ជនជាតិចិន​ជាច្រើន​នាក់​រត់​ចេញ​ពី​អគារ​មួយ​កន្លែង​នៅ​ព្រំដែន​ក្នុង​ខេត្ត​បាត់​ដំបង

ជនជាតិ​ចិន និង​ជនបរទេស​ចម្រុះ​ជាតិ​សាសន៍​រាប់​រយ​នាក់​ទៀត ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ថា​កំ​ពុង​នាំ​​គ្នា​​រត់​ចេ​​ញពី​​បណ្ដុំ​អគារ​មួយ​កន្លែង ស្ថិត​ក្នុង​ស្រុក​ភ្នំ​ព្រឹក ខេត្ត​បាត់​ដំបង។ អាជ្ញាធរ​ក្នុ​ង​តំបន់​អះ​អា​ង​ថា​​កំពុង​​ស៊ើប​អង្កេត​ករណី​​នេះ។

តាមរយៈការរាយការណ៍ពីអ្នកសារព័ត៌មាន​ក្នុង​តំ​បន់​ បាន​ឱ្យ​ដឹង​ថា មាន​ពលរដ្ឋ​ជន​ជាតិ​ចិន ជន​ជា​តិ​​វៀ​តណាម និង​​ជន​ជាតិ​ផ្សេង​ទៀត មិន​តិច​ជាង​រយ​នាក់​នោះ​ឡើយ ដែល​កំពុង​នាំ​គ្នា​សម្រុ​​ក​ចេញ​ពី​បណ្ដុំ​​អគា​រ​មួយ​កន្លែង​នៅ​ក្បែរ​​ព្រំដែន​​កម្ពុជា-ថៃ ដែល​អ្នក​សារព័ត៌មាន​រូប​នោះ​អះ​អាង​ថា ស្ថិត​ក្នុង​​ស្រុក​​កំ​រៀង ខេត្ត​បាត់​ដំបង។

វីដេអូឃ្លីបផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែ​មករា បង្ហាញទិដ្ឋភាព​ក្រុម​ជន​ជាតិ​ចម្រុះ​ជាតិ​សាសន៍​ទាំង​នោះ នាំ​​គ្នា​​​ចា​ក​ចេញ​​​ពីទីតាំង​អគារ​ទាំង​យប់ ដោយ​មានរថយន្តក្រុងនៅចាំទទួល។

ចំណែក​វីដេអូផ្សេង​ទៀត ផ្សព្វ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​រថយន្ត Pick-up ពណ៌​ស​មួយ​គ្រឿង ដែល​​អ្នក​សារ​ព័ត៌មាន​រូបនោះ​អះ​អាង​ថា ជា​រថយន្ត​ដែល​ជ​​ន​ជាតិ​​ចិន​បើក​​ទម្លុះ​របង​ថ្ម ដើម្បី​​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​ចម្ការ​ដំឡូង​របស់​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ។

វីអូឌី បានទាក់ទងទៅអធិការនៃអធិការដ្ឋាន​ស្រុក​កំរៀង លោក វេ គឹមចត់ ប៉ុន្តែ​លោក​អះ​អាង​ថា ហេ​តុ​កា​រ​​ណ៍​នេះ​កើត​ឡើង​នៅ​ក្នុង​ស្រុក​ភ្នំព្រឹក។

វីអូឌី បានបន្តទាក់ទងទៅអធិការនៃអធិការដ្ឋាន​ស្រុកភ្នំព្រឹក គឺ​លោក សំ វីរៈ ដោយ​លោ​ក​បញ្ជាក់​ថា​​ពិត​​ជា​​​មា​ន​ហេតុ​ការណ៍​នេះ​​កើត​ឡើង​ពិត​ប្រាកដ​មែន គឺ​ស្ថិត​នៅ​ក្នុង​ភូមិ​សាស្ត្រ​ភូមិ​ភ្នំ​តូច ឃុំ​ពេ​ជ្រ​​ចិន្តា។

លោកបន្តថា ក្រុមជនជាតិទាំងនោះ បាន​រត់​ចេញ​តាំង​ពី​យប់​ថ្ងៃ​ទី​១៤ ដោយ​ម​​កទល់​ពេល​​នេះ អាជ្ញាធរ​កំពុ​ង​ព័ទ្ធ​ទីតាំង​ខាង​លើ​ ដើម្បី​ស្រាវ​ជ្រាវ​រក​មូល​ហេតុ។

យ៉ាងណា លោ​​កមិនទាន់អាច​សន្និដ្ឋានថា​ទីតាំ​ង​​នោះ​​​ មានជ​នប​រទេស​ជាជ​ន​ជាតិ​អ្វី​ខ្លះ និង​មាន​ចំនួន​ប៉ុ​ន្មាន​នាក់​​បាន​នៅ​ឡើយ​ទេ។

លោក សំ វីរៈ និយាយថា៖ «ឥឡូវ​យើង​កំពុង​តែ​ហ៊ុំព័​ទ្ធសិ​ន យើង​កំពុង​ស្រាវ​ជ្រាវ​បន្ត។ យើង​អត់​ទាន់​សន្និដ្ឋាន​ទេ ឥឡូវ​​យើង​កំពុង​តែ​ស្រាវ​ជ្រាវ យើង​កំពុង​តែ​នៅ​កន្លែង​កើត​ហេតុ»។

ហេតុការណ៍សម្រុកចាកចេញពីទីតាំងរបស់ក្រុម​ជន​បរទេស​ចម្រុះ​ជាតិ​សាសន៍ ជាពិសេស​ជន​ជាតិ​​ចិន​​ទាំ​ង​នេះ មិន​មែន​មាន​តែ​នៅ​ក្នុង​ភូមិ​សាស្ត្រ​ព្រំដែន នៅ​ខេត្ត​បាត់​ដំបង​នេះ​ទេ ​ដោយ​ប៉ុន្មាន​ថ្ងៃ​​មក​​នេះ នៅ​ព្រំប្រទល់​ប្រទេស​វៀត​ណាម ក្នុង​តំបន់​ជ្រៃ​ធំ ខេត្ត​កណ្ដាល ក៏​គេ​ឃើញ​មា​ន​ក្រុម​ជ​ន​បរទ​ស​​សម្រុ​ក​ចាក​ចេញ​ដូច​គ្នា។

​ការចល័តខ្លួន ចល័តទីតាំងនេះ កើតឡើងក្រោយពេលមេបណ្ដាញ​ឧក្រិដ្ឋ​ជន​អន​ឡាញ គឺ​លោក ចេន ហ្ស៊ី ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន និង​ក្រោយ​ពេល​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត បាន​ចេ​​ញ​សា​រ​កា​ល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា ថា​រដ្ឋាភិបាល​នឹង​ប្ដេជ្ញា​ចាត់​វិធាន​ការ​លើ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ ក្រោយ​​មើល​​ឃើញ​គ្រោះ​​ថ្នាក់​ធ្ងន់ធ្ង​រ​ ចំពោះស​ង្គម​ជាតិ ដែល​បង្ក​ឡើង​ដោយ​ឧក្រិដ្ឋ​​កម្ម​ឆបោក​តាម​ប្រព័ន្ធ​​បច្ចេក​​វិទ្យា​ និង​ភាពស្មុ​គ​ស្មាញ​នៃ​ឧក្រិដ្ឋ​កម្ម​សម័យ​ទំនើប​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ