យោធាអឺរ៉ុប​បានទៅ​ដ​ល់កោះ​ហ្គ្រី​ន​ឡែន​ខណៈ​​លោក ត្រាំ និយាយ​ថា សហរដ្ឋ​អាមេរិក​ត្រូវ​ការ​កោះ​នេះ

កងទ័ព​បារាំ​ង​ចំនួន ១៥នាក់ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Nuuk ដែល​ជា​រដ្ឋ​ធានី​នៃកោះ​​ហ្គ្រីន​ឡែន (Greenland) ខណៈដែ​ល​រដ្ឋ​មួយចំ​នួន​នៅអឺ​រ៉ុប បាន​បញ្ជូន​ទាហាន​ទៅ​ទី​នោះ ដែល​ជា​ផ្នែក​មួយ​នៃបេ​សក​កម្ម​សម​យុទ្ធ​ដែល​គេ​ហៅ​ថា​ជា​ការ​រុក​រក។

ការ​ដាក់​ពង្រាយ​នេះ ដែល​នឹងរួមបញ្ចូលផងដែរនូវបុគ្គលិកមកពីប្រទេសអាល្លឺម៉ង់ ស៊ុយ​អែត ន័រវែស ហូឡង់ និងចក្រ​​ភព​​អង់​គ្លេស បាន​កើត​ឡើង​ខណៈ​ដែល​ប្រធានា​ធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បន្ត​ជំរុញ​ការ​ទាម​ទា​រ​របស់​លោក​លើ​កោះអា​ក​ទិក​មួយ​នេះ ដែល​ជា​ផ្នែ​កស្វ​យ័ត​នៃប្រ​ទេស​ដាណឺម៉ាក។

ប្រធានាធិបតីបារាំង លោក Emmanuel Macron បានមានប្រសាសន៍​ថា កងទ័ពដំបូងនេះ​ នឹង​ត្រូវ​បាន​ពង្រឹង​បន្ថែម​​ទៀត​ក្នុង​ពេល​ឆាប់ៗ​នេះ ជាមួយ​នឹង “កង​ទ័ព​ជើង​គោក ជើងអាកាស និងជើងទឹក”។

អ្នកការទូតជាន់ខ្ពស់ លោក Olivier Poivre d’Arvor បានចាត់ទុកបេសកកម្មនេះ ថាជាការផ្ញើ​សារ​នយោបាយ​ដ៏ខ្លាំ​ង​ក្លាមួ​យ​ថា៖ «នេះ​គឺ​ជាស​មយុទ្ធ​លើក​ដំបូង យើង​នឹង​បង្ហាញ​ដល់​សហរដ្ឋ​អាមេរិក​ថា អង្គការ​ណាតូ (NATO) ក៏​មាន​វត្ត​មាន​នៅ​ទីនេះ​ដែរ»។

ការផ្លាស់ទីលំនៅរបស់បុគ្គលិកយោធានេះ បានកើតឡើងបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសដាណឺម៉ាក និងហ្គ្រីន​ឡែន បាន​​​ធ្វើ​ដំណើរ​ទៅកាន់ទីក្រុង​វ៉ាស៊ីនតោន ដើម្បីជួបប្រជុំជាមួយអនុប្រធានាធិបតីអាមេរិក លោក JD Vance កាល​ពី​ថ្ងៃទី​​១៤ខែ​មករា។

បន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក លោក Lars Lokke Rasmussen មាន​ប្រសាសន៍​ថា ទោះ​​បី​ជា​កា​រ​ចរចា​​មាន​លក្ខណៈ​ស្ថាបនា​ក៏​ដោយ ក៏​នៅ​តែ​មាន “ការ​មិន​ចុះស​ម្រុង​គ្នាជា​មូ​លដ្ឋា​ន” រវាង​ភាគី​ទាំង​ពីរ ហើយ​ក្រោយ​​មក​លោក​បាន​រិះ​គន់​ការប៉ុន​ប៉ង​របស់​លោក Trump ក្នុង​ការ​ទិ​ញ​កោះ​ហ្គ្រីន​ឡែន។

ចំណែកឯលោក Trump វិញ បានបង្កើនការប្តេជ្ញាចិត្តរបស់លោក ក្នុងការនាំយកកោះហ្គ្រីនឡែន​ មក​ស្ថិត​ក្រោម​ការ​គ្រប់​​គ្រង​របស់​សហរដ្ឋអាមេរិក ដោយ​បានប្រាប់អ្នក​យកព័ត៌មាននៅក្នុង​ការិយាល័យ Oval ថា “យើង​ត្រូវ​ការ​កោះ​ហ្គ្រីន​ឡែន​សម្រាប់​សន្តិសុខ​ជាតិ”។ ទោះបីជា​លោកមិនបានច្រាន​ចោល​ការប្រើប្រាស់​កម្លាំងបាយ​ក៏ដោយ ក៏លោក​បាន​និយាយកាល​ពីយប់ថ្ងៃទី១៤ខែ​មករា​ថា លោកគិ​ត​ថា​អ្វីៗ​អា​ច​ដោះស្រា​យ​បាន​ជាមួយ​ប្រទេស​ដាណឺម៉ាក។

“បញ្ហាគឺថា ប្រទេសដាណឺម៉ាកមិនអាចធ្វើអ្វីបាន​ឡើយ ប្រសិនបើ រុស្ស៊ី ឬចិន ចង់​ចូល​កាន់​កាប់​កោះ​ហ្គ្រីន​ឡែន ប៉ុន្តែ​​យើង​មាន​សមត្ថភាព​ធ្វើ​បាន​គ្រប់​យ៉ាង។ អ្នក​បាន​ឃើញរួច​មកហើយ​កាល​ពីសប្តាហ៍​មុន ជាមួយ​ប្រទេស​វ៉េណេ​ស៊ុយ​​អេឡា”។

នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk បាននិយាយថា ប៉ូឡូញមិនមានគម្រោងចូលរួម​ក្នុងការ​ដាក់​ពង្រាយយោធា​អឺរ៉ុប​ទៅ​កាន់​កោះ​ហ្គ្រីន​ឡែន​នោះ​ទេ ប៉ុន្តែ​បាន​ព្រមាន​ថា រាល់អន្តរាគមន៍​យោធារបស់​អាមេរិក​នៅទីនោះ “នឹង​​ក្លាយ​ជា​មហន្តរាយ​នយោបាយ”។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា៖ «ជម្លោះ ឬ​ការ​ប៉ុន​ប៉ង​បញ្ចូល​ទឹក​ដី​របស់​សមាជិក​ណាតូ (Nato) មួយ​ ដោយ​សមាជិ​ក​ណាតូ​មួយ​ទៀត នឹ​ង​ក្លាយ​ជា​ទី​បញ្ចប់​នៃ​ពិភព​លោក​ដែល​យើង​ធ្លាប់​ស្គាល់ — ហើ​យ​ដែល​ជា​ពិភព​លោក​បាន​ធានា​សន្តិសុ​ខ​របស់​យើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ»។

ទន្ទឹមនឹងនោះ ស្ថានទូតរុស្ស៊ីប្រចាំប្រទេសប៊ែលហ្សិក បានសម្តែង “ការ​ព្រួយបារម្ភយ៉ាង​ខ្លាំង” ចំពោះ​​អ្វីដែល​កំពុង​កើត​ឡើង​នៅ​តំបន់​អាកទិក ដោយ​បានចោទប្រកាន់អង្គការណាតូថា បានពង្រឹងវត្តមានយោធានៅទីនោះ “ក្រោម​លេស​ក្លែងក្លាយអំពីការកើនឡើងការគំរាមកំហែងពីទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង”។

ប្រទេសអាល្លឺម៉ង់ កំពុងបញ្ជូនយន្តហោះដឹកជញ្ជូន A400M មួយ​គ្រឿង​ទៅកា​ន់​ទីក្រុង Nuuk នៅ​ថ្ងៃទី​១៥ខែ​មករា​ ជាមួយ​កង​ទ័ព​ចំនួន ១៣​នាក់ ទោះ​បី​​ជា​មន្ត្រីបា​ន​និយាយ​ថា ពួក​គេ​នឹង​ស្នា​ក់​នៅក្នុ​ង​កោះ​ហ្គ្រីន​ឡែន​ត្រឹម​តែ​ដល់​ថ្ងៃ​ទី​១៧ខែ​មករា​ក៏​ដោយ។

មន្ត្រីការពារជាតិដាណឺម៉ាក បាននិយាយថា ពួកគេបានសម្រេចចិត្តជាមួយ​រដ្ឋាភិបាល​ហ្គ្រីនឡែន​ថា នឹង​មាន​ការ​បង្កើន​វត្តមាន​យោធា​​​នៅ​ជុំវិញកោះ​ហ្គ្រី​នឡែន​នាពេ​ល​ខាង​មុខ ដើម្បី​ពង្រឹង “ដាន​ជើង” របស់អ​ង្គកា​រ​ណាតូ​នៅ​ក្នុង​តំបន់​អាកទិក សម្រាប់​ជា​ប្រយោជន៍ដល់សន្តិសុខទាំងនៅអឺរ៉ុប និងឆ្លងកាត់មហាសមុទ្រអាត្លង់ទិក។

នៅក្នុងសុន្ទរកថាឆ្នាំថ្មីរបស់លោក​ទៅកាន់កងកម្លាំងប្រដាប់អាវុធបារាំង លោក Macron បានមានប្រសាសន៍ថា ជន​ជាតិ​​អឺរ៉ុប​មាន​ការទទួលខុសត្រូវពិសេស​ចំពោះកោះហ្គ្រីនឡែន “ពីព្រោះ​ទឹកដីនេះ ជា​កម្មសិទ្ធិរបស់​សហភាព​អឺរ៉ុប ហើយ​វាក៏ជា​សម្ព័ន្ធមិត្ត​ណាតូមួយ​របស់យើង​ផងដែរ”។

សហរដ្ឋអាមេរិក មានមូលដ្ឋានទ័ពរួចហើយ​នៅក្នុងកោះហ្គ្រីន​ឡែន ដែល​បច្ចុប្បន្នមាន​បុគ្គលិក​សរុបរហូត​ដល់ ១៥០​នាក់ ហើយ​មាន​ជម្រើស​ក្នុង​ការ​នាំយ​ក​កម្លាំង​បន្ថែម​ក្នុង​ចំនួន​ដ៏​ច្រើន​លើស​លប់ នៅក្រោ​ម​ស្មារតី​នៃ​កិច្ច​ព្រម​ព្រៀង​​​ដែល​មាន​ស្រាប់​ជាមួយ​ទីក្រុង​កូពែន​ហាក (Copenhagen)។ ប៉ុន្តែ គំនិត​ផ្ដួច​ផ្ដើម​ដែល​ដឹក​នាំដោ​យ​ដាណឺ​ម៉ាក​​នេះ ត្រូវ​បាន​គេមើ​ល​ឃើញ​ថា​ជា​ការ​ផ្ញើសារ​ទៅ​កាន់​រដ្ឋ​បាល​ លោក Trump ថា សម្ព័ន្ធមិត្ត​អឺរ៉ុប​ក៏​មាន​ចំណែក​ក្នុង​​សន្តិសុខ​នៅតំ​បន់​អាក​ទិក និង​មហា​សមុទ្រ​អាត្លង់​ទិក​ខាង​ជើង​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ