ថៃពង្រឹងការគ្រប់គ្រងនៅតំបន់​ប្រាសាទ​ខ្មែរជា​ច្រើ​ន​ចំពេល​​មេដឹក​នាំ​​ខ្មែរ​​ទទូច​​ស្នើ​​ចរចា

ថៃ​​កំពុង​ពង្រឹង​ការ​គ្រប់​គ្រង​ទីតាំង នៅ​តំបន់​ប្រាសាទ​ខ្មែរ​ជា​ច្រើន និង​ទីតាំង​ផ្សេង​ទៀត ដែល​ថៃ​ដណ្តើម​កាន់​កាប់​​ទឹក​​ដី​ខ្មែរ ដោយ​ខុស​ច្បាប់ តាម​រយៈ​សម្រុក​ធ្វើលេ​ណ​ដ្ឋាន និង​​ធ្វើ​ផ្លូវ​ចាក់​ប៉េតុង ខណៈ​មេ​ដឹក​នាំ​ខ្មែរ​ទទូច​រក​ការ​ចរចា ដើម្បី​ស្តារ​ស្ថាន​ការណ៍​ឡើង​វិញ។

ជុំវិញ​ទង្វើឈ្លា​ន​ពាន​នេះ តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ដែល​តាម​បញ្ហា​ព្រំដែន បាន​អះ​អាង​ថា ក្រោយ​​​ ​​សង្រ្គាម​​​​ឈ្លាន​​​ពាន​​​​​​២១​​ថ្ងៃរបស់ថៃ​ ថៃដ​ណ្តើម​​​កាន់​​​កាប់​​​ទឹក​ដី​ខ្មែរជាង ៤០​ទីតាំង រួម​​​ទាំង​​ភូមិ​ជោគ​ជ័យ ព្រៃចាន់ ភ្នំទ្រព្យ ថ្មដា អូរ​ស្មាច់ និ​ង​​តំបន់​​បឹង​​ត្រកួន​​ចំនួន​៤ភូមិ​ជា​ដើម។

ការណ៍នេះ អ្នកតាម​ដាន រំឭក​មេដឹក​នាំ​កម្ពុជា ឱ្យ​ប្រញាប់​ប្តឹ​ងថៃ​ទៅ​តុលាការ​អន្តរ​ជាតិ ICJ និង​សហប្រធាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​បារីស ដើម្បី​ទាម​ទារ​ទឹក​ដី​ខ្មែរ ដែល​បរទេស​ជិត​ខាង​បាន​ឈ្លាន​ពាន​។

នៅដើមសប្តាហ៍​នេះ យោធាថៃបន្តទម្លាយវីដេអូ និងរូបភាព ពន្លឿន​កសាង​ហេដ្ឋារ​ចនា​សម្ព័ន្ធ ផ្លូវ​ប៊េតុង ធ្វើ​លេណ​ដ្ឋាន ចាក់​គ្រឹះព្រះ​​ពុទ្ធ​សាន​សារថ្មីៗ​លើ​ដី​ខ្មែរ​ដែល​ថៃ​ឈ្លាន​ពាន​បាន ដូច​ជា នៅ​ប្រាសាទ​តាក្របី ប្រាសាទ​ខ្នារ តាមាន់​ធំ ភ្នំទ្រព្យ និង​តំបន់​អាន​សេះ​ជាដើម។

បើតាម ផេក​កង​ទ័ព​ថៃ និង​សារ​ព័ត៌មាន​ថៃ ថៃ​រដ្ឋ បាន​និយាយ​ថា យោធា​ថៃ​បាន​ដាក់​គ្រាប់​បំផ្ទុះ​កម្ទេច​ជណ្តើរ​ឈើ​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាស់​ៗ​របស់​ខ្មែរ ដែល​ធ្លាប់​ធ្វើ​ទុក​សម្រាប់​ឡើង​ទៅ​ប្រាសាទ​ខ្នារ។

លើសពីនេះ ប្រភពអះអាងថា តំបន់ប្រសាទតាមាន់ធំ និង​តាមាន់តូច​របស់​ខ្មែរ ត្រូវ​បាន​យោធា​ថៃ​កាន់​កាប់​ទាំង​ស្រុង គឺ​មិន​មាន​ការ​បែង​ចែក​គ្រប់​គ្រង​ម្នាក់​ពាក់​កណ្តាល ដូច​កាល​ពី​ពេល​កន្លង​ទៅ​ទៀត​ទេ។

ប្រភពបន្តថា ចំណែកតំបន់ប្រាសាទតាក្របីរបស់ខ្មែរ រួ​មទាំ​ង​ភ្នំ​៣៥០ ភ្នំទ្រព្យ យោធា​ថៃ​កំពុង​កសាង​ហេដ្ឋារ​ចនា​សម្ព័ន្ធ​ថ្មី ធ្វើ​ផ្លូវ​ប៊េតុង និង​កសាង​​គ្រឹះ​ព្រះ​ពុទ្ធ​បដិមា​យ៉ាង​ធំ ដើម្បី​គ្រប់​គ្រង​រយៈ​ពេល​វែង។

ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់​VOD​នៅ​ថ្ងៃទី​១៥ ខែ​មករា​នេះ​ថា ថៃ​​ពិត​ជា​កំពុង​​សម្រុក​ក​សាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ថ្មី​នៅ​តំបន់​​ប្រាសាទ​​តាក្របី តាមាន់ធំ និង​ប្រាសាទ​ខ្នារ​ជាដើម។

លោកអះអាងថា យោធាថៃ មិនត្រឹមតែពន្លឿនកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី នៅ​តំបន់​ប្រាសាទ​បុរាណ​ខ្មែរ​ទេ​ ថៃ​បាន​នឹង​កំពុង​ពន្លឿន​ឈូស​ឆាយ​ធ្វើ​ផ្លូវ​ប៊េតុង​ថ្មី នៅ​តំបន់​អាន​សេះ ភូមិ​ជោគ​ជ័យ ព្រៃចា​ន់​ ជាដើម​។

លោកហា​ក់​ស្តីបន្ទោសថា មេដឹកនាំដែលធ្វើឱ្យបាត់ទឹកដី ជាពិសេស​ប្រាសាទ​បុរាណ​ខ្មែរ ដែល​បុព្វ​បុរស​បាន​បន្សល់​ទុក​ឱ្យ​កូន​​ចៅជំ​នាន់​ក្រោយ​​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​បុព្វ​បុរស​និង​ប្រជាជាតិ​ខ្មែរ។

លោកថា៖ «លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បាន​ធ្វើ​ឲ្យបា​ត់​បង់​ប្រាសាទ​បុរាណ​ខ្មែរ ដូច​ជាប្រាសាទ​តាមាន់​តូច តាមាន់​ធំ ប្រាសាទ​តាក្របី ប្រាសាទ​ខ្នារ​ ហ្នឹង​ជា​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រវត្តិ​សាស្ត្រ ហើយ​និង​បុព្វ​បុរស​ខ្មែរ​យើង​ដែល​បាន​សាង​សង់​ប្រាសាទ​ទាំង​អស់​ហ្នឹង ហើយ​ក៏​ជាកា​រទ​ទួល​ខុស​ត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ គឺ​ថា​ទាំង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ហ្នឹង​គួរ​តែ​ចុះ​ចេញ​ពី​តំណែង​ទៅ ហើយ​ទុក​ឱ្យ​អ្នក​ដែល​មាន​សមត្ថ​ភាព​ ក្នុង​ការ​ការ​ពារ​ទឹក​ដី​ ហើយ​និង​អាច​ទាម​ទារ​យក​ប្រាសាទ​ទាំង​អស់​ហ្នឹង​មក​វិញ ដឹ​ក​នាំប្រ​ទេស​ម្តង​ បើសិ​ន​ជារំ​ពឹង​លោក ហ៊ុន សែន រំពឹ​ង​ទៅ​លើ​លោក ហ៊ុន ម៉ាណែត ហ្នឹង​គឺ​មិន​អាចទា​មទា​រ​ទឹក​ដី​ដែល​បាត់ប​ង់​ចំនួន​៤០​ទីតាំង​មក​វិញ​ទេ»។

សម្រាប់ លោក សំអាន នៅតែទទូចឱ្យមេដឹកនាំកម្ពុជា ត្រូវពន្លឿនបញ្ជូន​សំណុំ​រឿង​ព្រំដែន​ទាំង​អស់ ប្តឹង​ថៃទៅ​តុលាការ​​អន្តរជាតិ និង​សហ​ប្រធា​នកិ​ច្ច​ព្រម​ព្រៀង​ទីក្រុង​បារីស ទើប​អាច​ទាម​ទារ​ទឹក​ដី​បាន។

លោកសង្កត់ធ្ងន់ថា បើមេដឹកនាំគ្រួសារហ៊ុន ​មិនចង់ជាប់ឈ្មោះក្នុងប្រវត្តិ​សាស្រ្ត​​​​ថា​ជ​​ន​​ក្បត់​​ជាតិ ធ្វើ​​ឱ្យ​​បាត់​​បង់​​ទឹក​​​ដី​​ទៅ​​ប្រទេស​​ជិត​​ខាង ត្រូវ​តែ​ពន្លឿន​​បញ្ជូន​សំណុំរឿ​ង​ព្រំដែន​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរ​ជាតិ។

លោកនៅតែរំឭកថា ដើម្បីទាមទារ ការពារទឹកដីខ្មែរពីសត្រូវ​ឈ្លាន​ពាន គឺ​មេដឹក​នាំ​កម្ពុជា គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ប្តឹង​ថៃ​ទៅតុ​លាការ​អន្តរ​ជាតិ ICJ និង​សហ​ប្រធាន​កិច្ច​ព្រម​ព្រៀង​ទីក្រុង​បារី​ស​នោះ​ទេ។

លោកថា៖ «ដើម្បីទាមទារប្រាសាទទាំងបួនហ្នឹង ត្រឡប់​មក​វិញ គឺ​លោក ហ៊ុន ម៉ាណែត ហ្នឹង​ត្រូវ​ប្ដឹង​ថៃទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរ​ជា​តិ​អាយ​ស៊ីជេ ប្ដឹង​ថៃ​ទៅ​កាន់​សហប្រធាន​នៃ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ​១៩៩១​ ហើយ​ត្រូវ​តែប្ដឹ​ង​ទៅក្រុ​ម​ប្រឹក្សា​សន្តិសុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ដើម្បី​ឲ្យ​ថៃ​ដក​ទ័ព​ចេញ​ពីទឹ​ក​ដី​កម្ពុជា អាហ្នឹង​ទើប​អាច​បាន​ប្រាសាទ​ទាំង​អស់​ហ្នឹង​ត្រឡប់​មក​វិញ»។

ជុំវិញបញ្ហានេះ អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា និយាយ​នៅថ្ងៃទី​១​៥ ខែ​មករា​នេះ​ថា រដ្ឋាភិបាល​​ខំ​ប្រឹង​ប្រែង​យ៉ាង​សកម្ម ក្នុង​ការ​ការ​ពារ​បូរណ​ភាព​ទឹក​ដី ដោយ​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​នូវ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ភាគី​ថៃ។

លោកគូសបញ្ជាក់ថា បន្ទាប់ពីភាគីថៃស្នើសុំលើកពេលកិច្ច​ប្រជុំពិសេស​របស់​គណៈ​កម្មការ​ខ​ណ្ឌ​សីមា​ព្រំដែន​គោក JBC ជា​លើក​ទី២ ដោយ​សុំ​ពន្យា​ររហូត​ដល់​ក្រោយ​ការ​បោះ​ឆ្នោត​សភា នៅ​ដើម​ខែ​កុម្ភៈ​ខាង​មុខ ភាគី​កម្ពុជា​តាម​រយៈ​រដ្ឋលេខា​ធិការ​ដ្ឋាន​កិច្ច​ការ​ព្រំដែន បាន​ដាក់​​សំណើរ​សារ​ជា​ថ្មី​ទៅ​ភាគី​ថៃ តាម​រយៈ​កំណត់​ទូត​ចុះ​ថ្ងៃ​ទី១៣ ខែ​​មករា ឆ្នាំ​២០២៦ ។

សម្រាប់លោក ប៉ែន បូណា កំណត់ទូតនេះ ស្នើចាត់បញ្ជូនក្រុមវាស់វែង​ចម្រុះ នៃ​ភាគី​ទាំង​ពីរ ចុះ​លើដី​ជាក់​ស្តែង​ឡើង​វិញ ដើម្បី​បន្ត​អនុវត្ត​ការ​ងារ​បោះ​បង្គោល​បណ្តោះ​អាសន្ន​ នៅ​កំណាត់​ខ្សែព្រំ​ដែន​ចន្លោះ​បង្គោល​លេខ ៤២-៤៧ និង​បង្គោល​​លេខ ៥២-៥៩ នៅកា​ល​បរិច្ឆេទ​សម​ស្រ​ប​ណាមួ​យច​ន្លោះពី​​ថ្ងៃ​ទី១៩ ដល់​ថ្ងៃទី​២​៣ ខែ​មករា ឆ្នាំ​២០២៦។

លើសពីនេះ កម្ពុជា ស្នើចាត់បញ្ជូនក្រុមការងារវាស់វែងចម្រុះ​នៃភាគីទាំ​ងពីរ ចុះ​ធ្វើ​ការ​លើដី​ជា​ក់​ស្តែង​នៅ​កាល​បរិច្ឆេទ​សម​ស្រប​ណា​មួយ​ចន្លោះពី​ថ្ងៃ​ទី​២៦ ដល់​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២៦ ដើម្បី​សាង​សង់​ឡើង​វិញ​នូវ​បង្គោល​ព្រំដែន​ចំនួន​១៥ តាម​គំរូ​ដើម​បង្គោល​ជំនាន់​បារាំ​ង​នៅទីតាំង​ដើម​ពិត​ប្រាកដដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា។

យ៉ាង​ណា លោក​សង្កត់​ធ្ងន់​ថា កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែ​ខ្សែ​ព្រំដែន​​​ណា​​មួយ ដែល​​កើត​​ចេញ​ពី​​ការ​​​ប្រើ​​​ប្រាស់​​​​កម្លាំង​​​​​​​នោះ​​​​ឡើ​យ ដោយ​​​ថា បញ្ហា​​​ព្រំដែន​​​ត្រូវ​​ដោះ​​ស្រា​យ​​​ដោយ​​សន្តិវិធី ​តាម​​ច្បាប់​​អន្តរ​ជាតិ។

លោក​ថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់​ក្នុងការការពារខ្សែព្រំដែនអន្តរជាតិ​កម្ពុជា-ថៃ ដែល​បន្សល់​ទុក​ដោយ​គណៈ​​កម្ម​ការ​ព្រំដែន​ឥណ្ឌូ​ចិន​-សៀម ដោយ​គោរព​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ​គោល​ការណ៍​ខ្សែ​ព្រំដែន​មិន​កែ​ប្រែ​គោរព​អនុ​សញ្ញា​សន្ធិ​សញ្ញា​បារាំង-សៀម​ ផែនទី​និ​ង​កំណត់​ហេតុ​បោះ​បង្គោល​ព្រំដែន​រប​ស់​គណៈក​ម្មការ​បោះ​បង្គោល​​ព្រំដែន​ឥណ្ឌូចិ​ន​សៀម​ ព្រ​មទាំ​ង​កិច្ច​ព្រម​ព្រៀង​ និង​ឯកសារ​ពាក់​ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​ បាន​ឯកភាព​​នាពេល​កន្លង​មក កម្ពុជា​មិន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែខ្សែ​ព្រំ​ដែនណា​មួយ​ ដែល​​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះ​ឡើយ»។

នាយក​កម្ម​វិធី​តស៊ូ​មតិ​របស់​អង្គ​ការ​​ប្រជា​ធិប​​​តេយ្យ​​​ខ្មែរ​​​​​​​នៅ​​​​អូស្ត្រាលី លោក សេង វណ្ណលី និយាយ​ថា ការបន្ត​បដិសេធ​​ប្រជុំ​JBC របស់​ភាគី​ថៃ​ឆ្លុះ​បញ្ចាំង​ថា ថៃ​បារម្ភ​ខ្លាច​កម្ពុជា​ប្រើ​ផែន​ទី​បារាំង​ទាម​ទារ​ទឹក​ដី​វិញ​។

ម្យ៉ាងវិញទៀត លោកថា ការបដិសេធមិន​ប្រជុំ​JBC របស់​ភាគី​ថៃ សបញ្ជាក់​ឱ្យ​​ឃើញ​កាន់​តែច្បាស់​​ថា ថៃ​​មិន​ចង់​​ប្រគល់​​ទឹក​​​ដី​​និង​ប្រា​សាទ​ខ្មែរ​ ដែល​​​ថៃ​​ឈ្លាន​​ពាន​ តាម​​ផែនទី​​ចោរ​​ខ្នាត ១/៥០​ពាន់​របស់​គេទេ។

លើស​ពី​នេះ លោកថា សង្រ្គាមសៀមឈ្លានពាន ២១ថ្ងៃកន្លង​មក​នេះ បាន​បង្ហាញ​ពីអ​សមត្ថ​ភាព​របស់​ថ្នាក់​ដឹក​នាំ​​ប្រទេស ក្នុង​ការ​ពង្រឹង​វិស័យ​ការ​ពារ​ជាតិ ដើម្បី​ទុក​ត្រៀម​ខ្លួនទប់ទល់សត្រូវឈ្លានពាន។

លោកថា៖ «បញ្ហាប្រឈមបើសិនជាគ្មានការផ្លាស់ប្ដូររបបន​យោបាយ​ បង​គិត​ថា បញ្ហា​ប្រឈម​បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​កា​រគ្រប់​គ្រង​ថ្មី​ទេ ហើយ​ប្រសិន​បើ​ប្រព័ន្ធ​គ្រប់​គ្រង​រដ្ឋ​ នៅ​តែ​បន្ត​នៅក្នុ​ងទ​ម្រង់​បច្ចុប្បន្ន​កម្ពុជា​អាច​ប្រឈម​ទៅ​នឹង​បញ្ហា​យ៉ាង​ហោច​ណាស់​បី។ ទី១​នោះ​គឺ​វិសមភាព​សង្គម​ពោល​គឺ​គំលាត​រវាង​អ្នក​មាន​ និង​អ្នក​ក្រ​ កាន់​តែ​ធំ​ដែល​អាច​ធ្វើ​ឲ្យ​ ឬ​ក៏ប​ង្កអ​ស្ថិរភាព​សង្គម​នៅ​ថ្ងៃមុ​ខ។ ទី២​ការ​បាត់​បង់​តុល្យ​ភាព​ភូមិ​សាស្ត្រ​នយោបាយ ដោយ​សារ​យើង​ដឹង​ហើយ​ការ​ពឹង​ផ្អែក​ខ្លាំង​ទៅ​លើ​មហា​អំណាច​មួយ អាច​ធ្វើ​ឲ្យ​កម្ពុជា​នឹង​បាត់​បង់​ភាព​ជា​ម្ចាស់​ការ​លើ​សេចក្ដី​សម្រេច​​ចិត្ត​សំខាន់ៗ ទាំង​អធិប​តេយ្យ​ភាព និងកា​រអ​ភិវឌ្ឍ​។ ចំណុច​ទី៣​ ចុង​ក្រោយ​ហ្នឹង គឺ​ការ​ចុះ​ខ្សោយ​នៃ​ស្ថាប័ន​​ជាតិ​ ប្រសិន​បើ​ស្ថាប័ន​រដ្ឋ​ក៏​បា​នសា​ង​សង់​ឡើង​ ដើម្បី​បម្រើបុ​គ្គល​ជា​ជាង​បម្រើ​ជាតិ​នោះ​ ភា​ព​ធន់​របស់​ជាតិ​ ក្នុង​ការ​ទប់​ទល់​នឹង​សម្ពាធ​ខាង​ក្រៅ​និង​កា​ន់​តែ​ខ្សោយ​​ទៅ​​ៗ ដូច្នេះ​វា​ទាមទា​រ​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​នយោ​បាយ ឬ​ក៏យ៉ា​ង​ហោច​ណាស់ ក៏មាន​កំណែទ​ម្រង់​ស៊ីជ​ម្រៅទៅ​នឹ​ង​ប្រព័ន្ធ​នយោបាយ​បច្ចុប្បន្ន»។

បើតាម លោក អ៊ុំ សំអាន បានធ្វើបច្ចុប្បន្នភាពថ្មីថា ក្រោយសង្រ្គាម ២១ថ្ងៃកន្លង​មក​នេះ ខ្មែរ​បាត់​ទឹក​ដី​​ចំនួន ៤០​​ទីតាំង ដូច​​ជា ប្រាសាទ​​តាមាន់​ធំ ប្រាសាទ​​តាមាន់​តូច ប្រាសាទ​​​តាក្របី ប្រាសាទ​​​ខ្នារ ច្រក​អាន​​សេះ ភ្នំ​​៣៥០ ភូមិ​ជោគ​​ជ័យ ភូ​មិ​​ព្រៃ​ចាន់ ផ្ទះ​បីខ្នង អូរភ្លុក​ដំរី ថ្មដា ភ្នំទ្រព្យ ថ្មដូន អូរស្មាច់ បឹងត្រកួនចំនួន ៤ភូមិ ផ្ទះតាម៉ុក (ជាំតែ​-បុស្បូវ ) អូរផ្កា​ស្នេហ៍ តាថាវ និងជប់អង្គុញ ជាដើម។

បើតាមពលរដ្ឋ ​តំបន់​បឹង​ត្រកួន​ ​យោថៃបាន​ព័ទ្ធ​យក​ផ្ទះ​​ពលរដ្ឋ​​ខ្មែរ​ចំនួន​៤​ភូមិ មាន​​​ភូមិ​​​បន្ទាយ​​មាន​ឫទ្ធិ​ ភូមិ​​​ផ្លូវ​​បំបែក ភូមិ​​ត្រពាំង​​សំរោង និង​ភូមិ​សាមគ្គី  ក្នុ​ង​​ឃុំ​​​គោក​​រមៀត ស្រុកថ្មពួក ខេត្ត​បន្ទាយ​មាន​ជ័យ។

រីឯ ​ភូមិ​​ព្រៃចាន់ និង​​ភូ​មិ​​ជោគ​ជ័យ​​ ដែល​​មាន​​ផ្ទះ​​ពលរដ្ឋ​​ខ្មែ​រជិត ១ពាន់​​ខ្នង​ ស្ថិត​​​​​ក្នុង​​ឃុំ​​អូរ​​បី​ជាន់ ស្រុក​​​អូរជ្រៅ​ ខេត្ត​​​បន្ទា​យ​​មាន​​ជ័យ ក៏​ត្រូវបាន​​យោធា​ថៃ​​​​ព័ទ្ធ​​យក​ទាំង​​មូល​​ដែរ ដោយ​បាន​ពង្រាយ​ទូកុងតឺន័រ ​រាំង​​ខ្ទប់​ផ្លូវ​ និង​រាយ​បន្លា​លួស ​​​មិន​ឱ្យ​ពលរដ្ឋ​ខ្មែរចេញ-​ចូល​ឡើយ។

ការ​​​ឈ្លានពាន​របស់​យោធា​ថៃក្នុង​រយៈពេល២១​ថ្ងៃ​នេះ ចាប់ពីថ្ងៃទី៧ ខែធ្នូ បាន​សម្លាប់​​ពលរដ្ឋ​​ស្លូ​ត​ត្រង់​កម្ពុជា ៣៣​​នាក់ និង​រង​របួស​ជិត១០០​នាក់។ រីឯជនស៊ីវិលខ្មែរ ​ភៀសសឹកជិត ៧០​​ម៉ឺន​នាក់ ព្រមទាំង​​បាន​​បំផ្លាញ​​ហេដ្ឋារចនាសម្ព័ន្ធ​​ស៊ីវិល​​​ជាច្រើន មាន​ផ្ទះ វត្តអារាម សាលារៀន ស្ពាន​ថ្នល់ និង​ប្រាសាទ​​បុរាណ ជាដើម។

ប៉ុន្តែ បើគិតថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃបញ្ជាក់​ថា នៅមានពលរដ្ឋ​ភៀស​សឹក​ជាង ១៤ម៉ឺន​នាក់​ទៀត (១៤៤ ៣២៦​នាក់) កំពុង​បន្ត​ស្នាក់នៅ​ក្នុ​ងជំ​រំ​ភៀស​សឹក​នៅ​ឡើយ ខណៈ​យោធា​ថៃកំ​ពុង​បន្ត​សកម្ម​ភាព​ឈូស​កម្ទេច​ផ្ទះព​លរដ្ឋ និង​ធ្វើ​សំណង់​រឹងលើដីខ្មែរ​ដែល​ថៃដណ្តើម​​បាន។

បើតាម មាត្រា​​៥​២​​​​​​​នៃរ​ដ្ឋ​​ធម្មនុញ្ញ ចែង​ថា រាជ​រដ្ឋាភិបាល​​កម្ពុជា ​ប្តេជ្ញា​​រក្សា​ការ​​ពារ​​​ឯករាជ្យ អធិប​​​តេយ្យ​ បូរ​ណ​​​ភាព​​ទឹក​​​ដី អនុ​​​វ​​​​​ត្ត​​​​នយោបាយ​​​បង្រួប​​បង្រួម​​ជាតិ ដើម្បី​​ការ​​ឯកភាព​​ជាតិ។

ដោយ​ឡែក ក្រមព្រហ្មទណ្ឌមាត្រា​៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារ​​បរទេស នូវ​ដែន​ដី​​ជាតិ​​ទាំង​​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ