សេចក្ដីរាយការណ៍ និងការចែកចាយវីដេអូរបស់ពលរដ្ឋនៅលើបណ្ដាញសង្គម បានបង្ហាញឱ្យឃើញពីទិដ្ឋភាពក្រុមជនបរទេសចម្រុះជាតិសាសន៍ នាំគ្នាចល័តចេញពីទីតាំងអគារអនឡាញទាំងហ្វូងៗ នៅពេលយប់អាធ្រាត្រ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ។
ការចល័តខ្លួននេះ ផ្ដើមចេញដំបូងបំផុតគឺនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅតំបន់អូរស្មាច់ ខេត្តឧត្តរមានជ័យ ដោយសារសង្គ្រាមនៅព្រំដែន។ ប៉ុន្តែការចល័តកើតមានកាន់តែច្រើនឡើង ក្រោយនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានប្រកាសពីការចាត់វិធានការលើឧក្រិដ្ឋកម្មអនឡាញ។ បច្ចុប្បន្ន ក្រុមជនបរទេសនៅស្រុកភ្នំព្រឹក ស្រុកកំរៀង ខេត្តបាត់ដំបង ក្រុងព្រះសីហនុ ក្រុងបាវិត តំបន់ជ្រៃធំ ខេត្តកណ្ដាល និងតំបន់ព្រែកចាក ខេត្តកែប ក៏កំពុងសម្រុកភៀសខ្លួនផងដែរ។
ពលរដ្ឋម្នាក់នៅខេត្តកែប សុំមិនបញ្ចេញឈ្មោះ អះអាងថា នៅយប់ថ្ងៃទី១៥ ខែមករា មានក្រុមជនជាតិចិនជាច្រើននាក់ បានចេញពីកាស៊ីណូនៅតំបន់ព្រែកចាក ជិតព្រំដែនវៀតណាម ហើយពេលព្រឹកឡើងក៏បាត់ពួកគេអស់តែម្ដង។
ពលរដ្ឋនៅខេត្តកែប និយាយថា៖ «ព្រឹកឡើងគ្មានឃើញមួយផង វាជញ្ជូនពីយប់អស់ហើយ ទៅវិញពេលយប់អស់ហើយ តាំងពីងងឹតឡើងមិនទាន់ទៅបាត់អស់ហើយ»។
ជនបរទេសទាំងនោះ ភាគច្រើនគឺជាជនជាតិចិន ជនជាតិវៀតណាម តាមដោយជនជាតិផ្សេងទៀត ដូចជា ឥណ្ឌូនេស៊ី ឥណ្ឌា បង់ក្លាដេស និងនេប៉ាល់។ ពួកគេនាំគ្នាដើរដង្ហែតាមផ្លូវ មានកាបូបខោអាវតាមខ្លួន ខណៈខ្លះមានឡានចាំទទួល និងមានសន្តិសុខស្លៀកឈុតខ្មៅតាមកៀងពួកគេទៀតផង។
ដោយឡែកនៅថ្ងៃទី១៦ ខែមករានេះ អ្នកសារព័ត៌មានក្នុងតំបន់ បានឱ្យដឹងថា មានជនបរទេសកំពុងចល័តខ្លួនទាំងកណ្ដាលថ្ងៃ នៅស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ដោយមានឡានតាក់ស៊ីចាំទទួលពួកគេ។
ទោះយ៉ាងណា ពុំមានប្រភពណាមួយបញ្ជាក់បានថា ជនបរទេសទាំងនោះភៀសខ្លួនទៅទីណាឡើយ ដោយមានពលរដ្ឋខ្លះបានលើកឡើងលើបណ្ដាញសង្គម ចាត់ទុកថា ការជម្លៀសខ្លួនរបស់ជនបរទេសទាំងនេះ គឺដើម្បីសុវត្ថិភាព។
ទោះយ៉ាងណា សុវត្ថិភាពដែលគេបានលើកឡើងនោះ វាគឺជាគ្រោះថ្នាក់របស់សង្គមជាតិ ដោយក្រុមជនបរទេសទាំងនោះ កំពុងត្រូវបានអ្នកឃ្លាំមើលសង្ស័យថា ជាបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ និងមានភាពពាក់ព័ន្ធនឹងអាជីវកម្មទុច្ចរិតផ្សេងទៀត ទើបពួកគេរត់គេចបែបនេះ។
ប្រធានក្រុមអ្នកឃ្លាំមើល លោក ម៉ែន ណាត ភ្ញាក់ផ្អើលចំពោះការផ្លាស់ទីដ៏ច្រើនសន្ធឹកសន្ធាប់របស់ជនបរទេស ជាពិសេសជនជាតិចិនក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ ដែលបង្ហាញនូវភាពពុករលួយរបស់រដ្ឋបាលថ្នាក់ខេត្ត។ ងាកទៅការប្ដេជ្ញាក្នុងលិខិតរបស់នាយករដ្ឋមន្ត្រី លោក ម៉ែន ណាត ថាខ្លឹមសារក្នុងលិខិតនោះ គ្មានទម្ងន់គ្រប់គ្រាន់ក្នុងការបោសសម្អាតឧក្រិដ្ឋកម្មនេះឡើយ។ លោកជំរុញឱ្យរដ្ឋាភិបាលបោសសម្អាតទាំងឧក្រិដ្ឋជន និងមន្ត្រីពុករលួយ ទើបអាចធានាបានពីប្រសិទ្ធភាព។
លោក ម៉ែន ណាត និយាយថា៖ «ចាត់វិធានការតាមផ្លូវច្បាប់ទៅលើពួកមន្ត្រីពុករលួយហ្នឹងទៀត មន្ត្រីដែលចូលដៃជើងជាមួយពួកឧក្រិដ្ឋជនហ្នឹងទៀត អាហ្នឹងបានអាចធានានូវការបង្ក្រាបបាន ហើយកុំរើសមុខឱ្យសោះ។ ចង់មានន័យថា មិនថាអ្នកហ្នឹងជាឧកញ៉ា បើកកន្លែងរកស៊ី ឬក៏អ្នកហ្នឹងជាក្រុមគ្រួសារមេដឹកនាំអីទេ អ្នកណាក៏ដោយ ឱ្យតែពាក់ព័ន្ធនឹងបទល្មើសអស់ហ្នឹង ត្រូវតែទទួលការស៊ើបអង្កេតតាមផ្លូវច្បាប់ ហើយត្រូវតែទទួលការផ្ដន្ទាទោស បើរកឃើញថាបានប្រព្រឹត្តបទល្មើសមែន»។
ត្រឹមរយៈពេលបួនថ្ងៃ គិតចាប់ពីថ្ងៃទី១៣ ខែមករា ដែលលោកនាយករដ្ឋមន្ត្រីបានបង្ហាញការប្ដេជ្ញាចិត្តបោសសម្អាតឧក្រិដ្ឋកម្មអនឡាញ អាជ្ញាធរកម្ពុជា បានចុះបង្ក្រាបនៅតាមអគារអនឡាញជាច្រើនទីតាំង ជាពិសេសនៅថ្ងៃទី១៥ ខែមករា តុលាការបានចេញដីកាចាប់ខ្លួនអ្នកឧកញ៉ា លី គួង ដាក់ពន្ធនាគារ ពាក់ព័ន្ធបទល្មើសលាងលុយកខ្វក់។
ទោះយ៉ាងណា អ្នកឃ្លាំមើល ជឿថា នៅមានមេក្លោងឧក្រិដ្ឋជនជាច្រើនរូបទៀត ដែលកំពុងស្ថិតនៅក្រៅសំណាញ់ច្បាប់ ជាពិសេសសាច់ញាតិលោកនាយករដ្ឋមន្ត្រី គឺលោក ហ៊ុន តូ ដែលគេស្គាល់ថាជាបងធំម្នាក់ក្នុងបណ្ដាញឧក្រិដ្ឋកម្មបន្ទាប់ពីលោក ចេន ហ្ស៊ី៕









