ក្រុមជនរងគ្រោះទិញផ្ទះពីក្រុមហ៊ុន ឡេង ណាវ៉ាត្រា ជាង៥ឆ្នាំ តែមិនបានផ្ទះ បានផ្ទុះការតវ៉ា បិទផ្លូវមុខក្រសួងរៀបចំដែនដី ក្នុងរាជធានីភ្នំពេញ ទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការលើឧកញ៉ា ឡេង ណាវ៉ាត្រា ដើម្បីឱ្យបុគ្គលរូបនេះ ទទួលខុសត្រូវចំពោះមុខច្បាប់។
ក្រុមអ្នកតវ៉ា អះអាងថា ឧកញ៉ា ឡេង ណាវ៉ាត្រា បានបំពានកិច្ចសន្យាទិញលក់ច្រើនឆ្នាំមកហើយ ធ្វើឱ្យពួកគេរងសម្ពាធបំណុល និងវិបត្តិផ្លូវចិត្តច្រើនឆ្នាំមកនេះ។
បើតាមអ្នកតវ៉ា ជនរងគ្រោះដែលចេញតវ៉ា នៅថ្ងៃព្រហស្បតិ៍នេះ មានអតិថិជនចូលរួមជាង១០០ នាក់ និងបានលើកបដា រូប លោក ហ៊ុន សែន និងនាំគ្នាស្រែកតាមឧបករណ៍បំពងសំឡេងទាមទារឱ្យប្រព័ន្ធច្បាប់ ផ្តល់យុត្តិធម៌ឱ្យពួកគេ ។
អតិថិជនម្នាក់ អ្នកស្រី រ៉ា ស្រីតូច បានរៀបរាប់ទាំងទឹកភ្នែកពីផលលំបាក ក្រោយទិញផ្ទះពីឧកញ៉ា ឡេង ណាវ៉ាត្រា តែបានត្រឹមគ្រោងឆ្អឹងប៉ុណ្ណោះ ទើបធ្វើឱ្យគាត់ត្រូវទ្រាំរស់នៅជាមួយកូនក្នុងបន្ទប់ជួល ដែលធ្វើឱ្យគាត់រងនូវវិបត្តិផ្លូវចិត្តច្រើនឆ្នាំទៅនេះ ។
អ្នកស្រីថា៖ «ខ្ញុំបានស្រែក នៅក្នុងហ្វេសប៊ុកដែរ ប៉ុន្តែអត់មានអ្នកណាជួយពួកខ្ញុំទេ។ អ៊ីចឹងខ្ញុំគ្រាន់តែចង់ឲ្យរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាហ្នឹងឲ្យពួកខ្ញុំ! ខ្ញុំអត់អាចទៅមុខបានទេ បើសិនជាខ្ញុំអត់បានទទួលបានផ្ទះហ្នឹង។ ដំបូងដែលខ្ញុំទិញ ខ្ញុំសង្ឃឹមថា បាននៅដូចគេផ្សេងដែរ ដោយសារបុរីពន្យាពេលម្តងហើយម្តងទៀត ខ្ញុំធ្វើម៉េច។ ចង់ឱ្យដោះស្រាយជាមួយបុរីហ្នឹង លុះដល់ថ្ងៃមួយមិត្តឯងហ្នឹងដឹង ហើយគាត់អាចទទួលសំណើណាមួយឲ្យរួចបញ្ចប់ផ្ទះរបស់ពួកខ្ញុំ នៅក្នុងឆ្នាំ២០២៦ហ្នឹង ព្រោះវាយូរពេកសម្រាប់ពួកខ្ញុំ! ខ្ញុំអត់ដឹងថា យើងត្រូវស្រែកប៉ុណ្ណាទៀត ដើម្បីឱ្យគាត់! បានដឹងឮដើម្បីគាត់អាចជួយបាន ព្រោះបើនិយាយជាមួយបុរី ខ្ញុំអស់លទ្ធភាពនិយាយហើយ អត់ត្រូវដឹងថា ត្រូវលត់ជង្គង់លន់តួ សុំអង្វរគេ។ អាលុយក៏ឱ្យមកអស់ហើយ! ប៉ុន្តែវាអត់បានផ្ទះ ហើយការងារអី ក៏ខ្ញុំទៅមុខអត់រួចដែរ! គាំងនៅហ្នឹងម៉ង រាល់យប់ខ្ញុំដេកអត់ដែលលក់ទេបង! អ៊ីចឹងខ្ញុំធ្វើម៉េច ឥលូវខ្ញុំសួរ! ឱ្យពួកខ្ញុំធ្វើម៉េច»។
ជាមួយគ្នានេះ អតិថិជនម្នាក់ទៀត បានទាមទារឱ្យឧកញ៉ា ឡេង ណាវ៉ាត្រា ចេញមុខទទួលខុសត្រូវ ដោយថា ជាង៥ឆ្នាំហើយឧកញ៉ារូបនេះ គេចវេសមិនសង់ផ្ទះឱ្យតាមកិច្ចសន្យា ធ្វើឱ្យគាត់ជួបវិបត្តិបំណុលធ្ងន់ធ្ងរ ដោយខាតបង់ប្រាក់ចំនួន៥ម៉ឺនដុល្លារ ដែលជាលុយខ្ចីធនាគារ។
លោកថា៖ «ខ្ញុំបាទប្រជាពលរដ្ឋមានផលវិបាកជាមួយ ឡេង ណាវ៉ាត្រា ឆបោក ករណីអត់សាងសង់ផ្ទះ មួយឆ្នាំជាងៗ រហូត៥ឆ្នាំហើយ អត់មានមកធ្វើមកអីសោះ ឥលូវខ្ញុំមានផលលំបាក បងប្អូនខ្ញុំទាំងអស់គ្នា។ ៥ម៉ឺន ដោយសារ ឡេង ណាវ៉ាត្រា ថា ចាក់ដីធ្វើផ្ទះ តែអត់មានធ្វើសោះ យកលុយខ្ញុំទៅណា ហើយចុងក្រោយថា អស់លុយអាលីងហើយ អត់ដឹងយកទៅណា! យកលុយប្រជាពលរដ្ឋខ្ញុំ ទៅណា ជនរងគ្រោះនេះ! ខ្ញុំខ្ចីធនាគារយកមក ខំហូប អត់ហូបឃ្លាន អត់ហ៊ាន ចាយខ្លួនឯង ដើម្បីយកបង់ឱ្យឡេង ណាវ៉ាត្រា ហ្នឹង! ឱ្យឡេង ណាវ៉ាត្រា ឆបោក។ ហើយខ្ញុំហ៊ានទទួលខុសត្រូវ ការពិត ហើយសុំឱ្យឡេង ណាវ៉ាត្រា ចេញមក ហើយអត់ចេញមកទៀត ភរ កុហក! មានបំណងឱ្យឡេង ណាវ៉ាត្រា ដេញមក មានដំណោះស្រាយឱ្យប្រជាពលរដ្ឋ! ជនរងគ្រោះមកសាងសង់ផ្ទះឱ្យខ្ញុំវិញមក»។
យ៉ាងណា ក្នុងពេលតវ៉ានោះ នាយករងខុទ្ទកាល័យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សុំ មនោរម្យ ក៏បានចេញមុខមកសន្យាដោះស្រាយតាមសំណើរក្រុមអតិថិជន និងឱ្យជឿជាក់លើការដោះស្រាយរបស់ក្រសួង។
លោកថា៖ «យើងសូមអោយបារីជំរុញការសាងសង់នៅក្នុងខែមួយ។ អ៊ីចឹងយើងបានធ្វើកិច្ចការងារសម្របសម្រួល! មានធនធានអីខ្លះដែលនៅសេសសល់ជាបឋម! យើងលក់មិនទាន់ដាច់ភ្លាមៗ ឱ្យប្រមែប្រមូលមកចូលសាងសង់។ គាត់បានចូលសាងសង់ហើយ! ហើយក្រសួងនឹងធ្វើការងារហ្នឹងបន្ថែម! ដើម្បីពង្រីកទីតាំងដែលត្រូវសាងសង់ជាជំហានៗ ព្រោះនេះជាអ្វីដែលយើងកំពុងធ្វើ ហើយយើងទទួលយកសំណូមពររបស់បងប្អូនទាំងអស់»។
បញ្ហាឧកញ៉ា ឡេង ណាវ៉ាត្រា គ្មានផ្ទះឱ្យអតិថិជននេះដែរ ក៏កំពុងពង្រីកការឈឺចាប់ដល់កងទ័ព។
តាមរយៈវីឌីអូដែលចែកចាយលើបណ្តាញសង្គមនាពេលថ្មីៗនេះ យោធាម្នាក់ឈ្មោះ វិត គីមសាន បានថ្លែងពីទុក្ខលំបាក ដោយសារក្រុមហ៊ុន ឡេង ណាវ៉ាត្រា មិនសង់ផ្ទះតាមកិច្ចសន្យា ធ្វើឱ្យលោកដេករង់ចាំជាច្រើនខែក្នុងបន្ទប់ជួល ហើយត្រូវបង់ថ្លៃបន្ទប់ជួលជារាល់ខែ ៥០ដុល្លារ និងកំពុងជាប់បំណុលធនាគារផង។
ជុំវិញរឿងនេះ អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលចូលរួមនយោបាយជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន លោក សួន សួរីដា យល់ថា ករណីឧកញ៉ា ឡេង ណាវ៉ាត្រា នេះគឺជាទម្រង់អំពើឆបោក ព្រោះរកស៊ីបំពានកិច្ចសន្យាអតិថិជន ដែលត្រូវប្រឈមនឹងមុខច្បាប់។
លោកថា ករណីបែបនេះ បើនៅប្រទេសមានប្រព័ន្ធនិតិរដ្ឋរឹងមាំ អ្នកប្រព្រឹត្តិអំពើឆបោកបែបនេះ មិនអាចរស់នៅក្រៅសំណាញ់ច្បាប់បានទេ តែលោកថានៅស្រុកខ្មែរវិញ ដោយសារតែឧកញ៉ា ឡេង ណាវ៉ាត្រា មានគ្រួសារអ្នកមានអំណាចនៅពីក្រោយ ទើបប្រព័ន្ធច្បាប់មិនហ៊ានកាត់ទោសបែបនេះ។
លោកថា៖ «ខ្ញុំគិតថា ប្រជាពលរដ្ឋគាត់ហាក់ដូចជាលែងមានទំនុកចិត្ត និងជឿជាក់ទៅលើប្រព័ន្ធច្បាប់ដែលដឹកនាំដោយរដ្ឋាភិបាលកម្ពុជា អ៊ីចឹងគាត់ងាកមកធ្វើការតវ៉ាចុះផ្លូវទាមទារឲ្យក្រុមហ៊ុនដែលរកស៊ីអចលនទ្រព្យ នៅក្នុងការរំលោភកិច្ចសន្យានេះ ឲ្យងាកមកដោះស្រាយ ហើយខ្ញុំគិតថា បើសិនបើជាប្រជាពលរដ្ឋចុះមកកាន់ផ្លូវកាន់តែច្រើន អ្វីដែលជាផល គឺខ្ញុំគិតថារដ្ឋាភិបាលនឹងប្រឹងប្រែងរូតរះ គេហៅថា មូលដៃអាវលាត់ជើងខោ និងមកដោះស្រាយឲ្យប្រជាពលរដ្ឋមិនខាន។ ប៉ុន្តែប្រសិនបើប្រជាពលរដ្ឋដែលរងគ្រោះនោះ នៅតែព្រងើយកន្តើយរបៀបទៅសំពះអង្វរលន់តួឱ្យសមត្ថកិច្ច ដែលធ្វើកិច្ចការហ្នឹង ឬក៏ក្រុមហ៊ុនទាំងនោះ ឲ្យប្រគល់នូវផ្ទះសម្បែង ឬសំណងត្រឡប់មកប្រជាពលរដ្ឋដែលរងគ្រោះវិញ ខ្ញុំគិតថាអត់»។
ជុំវិញរឿងនេះដែរ អ្នកច្បាប់ និងជាអ្នកវិភាគឯករាជ្យ លោក វ៉ន ចាន់ឡូត បញ្ចេញមតិលើហ្វេសប៊ុកលោកនៅថ្ងៃទី១៥ ខែមករានេះថា អ្នកចាញ់បោកឧកញ៉ាលក់ផ្ទះខ្យល់មានជម្រើស២ ដើម្បីដោះស្រាយបញ្ហានេះ គឺទី១ ចេញតវ៉ាជាសាធារណៈរាល់ថ្ងៃឱ្យពួកគេទទួលខុសត្រូវ ព្រោះខ្លួនជាអ្នកចាញ់បោកពិតប្រាកដ ហើយគ្មាននរណារកយុត្តិធម៌ក្រៅពីខ្លួនឯងជាជនរងគ្រោះទេ។ ជម្រើសមួយទៀត លោកថា ត្រូវឈប់បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សនេះ មិនអាចការពារទ្រព្យសម្បត្តិ និងយុត្តិធម៌ឲ្យពលរដ្ឋបាន។
យ៉ាងណា ប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន នៅខែកុម្ភៈ ឆ្នាំ២០២៤ ធ្លាប់ចេញការពារថា ភាពយឺតយ៉ាវសង់ផ្ទះនេះ ដោយសារតែក្រុមហ៊ុនកប់ដើមទុនទៅលើដីក្នុងចំនួនច្រើន និងធានាថាក្រុមហ៊ុននេះមិនទាន់ក្ស័យធនទេ។
ដោយឡែក កាលពីឆ្នាំ២០២១ លោក ហ៊ុន សែន ក៏បានកាត់ដីគម្របព្រៃឈើចំនួន ១៧២ហិកតា នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីផ្ដល់ជាកម្មសិទ្ធិទៅឱ្យលោក ឡេង ណាវ៉ាត្រា។ ក្រោយមក ក្រុមហ៊ុននេះធ្លាប់បានទទួលសិទ្ធិអភិវឌ្ឍន៍តំបន់ភ្នំតាម៉ៅ និងបានកាប់បំផ្លាញព្រៃឈើនៅទីនោះ។
ក្រោយបែកធ្លាយរឿងបំផ្លាញធនធានធម្មជាតិនោះ ពលរដ្ឋទាមទារឱ្យ លោក ហ៊ុន សែន កាត់ទោសម្ចាស់ក្រុមហ៊ុន ដាក់ពន្ធនាគារ ប៉ុន្តែលោក ហ៊ុន សែន ច្រានចោលការទាមទារនេះ។
យ៉ាងណា អ្នកឃ្លាំមើល ធ្លាប់ព្រមានថា បើគ្មានវិធានច្បាប់លើឧកញ៉ាឆបោក រួមទាំងឧកញ៉ា ឡេង ណាវ៉ាត្រាទេ នោះពលរដ្ឋនឹងរស់នៅរងគ្រោះដោយសារវិបត្តិបំណុល លក់ស្រែ ផ្ទះសម្បែង ចំណាកស្រុក ធ្លាក់ខ្លួនក្រីក្រទៅៗ ដែលវិបត្តិនេះអាចក្លាយជាចលាចលសង្គមផ្ទុះឡើង បើក្រុមជនរងគ្រោះអស់ការអត់ធ្មត់នោះ៕









