Trump ថា វាជាការ «មិនអាច​ទទួល​យក​បាន» ប្រសិន​បើ​សហរដ្ឋ​អាមេរិក​មិន​គ្រប់​គ្រង​កោះ Greenland

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​កាល​ពីថ្ងៃ​​ទី​១៤ខែ​មករា​ថា ការ​ទទួល​បាន​លទ្ធផល​ណាមួ​យ​ដែល​តិច​ជាង​កា​រគ្រប់​គ្រង​របស់​សហរដ្ឋ​អាមេរិក​លើ​កោះ Greenland គឺ​ជា​អ្វី​ដែល «មិន​អាច​ទទួល​យក​បាន»។ លោក​និយាយ​បែប​នេះ ប៉ុន្មាន​ម៉ោង​មុន​ពេលអ​នុ​ប្រធានាធិបតី J.D. Vance ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ជួប​មន្ត្រី​ដាណឺម៉ាក និង Greenland ក្នុង​កិច្ច​ពិភាក្សា។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម លោក ត្រាំ បាន​សង្កត់​ធ្ងន់​ជា​ថ្មី​លើអំ​ណះ​អំណាង​របស់​លោក​ថា សហរដ្ឋ​អាមេរិក «ត្រូវ​ការ Greenland សម្រាប់គោ​លបំ​ណង​សន្តិសុ​ខ​ជាតិ»។ លោក​បាន​បន្ថែម​ថា «NATO គួរ​តែ​ជា​អ្នក​នាំ​មុខ​សម្រាប់​​​យើង​​ក្នុង​ការ​ទទួល​បាន​វា» បើ​មិន​ដូច្នេះ​ទេ រុស្ស៊ី ឬចិន នឹងយ​ក​បាន។

លោក ត្រាំសរសេរថា៖ «NATO នឹងក្លាយទៅជាគួរឱ្យខ្លាចខ្លាំង និងមានប្រសិទ្ធ​ភាព​ជាង​មុន ប្រសិន​បើ Greenland ស្ថិត​នៅ​ក្នុង​កណ្តាប់​ដៃរ​បស់​សហរដ្ឋ​អាមេរិក។ អ្វី​ដែល​តិច​ជាង​នេះ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ»

Greenland កំពុងស្ថិតនៅចំកណ្តាលនៃព្យុះភូមិសាស្ត្រនយោបាយ ខណៈដែលលោក ត្រាំ នៅ​តែ​ប្រកាន់​ជំហរ​ថា​ លោក​​​ចង់​បាន​កោះ​នេះ​ជា​កម្ម​សិទ្ធិ ចំណែក​ឯ​ប្រជាជន​នៃទី​ក្រុង Nuuk ដែល​ជា​រដ្ឋ​ធានី​របស់​កោះនេះ​ និយាយ​ថា វា​មិន​មែន​សម្រាប់​លក់​នោះទេ​។ សេត​វិមាន​មិន​បានច្រាន​ចោលលទ្ធភាព​នៃកា​រ​ប្រើ​កម្លាំង​បាយ​ ដើម្បីដ​ណ្តើម​យក​កោះ​នៅ​តំបន់​អាកទិក​នេះ​ឡើយ។

លោក Vance ត្រូវជួបរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Løkke Rasmussen និង​សម​ភាគី Greenland លោក​ស្រី Vivian Motzfeldt នៅ​ទីក្រុង​វ៉ាស៊ីន​តោន កាល​ពី​ថ្ងៃទី​​១៤ខែ​មករា ដើម្បី​ពិភាក្សា​អំពី​បញ្ហាកោះ​នេះ​ ដែលជា​ដែន​ដី​ស្វ័យ​ភាព​ពា​ក់​កណ្តាល​របស់​ប្រទេស​ដាណឺ​ម៉ាក ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់ស​ហរដ្ឋ​អាមេរិក​ក្នុង​អង្គកា​រ NATO។

មុន​កិច្ចប្រជុំនេះ រដ្ឋមន្ត្រីការបរទេសបារាំង បាន​ថ្កោល​ទោស​ចំពោះអ្វី​ដែ​ល​លោ​កបា​ន​ពណ៌នា​ថាជា​ «ការ​គំរាមកំហែង» រប​ស់​សហរដ្ឋ​អាមេរិក ជុំវិ​ញ​បញ្ហា​កោះ​ Greenland ដែល​ជា​សញ្ញា​ចុង​ក្រោយ​នៃ​ភាព​មិន​ពេញ​ចិត្ត​ក្នុង​ចំណោម​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។

នៅតាមដងផ្លូវសំខាន់ៗដែលគ្របដណ្តប់ដោយព្រិលក្នុងទីក្រុង Nuuk អ្នកសារព័ត៌មានអន្តរជាតិ និងក្រុមការងារថតរូប បានឈប់សួរអ្នកដំណើរឆ្លងកាត់រៀងរាល់ពីរបីម៉ែត្រម្តង ដើម្បីសួរពីចំណាប់អារម្មណ៍របស់ពួកគេចំពោះវិបត្តិមួយនេះ ដែលនាយករដ្ឋមន្ត្រីដាណឺម៉ាកបានព្រមានថា អាចនឹងបង្កឱ្យមានការបញ្ចប់នៃសម្ព័ន្ធភាពសន្តិសុខឆ្លងមហាសមុទ្រអាត្លង់ទិក។

កញ្ញា Tuuta Mikaelsen និស្សិតអាយុ ២២ ឆ្នាំម្នាក់ នៅទីក្រុង Nuuk បាននិយាយថា នាងសង្ឃឹមថា ​មន្ត្រីអាមេរិក​នឹង​ទទួលបានសារ «ឱ្យដកថយទៅវិញ»។

នាយករដ្ឋមន្ត្រីកោះ Greenland លោក Jens-Frederik Nielsen បានប្រាប់សន្និសីទ​សារព័ត៌មាន​មួយ​នៅក្នុងទីក្រុង​កូពែន​ហាក ប្រទេសដាណឺម៉ាក កាលពីថ្ងៃទី​១៣ខែ​មករា​ថា៖ «ប្រសិនបើយើងត្រូវជ្រើសរើសរវាង​សហរដ្ឋ​អាមេរិក និង​ដាណឺម៉ាក​ នៅពេលនេះ យើងជ្រើសរើសយកដាណឺម៉ាក។ យើងជ្រើសរើសយក Nato។ យើងជ្រើសរើសយក​ព្រះរាជាណាចក្រដាណឺម៉ាក។ យើងជ្រើសរើសយក​សហភាពអឺរ៉ុប (EU)»

នៅពេលត្រូវបានសួរកាលពីថ្ងៃទី​១៣ខែមករា អំពី​មតិ​យោបល់​របស់​ លោក Nielsen លោក ត្រាំ បាន​ឆ្លើយ​តប​ថា៖ «ខ្ញុំ​មិន​យល់​ស្រប​ជាមួ​យគា​ត់​ទេ។ ខ្ញុំមិនដឹងថាគាត់ជាអ្នក​ណា​ទេ។ ខ្ញុំ​មិនដឹងអ្វីទាំង​អស់អំពី​គាត់។ ប៉ុន្តែ វា​នឹងក្លាយ​ជា​បញ្ហា​ធំសម្រាប់​គាត់»

Greenland មានសារៈសំខាន់ជាយុទ្ធសាស្ត្រ ពីព្រោះនៅពេលដែលការប្រែប្រួលអាកាសធាតុ បណ្តាលឱ្យទឹកកករលាយ វានឹងបើកលទ្ធភាពសម្រាប់ផ្លូវពាណិជ្ជកម្មខ្លី​ជាងមុនទៅកាន់អាស៊ី។ វាក៏អាចធ្វើឱ្យមាន​ភាពងាយស្រួលក្នុងការ​ទាញ​​​យក និងដឹកជញ្ជូនប្រភពរ៉ែ​សំខាន់ៗ​ដែលមិនទាន់បាន​ប្រើប្រាស់ ដែលចាំបាច់សម្រាប់ផលិតកុំព្យូទ័រ និងទូរស័ព្ទ។

លោក ត្រាំ បាននិយាយនៅក្នុងការបង្ហោះកាលពីថ្ងៃទី​១៤ខែ​មករា​ថា Greenland គឺ «មានសា​រៈសំខាន់​ខ្លាំង» សម្រាប់​​កម្មវិធី​ការ​ពារ​មីស៊ីល Golden Dome របស់សហរដ្ឋអាមេរិក។ លោកក៏បាននិយាយផងដែរថា លោកចង់បាន​កោះនេះ ដើម្បីពង្រីកសន្តិសុខរបស់អាមេរិក ហើយបានលើកឡើងនូវអ្វីដែលលោកហៅថា​ ជាការគំរាមកំហែងពីនាវា រុស្ស៊ី និងចិន ជាហេតុផលដើម្បីគ្រប់គ្រងវា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ