មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP កាលពីថ្ងៃទី១៤ខែមករា ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដើម្បីពិភាក្សាអំពីផែនការរសើប បានពណ៌នាថា ការចាត់វិធានការនៅមូលដ្ឋានទ័ពអាកាស Al Udeid ក្នុងប្រទេសកាតានេះ គឺជាវិធានការបង្ការទុកជាមុន។
មន្ត្រីរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីការផ្លាស់ប្តូរនេះទេ រួមទាំងថាតើការជម្លៀសខ្លួននេះ គឺជាការស្ម័គ្រចិត្ត ឬជាកាតព្វកិច្ច ថាតើវាប៉ះពាល់ដល់កងទ័ព ឬបុគ្គលិកស៊ីវិល ឬចំនួនអ្នកដែលត្រូវបានណែនាំឱ្យចាកចេញឡើយ ដោយយោងទៅលើតម្រូវការសន្តិសុខនៃប្រតិបត្តិការ។
ជាការឆ្លើយតប ប្រទេសកាតា បាននិយាយកាលពីថ្ងៃទី១៤ខែមករាថា វិធានការបែបនេះ កំពុងត្រូវបាន «អនុវត្តដើម្បីឆ្លើយតបទៅនឹងភាពតានតឹងក្នុងតំបន់នាពេលបច្ចុប្បន្ន»។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់កាតា បានសរសេរនៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា៖ «IMO បញ្ជាក់ជាថ្មីថា រដ្ឋកាតានៅតែបន្តអនុវត្តរាល់វិធានការចាំបាច់ ដើម្បីការពារសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងអ្នកស្នាក់នៅរបស់ខ្លួនជាអាទិភាពចម្បង រួមទាំងសកម្មភាពពាក់ព័ន្ធនឹងការការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងមូលដ្ឋានយោធាផងដែរ»។
ហេតុការណ៍នេះ បានកើតឡើងស្របពេលដែលការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់ ដែលនៅក្បែរនោះនៅតែបន្ត ហើយប្រធានាធិបតី ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកមានឆន្ទៈក្នុងការធ្វើប្រតិបត្តិការយោធានៅក្នុងប្រទេសនោះ ប្រសិនបើរដ្ឋាភិបាលនៅតែបន្តសងសឹកប្រឆាំងនឹងក្រុមអ្នកតវ៉ា។
មូលដ្ឋានទ័ពនោះ ដែលជាកន្លែងស្នាក់នៅរបស់សមាជិកយោធាអាមេរិករាប់ពាន់នាក់ ធ្លាប់ជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ កាលពីខែមិថុនា ដើម្បីសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក លើរោងចក្រនុយក្លេអ៊ែររបស់ខ្លួន។
លោក Ali Shamkhani ទីប្រឹក្សាមេដឹកនាំកំពូល Ayatollah Ali Khamenei បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «ប្រធានាធិបតីអាមេរិក ដែលតែងតែនិយាយដដែលៗ អំពីការឈ្លានពានដែលឥតប្រយោជន៍ ប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ គួរតែរម្លឹកផងដែរ អំពីការបំផ្លិចបំផ្លាញមូលដ្ឋានទ័ពអាមេរិកនៅ Al-Udeid ដោយគ្រាប់មីស៊ីលរបស់អ៊ីរ៉ង់»។
លោកបានបន្ថែមថា៖ «វាប្រាកដជាជួយបង្កើតឱ្យមានការយល់ដឹងពិតប្រាកដអំពីឆន្ទៈ និងសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការឆ្លើយតបទៅនឹងការឈ្លានពានណាមួយ»។
មន្ត្រីអ៊ីរ៉ង់ និងកាតា បានជជែកគ្នាកាលពីថ្ងៃទី១៣ខែមករា ចំពេលដែលមានការបង្រ្កាបយ៉ាងសាហាវនៅក្នុងប្រទេសអ៊ីរ៉ង់ និងការកើនឡើងនៃការគំរាមកំហែងពីអាមេរិកថា នឹងចូលជ្រៀតជ្រែក ប្រសិនបើក្រុមអ្នកតវ៉ាមិនត្រូវបានលើកលែង។
លោក Ali Larijani លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានជជែកតាមទូរស័ព្ទជាមួយលោក Sheikh Mohammed bin Abdulrahman Al Thani នាយករដ្ឋមន្ត្រីកាតា។
នៅក្នុងសេចក្តីថ្លែងការណ៍លើបណ្តាញសង្គម X លោក Al Thani បានមានប្រសាសន៍ថា លោក «បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់រដ្ឋកាតា ចំពោះរាល់កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹង ក៏ដូចជាដំណោះស្រាយដោយសន្តិវិធី ដើម្បីពង្រឹងសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់»។
ការសម្រេចចិត្តរបស់អ៊ីរ៉ង់ កាលពីខែមិថុនា ក្នុងការសងសឹកនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក ដោយកំណត់គោលដៅលើទីតាំងវាលខ្សាច់ដ៏ធំល្វឹងល្វើយ នៅខាងក្រៅទីក្រុងដូហា បានបង្កើតឱ្យមានភាពតានតឹងដ៏កម្ររវាងប្រទេសជិតខាងតាមសមុទ្រទាំងពីរនេះ ដោយមន្ត្រីកាតាបាននិយាយថា វាបានធ្វើឱ្យពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង៕









