លោក ត្រាំ ត្រូវគេប្រាប់ថា ‘ការ​ប្រហារ​ជីវិត​បាន​បញ្ឈប់​ហើយ’ ​ក្នុង​​ប្រទេស​​អ៊ីរ៉ង់ បន្ទាប់​ពី​មា​ន​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ការ​តវ៉ា

លោក ដូណាល់ ត្រាំ បាន​មាន​ប្រសាសន៍​ថា លោក​ត្រូវ​បាន​គេ​ប្រាប់​ថា “ការស​ម្លាប់​នៅក្នុ​ង​ប្រទេស​អ៊ីរ៉ង់​​បាន​បញ្ឈប់​ហើយ” ប៉ុន្តែ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​រូប​នេះ មិន​បាន​ច្រាន​ចោល​នូវ​ចំណាត់​ការ​យោធា​ប្រឆាំង​នឹង​ប្រទេស​នេះ​ឡើយ ចំពោះ​ការ​បង្ក្រាប​យ៉ាង​ហិង្សា​លើ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​រដ្ឋាភិ​បាល។

យោងតាមក្រុមសិទ្ធិមនុស្ស មនុស្សច្រើនជាង ២ ៤០០ នាក់ ត្រូវ​បាន​សម្លាប់​នៅក្នុ​ង​ការ​បង្ក្រាប​នាពេ​ល​ថ្មីៗ​នេះ​ ដោយ​​អាជ្ញាធរ​អ៊ីរ៉ង់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹ​ងកា​រ​តវ៉ា​នៅ​ទូទាំង​ប្រទេស។

ការអត្ថាធិប្បាយរបស់លោក ត្រាំ កាល​ពីថ្ងៃ​ទី​១៤ខែ​មករា បាន​កើត​ឡើង​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក និង​ចក្រ​ភព​អង់​គ្លេស បាន​កាត់​បន្ថយ​ចំនួន​បុគ្គលិក​នៅមូ​លដ្ឋា​ន​ទ័ព​អាកាស Al-Udeid ក្នុង​ប្រទេស​កាតា។ មន្ត្រី​បាន​ប្រាប់​សារព័ត៌​មាន CBS ដែល​ជាដៃ​គូ​របស់ BBC ប្រចាំ​សហរដ្ឋ​អាមេរិក​ថា កា​រដក​ទ័ព​របស់អា​មេរិក​មួយ​ផ្នែក គឺ​ជា “វិធាន​​ការ​​ប្រុង​ប្រយ័ត្ន”។

លំហអាកាសរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានបិទចំពោះជើងហោះហើរស្ទើរតែ​ទាំងអស់​ក្នុងរយៈពេល ៥ ម៉ោង​ពេញ​មួយ​យប់ ខណៈ​ដែល​ក្រុមហ៊ុន​អាកាស​ចរណ៍​មួយ​ចំនួន​បាន​ប្រកាស​ថា ពួក​គេ​នឹងបង្វែរទិសដៅ​ហោះហើរ​ជៀស​ពីប្រទេស​អ៊ីរ៉ង់។

អ្នកនាំពាក្យរដ្ឋាភិបាលម្នាក់ បាននិយាយថា ក្រសួងការបរទេសចក្រភពអង់គ្លេស ​ក៏បាន​បិទ​ស្ថាន​ទូត​របស់​ខ្លួន​នៅ​ទីក្រុង​តេ​អេរ៉ង់​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ ដែល​ឥឡូវ​នេះ​នឹងដំណើរការពីចម្ងាយវិញ។

កាលពីមុន លោក Trump បានគំរាមកំហែងនឹងចាត់ “វិធានការខ្លាំងក្លា​បំផុត” ប្រឆាំង​នឹង​អ៊ីរ៉ង់ ប្រសិន​បើរដ្ឋាភិ​បាល​ប្រហារ​ជីវិត​ក្រុម​អ្នក​តវ៉ា បន្ទាប់ពីមាន​សេចក្តីរាយការណ៍​ថា បុរសអាយុ ២៦​ឆ្នាំ​ម្នាក់ ដែលត្រូវបានចាប់ខ្លួនក្នុង​​អំឡុង​ពេល​នៃការធ្វើបាតុកម្ម ត្រូវបានកាត់ទោសប្រហារជីវិត។

ក្រុមគ្រួសាររបស់លោក Erfan Soltani បានប្រាប់ BBC Persian ថា រូបគេនឹងត្រូវប្រហារជីវិតនៅថ្ងៃទី​១៤ខែ​មករា។ ក្រោយ​​មក ពួកគេបានប្រាប់ក្រុមសិទ្ធិមនុស្ស​ឃឺដ Hengaw ដែល​​មានមូលដ្ឋាននៅប្រទេសន័រវែសថា ការប្រហារ​ជីវិតត្រូវបានពន្យារពេល។

កាលពីថ្ងៃទី​១៥ខែ​​មករា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បាននិយាយថា លោក Soltani ត្រូវបានចាប់​ខ្លួនក្នុងអំឡុងពេលតវ៉ា​មែន ប៉ុន្តែបានបដិសេធថា រូបគេមិន​ត្រូវបានកាត់ទោសប្រហារជីវិតនោះទេ។

ថ្លែងចេញពីសេតវិមាន លោក Trump បានមានប្រសាសន៍​ថា រដ្ឋបាលរបស់លោកត្រូវបាន​គេប្រាប់​ពី “ប្រភព​ដែលមាន​​សិទ្ធិអំណាច​ច្បាស់​លាស់” ថា “ការសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់កំពុងបញ្ឈប់ ហើយមិនមានផែនការសម្រាប់ការប្រហារ​ជីវិតនោះទេ”។

ដើម្បីឆ្លើយតបទៅនឹងរបាយការណ៍អំពីការប្រហារជីវិតដែលអាចកើតមាន រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា “ការព្យួរកគឺមិនអាចទៅរួចទេ” ហើយនឹង “គ្មានការព្យួរកនៅថ្ងៃនេះ ឬថ្ងៃស្អែកឡើយ”។

ថ្លែងទៅកាន់សារព័ត៌មាន Fox News លោកក៏បានព្រមានប្រធានាធិបតីសហរដ្ឋអាមេរិកថា “កុំឱ្យធ្វើខុសដដែលៗដូចដែលលោកបានធ្វើកាលពីខែមិថុនា” ដោយបន្ថែមថា “ប្រសិនបើលោកព្យាយាមធ្វើការពិសោធន៍ដែល​បរាជ័យ លោក​នឹងទទួលបានលទ្ធផលដដែល”។

កាលពីខែមិថុនា ឆ្នាំ​២០២៥ សហរដ្ឋអាមេរិក បាន​​ទម្លាក់គ្រាប់បែក​លើទីតាំង​នុយក្លេអ៊ែរ​ចំនួន ៣ របស់​អ៊ីរ៉ង់ ដោយ​សារ​ការ​ភ័យ​ខ្លាច​ថា ទីក្រុង​តេអេរ៉ង់​អាច​ប្រើ​ប្រាស់​ទីតាំង​ទាំង​នោះ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ។

បាតុកម្មដំបូងឡើយ​ដែលបង្កឡើងដោយការដួលរលំនៃរូបិយ​ប័ណ្ណអ៊ីរ៉ង់ បានចាប់ផ្តើម​នៅចុង​ខែធ្នូ ប៉ុន្តែ​បាន​រីក​ធំឡើង​យ៉ាង​ឆាប់​រហ័ស​ទៅ​ជា​វិបត្តិ​ភាព​ស្រប​ច្បាប់ កាន់​តែទូ​លំ​ទូលាយ​សម្រាប់​ថ្នាក់​ដឹក​នាំសា​សនា​របស់​អ៊ីរ៉ង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ