សហមេធាវីការពារក្តីបន្តរំឮកពីភាពអយុត្តិធម៌ លោក កឹម សុខា មេដឹកនាំគណបក្សសង្រ្គោះជាតិ ដែលត្រូវប្រព័ន្ធតុលាការលោក ហ៊ុន សែន ផ្អឹបការជំនុំជម្រះជាង៨ឆ្នាំមកនេះ ខណៈមានចរន្តជំរុញឱ្យដោះលែងលោក កឹម សុខា ដើម្បីផ្សះផ្សាជាតិ រួមគ្នាប្រឆាំងបរទេសឈ្លានពានទឹកដី។
ការលើកឡើងពីរឿងក្តី លោក កឹម សុខា ជាថ្មីទៀតនេះ ចំពេលមានសារអំពាវនាវឱ្យរដ្ឋាភិបាលងាកទៅរកការផ្សះផ្សាជាតិ តែរដ្ឋាភិបាលហាក់មិនទាន់ផ្តល់សញ្ញាពីស្មារតីផ្សះផ្សាជាតិតាមបំណងពលរដ្ឋខ្មែរនៅឡើយទេ។
សហមេធាវីការពារក្តី លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី លើកឡើងនៅថ្ងៃទី១៥ ខែមករាថា ក្នុងស្ថានភាពប្រទេសជាតិកំពុងទទួលរងនូវអំពើឈ្លានពានពីបរទេស ពលរដ្ឋខ្មែរកំពុងតែមានការឈឺចាប់ រស់នៅដោយមានការភ័យព្រួយ នៅកម្ពុជាបច្ចុប្បន្នប្រជាពលរដ្ឋខ្មែរទូទៅគ្រប់និន្នាការ បាននិងកំពុងផុសផុលនូវចរន្តចង់ឲ្យមេដឹកនាំ អ្នកនយោបាយខ្មែរ ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ សាមគ្គីជាតិ និងឯកភាពជាតិ។
អ្នកស្រីថា រហូតដល់ពេលនេះ សហគមន៍អន្តរជាតិ នៅតែមានការចាប់អារម្មណ៍ លើករណី លោក កឹម សុខា ប្រធានគណបក្សប្រឆាំង កំពុងតែរស់នៅជាប់ឃុំក្នុងផ្ទះនៅកម្ពុជា ដែលសហភាពអឺរ៉ុប កាណាដា អូស្ត្រាលី និងសហរដ្ឋអាមេរិក ជាដើម ថ្មីៗនេះនៅតែលើកឡើង និងតាមដានចង់ឃើញមានដំណោះស្រាយ ជាពិសេសចង់ឲ្យមានការផ្សះផ្សាជាតិ ដើម្បីបានជាប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរ។
ជុំវិញរឿងនេះដែរ អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន លោក ប៉ោ មករា យល់ថា ការបន្តឃុំខ្លួន លោក កឹម សុខា បែបនេះ ទំនងជាបក្សកាន់អំណាចខ្លាចចាញ់ប្រជាប្រិយភាពមេដឹកនាំបក្សប្រឆាំងរូបនេះ ដែលការចោទប្រកាន់បែបនេះ មិនមែនជាការផ្សះផ្សាជាតិនោះទេ។
យ៉ាងណា លោកថា ពលរដ្ឋខ្មែរហាក់បានដើរមួយជំហ៊ានពីសកម្មភាពសាមគ្តីគ្នា ស្រុះស្រួលគ្នាក្នុងការការពារទឹកដីជាមួយមេដឹកនាំ តែលោកថាមេដឹកនាំហាក់រារែកក្នុងការផ្សះផ្សាជាតិទៅវិញ។
ក្នុងន័យនេះ លោកថា ការឯកភាពជាតិទៅបានទាល់តែមានភាពជាគំរូរបស់មេដឹកនាំ ផ្តើមចេញពីការលុបបំបាត់អំពើអយុត្តិធម៌ក្នុងសង្គម ដោះលែងសកម្មជនសង្គម អ្នកនយោបាយជំទាស់ មាន លោក កឹម សុខា ជាដើម។
លោកថា៖ «ដើម្បីបង្ហាញអំពីភាពសាមគ្គីជាតិឯកភាពជាតិរបស់កម្ពុជាហ្នឹង មេដឹកនាំកម្ពុជាគួរតែដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការ ក៏ដូចជាអ្នកធ្វើកិច្ចការងារសង្គមមួយចំនួន ដែលតែងតែរិះគន់រដ្ឋាភិបាលពាក់ព័ន្ធនឹងភាពអសកម្មនៃការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ជាពិសេសការដោះលែងអតីតមេបក្សប្រឆាំង លោក កឹម សុខា ជាដើមហ្នឹង! ខ្ញុំគិតថាវាជាការបង្ហាញឆន្ទៈដ៏ធំមួយ ក្នុងការរួបរួមសាមគ្គីឯកភាពជាតិដ៏សំខាន់ សម្រាប់ជាតិទាំងមូល ព្រោះការបង្ហាញអ្នកឯកភាពជាតិពិតប្រាកដ វាជាការបង្ហាញនូវភាពខ្លាំងរបស់កម្ពុជាទៅដល់ប្រទេសឈ្លានពានរបស់កម្ពុជា គឺជាភាគីថៃជាដើមហ្នឹង ជាចំណុចខ្លាំងមួយរបស់កម្ពុជាផ្ទាល់»។
យ៉ាងណា នៅក្នុងទិវាខួបលើកទី៤៧ឆ្នាំថ្ងៃ៧មករាឆ្នាំ២០២៦ ជាថ្ងៃដែលវៀតណាមលើកទ័ពចូលឈ្លានពានកម្ពុជា លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានផ្ញើសារដែរថា ក្នុងកំឡុងពេលដែលថៃកំពុងរំលោភយ៉ាងធ្ងន់ធ្ងរបំផុត លើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជាលោកសូមអំពាវនាវ «ដល់បងប្អូនជនរួមជាតិ នៅគ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ក្រោមបាវចនាជាតិ សាសនា ព្រះមហាក្សត្រ និងរួមសាមគ្គីជុំវិញរាជរដ្ឋាភិបាលប្រកបដោយជំនឿមុតមាំចំពោះបុព្វហេតុជាតិ។ សាមគ្គីរស់ សាមគ្គីឈ្នះ ហើយគ្មានអានុភាពណាមកបំផ្លាញឆន្ទៈរបស់យើងបានឡើយ»។
ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលមិនទាន់ផ្តល់សញ្ញា ក្នុងការផ្សះផ្សាជាតិខ្មែរ តាមរយៈការដោះលែងសកម្មជនសង្គម សកម្មជននយោបាយ រួមទាំង លោក កឹម សុខា តបតាមការជំរុញនៅឡើយ។
លោក កឹម សុខា ត្រូវបានសមត្ថកិច្ចប្រដាប់ដោយអាវុធឆ្មក់ចូលចាប់ខ្លួនទាំងកណ្តាលយប់ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ដែលលោក ហ៊ុន សែន ធ្លាប់ទម្លាយថា លោកជាអ្នកបញ្ជា ដោយចោទថា មេបក្សប្រឆាំងរូបនេះ គប់គិតជាមួយអាមេរិកចង់ផ្តួលរំលំរដ្ឋាភិបាលរបស់លោក ខណៈគណបក្សប្រឆាំងនេះ ហក់ឡើងប្រជាប្រិយភាព ទទួលបានសន្លឹកឆ្នោតគាំ ទ្រជិតពាក់កណ្តាលប្រទេស ប្រហាក់ប្រហែលនឹងគណបក្សកាន់អំណាចដែរ។
ប្រមាណជា៣ខែបន្ទាប់ គណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូល ចេញសាលដីការំលាយចេញពីឆាកនយោបាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តាមបណ្តឹងរបស់គណបក្សកាន់អំណាច ។
សាលដីការំលាយនេះ មានចៅក្រម៩រូបជាអ្នកកាត់សេចក្តី ក្នុងនោះមានទាំង លោក ឌិត មុន្ទី និងលោក ជីវ កេង ផងដែរ ដែលលោក ឌិត មន្ទី ពេលនោះ ជាប្រធានតុលាការកំពូល និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលមានលោក ហ៊ុន សែន ជាប្រធាន។
បច្ចុប្បន្នក្នុងអាណត្តិរបស់លោក ហ៊ុន ម៉ាណែត នាអាណត្តិទី៧នេះ លោក ជីវ កេង ត្រូវបានតែងតាំងឱ្យឡើងមកកាន់តំណែងប្រធានតុលាការកំពូល ជំនួសលោក ឌិត មុន្ទី ខណៈលោក ជីវ កេង ក៏ជាសមាជិកគណបក្សប្រជាជនដូចគ្នា។
ទាំងនេះ មានការចោទសួរជា បើមានករណីជម្លោះនយោបាយកើតឡើង រវាងគណបក្សប្រឆាំង និងគណបក្សកាន់អំណាច តើចៅក្រមដែលជាសមាជិកបក្សកាន់អំណាច កាត់ក្តីឱ្យភាគីខាងណាជាអ្នកឈ្នះ។ ការណ៍ដែលប្រព័ន្ធយុត្តិធម៌នៅកម្ពុជា រងការស្តីបន្ទោសពីសហគមន៍អន្តរជាតិថា ជាឧបករណ៍របស់គណបក្សកាន់អំណាច ហើយត្រូវបានគេរៀបចំជាប្រព័ន្ធ ដើម្បីតែកម្ចាត់សំឡេងប្រឆាំង ជំរុញឱ្យជាតិបែកបាក់ ធ្វើឱ្យនីតិរដ្ឋទាប អំពើពុករលួយខ្ពស់។
ជុំវិញរៀងនេះដែរ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយថា ការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ បក្សសង្គ្រោះជាតិ មានការគាំទ្រប្រហាក់ប្រហែលបក្សប្រជាជនកម្ពុជាដែរ ទើបលោកហ៊ុន សែន បារម្ភបាត់អំណាច ទើបឆ្នាំ២០១៧ មុនការបោះឆ្នោតឆ្នាំ២០១៨ លោក ហ៊ុន សែន ក៏ចាប់ខ្លួន លោក កឹម សុខា ដើម្បីជាលេសក្នុងការរំលាយគណបក្សសង្គ្រោះជាតិតែម្តង។
លោកថា ចាប់ពីពេលនោះមក ធ្វើឱ្យជាតិខ្មែរបែកបាក់ បាត់បង់ការឯកភាពជាតិជាធ្លុងមួយ ជំរុញឱ្យមានវិបត្តិសង្គមចាក់ស្រែះ ហើយក៏ជាគ្រោះថ្នាក់ដល់បូរណភាពទឹកដីខ្មែរផងដែរ។
លោកថា៖ «ប្រសិនបើគ្មានការដោះលែងលោក កឹម សុខា ឬក៏ទម្លាក់ចោលបទចោទប្រកាន់ទៅលើ លោក កឹម សុខា និងដោះលែង លោក ថាច់ សេដ្ឋា លោកចៅ វាសនា លោកស៊ុន ចន្ធីនិងអ្នកទោសមនសិការ និងយុវជនបរិស្ថាននោះទេ ខ្ញុំយល់ថា កម្ពុជាមិនអាចមានការបង្រួបបង្រួមជាតិ ហើយកាលណាអត់មានការបង្រួបបង្រួមជាតិ យើងមិនអាចទប់ទល់ទៅនឹងការឈ្លានពានរបស់ថៃបានទេ អាចនឹងមានសង្គ្រាមម្ដងទៀតជាមួយថៃ ហើយក៏មិនអាចទាមទារទឹកដីដែលថៃកំពុងគ្រប់គ្រង»។
លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការទីក្រុងភ្នំពេញ ចេញសាលក្រមចុះថ្ងៃទី៣ ខែមិនា ឆ្នាំ២០២៣ ផ្តន្ទាទោស ដោយឃុំខ្លួននៅក្នុងផ្ទះចំនួន២៧ឆ្នាំ ខណៈសមត្ថកិច្ចចាប់ខ្លួនគាត់ទាំងពាក់កណ្តាលអាធ្រាត្រ ឆ្លងចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។
លោកត្រូវបានតុលាការចោទប្រកាន់ ពីបទក្បត់ជាតិ ពាក់ព័ន្ធនឹងសំណុំរឿងដ៏ចម្រូងចម្រាស ដែលចោទថា គប់គិតជាមួយសហរដ្ឋអាមេរិក ចង់ផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយ លោក ហ៊ុន សែន។
យ៉ាងណា សហរដ្ឋអាមេរិក តាមរយៈស្ថានទូតប្រចាំកម្ពុជា ច្រានចោលទៅនឹងសេចក្តីសម្រេចរបស់តុលាការនេះ ដោយចាត់ទុកថា ការផ្តន្ទាទោស និងដំណើរការច្រើនឆ្នាំ ដើម្បីបំបិទសំឡេង លោក កឹម សុខា ដោយផ្អែកលើបទសមគំនិត ប្រឌិត គឺជាបរាជ័យនៃប្រព័ន្ធយុត្តិធម៌កម្ពុជា។
អាមេរិក អំពាវនាវឲ្យអាជ្ញាធរអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ ប្រើប្រាស់សិទ្ធិមនុស្សជាសាកលក្នុងការប្រមូលផ្តុំគ្នាដោយសន្តិវិធី និងសេរីភាពនៃការបញ្ចេញមតិ ព្រមទាំងការចូលរួមកសាងប្រព័ន្ធប្រជាធិបតេយ្យពិតប្រាកដមួយ៕









