ឥទ្ធិពលនៃ «មូលធន​សង្គម»និង​សក្ដានុ​ពល​នៃ​​ប្រព័ន្ធ​ខ្សែ​​រយៈ​​នៅ​​កម្ពុជា​​ករណី​​សិក្សា លោក ចេន ហ្ស៊ី

នៅក្នុង​បរិបទ​នយោបាយ និង​សេដ្ឋ​កិច្ច​កម្ពុជា អំណាច​មិន​មែន​កើត​ឡើង​​តែ​ពី​ច្បាប់​នោះ​ទេ ប៉ុន្តែ​វា​ត្រូវ​បាន​ចាក់​ស្រែះ​ដោយ​ទំនាក់​ទំនង ខ្សែ​រយៈ និង​ឋានានុ​ក្រម​សង្គម។

នៅពេលបុគ្គលម្នាក់អាចបង្កើនភាពស្និទ្ធស្នាល​ជា​មួយ​ឥស្សរជន​ជាន់​ខ្ពស់ ចូល​រួម​ក្នុង​សកម្មភាព​សប្បុរសធម៌​ខ្នាត​យក្ស និង​កសាង​គម្រោង​អភិវឌ្ឍន៍​ដែល​មើល​ទៅ​ហាក់​ដូ​ច​ជា​មាន​សារៈ​សំខា​ន់ចំពោះ​ជាតិ ពួក​គេនឹង​ក្លាយ​ជា​មនុស្ស​​ដែល​មិន​អាច​ប៉ះ​ពាល់​បាន។

ករណី លោក ចេន ហ្ស៊ី បាន​ក្លាយ​ជាឧ​ទាហរណ៍​ជាក់​ស្តែង​ដែល​បង្ហាញ​ថា «មូល​ធន​សង្គម» មិន​មែន​គ្រាន់​តែ​ជា​បណ្ដាញ​មិត្ត​ភាព​ទេ ប៉ុន្តែ​វា​ជាអា​វុធ​យុទ្ធ​សាស្ត្រ​សម្រាប់​បង្កើត​ប្រព័ន្ធ​ការ​ពឹង​ផ្អែក​គ្នា ដែល​ធ្វើ​ឱ្យ​​ការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​ពួក​គេ ក្លាយ​ជា​ហានិភ័យ​សម្រាប់​អ្នក​ជុំវិញ​ខ្លួន។

តាមទ្រឹ​ស្តី គោរម​ងារ «ឧកញ៉ា» តំណាង​ឱ្យស​ប្បុរសជន​ដែល​ជួយ​ជាតិ ប៉ុន្តែ​ក្នុង​លក្ខណៈ​បច្ចេក​ទេស ងារនេះ​បា​ន​ក្លាយ​ជា «បណ្ណ​សន្យា​ទំនុក​ចិត្ត»។ នៅប្រ​ទេស​ដែល​ប្រកាន់​ខ្ជាប់​នីតិ​រដ្ឋ ទំនាក់​ទំនង​រវាង​អ្នក​ជំនួញ និង​អ្នក​នយោបាយ គឺ​ជា​សញ្ញា​អាសន្ន​ដែល​តម្រូវ​ឱ្យ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​បង្កើន​ការ​ត្រួត​ពិនិត្យ។

ផ្ទុយទៅវិញ នៅ​កម្ពុជា ឋានៈ​ជាអ​ភិជន បែរ​​ជា​ដើរ​តួជា «អាវ​ក្រោះ» ដែល​កាត់​បន្ថយ​ការ​ស៊ើប​អង្កេត។ ស្ថាប័ន​ក្នុង​ស្រុក ច្រើន​តែ​ចាត់​ទុក​បុគ្គល​ដែល​មាន​ងារ​ជា​ឧកញ៉ា និង​មាន​ខ្នង​បង្អែក​នយោបាយ​ថា​ជា «តំបន់ហាម​ឃាត់» ដែល​មិន​គួរ​មាន​សំណួរ​​ច្រើន ដែល​ចំណុច​នេះ​បាន​ប្រែ​ក្លាយ​ឋា​នៈ​សង្គម ឱ្យ​ទៅ​ជា​ឧបករណ៍កាត់​បន្ថយ​តម្លា​ភាព។

ក្រោមការដឹកនាំអស់ជាច្រើនទសវត្សរ៍របស់ លោក ហ៊ុន សែន កម្ពុជា​បាន​បង្កើត​វប្បធម៌​មួយ​ដែល «ជោគ​​ជ័យ​នៃ​អាជីវកម្ម ត្រូវ​ផ្អែក​លើ​ភាព​ស្មោះ​ត្រង់​នឹង​នយោបាយ។ ទោះបី​ស្ថិត​ក្នុងអន្តរកាល​អំណាច​ក៏​ដោយ​ ប្រ​ព័ន្ធ​នេះនៅ​តែដំ​ណើរ​ការ​តាម​រយៈ «សញ្ញា»»។

នៅពេលសេដ្ឋីម្នាក់ត្រូវបានបង្ហាញរូបភាពស្និទ្ធស្នាល ឬទទួលបានការសរសើរជាសាធារណៈ​ពីមេដឹក​នាំកំពូល វា​នឹង​បង្កើត​ជា​ការ​ការ​ពារ​ដោយ​មិន​បាច់​បញ្ជា ពី​សំណាក់​ប៉ូលីស តុលាការ និង​ធនាគារ។ ពួ​ក​គេយល់​ថា បុគ្គល​នោះ​មាន​ខ្នង​បង្អែក​រឹង​មាំ ដែល​មិន​អាច​រំលោភ​បំពា​ន​បាន។

ការប្រើយុទ្ធសាស្ត្រសប្បុរសធម៌ ដើម្បីបិទបាំង និងរបង្កើតការពឹងផ្អែកដល់​មនុស្ស និង​អាជ្ញាធរ​រដ្ឋ។  សកម្ម​ភាព​មនុស្ស​ធម៌​ក្នុង​ប្រព័ន្ធ​បែប​នេះ មិន​មែន​មាន​ត្រឹម​តែស​ប្បុរស​ចេតនា​នោះ​ទេ ប៉ុន្តែ​ជា «ការ​គ្រប់​គ្រង​មុខ​មាត់»។

ការបរិច្ចាគ​ថវិកា​មហាសាល​ដល់ម​ន្ទី​រពេ​ទ្យ ឬ​មូល​និធិ​រដ្ឋ ជួយ​បង្កើត​ព័ត៌មាន​វិជ្ជមាន​ដែល​ជន់​ជោរ​ពេញ​បណ្តាញ​ផ្សព្វ​ផ្សាយ ដើម្បី​បង្វែរ​អារម្មណ៍​សាធារណ​ជន​ពីអា​ជីវកម្ម​កខ្វក់ ដូច​ជា ការ​ឆបោក​តាម​អន​ឡាញ ឬ​ការ​លាង​លុយ ជាដើម។ លើស​ពី​នេះ វា​ក៏​បង្កើត​នូវ​ការ​ពឹង​ផ្អែក​ផ្នែក​ហិរ​ញ្ញ​វត្ថុ ដល់​អាជ្ញាធរ​មូល​ដ្ឋាន ដែល​ធ្វើ​ឱ្យ​ពួក​គេ​ជ្រើ​ស​រើស​ភាព​ស្ងៀម​ស្ងាត់​​ជាជាង​ការ​អនុវត្ត​ច្បាប់ ដើម្បី​រក្សា​បាន​នូវ​ជំនួយ​នាពេល​អនាគត។

អត្ថិភាពនៃទីតាំងឆបោកខ្នាតធំ មិនមែនជាការធ្វេសប្រហែសរបស់អាជ្ញាធររដ្ឋ ឬ​មិន​ដឹង​នោះទេ​ ប៉ុន្តែ​​វា​ជាលទ្ធផល​​នៃ​ការ​សម្រួល​ផ្នែក​ច្បាប់ និង​ពេល​ខ្លះ​ជួយ​ការ​ពារ​​នៅ​ពី​ក្រោយ​ទៀត​ផង។ កន្លែង​ទាំង​នេះ​ដំណើរ​ការ​ដូច​ជា​តំបន់​​ស្វយ័ត ដែល​កម្លាំង​សម​ត្ថ​កិច្ច​មិនអា​ចចូ​លទៅ​​ដល់ ឬ​មិន​ហ៊ាន​ចូល​ទៅ​ដល់ ដោយ​សារ​ខ្សែ​រយៈ​នៃ​ម្ចាស់​ទីតាំង។

វាកើតជាទំនាក់ទំនង «ផល​ប្រយោជន៍​ទ្វេ​ទិស» ពោល​គឺ ឧកញ៉ា​ទទួល​បា​ន​សុវត្ថិភាព​ក្នុង​ការ​រក​ស៊ី​ខុស​ច្បាប់ រីឯ​បណ្ដាញ​​អំណាចទ​ទួលបា​ន​លំហូរ​លុយ​ក្រៅ​ផ្លូវ​ការ ដែល​ជ្រាប​ចូល​ទៅ​ក្នុង​សេដ្ឋ​កិច្ច​មូល​ដ្ឋាន​តាម​រយៈ​ការ​ជួល និង​ការ​ប្រើ​ប្រាស់​សេវា​កម្ម​ផ្សេងៗ។

នៅក្នុងករណីសេដ្ឋីដែលមានខ្សែរយៈខ្ពស់ ការលាង​លុយក​ខ្វក់​មិន​មែន​ជាកា​រ​លាក់​លុយ​ឱ្យ​បាត់​នោះ​ទេ ប៉ុន្តែ​គឺ​ជាកា​រ​ផ្លាស់​ប្តូរ​ប្រភព​ដើម​នៃ​ទ្រព្យ​សម្បត្តិ ដែល​បាន​មក​ពី​អាជីវកម្ម​កខ្វក់។ យុទ្ធ​សាស្ត្រ​ដែល​គេ​ប្រើ​ប្រាស់​រួម​មាន។

១) កា​រ​បង្កើតអាជីវកម្មដែលប្រើប្រាស់សាច់ប្រាក់ច្រើន ដូចជា កាស៊ីណូ សណ្ឋាគារ និង​មជ្ឈ​មណ្ឌល​កម្សាន្ត​។​ លុយ​ដែល​បាន​មក​ពីកា​រ​ឆបោក​អន​ឡាញ ឬ​សកម្មភាព​ខុ​ស​ច្បាប់ ត្រូវ​បាន​គេយ​ក​មក​លាយ​ជាមួយ​ចំណូល​ពិត​ប្រាកដ​ពី​អតិថិជន រួច​ប្រកាស​ថា​ជា​ប្រាក់ចំ​ណេញស្រ​ប​ច្បាប់។

២) វិស័យអចលនទ្រព្យគឺជា «ម៉ាស៊ីនបោកគក់លុយក​ខ្វក់​ដ៏ធំបំផុត។ ការ​ទិញ​ដី​ធ្លី ឬ​ការ​សាង​សង់​បុរី និង​អគារ​ពាណិជ្ជ​​កម្ម​ខ្នាត​យក្ស ជួយ​ឱ្យ​លុយ​ខ្មៅ​រាប់​លាន​ដុល្លារ​ប្រែ​ទៅ​ជា​ទ្រព្យ​សម្បត្តិ​រូប​វន្ត។ នៅ​ពេល​លក់​អច​លន​ទ្រព្យ​នោះ​ចេញ​វិញ លុយ​ដែល​ទទួល​បាន​គឺ​ជាលុ​យ​ស្អាត ដែល​មា​ន​ឯកសារ​ត្រឹម​ត្រូវ។

៣) ការបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធរាប់សិប ដែលមានរចនាសម្ព័ន្ធម្ចាស់​ភាគហ៊ុន​ស្មុគ​ស្មាញ ដើម្បី​ផ្ទេរ​ប្រាក់​ទៅ​មក​ក្នុង​ទម្រង់​ជា «កម្ចី» ឬ «ការ​បង់​ថ្លៃសេ​វា​ប្រឹក្សា»។ ភាព​ស្មុគ​ស្មាញ​នេះ ធ្វើ​ឱ្យ​ស្ថាប័ន​ត្រួត​ពិនិត្យ​ពិបាក​ក្នុង​ការ​តាម​ដាន​រក​ម្ចាស់​ផល​ប្រយោជន៍​ពិត​ប្រាកដ។

នៅពេលដែលបុគ្គលមានឥទ្ធិពលម្នាក់ ត្រូវបាន​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្តាញ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន ផល​វិបាក​មិន​ធ្លាក់​ទៅ​លើ​តែ​បុគ្គល​នោះ​ទេ ប៉ុន្តែ​វា​ជះ​ឥទ្ធិពល​ដល់​ទំនុក​ចិត្ត​សកល ចំពោះ​កម្ពុជា​ទាំង​មូល។ វិនិយោ​គិន​ដែល​​មាន​ស្តង់​ដារ​​ខ្ពស់ (ម​ក​ពី​អាមេរិក អឺរ៉ុប ឬជប៉ុន) នឹង​មាន​ការ​រារែក​ក្នុងកា​រ​ចូល​មក​កម្ពុជា ព្រោះ​ពួក​គេ​ខ្លាច «ហានិភ័យ​​កេរ្តិ៍​ឈ្មោះ» និង​ការ​ជាប់​ពាក់​ព័ន្ធ​នឹង​ច្បាប់​ប្រឆាំង​ការ​លាង​លុយ​កខ្វក់​រប​ស់​ប្រទេស​គេ។ ជា​លទ្ធ​ផល កម្ពុជា​អាច​នឹង​ទាក់​​ទាញ​​បាន​តែ​វិនិយោគិន​កម្រិត​ទាប ឬ​អ្នក​ដែល​ចង់​មក​ឆ្លៀត​ឱកាស​ពី​ប្រព័ន្ធ​ខ្សោយ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។

ម្យ៉ាងវិញទៀត ប្រសិនបើស្ថាប័នអន្តរជាតិ មើលឃើញថា ការអនុវត្ត​ច្បាប់​មាន​ភាព​រើស​អើង ឬ​ត្រូវ​បាន​រារាំង​ដោយ​ខ្សែ​រយៈ​នយោបាយ កម្ពុជា​នឹង​ត្រូវ​គេដា​ក់​ក្នុង​បញ្ជី​ប្រផេះ​ឡើង​វិញ។ នេះ​នឹង​ធ្វើ​ឱ្យ​ការផ្ទេ​រ​ប្រាក់​អន្ត​រជា​តិ​មាន​ការ​ពិបាក ចំណាយ​ខ្ពស់ និង​ធ្វើ​ឱ្យធ​នាគារ​បរទេស​ដក​ខ្លួន​ចេញ​ពី​ទីផ្សារ​កម្ពុជា។

លើសពីនេះ នៅពេលក្រុមហ៊ុនធំៗដែលដួលរលំមានការជំពាក់បំណុល​ធនាគារ​ច្រើន វា​នឹង​បង្កើត​ជា «បំណុល​អាក្រក់» ដែល​ប៉ះពា​ល់​ដល់​ស្ថិរភាព​ហិរញ្ញ​វត្ថុ​ជាតិ ហើយ​បើ​ធនាគា​រក្នុ​ង​ស្រុក​ត្រូវ​បាន​រក​ឃើញ​ថាបាន​ជួយ​សម្រួល​ដល់​ការ​លាង​លុយ ពួក​គេអា​ច​នឹង​ត្រូវ​កាត់​ផ្តាច់​ពី​ប្រព័ន្ធ​ហិរញ្ញ​វត្ថុ​ពិភព​លោក។

សំណួរថាតើ ហេតុអ្វីបានជាប្រព័ន្ធឈប់ការពារបុគ្គលខ្លះ? ចម្លើយ​ស្ថិត​នៅ​លើត​ម្លៃដែ​លត្រូ​វ​បង់​លើ​ឆាក​អន្ត​រ​ជាតិ។ ក្រោម​ការ​ដឹក​នាំរ​បស់​លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាល​ត្រូវ​ប្រឈម​នឹង​ការ​រក្សា​តុល្យភាព​រវាង​ ការ​ការ​ពារ​បណ្តាញ​សេដ្ឋកិច្ច​ក្នុង​ស្រុក និង​ការ​ស្តារ​មុខ​មាត់​លើ​ឆាក​អន្តរ​ជាតិ។ នៅ​ពេល​ដែល​ទណ្ឌ​កម្ម​អន្តរ​ជាតិ និង​សំណុំរឿ​ង​ឧក្រិដ្ឋ​កម្មឆ្ល​ងដែ​ន ក្លាយ​ជាប​ន្ទុក​ធ្ងន់​ធ្ងរ​ដល់​សេដ្ឋកិច្ច​ជាតិ និង​កេរ្តិ៍​ឈ្មោះ​រដ្ឋាភិបាល​ ប្រព័ន្ធ​នឹង​ប្រើ​ប្រាស់​យន្ត​ការ «កាត់​កន្ទុយ​សម្លាប់​មេ»។ បុគ្គ​ល​ដែល​ធ្លាប់​តែ​ជា​ទ្រព្យ​សម្បត្តិ នឹង​ប្រែ​ជា​បន្ទុក ដែល​ត្រូវ​ដក​ចេញ ដើម្បី​រក្សា​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ធំ។

ករណី លោក ចេន ហ្ស៊ី គឺជាមេរៀនមួយដែលបង្ហាញថា «មូល​ធន​សង្គម» អាច​ទិញ​បាន​នូវ​ពេ​ល​វេលា និង​ការ​បិទ​បាំង ប៉ុ​ន្តែវា​មិ​ន​អាច​ទិញ​បាន​នូ​វអ​ភ័យ​ឯក​សិទ្ធិ​ជា​រៀង​រហូត​នោះ​ទេ ជាពិសេស​នៅពេល​ដែល​បទ​ល្មើស​នោះ​មាន​លក្ខណៈ​សកល។

ការការពារតាមរយៈខ្សែរយៈនយោបាយ មានប្រសិទ្ធភាពត្រឹមតែក្នុងរ​ង្វង់​ដែន​សមត្ថ​កិច្ច​ក្នុង​ស្រុក​ប៉ុណ្ណោះ ប៉ុន្តែ​វា​នឹង​​រលាយ​បាត់​ភ្លាមៗ នៅ​ពេល​ដែល​វា​ប្រឈម​នឹង​សម្ពាធ​ហិរ​ញ្ញ​វត្ថុ និង​ច្បាប់​អន្តរជា​តិ។ មេរៀន​នេះព្រមាន​ថា នៅ​ពេល​ដែល​ប្រព័ន្ធ​ខ្សែ​រយៈ​ឡើង​ដល់​ចំណុច​កំពូល វា​នឹង​ក្លាយ​ជា​អ្នក​កម្ទេច​បុគ្គល​នៅ​ក្នុង​ប្រព័ន្ធ​នោះដោ​យ​ខ្លួន​ឯង ដើម្បី​ការ​ពារ​ការ​រស់​រាន​មាន​ជីវិត​របស់​ស្ថាប័ន​អំណាច​ជា​រួម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ