ទីបំផុតទៅ រដ្ឋសភាកម្ពុជា បានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឬហៅកាត់ថា UNCLOS ដែលការផ្តល់សច្ចាប័នលើអនុសញ្ញានេះ នឹងផ្តល់ប្រយោជន៍ជាច្រើនដល់កម្ពុជា ក្នុងការការពារដែនសមុទ្រ ទៅតាមក្របខ័ណ្ឌច្បាប់អន្តរជាតិ។
ការណ៍នេះ អ្នកឃ្លាំមើលបង្ហាញការសាទរ និងបានបន្តជំរុញឱ្យរដ្ឋាភិបាលកម្ពុជា យកសំណុំរឿងដែនកោះ និងដែនសមុទ្រកម្ពុជាដែលប្រទេសជិតខាង រំលោភយកជាច្រើនទស្សវត្ស៍មកហើយនោះ ដាក់ប្តឹងទៅតុលាការអន្តរជាតិ ដើម្បីទាមទារយកដែនសមុទ្រ និងដែនកោះនោះមកវិញ។
នាពេលកន្លងមក អ្នកឃ្លាំមើល អ្នកនយោបាយមកពីបក្សប្រឆាំង និងចៅក្រមនៃតុលាការអន្តរជាតិសម្រាប់ច្បាប់សមុទ្រ (Internatinal Tribunal for the law of the sea “ITLOS”) និងជាអតីតអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក Horinouchi Hidehisa ធ្លាប់បានជំរុញជាយូរយារមកហើយ ឱ្យកម្ពុជាផ្តល់សច្ចាប័ន ឬអនុម័តយល់ព្រមលើច្បាប់សមុទ្រ (UNCLOS) ដែលពួកគេយល់ថា អនុញ្ញានេះនឹងជួយការពារដែនសមុទ្រ ទាញយកអត្ថប្រយោជន៍ផ្សេងៗពីសមុទ្រ និងដោះស្រាយវិវាទព្រំដែនសមុទ្រ ឬទាមទារត្រឡប់មកវិញ នូវកោះត្រល់ និងកោះគុត ជាដើម ដែលប្រទេសជិតខាងបានរំលោភយក។
យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់រដ្ឋសភា ឱ្យដឹងថា ក្នុងសម័យប្រជុំលើកទី៥ និតិកាលទី៧ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦នេះ អង្គរដ្ឋសភា បានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ជាឯកច្ឆន្ទ។
ប្រភពដដែលបន្តថា សេចក្តីព្រាងច្បាប់ UNCLOS នេះមាន បីមាត្រា ហើយការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ នឹងផ្តល់អត្ថប្រយោជន៍ដល់កម្ពុជាដែលជាប្រទេសមានសមុទ្រ ទទួលបាននូវក្របខ័ណ្ឌច្បាប់សមុទ្រមួយពេញលេញ សម្រាប់កិច្ចការសមុទ្រ, ទទួលបានការការពារតាមច្បាប់សមុទ្រអន្តរជាតិ ទាក់ទងនឹងការគ្រប់គ្រងសមុទ្ររបស់កម្ពុជា និងការពង្រឹងតួនាទីកម្ពុជាលើឆាកអន្តរជាតិ តាមរយៈការពង្រីកកិច្ចសហប្រតិបត្តិការដោយស្មើមុខ ក្នុងការគ្រប់គ្រងសមុទ្រ, ដោះស្រាយបញ្ហាសមុទ្រជាមួយបណ្តាប្រទេសនានា និងមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសមាសភាពអាជ្ញាធរបាតសមុទ្រអន្តរជាតិ ក៏ដូចជាចៅក្រមតុលាការអន្តរជាតិនីតិសមុទ្រ ជាដើម។
អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រឆ្នាំ១៩៨២ ឬ UNCLOS ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គាបៃ ប្រទេសហ្សាម៉ាអ៊ីក ហើយចូលជាធរមាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៤។ បច្ចុប្បន្នមានប្រទេស១៧១ បានចូលជារដ្ឋភាគីនៃអនុសញ្ញានេះ។ ក្នុងក្របខ័ណ្ឌអាស៊ាន ប្រទេសចំនួន១០ រួមទំាងប្រទេសឡាវដែលជាប្រទេសមិនជាប់សមុទ្រ បានចូលជាភាគីនៃអនុសញ្ញានេះរួចហើយ ហើយកម្ពុជា បានចុះហត្ថលេខាលើអនុសញ្ញានេះ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៨៣។
អនុសញ្ញានេះ កំណត់អំពីក្របខ័ណ្ឌគតិយុត្តនៃការកំណត់ព្រំដែនសមុទ្រ សេរីភាពផ្នែកនាវាចរណ៍តាមផ្លូវសមុទ្រ សិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋភាគីក្នុងការប្រើប្រាស់លម្ហសមុទ្រ និងសេចក្តីណែនាំនានា សម្រាប់ការធ្វើធុរកិច្ច កិច្ចការពារបរិស្ថាន ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិសមុទ្រដ៏សម្បូរបែប។
លោក ប៉ែន ណាត ប្រធានក្រុមឃ្លាំមើលកម្ពុជា សាទរចំពោះការអនុម័ត ឬការផ្តល់សច្ចាប័នអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)នេះ ដោយលោកថា ច្បាប់អន្តរជាតិមួយនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ក្នុងការការពារអត្ថប្រយោជន៍ និងទប់ស្កាត់ការឈ្លានពានរបស់ប្រទេសជិតខាង មកលើដែនសមុទ្រកម្ពុជា។
លោកបន្តថា នៅពេលដែលរដ្ឋាភិបាលកម្ពុជា អនុម័តទៅលើច្បាប់ដែនសមុទ្រនេះហើយ កម្ពុជាក៏អាចតវ៉ាទាមទារយកដែនសមុទ្រ និងកោះរបស់កម្ពុជា ដូចជាកោះត្រល់ កោះគុត ពីការរំលោភបំពានរបស់ប្រទេសជិតខាង ដែលមានថៃ និងវៀតណាម បានផងដែរ ដោយប្តឹងករណីទាំងនេះ ទៅតុលាការអន្តរជាតិចំនួន២ រួមមាន តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងតុលាការមជ្ឈត្តិការអន្តរជាតិ (Permanent Court of Arbitration “PCA”) នៅទីក្រុងឡាអេបានផងដែរ។
លោកថា៖ «កម្ពុជា មកដល់បច្ចុប្បន្ន ទាំងសៀម ទាំងយួនហ្នឹង នាំគ្នារំលោភដែនសមុទ្រកម្ពុជាយកអស់រលីង ឃើញទេ ហើយចឹងហើយបានថា កម្ពុជាអនុម័តច្បាប់សមុទ្រ UNCLOS ឆ្នាំ៨២[ឆ្នាំ១៩៨២] ដើម្បីយកមកផ្ទៀងផ្ទាត់តវ៉ា ការពារអត្ថប្រយោជន៍របស់កម្ពុជាលើដែនសមុទ្រឡើងវិញ តវ៉ាទាំងជាមួយថៃ ទាំងជាមួយវៀតណាម ដើម្បីទាមទារយកដែនសមុទ្រកម្ពុជាត្រឡប់មកវិញ វាមានសារសំខាន់អញ្ចឹង។ ហើយបើថាប្រទេសអស់ហ្នឹង មិនប្រគល់ដែនសមុទ្រឱ្យកម្ពុជាវិញទេ វាមានតែកម្ពុជាប្តឹង ប្តឹងទៅតុលាការអន្តរជាតិដែលវាមានពីរ តុលាការពាក់ព័ន្ធនឹងដែនសមុទ្រ ទី១ តុលាការយុត្តិធម៌អន្តរជាតិ ICJ ហ្នឹង ហើយទី២អាចប្តឹងទៅតុលាការអន្តរជាតិមួយទៀត គេហៅថា PCA»។
បើតាមលោក ម៉ែន ណាត ច្បាប់ UNCLOS មានមូលដ្ឋានគ្រឹះចំនួន៣ ដែលផ្តល់ផលប្រយោជន៍ដល់កម្ពុជា ក្នុងនោះមានចែងពីសមុទ្រដែនដី ដែលមានជម្រៅជាង ២០គីឡូម៉ែត្រ ពីឆ្នេររហូតទៅជម្រៅបាតសមុទ្រ, សមុទ្រតភ្ជាប់ពីឆ្នេរទៅជម្រៅ ៤៤គីឡូម៉ែត្រ និងតំបន់សេដ្ឋកិច្ចពិសេស ឬពីឆ្នេរសមុទ្រកម្ពុជាទៅដែនសមុទ្រអន្តរជាតិ ដែលមានជម្រៅជាង ៣០០គីឡូម៉ែត្រ។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានគាំទ្ររដ្ឋសភាចំពោះការអនុម័តលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ ឆ្នាំ១៩៨២ ឬហៅកាត់ថា UNCLOS នេះផងដែរ។ លោកគិតថា ការអនុម័តច្បាប់អន្តរជាតិ នៅពេលនេះ ទំនងជាមកពីកម្ពុជាកំពុងមានជម្លោះព្រំដែនទាំងព្រំដែនគោក និងព្រំដែនសមុទ្រជាមួយថៃ។
ជាតំណាងគណបក្សប្រឆាំងមួយដែលធ្លាប់បានស្នើឱ្យកម្ពុជា អនុម័ត ឬផ្តល់សច្ចាប័នលើច្បាប់សមុទ្រ UNCLOS នេះជាយូរខែឆ្នាំមកហើយនោះ លោក សំអាន ក៏បានស្នើទៅរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ លោក ហ៊ុន ម៉ាណែត យកសំណុំរឿងកោះគុត និងករណីសមុទ្រទំហំ ២៦០០០គីឡូម៉ែត្រការ៉េ ដែលរដ្ឋាភិបាលថៃ និងរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត អះអាងថា ត្រួតស៊ីគ្នា រួមទាំងកោះត្រល់ ចង្កោមកោះក្រចកសេះ តំបន់ទឹកប្រវត្តិសាស្ត្រទំហំ១០ពាន់គីឡូម៉ែត្រ និងដែនសមុទ្រទំហំ៣០ពាន់គីឡូម៉ែត្រ ដែលវៀតណាមរំលោភយកនោះ ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ)ផងដែរ ដើម្បីទាមទារតំបន់ទាំងនោះត្រឡប់មកវិញ។
លោកថា៖ «បើគិតពីច្បាប់ UNCLOS ឆ្នាំ៨២នេះ គឺកោះត្រល់ដែលនៅចម្ងាយ១៥គីឡូម៉ែត្រពីឆ្នេរខេត្តកំពតនៃប្រទេសកម្ពុជាហ្នឹង ជាកម្មសិទ្ធិរបស់កម្ពុជា ហើយកោះក្រចកសេះ បើតាមច្បាប់សមុទ្រឆ្នាំ៨២ ក៏ជារបស់កម្ពុជា តំបន់សមុទ្រគេហៅថាតំបន់ទឹកប្រវត្តិសាស្ត្រឆ្នាំ៨២ ទំហំ១០ពាន់គីឡូម៉ែត្រការ៉េក៏ជារបស់កម្ពុជា ហើយសមុទ្រខ្មែរទំហំ៣០ពាន់គីឡូម៉ែត្រការ៉េដែលវៀតណាមគ្រប់គ្រងហ្នឹង ក៏ជារបស់កម្ពុជា បើគិតពីតំបន់ត្រួតស៊ីគ្នាជាមួយថៃ គេហៅថាតំបន់សមុទ្រត្រួតស៊ីគ្នាទំហំ ២៦០០០គីឡូម៉ែត្រការ៉េហ្នឹង បើតាមច្បាប់សមុទ្រឆ្នាំ៨២ក៏ជារបស់កម្ពុជា ហើយបើគិតពីកោះគុត ពីរភាគបីក៏ជារបស់កម្ពុជា។ ហើយបើកម្ពុជាប្តឹងថៃទៅកាន់តុលាការអន្តរជាតិ ប្រេងនិងឧស្ម័នដែលមានតម្លៃរហូតដល់ ៣០០ពាន់លានដុល្លារ នៅតំបន់សមុទ្រត្រួតស៊ីគ្នាជាមួយថៃហ្នឹង ប្រាកដជាបានមកកម្ពុជា១០០ភាគរយ ដោយមិនបែងចែកជាមួយថៃនោះទេ»។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រនេះ ពីអ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង បានទេនៅរសៀលថ្ងៃសុក្រនេះ។
មេដឹកនាំគណបក្សកាន់អំណាចនៅកម្ពុជា លោក ហ៊ុន សែន ដែលវៀតណាមលើកបន្តុបឱ្យឡើងកាន់អំណាចកំពូលនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧៩មក រងការរិះគន់ថា ធ្វើឱ្យបាត់បង់ទឹកដីជាច្រើនទៅប្រទេសវៀតណាម ទាំងដីគោក និងប្រជុំកោះ មានកោះត្រល់ជាដើម រួមទាំងបានគំរាមរំលាយរបបរាជានិយមអាស្រ័យធម្មនុញ្ញ បើព្រះអង្គហ៊ានជំទាស់នឹងមហិច្ឆតាវៀតណាមលេបទឹកដី តាមរយៈធ្វើឱ្យសន្ធិសញ្ញាព្រំដែនខុសច្បាប់រស់ឡើងវិញនៅឆ្នាំ២០០៥។
ជម្លោះព្រំដែន បានកម្រើកឡើងខ្លាំងនៅក្នុងសភា ចាប់ពីឆ្នាំ២០០៥មក ក្រោយពីលោក ហ៊ុន សែន គំរាមរំលាយស្ថាប័នព្រះមហាក្សត្រ បើព្រះអង្គមិនព្រមឡាយព្រះហស្តលេខា លើសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមឆ្នាំ២០០៥ ដែលសន្ធិសញ្ញានេះ ត្រូវបានគណបក្សប្រឆាំងចោទថា ជាសន្ធិសញ្ញាខុសច្បាប់ ធ្វើឡើងតាមការចង់បានរបស់វៀតណាម។
ចាប់ពីពេលនោះមក មេដឹកនាំគណបក្សប្រជាជនកម្ពុជា រងការរិះគន់ថា ធ្វើឱ្យបាត់បង់ចង្កោមកោះជាច្រើនរបស់កម្ពុជា រួមទាំងកោះត្រល់ និងព្រំដែនគោក ធ្លាក់ក្នុងដៃវៀតណាមគ្រប់គ្រង តាមរយៈសន្ធិសញ្ញាព្រំដែនបំពេញបន្ថែមនេះ ។
ដោយឡែក នៅព្រំដែនខាងលិចវិញ ក៏ត្រូវបានអ្នកឃ្លាំមើលបញ្ហាព្រំដែន ដែលមិនចំណុះឱ្យរដ្ឋាភិបាល បានអះអាងថា ត្រូវបានភាគីថៃរំលោភយក ក្នុងនោះរួមទាំងកោះគុតផងដែរ ដែលកម្ពុជាចាំបាច់ ត្រូវផ្តល់សច្ចាប័នលើច្បាប់សមុទ្រអន្តរជាតិ UNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រ ។
បើតាមក្រុមអ្នកឃ្លាំមើល កម្ពុជាមានមូលដ្ឋានច្បាប់រឹងមាំ ដើម្បីទប់ទល់ទៅនឹងមហិច្ឆតាបរទេសឈ្លានពាន ដោយមិនចាំបាច់បង្ហូរឈាម នោះគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស សន្ធិសញ្ញាបារាំង សៀម រួមទាំងឯកសារប្រវត្តិសាស្ត្រមួយចំនួនទៀត ។
ការណ៍នេះ មេដឹកនាំត្រូវប្រើច្បាប់ទាំងនេះ ដើម្បីការពារទឹកដី ចៀសវាងបង្ក្រាបបំបិទមាត់អ្នកដែលនិយាយលាតត្រដាងពីមហិច្ឆតាប្រទេសឈ្លានពាន ជុំវិញការចោទប្រកាន់ថា ដើម្បីតែចង់ការពារអំណាចតពូជ សុខចិត្តកាត់ទឹកដីឱ្យបរទេស ក្បត់នឹងរដ្ឋធម្មនុញ្ញ និងជាតិសាសន៍ខ្លួននោះ។
មាត្រា៤៤០ នៃក្រមព្រហ្មទណ្ឌកម្ពុជា ចែងថា បទប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត៕









