កម្ពុជា បានជូនដំណឹងជាផ្លូវការពីការលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរចិនចូលមកកម្ពុជា ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃ ដោយគ្រាន់តែបំពេញ E-arrival card ដោយសំអាងថា ដើម្បីជំរុញកំណើនភ្ញៀវទេសចរចិនឱ្យកាន់តែច្រើននៅកម្ពុជា។
នេះបើតាមការជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ «ស្តីពីការលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនក្នុងអំឡុងពេល៤ខែ(គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦)»។
ក្រសួងនិយាយថា រដ្ឋាភិបាលបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលកាន់លិខិតឆ្លងដែននៃសាធារណរដ្ឋប្រជាមានិតចិន (PRC) ទាំងអស់ រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ។
ក្រសួងបញ្ជាក់ថា ភ្ញៀវទាំងនោះ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយ ឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបាន ចំនួន១៤ថ្ងៃ ក្នុងអំឡុងពេល៤ខែ (គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦) ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card។
លើសពីនេះ ក្នុងកំឡុងពេលសុពលភាពនៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន។ ក្រសួងថា សមាគម ឧស្សាហកម្មទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន និងភាគី ពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងចូលរួមផ្សព្វផ្សាយឱ្យបាន ទូលំទូលាយតាមគ្រប់មធ្យោបាយ សំដៅជំរុញកំណើនភ្ញៀវទេសចរចិនមកកាន់ប្រទេសកម្ពុជា៕









