល្លារ​ អភិវឌ្ឍន៍​ក្នុង​ទំហំ​ដី​ជាង​៩០០​ហិកតា ចាប់ផ្ដើ​​មឡើ​ង​​កាល​ពី​ឆ្នាំ២​០២០ ក្នុង​គោល​បំណង​ចាក់​ខ្សាច់​ពង្រីក​​ឆ្នេរ​ កសាង​ទីក្រុង​បៃតង​ជាប់​មាត់​សមុទ្រ។ គម្រោ​ង​នេះ បាន​ធ្វើ​ឱ្យ​ប៉ះពា​ល់ដ​ល់​ពលរដ្ឋ​​ប្រមាណ ៦២​គ្រួសារ ដោយ​បង្ខំ​ពួក​​គេ​ឱ្យ​ចាក​ចេ​ញ​ពីលំ​នៅ​​ដ្ឋាន។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA កាលពីខែ​ឧសភា ឆ្នាំ២០២៤ បាន​អះ​អាង​ថា ក្រុម​ហ៊ុន​ខានូពី ស៊ែន ឌីវេឡុប​ម៉ិន (Canopy Sands Development) គឺ​ជា​កម្ម​សិទ្ធិ របស់​ក្រុម​ហ៊ុន ព្រីនស៍ ហូល​ឌីង គ្រុប (Prince Holding Group)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ