អ្នកជំនាញកិច្ចការព្រំដែនមិនចំណុះឱ្យរដ្ឋាភិបាល ទម្លាយភស្តុតាងថា លោក ហ៊ុន ម៉ាណែត មិនទាន់ប្តឹងថៃទៅកាន់តុលាការអន្តរជាតិ (ICJ)ទេ ជិត១ឆ្នាំទៅនេះ ខណៈថៃសម្រុកកសាងសំណង់រឹងលើទឹកដីខ្មែរចំនួន៤១ទីតាំង ក្រោយសង្រ្គាមឈ្លានពាន២១ថ្ងៃ។
ការណ៍នេះជាក្តីបារម្ភថា បើគ្រួសារហ៊ុនមិនប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីបង្ហាញពីការទទួលខុសត្រូវចំពោះបូរណភាពទឹកដីខ្មែរទេ នោះថៃនឹងសម្រេចមហិច្ចតាលេបទឹកដីខ្មែរដោយជោគជ័យ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ អ្នកជំនាញកិច្ចការព្រំដែនមកពីបក្សប្រឆាំង លោក អ៊ុំ សំអាន បានទម្លាយវីដេអូសកម្មភាព ថៃកំពុងពន្លឿនធ្វើសំណង់រឹង ជីកលេណដ្ឋាននៅទឹកដីខែ្មរដែលសៀមកំពុងដណ្តើមកាន់កាប់ក្រោយសង្រ្គាមឈ្លានពាន២១ថ្ងៃ។
ក្នុងនោះ ថៃតម្កល់រូបព្រះពុទ្ធបដិមានៅភ្នំ៥០០ កសាងហេដ្ឋារចនាសម្ពន្ធ័នានានៅរង្វង់មូលតាអ៊ំ និងនៅជិតកាស៊ីណូអានសេះ ខេត្តព្រះវិហារ ដែលថៃបានឈ្លានពានទឹកដីខ្មែរប្រមាណ២គីឡូម៉ែត្រនៅច្រកអានសេះ។
ជាងនេះទៀត ថៃពន្លឿនកសាងហេដ្ឋារចនាសម្ព័ន្ធ ធ្វើលេណដ្ឋានលើដីខ្មែរដែលថៃឈ្លានពាន ដូចជា នៅប្រាសាទតាក្របី ប្រាសាទខ្នារ តាមាន់ធំ ភ្នំទ្រព្យជាដើម។ រួមទាំងមានការចែកចាយវីដេអូនៅបង្ហាញពីសកម្មភាពជនជាតិចិនរុះរើបន្លាលួស ដែលយោធាថៃបានដាក់ពង្រាយព័ទ្ធយកដីខ្មែរនៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ផងដែរ។
បន្ថែមលើនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន បានប្រាប់VOD នៅថ្ងៃទី១៩ ខែមករានេះថា លោកបានពិនិត្យមើលនៅក្នុងគេហទំព័រតុលាការ ICJ រួចហើយ តែមិនឃើញមានសំណុំរឿងប្តឹងថៃនៅ ICJ ទេ ដូចលោក ហ៊ុន ម៉ាណែត អះអាងនោះទេ។
លោកបន្តថា លោក ហ៊ុន ម៉ាណែត គ្រាន់តែជូនដំណឹងទៅ ICJ ថាមានបំណងចង់ប្តឹងថៃតែប៉ុណ្ណោះ ហើយរឿងកម្ពុជានៅ ICJ គឺមានតែបណ្តឹងនៅឆ្នាំ១៩៦២និងឆ្នាំ២០១៣តែប៉ុណ្ណោះ។
លោកថា៖ «ខ្ញុំយល់ថា មិនទាន់បានប្តឹងនោះទេ! ព្រោះខ្ញុំបានឆែកវេបសាយរបស់តុលាការយុត្តិធម៌អន្ដរជាតិICJ រួចហើយ អត់មាន បណ្តឹងដែលរដ្ឋាភិបាលប្តឹងថៃ ករណីជម្លោះព្រំដែនហ្នឹងទៅតុលាការICJ នោះទេ។ ដូច្នេះខ្ញុំយល់ថា នេះគ្រាន់តែជានយោបាយប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋឲ្យជឿថារដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ប្តឹងតែប៉ុណ្ណោះឯងតាមពិតអត់ហ៊ានប្តឹងទេ»។
លោក សំអាន បារម្ភថា ទឹកដីខ្មែរចំនួន ៤០ទីតាំងដែលថៃកំពុងគ្រប់គ្រងនោះ គ្មានសង្ឃឹមបានមកពីថៃវិញនោះ នៅពេលដែលលោក ហ៊ុន ម៉ាណែត មិនព្រមប្តឹងថៃទៅ ICJ ហើយនៅបន្តចរចាទ្វេរភាគីជាមួយថៃនោះ។
លោកថា៖ «យើងដឹងហើយទឹកដីខ្មែរយើងចំនួន៤០ទីតាំងហ្នឹង! ថៃកំពុងតែធ្វើជាផ្លូវចាក់បេតុងហើយនិងកសាងហេដ្ឋារចនាសម្ព័ន្ធនានា ធ្វើជាកន្លែងតម្កល់ព្រះពុទ្ធបដិមា។ បានសាងសង់លេណដ្ឋានផ្សេងៗនៅកន្លែងដែលថៃកំពុងគ្រប់គ្រងទឹកដីខ្មែរយើង ដូច្នេះនៅពេលដែលថៃគេបានកសាងសំណង់រឹងនៅកន្លែងហ្នឹងហើយ យើងពិបាកទាមទារមកវិញហើយ។ ដូច្នេះតាមរយៈការចរចាទ្វេភាគី គឺមិនបាននោះទេ ប្រាកដជាបាត់មួយរយភាគរយទៅខាងភាគីថៃ។ជម្រើសមានតែប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិICJនោះទេ ទើបអាចបានទឹកដីហ្នឹងមកវិញ ហើយនឹងប្ដឹងថៃទៅកាន់សហប្រធាននៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១»។
ជុំវិញជម្លោះព្រំដែននេះ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជូនព័ត៌មានទៅតុលាការ ICJ អំពីបំណងដាក់ពាក្យស្នើសុំតុលាការ ICJ ធ្វើការវិនិច្ឆ័យវិវាទព្រំដែនលើតំបន់ទាំង៤ តាមលិខិតចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
បញ្ហានេះ ធ្វើឱ្យក្រុមអ្នកតាមដាន អះអាងថា ចាប់តាំងពីពេលនេះមក រដ្ឋាភិបាលគ្រាន់តែជូនដំណឹងទៅ(ICJ) មិនទាន់បានដាក់ពាក្យប្តឹងនោះទេជិតមួយឆ្នាំទៅនេះ។
ជុំវិញរឿងនេះដែរ VOD មិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានទេ គិតត្រឹមម៉ោងផ្សាយនេះ។
សម្រាប់ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត និយាយថា រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កំពុងព្យាយាមបិទបាំងរឿងមិនបានប្តឹងថៃទៅតុលាការអន្តរជាតិ (ICJ) ព្រោះខ្លួនគ្រាន់តែជូនដំណឹងតែប៉ុណ្ណោះ។
លោកហាក់ស្តីបន្ទោស លោក ហ៊ុន ម៉ាណែត កំពុងគេចវេសពីការទទួលខុសត្រូវជោគវាសនាជាតិ ដែលប្រឈមនឹងទោសក្បត់ជាតិ ព្រោះតែធ្វើឱ្យថៃសម្រេចមហិច្ឆតាលេបទឹកដីខ្មែរតាមអំពើចិត្ត។
លោកថា៖ «កាលណាចោរប្លន់ម៉ូតូបានហើយ! ហើយយើងមិនប្ដឹងគឺម៉ូតូហ្នឹង! ធ្វើម៉េចចោរ! ឲ្យយើងវិញបាន! ចោរមិនឱ្យវិញទេ ដូច្នេះករណីនេះដូចគ្នានៅពេលដែលសៀមប្លន់ទឹកដីកម្ពុជាមួយចំណែក យកទៅគ្រប់គ្រងគឺជារបស់ទ្រព្យសម្បត្តិខ្លួន! ម្លោះហើយកម្ពុជាគ្មានជម្រើសណាក្រៅពីប្ដឹងទេ! គឺត្រូវតែប្ដឹងប្រទេសថៃទៅតុលាការយុត្តិធម៌អន្ដរជាតិ និងតុលាការឧក្រិដ្ឋកម្មអន្ដរជាតិជាចាំបាច់។ ហើយត្រូវប្រញាប់ជាទីបំផុតក្នុងការប្ដឹងប្រទេសថៃ! រដ្ឋាភិបាលកម្ពុជាត្រូវតែធ្វើឲ្យទាន់ពេលវេលា! អត់ត្រូវបណ្តោយរឿងហ្នឹងទុកអ៊ីចឹងទេ! ទុកអ៊ីចឹងវាជាការគេចវេះពីការទទួលខុសត្រូវចំពោះជាតិ ហើយវាជាការធ្វើឲ្យទឹកដីជាតិនឹងបាត់បង់! វាជាអំពើក្បត់ជាតិ បើសិនជាមិនទាមទារឱ្យទាន់ពេលវេលា»។
យ៉ាងណា លោក អ៊ុំ សំអាន ក្រោយសង្រ្គាម ២១ថ្ងៃកន្លងមកនេះ ទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន ៤១ទីតាំង រួមមាន ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ប្រាសាទខ្នារ ច្រកអានសេះ ភ្នំ៣៥០ ភូមិជោគជ័យ ភូមិព្រៃចាន់ ផ្ទះបីខ្នង អូរភ្លុកដំរី ថ្មដា ភ្នំទ្រព្យ ថ្មដូន អូរស្មាច់ បឹងត្រកួនចំនួន តាថាវ និងជប់អង្គុញ ជាដើម។
ការឈ្លានពានរបស់យោធាថៃក្នុងរយៈពេល២១ថ្ងៃនេះ ចាប់ពីថ្ងៃទី៧ ខែធ្នូ បានសម្លាប់ពលរដ្ឋស្លូតត្រង់កម្ពុជា ៣៣នាក់ និងរងរបួសជិត១០០នាក់។ រីឯជនស៊ីវិលខ្មែរ ភៀសសឹកជិត ៧០ម៉ឺននាក់ ព្រមទាំងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើន មានផ្ទះ វត្តអារាម សាលារៀន ស្ពានថ្នល់ និងប្រាសាទបុរាណ ជាដើម។
បើតាមមាត្រា៥២នៃរដ្ឋធម្មនុញ្ញ ចែងថា រាជរដ្ឋាភិបាលកម្ពុជា ប្តេជ្ញារក្សាការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អនុវត្តនយោបាយបង្រួបបង្រួមជាតិ ដើម្បីការឯកភាពជាតិ។
ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕









