នៅពេលដែលអំពើអយុត្តិធម៌ អំពើពុករលួយបក្ខពួកនិយម អំពើឆបោកកេងប្រវ័ញ្ចគ្រប់ទម្រង់កើតឡើងជាប្រព័ន្ធ ហើយត្រូវបានគេមើលឃើញនៅនឹងភ្នែកដោយពុំមានការលាក់លៀម នោះវាឆ្លុះបញ្ចាំងថា ប្រព័ន្ធច្បាប់កម្ពុជាបច្ចុប្បន្ន មានភាពទន់ខ្សោយខ្លាំងដែលកំពុងនាំប្រទេសទៅរកភាពមហន្តរាយ ធ្វើឱ្យប្រជាពលរដ្ឋរងគ្រោះតជំនាន់ ប្រសិនបើពុំមានការធ្វើកំណែទម្រង់ជាបន្ទាន់ ឱ្យបានទាន់ពេលវេលាទេនោះ។ នេះបើតាមអ្នកជំនាញផ្នែកច្បាប់ សិទ្ធិមនុស្ស និងអភិបាលកិច្ច។
លោក ផែង ហេង មេធាវីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំក្នុងសំណុំរឿងនយោបាយ បានលើកឡើងនៅថ្ងៃទី១៦ខែមករានេះថា អ្នកបំផ្លាញរាជរដ្ឋាភិបាល គឺជនទុច្ចរិត ជនពុករលួយ ជនយកអំណាចរដ្ឋទៅប្រើ ដើម្បីទាញយកប្រយោជន៍ផ្ទាល់ខ្លួន ហើយលោកនៅតែយល់ថា យុត្តិធម៌សង្គម និងការឯកភាពជាតិ គឺសំខាន់លើសអ្វីៗទាំងអស់។ ដូច្នេះប្រជាពលរដ្ឋខ្មែរ មានកាតព្វកិច្ចលើរឿងទាំង២នេះ។
លោកបានសរសេរលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី១៦ខែមករានេះ ដោយស្នើដល់ប្រជាពលរដ្ឋខ្មែរថា «សូមកុំតែៗ ស្ករៗ កុំរេតាមអ្នកឱកាសនិយម ជាតិយើងសំខាន់ បាត់យុត្តិធម៌ បាត់ឯកភាពជាតិ នាំឲ្យបាត់សណ្តាប់ធ្នាប់សង្គម បាត់សន្តិភាព។ អ្នកតូច អ្នកទន់ខ្សោយត្រូវការច្បាប់ការពារ។ រឿងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ និងអ្នកផ្សេងៗទៀត កំពុងស្រែករកយុត្តិធម៌ គួរត្រូវបានដោះស្រាយជាអាទិភាព ស្របតាមលោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លើកឡើងគួរតែធ្វើឲ្យបាន ពិតណាស់នោះជាទ្រឹស្តី។ ឆន្ទៈច្បាប់ និងឆន្ទៈចៅក្រម ពិតជាអាចខុសគ្នា ប៉ុន្តែកាន់តែខុសគ្នានោះ គឺឆន្ទៈអ្នកនយោបាយ»។
សំណេររបស់លោកមេធាវី មានភ្ជាប់សារ និងរូបថតរបស់ជនរងគ្រោះ ដែលរងនូវភាពអយុត្តិធម៌មួយចំនួន ដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម ក្នុងនោះមានដូចជា កញ្ញា ឈឹម ស៊ីថរ មេសហជីពដែលត្រូវបានចាប់ដាក់ពន្ធនាគារ ដោយសារតែចេញមុខដឹកនាំការតវ៉ាប្រឆាំងក្រុមហ៊ុនណាហ្គាវើលដ៍ ដែលរំលោភសិទ្ធិបុគ្គលិក-កម្មករ លោក ស៊្រុន ស្រ៊ន សកម្មជន២៣តុលា និងលោក នី ណាក់ សកម្មជនសង្គមជាដើមដែលត្រូវបានចាប់ដាក់ពន្ធនាគារ ដោយសារតែការបញ្ចេញមតិ។
សូមបញ្ជាក់ថា លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បាននិយាយកាលពីខែកក្កដា ឆ្នាំ២០២៥ថា «យុត្តិធម៌ពន្យាពេល វាស្មើនឹងយុត្តិធម៌ត្រូវបានបដិសេធ» ខណៈដែលសវនាការលើរឿងក្តី លោក កឹម សុខា ត្រូវបានអូសបន្លាយជិត១០ឆ្នាំមកហើយ និងលោក ស្រ៊ុន ស្រ៊ន រួមទាំងសកម្មជនសង្គមជាច្រើនទៀត ត្រូវបានឃុំខ្លួនដោយមិនមានការកាត់ក្តីជាង២ឆ្នាំមកហើយ។
នៅក្នុងសារដាច់ដោយឡែកមួយទៀត ដោយមានភ្ជាប់រូបថត និងសំណេររបស់ អ្នកស្រី ហ៊ុន ស៊ីណាត ប្អូនស្រីលោកហ៊ុន សែន ដែលបានអធិប្បាយពីមេដឹកនាំស្ថាប័នអង្គភាពកងកម្លាំងរក្សាសន្តិភាព ដែលបានដាក់សម្ពាធលើកូនចៅរបស់ខ្លួន ដែលហ៊ាននិយាយពីភាពអយុត្តិធម៌ទាក់ទងទៅនឹងករណីទិញផ្ទះពីក្រុមហ៊ុនឡេងណាវ៉ាត្រា តែមិនបានផ្ទះ លោក ផែង ហេង បានចោទសួរថា «តើមានអ្នកក្រ អ្នកអត់លុយអត់អំណាចឈ្នះក្តីឬទេ?»។
មេធាវីមេបក្សប្រឆាំងរូបនេះ បន្តថា បើមានចម្លើយបែបណានោះ គឺប្រជាពលរដ្ឋជឿលើប្រព័ន្ធយុតិ្តធម៌តាមហ្នឹងហើយ។
លោកសរសេរក្នុងសំណេរដើមថា៖ «ជឿខ្ញុំទៅ គ្មានប្រជារាស្ត្រណាបដិសេធមិនទទួលយកយុត្តិធម៌ សន្តិភាព និងការអភិវឌ្ឍនោះទេ។ បើគាត់មិនគាំទ្រ គាត់មិនមែនខំលើករូបថតសម្តេច ពេលពួកគាត់តវ៉ាម្តងៗនោះទេ ព្រោះនៅសល់តែប៉ុណ្ណឹង។ ខ្ញុំបានលើកហើយថា យុត្តិធម៌មិនពាក់ព័ន្ធនឹងឋានៈទេ តែបើស្ថាប័នបកស្រាយ ស្មើនឹងលូកដៃការពារភាគីរំលោភលើកិច្ចសន្យា»។
លោកចោទសួរទៀតថា ចុះបើរឿងនេះធ្លាក់លើខ្លួនយើង គ្រួសារយើងផ្ទាល់ តើយល់ថាត្រឹមត្រូវ និងយុត្តិធម៌ឬទេ? បើកុងត្រាទិញរបស់ហើយបង់លុយថ្លៃទិញរួចហើយ បែរជាអ្នកលក់អត់ទំនិញឲ្យ ហើយយើងមិននាំគ្នាជួយឲ្យអ្នកលក់ប្រគល់របស់ ឬទំនិញឲ្យអ្នកទិញ តើត្រឹមត្រូវឬទេ ក្នុងនាមជាជនចង់បានយុត្តិធម៌សង្គម?
សំណេររបស់លោកមេធាវី ផែង ហេង នេះគឺចង់សំដៅទៅលើកងទ័ពម្នាក់ដែលនិយាយទាមទារយុត្តិធម៌ស្នើឱ្យក្រុមហ៊ុនឡេងណាវ៉ាត្រា ប្រគល់ផ្ទះជូនគាត់តាមកិច្ចសន្យា បន្ទាប់ពីគាត់បានបង់ប្រាក់គ្រប់ចំនួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ តែមិនទាន់ទទួលបានផ្ទះ។
ក្នុងរឿងនេះ ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាមមិនត្រឹមតែមិនជួយការពាររកយុត្តិធម៌ឱ្យកូនចៅរបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងចេញលិខិតចំនួន២ថាកងទ័ពរងគ្រោះរូបនេះ មិនមែនជាកងទ័ពជួរមុខ និងបានកោះហៅគាត់ទៅសួរនាំពីការនិយាយនៅលើបណ្តាញសង្គមនេះទៅវិញ។
បើតាមអង្គការសង្គមស៊ីវិល បច្ចុប្បន្នមានប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារ បានចាញ់បោកក្រុមហ៊ុនជាច្រើនដែលក្រុមហ៊ុនទាំងនោះ មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងនោះ មានក្រុមហ៊ុន ឡេង ណាវ៉ាត្រា ក្រុមហ៊ុនអ្នកស្រី ឡេង ចាន់ណា ក្រុមហ៊ុនលោក ហ៊ី គឹមហុង ក្រុមហ៊ុនជាសារ៉ុន និងក្រុមគ្រូជោគជ័យជាដើម។
ក្រុមហ៊ុនដែលដឹកនាំដោយសកម្មជនគណបក្សប្រជាជនកម្ពុជាទាំងនេះ បានរកស៊ីតាមរយៈការបង្កើតគម្រោងបោកប្រាស់ ដូចជា ការដាក់ប្រាក់វិនិយោគទទួលបានការប្រាក់ខ្ពស់ និងការលក់ដីលក់ផ្ទះខ្យល់ជាដើម។
កាលពីថ្ងៃទី១៥ខែមករា ប្រជាពលរដ្ឋប្រមាណ ១០០នាក់ ដែលជាអតិថិជនក្នុង «គម្រោងយក្ស ឡេង ណាវ៉ាត្រា 6A» បានលើកគ្នាទៅតវ៉ាបិទផ្លូវនៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីតវ៉ាស្នើឲ្យក្រសួងជួយជំរុញក្រុមហ៊ុន ឡេង ណាវ៉ាត្រា ដោះស្រាយពាក់ព័ន្ធនឹងការបង់លុយទិញផ្ទះឲ្យក្រុមហ៊ុនរួចជាច្រើនឆ្នាំមកហើយ តែមិនទាន់ទទួលបានផ្ទះ។
វីអូឌី មិនអាចទាក់ទង លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី ដើម្បីស្នើសុំធ្វើការពន្យល់លើបញ្ហាទាំងនេះបានទេ នៅថ្ងៃទី១៦ខែមករានេះ។ ប៉ុន្តែលោក សេង ឡូត បានប្រាប់វិទ្យុបារំាងថា ក្រសួងត្រូវការពេលវេលា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ហើយតែងតែឆ្លើយតបទៅប្រជាពលរងគ្រោះវិញ នៅរៀងរាល់៣ខែម្តង។
លោក នី សុខា ប្រធានសមាគមអាដហុក បានប្រាប់វីអូឌីថា ប្រសិនបើប្រព័ន្ធយុត្តិធម៌ទន់ខ្សោយហើយនោះ អ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋក្រីក្រ ឬក៏អ្នកដែលគ្មានបក្ខពួកគ្មានអំណាច។ ប្រសិនបើសង្គមនឹងពោរពេញដោយបក្ខពួកនិយម ដែលគេនិយាយបែបសាមញ្ញថា «ឯងជួយអញ អញជួយឯង» មានន័យថា ជួយគ្នាទៅវិញទៅមក រវាងអ្នកដែលកាន់ច្បាប់មានអំណាចជាមួយឈ្មួញដែលរកស៊ីមិនត្រឹមត្រូវ នោះជាប្រព័ន្ធមួយដែលជាឱកាសរបស់មន្ត្រីខិលខូចនិងឈ្មួញមិនសុចរិត។
លោកថា៖ «ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយនេះ ជារឿងមួយសំខាន់ដែរ ពីព្រោះប្រសិនបើសង្គមហ្នឹងពោរពេញទៅដោយអំពើពុករលួយ អ្វីដែលគេហៅថា កាលណាមានការជ្រៀតចូលនៃអំពើពុករលួយ នោះបក្ខពួកនិយមក៏កាន់តែរឹងមាំ បង្កជាបក្ខជាពួកហ្នឹងក៏កាន់តែរឹងមាំ ហើយច្បាប់ហ្នឹងក៏លែងមានប្រសិទ្ធភាពដែរប្រសិនបើមានអំពើពុករលួយច្រើន។ បន្ថែមពីនេះ វាមានការរួមផ្សំបញ្ហាផ្សេងទៀត ដូចជា សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋកាន់តែរួមតូច ពិសេសសិទ្ធិក្នុងការបញ្ចេញមតិ នៅពេលពលរដ្ឋធ្វើការរិះគន់ធ្វើការបញ្ចេញមតិតវ៉ា ចំពោះបញ្ហាទាំងអស់ហ្នឹងទៅ គឺតែងតែទទួលរងការគំរាមកំហែង ការបំភិតបំភ័យ ឬក៏ការចោទប្រកាន់ពីបទល្មើសថែមទៅទៀត។ អាហ្នឹងជាឱកាសទៅដល់អ្នកដែលរកស៊ីមិនត្រឹមត្រូវ មិនសុចរិតនឹងកាន់តែមានឱកាសកាន់តែខ្ពស់»។
ជាមួយគ្នានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការសិទ្ធិមនុស្សលីកាដូ ថែ្លងថា កក្តាដែលធ្វើឱ្យជនខិលខូចឆ្លៀតឱកាស រកស៊ីដោយទុច្ចរិតឆបោក ដូចជា ការវិនិយោគដាក់ប្រាក់បានការប្រាក់ខ្ពស់ និងល្បែងអនឡាញខុសច្បាប់ជាដើម គឺដោយសារតែការអនុវត្តច្បាប់ នៅមានភាពធូររលុង ឬឆកល្វែង អំពើពុករលួយបក្ខពួកនិយម និងតុលាការមិនទាន់មានភាពឯករាជ្យពេញលេញជាដើម។ ដូច្នេះលោកថា កត្តាទាំងនេះធ្វើឱ្យជនឆ្លៀតឱកាសនឹងរកស៊ីនូវរបរទុច្ចរិតឆបោកទៅលើប្រជាពលរដ្ឋ ធ្វើឱ្យមានការរងគ្រោះដូចដែលបានឃើញក្នុងពេលបច្ចុប្បន្ន។
លោកថា៖ «កម្ពុជាយើងត្រូវតែអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព មិនមានការលើកលែង លុបបំបាត់អំពើពុករលួយបក្ខពួកនិយម ហើយពង្រឹងវិស័យយុត្តិធម៌ ជាពិសេសប្រព័ន្ធតុលាការធ្វើម៉េចឱ្យទៅជាតុលាការឯករាជ្យពិតប្រាកដ។ អ៊ីចឹងការអនុវត្តកត្តាទាំង៣នេះ ឱ្យមានប្រសិទ្ធភាព កម្ពុជាយើងនឹងអាចទទួលបាននូវអ្នកវិនិយោគទទួលបានយុត្តិធម៌នៅក្នុងសង្គម ហើយប្រជាពលរដ្ឋយើងក៏មិនក្លាយជាអ្នករងគ្រោះបន្តបន្ទាប់ទៅទៀតដែរ»។
លោក វន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ បានសរសេរនៅលើបណ្តាញសង្គមរបស់លោក នៅថ្ងៃទី១៦ខែមករានេះថា មានប្រជាពលរដ្ឋជាអ្នកចាញ់បោកឧកញ៉ាលក់ផ្ទះខ្យល់ បានផ្ញើសារសុំឱ្យលោកជួយផ្ដល់យោបល់ថាតើត្រូវធ្វើបែបណា តស៊ូបែបណាដើម្បីទាមទារប្រាក់ពីក្រុមហ៊ុនលក់ផ្ទះខ្យល់ ពីព្រោះបានប្ដឹងហើយតែអាជ្ញាធរ និងពួកឧកញ៉ា គឺជាមនុស្សតែមួយលើកលែងតែនៅមុខកាមេរ៉ា ទើបពួកគេសម្ដែងធ្វើល្អ តែបើក្រោយខ្នងចាត់ទុកអតិថិជន និងពលរដ្ឋ ដូចជនឧក្រិដ្ឋ។
ពលរដ្ឋមានលុយទិញផ្ទះ ចុងក្រោយអត់ផ្ទះ ហើយធ្លាក់ខ្លួនក្ររហាមទៅៗ។ ចំពោះបញ្ហានេះ លោក វន ចាន់ឡូត ផ្តល់យោបល់ដល់ពលរដ្ឋឱ្យចេញតវ៉ាជាសាធារណៈរាល់ថ្ងៃ ឱ្យពួកគេទទួលខុសត្រូវ ព្រោះបងប្អូនជាអ្នកចាញ់បោកពិតប្រាកដ និងគ្មាននរណារកយុត្តិធម៌ឱ្យក្រៅពីបងប្អូនខ្លួនឯងជាជនរងគ្រោះនោះទេ។
បន្ថែមពីនេះ លោកថា ប្រជាពលរដ្ឋត្រូវឈប់បោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រោះគណបក្សនេះមិនអាចការពារទ្រព្យសម្បត្តិ និងយុត្តិធម៌ឲ្យបងប្អូនបានទេ។
អ្នកសិក្សាផ្នែកច្បាប់រូបនេះ ថែមទាំងបញ្ជាក់ថា៖ «ឧក្រិដ្ឋជនមិននៅឯណាឆ្ងាយទេ នៅក្បែរៗក្លៀកនាយករដ្ឋមន្ដ្រី ពេលខ្លះច្រឡំនាយករដ្ឋមន្ដ្រី និងឧក្រិដ្ឋជនតែមួយ»។
លោកបានជំរុញឱ្យមានការបោសសម្អាតអំពើឆបោករកស៊ីមិនសុចរិតនេះជាបន្ទាន់ ដើម្បីកម្ពុជាស្អាត ធ្វើឱ្យជីវភាពប្រជាជននិងសេដ្ឋកិច្ចជាតិបានរីកចម្រើន។
ជាមួយគ្នានេះ លោក ឱក សេរីសុភ័ក្រ អ្នកជំនាញផ្នែកអភិបាលកិច្ច បានថ្លែងថា បញ្ហាអយុត្តិធម៌សង្គមមិនអាចនៅបណ្តោយឱ្យគ្រប់គ្នាអាចមើលឃើញនៅនឹងមុខ ដូចមុនទៀតបានទេ។ អំពើកៀបសង្កត់ប្រើអំណាចប្រើទឹកលុយនឹងមិនអាចមានតទៅទៀតបានទេ ត្រូវតែធ្វើទប់ស្កាត់រឿងទាំងអស់នេះ។ យុត្តិធម៌សង្គមកាលណាអត់មានទេ ហើយអំពើអយុត្តិធម៌វានៅនឹងមុខៗពេក វានឹងនាំឱ្យមានការប្រឆាំងជាមិនខាន។ អ្នកជំនាញចាស់វស្សារូបនេះ លើកឡើងថា ចាប់ពីពេលនេះទៅ កម្ពុជាមិនអាចមានអំពើពុករលួយជោគជាំបែបនេះទៀតទេ គឺត្រូវតែកាត់បន្ថយឱ្យបានច្រើនជាអតិបរមា។
ពួកមន្ត្រីដែលមានជីវភាពស្តុកស្តម្ភល្មមចេះឆ្អែតល្មមចេះគ្រប់គ្រាន់ហើយ និងត្រូវធ្វើយ៉ាងណាចែកចាយធនធាន និងភោគទ្រព្យសម្បត្តិរបស់ជាតិជូនប្រជាពលរដ្ឋ បម្រើប្រជាពលរដ្ឋដោយសុទ្ធចិត្ត ដោយស្មើភាពដោយមានយុត្តិធម៌នៅក្នុងសង្គម៕









