ពលរដ្ឋខ្មែរនៅថ្មដា ខេត្តពោធិ៍សាត់ ឱ្យដឹងនៅថ្ងៃសុក្រនេះថា យោធាថៃបានបង្កើនកម្លាំងរាយលួសបន្លាបន្ថែមព័ទ្ធលំនៅឋាន និងបិទផ្លូវមិនឱ្យចេញ-ចូល ក្រោយជនជាតិចិនតវ៉ារុះរើបន្លាលួស ដែលថៃបានឈ្លានពានដីខ្មែរ ក្រោមបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
ការណ៍នេះ អ្នកតាមដាន និយាយថា ទង្វើយ៉ាងគឃ្លើនរបស់យោធាថៃដែលហ៊ានរាយលួសបន្លាព័ទ្ធដីខ្មែរនៅថ្មដានេះ បង្ហាញពីភាពកម្សោយ អសមត្ថភាព ការពារបូរណភាពទឹកដីរបស់មេដឹកនាំគ្រួសារហ៊ុន។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ មានការចែកចាយវីដេអូនៅលើតាមបណ្តេញសង្គម ដែលបង្ហាញពីសកម្មភាពជនជាតិចិនរុះរើបន្លាលួស ដែលយោធាថៃបានដាក់ពង្រាយព័ទ្ធយកដីខ្មែរនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់។
ប៉ុន្តែក្រោយមក នៅថ្ងៃទី១៦ ខែមករានេះ ពលរដ្ឋខ្មែរនៅថ្មដា ខេត្តពោធិ៍សាត់ បានធ្វើវីដេអូឡាយដោយនិយាយថា យោធាថៃបានបង្កើនសកម្មភាពរាយលួសបន្លាបន្ថែមទៀត និងបិទផ្លូវតែម្តង មិនឱ្យពលរដ្ឋចេញ-ចូលលើដីខ្លួននោះទេ។
ពលរដ្ឋនៅថ្មដា ខេត្តពោធិ៍សាត់ ហ្វេសប៊ុកឈ្មោះថា Thol Ben រៀបរាប់ថា ជីវិតកំសត់នៅលើដីខ្លួនឯងហើយ នៅតែលំបាក ព្រោះយោធាថៃបានព័ទ្ធលួសបន្លាជាថ្មី បិទផ្លូវមិនឱ្យពលរដ្ឋខ្មែរចេញ-ចូលទេ។
លោកថា៖ «ទៀតហើយ ចូលផ្ទះលែងបានទៀតហើយ បើក ឥឡូវបិទវិញ លំបាកណាស់លោកអើយ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ទាហានថៃឥឡូវចាប់ផ្ដើមបិទ អាផ្លូវត្រង់ច្រមុះចូលទៅកាន់ខេត្តកោះកុងទៀតហើយ លំបាកមែនទែន»។
ជុំវិញបញ្ហានេះ យោធាថៃបានបង្ហោះសារ នៅថ្ងៃទី១៦ ខែមករានេះ និយាយថា ថៃមិនទាន់អនុញ្ញាតឱ្យពលរដ្ឋខ្មែរ ឬជនជាតិចិន ចេញ-ចូល តាមចិត្តទេ រងចាំការដោះស្រាយទ្វេភាគីជាមួយភាគីកម្ពុជាសិន។
ប្រភពទទួលស្គាល់ថា យោធាថៃពិតជាបានបង្កើនសកម្មភាពបន្ថែមកម្លាំងបិទផ្លូវ រាយលួសបន្លាបន្ថែមនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ ដោយសារជនជាតិចិនបំពានបទឈប់បាញ់ដកបន្លាលួសរបស់ភាគីថៃ។
ប្រភពនិយាយថា តំបន់ថ្មដា ខេត្តពោធិ៍សាត់ យោធាថៃមិនទាន់អនុញ្ញាតឱ្យជនជាតិខ្មែរ ឬជនជាតិចិន ចេញ-ចូលតាមទំនើងចិត្តបានទេ រងចាំមានដំណោះស្រាយចរចាទ្វេភាគីជាមួយភាគីកម្ពុជាជាមុនសិន។
ជុំវិញបញ្ហានេះ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ប្រាប់VODនៅថ្ងៃទី១៦ ខែមករានេះថា ទង្វើយ៉ាងគឃ្លើនរបស់យោធាថៃនេះ គឺឆ្លុះបញ្ចាំងពីកម្សោយ អសមត្ថភាពរបស់មេដឹកនាំគ្រួសារហ៊ុន ដែលបណ្តោយឱ្យបរទេសជិតខាង បន្តប្រមាថ មើលងាយជាតិសាសន៍កម្ពុជា។
ត្រង់ន័យនេះ លោកពន្យល់ថា ទឹកដីខ្មែរ បែរជាត្រូវបានយោធាថៃ ចង់ធ្វើអ្វីសម្រេចតែទំនើងចិត្ត ដោយមកគំរាមបិទផ្លូវ រាយលួសបន្លាយលើដីខ្មែរ គ្មានការរារាំង ទប់ស្កាត់ពីអាជ្ញាធរកម្ពុជាទាល់តែសោះ។
លោកបន្តថា ពលរដ្ឋកម្ពុជាពិតជាអភ័ព្វណាស់ ដែលមានមេដឹកនាំកំសាក គ្មានសមត្ថភាព ការពារសុខសន្តិភាព និងបូរណភាពទឹកដីរបស់បុព្វបុរសខ្មែរ បណ្តោយឱ្យទាហានថៃបន្តគឃ្លើនឈ្លានពានដីខ្មែរ។
លោកថា៖ «នៅពេលដែលថៃបិទផ្លូវមិនឲ្យពលរដ្ឋខ្មែរចេញចូលបាន អ៊ីចឹងបញ្ជាក់ថាសមត្ថភាពរបស់មេដឹកនាំខ្មែរ លោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត គឺអសមត្ថភាពក្នុងការការពារទឹកដី ទោះបីជាថៃមករាយបន្លាលួសនៅលើដីខ្មែរ មិនឲ្យប្រជាពលរដ្ឋខ្មែរចេញចូលយ៉ាងម៉េច គឺអត់មានការទប់ស្កាត់ ឬក៏ទៅរារាំងឬមិនមានដំណោះស្រាយទេ ឱ្យថៃធ្វើអីស្រេចចិត្តទៅលើទឹកដីខ្មែររបស់យើង ដូច្នេះបញ្ជាក់ថា ត្រកូលហ៊ុននេះ គឺជាគិតតែពីអំណាចផ្ទាល់ខ្លួន អត់គិតដល់ការពារទឹកដី»។
សម្រាប់លោក អ៊ុំ សំអាន បើមេដឹកនាំគ្រួសារហ៊ុនគ្មានសមត្ថភាពការពារ និងទាមទារទឹកដីខ្មែរពីសត្រូវសៀមឈ្លានពានទេ គួរតែលាលែងពីអំណាច។
យ៉ាងណា លោកថា បើមេដឹកនាំគ្រួសារមានបេះដូងជាខ្មែរ មានឆន្ទៈមនសិកាស្នេហាជាតិ-មាតុភូមិ នឹងកុំឱ្យជាប់ឈ្មោះជាជនក្បត់ជាតិ ត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិ ដើម្បីទាមទារទឹកដីខ្មែរមកវិញ។
លោកនៅតែរំឭកថា ដើម្បីទាមទារ ការពារទឹកដីខ្មែរពីសត្រូវឈ្លានពាន គឺមេដឹកនាំកម្ពុជា គ្មានជម្រើសអ្វីក្រៅតែប្តឹងថៃទៅតុលាការអន្តរជាតិ ICJ និងសហប្រធានកិច្ចព្រមព្រៀងទីក្រុងបារីសនោះទេ។
លោកថា៖ «ខ្ញុំយល់ថា ទឹកដីនៅថ្មដា និងតំបន់ផ្សេងៗទៀត ដែលថៃគ្រប់គ្រងហ្នឹងជាទឹកដីខ្មែរហ្នឹង មិនអាចទាមទារមកបានទេ នៅពេលដែលត្រកូលហ៊ុនទន់ជ្រាយ មិនហ៊ានតតាំងទៅរារាំងថៃកុំឲ្យឈ្លានពានអីចឹង ប្រាកដជាត្រកូលហ៊ុនយករួចខ្លួនហើយ គាត់ប្រាកដជាកាត់ទឹកដីហ្នឹងឲ្យថៃ ដើម្បីដូរយកសន្តិភាព និងអំណាច ហើយធ្វើម៉េចឲ្យតែអំណាចខ្លួនឯងបានគង់វង្ស អត់ខ្វល់ពីការបាត់បង់ទឹកដី»។
ដោយឡែក អ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ថ្លែងនៅថ្ងៃទី១៦ ខែមករានេះថា កម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមនេះ ក៏ដូចជាកិច្ចព្រមព្រៀងពាក់ព័ន្ធដទៃទៀត រួមទាំងសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ជាដើម។
ប៉ុន្តែមិនបាននិយាយដល់យន្តការជំរុញឱ្យថៃដកទ័ពចេញពីទឹកដីខ្មែរ ដែលថៃដណ្តើមកាន់កាប់ ក្នុងសង្គ្រាមឈ្លានពាន២១ថ្ងៃ ដើម្បីឱ្យពលរដ្ឋអាចវិលត្រឡប់ទៅរស់នៅភូមិកំណើតបានឡើងវិញ នៅពេលណាពិតប្រាកដទេ។
លោកថា៖ «កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែគោរពអនុសញ្ញាសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរ បានឯកភាពនាពេលកន្លងមក កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»។
បន្ថែមលើនេះ ក្រសួងការពារជាតិកម្ពុជា បានបង្ហាញពីវត្តមាន អ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលបានចុះទៅពិនិត្យទីតាំងដែលថៃឈ្លានពាននៅតំបន់ថ្មដា។
ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត យល់ថា ការបណ្តែតបណ្តោយឱ្យសត្រូវឈ្លានពាន ធ្វើអ្វីតាមទំនើងចិត្តលើទឹកដីខ្មែរ គឺច្បាស់ណាស់បង្ហាញពីអសមត្ថភាពរបស់មេដឹកនាំ។
លោកសង្កត់ធ្ងន់ថា សង្រ្គាមឈ្លានពាន២១ថ្ងៃ ធ្វើឱ្យខ្មែរបាត់ដីជាច្រើនទៅប្រទេសសៀមនេះ បង្ហាញឱ្យឃើញថា មេដឹកនាំគ្រួសារហ៊ុន ពិតជាគ្មានសមត្ថភាព ការពារទឹកដីបុព្វបុរស និងអាយុជីវិតពលរដ្ឋខ្មែរនោះទេ។
លោកបារម្ភថា បើពលរដ្ឋខ្មែរនៅតែបណ្តែតបណ្តោយឱ្យមេដឹកនាំគ្រួសារហ៊ុន បន្តដឹកនាំប្រទេសបែបនេះបន្តទៀត តើជោគវាសនាអនាគតប្រទេសជាតិ មាតុភូមិខ្មែរ នឹងទៅជាយ៉ាងណា។
លោកថា៖ «ប្រាកដហើយ១០០% គឺរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ខ្សោយ ខ្សោយទាំងជំហរទៀត ខ្សោយជំហរហ្នឹងបងប្អូនលោកអាចវាយតម្លៃបានហើយ ម្ដងថាសៀមឈ្លានពាន ម្តងថាអត់សៀមឈ្លានពានទេ បន្ទាប់ពីសៀមព្រមានរដ្ឋាភិបាលកម្ពុជាហ្នឹង លែងហ៊ានថាគេឈ្លានពាន អ៊ីចឹងទៅអាជំហរការពារទឹកដីម៉ឹងម៉ាត់នៅកន្លែងណា»។
សម្រាប់លោក ម៉ែន ណាត យល់ថា រដ្ឋសភាជាតិ ដែលជាតំណាងឱ្យពលរដ្ឋខ្មែរ គួរតែកោះហៅមេដឹកនាំលោក ហ៊ុន ម៉ាណែត ទៅសួរដេញដោល ឬទម្លាក់គាត់ ដាក់អ្នកថ្មីមកជំនួស ដើម្បីការពារទឹកដី។
លោកសង្កេតឃើញថា ក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត ហាក់គ្មានសមត្ថភាពការពារ និងទាមទារទឹកដីខ្មែរទេ ដូច្នេះលោកទទូចឱ្យរដ្ឋសភាកោះប្រជុំដេញដោល ដើម្បីទម្លាក់លោក ហ៊ុន ម៉ាណែត។
លោកថា៖ «លោក ហ៊ុន ម៉ាណែត ហ្នឹងត្រូវឲ្យស្វាហាប់បន្តិច ត្រូវតែដុតដៃដុតជើងរឿងហ្នឹងតិច បើគាត់ធ្វើការមិនកើតទេ ដោះដូរតួនាទីហ្នឹងឲ្យទៅណាផ្សេង គេធ្វើទៅគាត់សម្រាកទៅឲ្យលោកណាម្នាក់ពីរនាក់អី ដែលពូកែជាងគាត់ដែលមានជំហររឹងមាំជាង គាត់មកដឹកនាំប្រទេសម្តងទៅ ហើយម្យ៉ាងទៀតរដ្ឋសភាកម្ពុជា បើថាមើលទៅលោក ហ៊ុន ម៉ាណែត ហ្នឹងទៅមិនរួចទេ កោះហៅលោក ហ៊ុន ម៉ាណែត ទៅធ្វើញត្តិស្តីបន្ទោសទៅសមាជិកសភាសាមសិបនាក់ឡើង ទៅស្តីបន្ទោសឲ្យផ្លាស់ប្តូរគណៈរដ្ឋមន្ត្រីដាក់អ្នកថ្មី»។
ការឈ្លានពានរបស់យោធាថៃក្នុងរយៈពេល២១ថ្ងៃនេះ ចាប់ពីថ្ងៃទី៧ ខែធ្នូ បានសម្លាប់ពលរដ្ឋស្លូតត្រង់កម្ពុជា ៣៣នាក់ និងរងរបួសជិត១០០នាក់។ រីឯជនស៊ីវិលខ្មែរ ភៀសសឹកជិត ៧០ម៉ឺននាក់ ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន មានផ្ទះ វត្តអារាម សាលារៀន ស្ពានថ្នល់ និងប្រាសាទបុរាណ ជាដើម។
យ៉ាងណាបើតាមអ្នកនាំពាក្យរដ្ឋាភិបាលគិតត្រឹមថ្ងៃសុក្រនេះ ជនភៀសសឹកខ្មែរជាង១៤ម៉ឺននាក់ទៀតនៅបន្តរស់នៅជំរំភៀសសឹកនៅឡើយ មិនទាន់បាលវិលត្រឡប់ទៅភូមិកំណើតវិញនៅឡើយទេ ខណៈយោធាថៃនៅបន្តឈរជើងលើដីខ្មែរ ដែលថៃដណ្តើមបាន។
បើតាមមាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









