យ៉ាងហោចណាស់ មានមនុស្ស ៥ ០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការតវ៉ាក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងបុគ្គលិកសន្តិសុខប្រហែល ៥០០នាក់ផងដែរ។ នេះបើយោងតាមសម្តីរបស់មន្ត្រីអ៊ីរ៉ង់ម្នាក់ ក្នុងតំបន់បាននិយាយកាលពីថ្ងៃទី១៨ខែមករា ដោយដកស្រង់តួលេខដែលបានផ្ទៀងផ្ទាត់ និងបានចោទប្រកាន់ “ភេរវករ និងអ្នកកុបកម្មប្រដាប់អាវុធ” ថាបានសម្លាប់ “ប្រជាជនអ៊ីរ៉ង់ស្លូតត្រង់”។
ការតវ៉ាទូទាំងប្រទេសបានផ្ទុះឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ជុំវិញការលំបាកផ្នែកសេដ្ឋកិច្ច ហើយបានរីករាលដាលក្នុងរយៈពេលពីរសប្តាហ៍ ក្លាយជាបាតុកម្មទ្រង់ទ្រាយធំដែលអំពាវនាវឱ្យបញ្ចប់ការគ្រប់គ្រងរបស់ពួកបព្វជិត ដែលបណ្តាលឱ្យមានភាពចលាចលដ៏សាហាវបំផុត ចាប់តាំងពីបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់អ៊ីរ៉ង់មក។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានព្រមានដដែលៗថា នឹងធ្វើអន្តរាគមន៍ ប្រសិនបើបាតុករនៅតែបន្តត្រូវបានសម្លាប់នៅលើដងផ្លូវ ឬត្រូវបានប្រហារជីវិត។ នៅក្នុងការបង្ហោះលើបណ្តាញសង្គម កាលពីថ្ងៃទី១៦ខែមករា លោក ត្រាំ បានថ្លែងអំណរគុណដល់មេដឹកនាំទីក្រុងតេអេរ៉ង់ ដោយនិយាយថា ពួកគេបានលុបចោលការប្រហារជីវិតមនុស្សចំនួន ៨០០ នាក់ តាមកាលកំណត់។
មួយថ្ងៃក្រោយមក មេដឹកនាំកំពូល លោក Ayatollah Ali Khamenei នៅក្នុងសុន្ទរកថាសាធារណៈមួយ បានហៅ លោក ត្រាំ ថាជា “ឧក្រិដ្ឋជន” ចំពោះការបាត់បង់ជីវិតដែលលោកបានបង្កឱ្យកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់ តាមរយៈការគាំទ្រដល់បាតុករ។
លោក Khamenei បានមានប្រសាសន៍ថា “យើងនឹងមិនទាញប្រទេសឱ្យចូលក្នុងសង្គ្រាមឡើយ ប៉ុន្តែយើងនឹងមិនបណ្តោយឱ្យឧក្រិដ្ឋជនក្នុងស្រុក ឬអន្តរជាតិ រួចផុតពីការដាក់ទណ្ឌកម្មនោះទេ” ដោយលោកបានទទួលស្គាល់ថាមាន “ការស្លាប់រាប់ពាន់នាក់” ដែលលោកបានទម្លាក់កំហុសទៅលើ “ភេរវករ និងអ្នកកុបកម្ម” ដែលមានទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។
ប្រព័ន្ធតុលាការរបស់អ៊ីរ៉ង់ បានបង្ហាញថា ការប្រហារជីវិតអាចនឹងបន្តទៅមុខ។
អ្នកនាំពាក្យប្រព័ន្ធតុលាការអ៊ីរ៉ង់ លោក Asghar Jahangir បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃទី១៨ខែមករាថា៖«សកម្មភាពជាបន្តបន្ទាប់ត្រូវបានកំណត់ថាជា Mohareb ដែលស្ថិតក្នុងចំណោមការដាក់ទណ្ឌកម្មតាមបែបអ៊ីស្លាមធ្ងន់ធ្ងរបំផុត»។
Mohareb គឺជាពាក្យច្បាប់អ៊ីស្លាម ដែលមានន័យថា ការធ្វើសង្គ្រាមប្រឆាំងនឹងព្រះជាម្ចាស់ ដែលត្រូវផ្ដន្ទាទោសប្រហារជីវិតនៅក្រោមច្បាប់របស់អ៊ីរ៉ង់។
លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Politico កាលពីថ្ងៃ១៧មករាថា៖ «វាដល់ពេលដែលត្រូវស្វែងរកអ្នកដឹកនាំថ្មីនៅក្នុងប្រទេសអ៊ីរ៉ង់ហើយ»។
ក្រុមសិទ្ធិមនុស្ស HRANA ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃទី១៧ខែមករាថាចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣ ៣០៨ នាក់ ខណៈដែលករណីចំនួន ៤ ៣៨២ នាក់ផ្សេងទៀតកំពុងស្ថិតក្រោមការពិនិត្យ។ ក្រុមនេះ បានបញ្ជាក់ថា មានការចាប់ខ្លួនមនុស្សច្រើនជាង ២៤ ០០០ នាក់។
ស្ថាប័នបព្វជិតតែងតែទម្លាក់កំហុសលើភាពចលាចលទៅលើសត្រូវបរទេស រួមមាន សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលជាសត្រូវសួពូជរបស់សាធារណរដ្ឋអ៊ីស្លាម និងដែលបានបើកការវាយប្រហារយោធាកាលពីខែមិថុនា។
យោងតាមអ្នកស្រុក និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ការបង្ក្រាបដោយហិង្សាហាក់ដូចជាបានធ្វើឱ្យការតវ៉ាស្ងប់ស្ងាត់ទៅវិញ។
អ្នកស្រុកម្នាក់ក្នុងទីក្រុងតេអេរ៉ង់ បាននិយាយថា គាត់បានឃើញផ្ទាល់ភ្នែកនូវប៉ូលីសបង្ក្រាបកុបកម្មបាញ់សំដៅដោយផ្ទាល់ទៅលើក្រុមបាតុករ ដែលភាគច្រើនជាយុវជន និងយុវតី។ វីដេអូដែលចែកចាយលើបណ្តាញសង្គម ដែលវីដេអូខ្លះត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញពីកងកម្លាំងសន្តិសុខកំពុងបង្ក្រាបយ៉ាងសាហាវលើបាតុកម្មនានានៅទូទាំងប្រទេស៕









