មេដឹកនាំអឺរ៉ុប បានវាយបកវិញចំពោះការប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា លោកនឹងដាក់ទណ្ឌកម្មលើប្រទេសណាដែលបានដាក់ពង្រាយកម្លាំងយោធា ទៅកាន់កោះហ្គ្រីនឡែន កាលពីសប្តាហ៍មុន ខណៈដែលប្រធានាធិបតីរូបនេះ បន្តការជំរុញរបស់លោក ដើម្បីទិញយកទឹកដីតំបន់អាកទិកមួយនេះ។
លោក ត្រាំ បានមានប្រសាសន៍កាលពីថ្ងៃទី១៧ខែមករាថា ពន្ធគយ ១០% នឹងត្រូវដាក់លើទំនិញទាំងអស់ ដែលផ្ញើទៅកាន់សហរដ្ឋអាមេរិកពីប្រទេសដាណឺម៉ាក ន័រវែស ស៊ុយអែត បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស ហូឡង់ និងហ្វាំងឡង់។
លោក ត្រាំ បានបន្តថា ពន្ធគយថ្មីនេះ នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១ ខែកុម្ភៈ ហើយនឹងកើនឡើងដល់ ២៥% នៅថ្ងៃទី១ ខែមិថុនា។ ប្រធានាធិបតីរូបនេះ បានបញ្ជាក់ថា វិធានការទាំងនេះនឹងនៅបន្តរហូតដល់សហរដ្ឋអាមេរិក អាចទិញកោះហ្គ្រីនឡែនបាន។
កោះហ្គ្រីនឡែន គឺជាទឹកដីស្វ័យយ័តនៃព្រះរាជាណាចក្រដាណឺម៉ាក។ លោក ត្រាំ បានលើកឡើងជាលើកដំបូងអំពីលទ្ធភាពនៃការទិញយកកោះដែលសម្បូរទៅដោយសារធាតុរ៉ែមួយនេះ នៅក្នុងអាណត្តិដំបូងរបស់លោក។ អ្នកនយោបាយដាណឺម៉ាក និងហ្គ្រីនឡែន បានបដិសេធសំណើបែបនេះជាដដែលៗ។
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានមានប្រសាសន៍កាលពីថ្ងៃទី១៧ខែមករាថា សមាជិកប្លុកនេះ នឹងប្រឈមមុខនឹងសម្ពាធរបស់ លោក ត្រាំ ក្នុងនាមជាជួរមុខដ៏រឹងមាំតែមួយ។
លោកស្រីបានសរសេរនៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា៖ «យើងបានសង្កត់ធ្ងន់ជាបន្តបន្ទាប់នូវផលប្រយោជន៍រួម ឆ្លងមហាសមុទ្រអាត្លង់ទិករបស់យើង ចំពោះសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាកទិក រួមទាំងតាមរយៈអង្គការណាតូផងដែរ។ លំហាត់សមយុទ្ធរបស់ដាណឺម៉ាក ដែលបានសម្របសម្រួលទុកជាមុន និងធ្វើឡើងជាមួយសម្ព័ន្ធមិត្ត គឺជាការឆ្លើយតបទៅនឹងតម្រូវការក្នុងការពង្រឹងសន្តិសុខតំបន់អាកទិក ហើយវាមិនបង្កការគំរាមកំហែងដល់នរណាម្នាក់ឡើយ»។
លោកស្រី von der Leyen បានបន្តថា៖ «ពន្ធគយនឹងធ្វើឱ្យខូចខាតដល់ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងប្រឈមនឹងគ្រោះថ្នាក់នៃការធ្លាក់ចុះកាន់តែខ្លាំង។ អឺរ៉ុបនឹងបន្តរួបរួមគ្នា សម្របសម្រួល និងប្តេជ្ញាចិត្តក្នុងការការពារអធិបតេយ្យភាពរបស់ខ្លួន»។
លោកស្រី Kaja Kallas ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប បានលើកឡើងនៅក្នុងការបង្ហោះលើបណ្តាញសង្គម X ថា ភាពតានតឹងដែលកំពុងកើនឡើងរវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប គឺជាផលចំណេញសម្រាប់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង។
លោកស្រីបានសរសេរថា៖ «ចិន និងរុស្ស៊ី ប្រាកដជាកំពុងសប្បាយចិត្តហើយ។ ពួកគេគឺជាអ្នកដែលទទួលបានផលប្រយោជន៍ពីការបែកបាក់ក្នុងចំណោមសម្ព័ន្ធមិត្ត។ ប្រសិនបើសន្តិសុខរបស់កោះហ្គ្រីនឡែនស្ថិតក្នុងហានិភ័យ យើងអាចដោះស្រាយបញ្ហានេះនៅក្នុងក្របខ័ណ្ឌអង្គការណាតូបាន»។
លោកស្រី Kallas បានសរសេរថា “ពន្ធគយប្រឈមនឹងការធ្វើឱ្យអឺរ៉ុប និងសហរដ្ឋអាមេរិកកាន់តែក្រីក្រ និងធ្វើឱ្យប៉ះពាល់ដល់វិបុលភាពរួមរបស់យើង” ដោយលោកស្រីបានលើកឡើងថា ភាពចលាចលនេះកំពុងបង្វែរការយកចិត្តទុកដាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់សម្ព័ន្ធមិត្ត ក្នុងការគាំទ្រអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានទ្រង់ទ្រាយធំដែលកំពុងបន្តរបស់រុស្ស៊ី។
ប្រទេសទាំង៨ ដែលសុទ្ធតែជាសមាជិកអង្គការណាតូ និងដែលត្រូវបានគំរាមកំហែងដោយពន្ធគយនោះ បានចេញសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃទី១៨ខែមករា ដោយនិយាយថា ពួកគេ “ឈរយ៉ាងរឹងមាំក្នុងសាមគ្គីភាពពេញលេញជាមួយព្រះរាជាណាចក្រដាណឺម៉ាក និងប្រជាជននៃកោះហ្គ្រីនឡែន”។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា ពន្ធគយ “ធ្វើឱ្យខូចខាតដល់ទំនាក់ទំនងឆ្លងមហាសមុទ្រអាត្លង់ទិក និងនាំមកនូវហានិភ័យនៃវដ្តធ្លាក់ចុះដ៏គ្រោះថ្នាក់”៕









